ញឹម លាម ៖ រឿងរ៉ាវជីវិតក្នុងសម័យខ្មែរក្រហម

ញឹម លាម អាយុ៦៧ឆ្នាំ (កើតនៅឆ្នាំ១៩៥៥) ក្នុងត្រកូលកសិករក្រីក្រ នៅភូមិដក់ពរ ឃុំជ្រៃ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ឪពុករបស់ លាម ឈ្មោះ ញឹម ពុំ និងម្ដាយឈ្មោះ អ៊ុំ ស៊ន់ ។ លាម មិនបានរៀនសូត្រជ្រៅជ្រះទេ គឺរៀនត្រឹមថ្នាក់ទី១១ (ស្មើថ្នាក់ទី២) កាលពីសម័យសង្គមរាស្ត្រនិយម ហើយក៏បានឈប់រៀនមកជួយមើលថែប្អូនក្នុងគ្រួសារ។ លាម បានរៀបការនៅអាយុ១៨ឆ្នាំ (ក្នុងឆ្នាំ១៩៦៩) ជាមួយប្ដីឈ្មោះ យូរ វង្ស ។ ក្រោយពីរៀបការរួច លាម បានទៅរស់នៅជាមួយគ្រួសារខាងប្ដី នៅក្នុងភូមិប្រធាតុ ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ពេលដែល លាម ទៅរស់នៅភូមិប្រធាតុ ក៏កើតមានព្រឹត្តិការណ៍ធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ដោយលោក លន់ នល់។ នៅក្នុងឆ្នាំ១៩៧០ដដែល លាម បានឃើញមានវត្តមានកងទ័ពវៀតកុង នៅក្នុងឃុំប្រធាតុ។ បន្តិចក្រោយមក ក៏មានការទម្លាក់គ្រាប់ បែកធ្វើឲ្យប្រជាជនធ្វើឲ្យប្រជាជនភិតភ័យ និងរត់ចូលលេណដ្ឋានដើម្បីលាក់ខ្លួនស្ទើររាល់ថ្ងៃ។ លាម បានបន្តទៀតថា មកដល់ឆ្នាំ១៩៧៣ ការទម្លាក់​គ្រាប់បែកលែងកើតមានហើយ ហើយការធ្វើស្រែប្រវាស់ដៃក៏ចាប់ផ្ដើមជាបណ្ដើរៗ។

ញឹម លាម អាយុ៦៧ឆ្នាំ រស់នៅភូមិដក់ពរ ឃុំជ្រៃ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

ក្រោយពីខ្មែរក្រហម ទទួលបានជ័យជម្នះនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ លាម ឃើញមានការជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ មករស់នៅតាមទីជនបទដាច់ស្រយាល។ ប្រជាជនជម្លៀសទាំងនោះត្រូវអង្គការចាត់ឲ្យរស់នៅដាច់ដោយឡែកពីគ្នា។ លាម និងគ្រួសារ ក៍ត្រូវបានអង្គការចាត់ឲ្យរស់នៅបែកពីគ្នាដែរ ដោយប្ដីរបស់ លាម ត្រូវទៅធ្វើជាគ្រូបង្រៀនក្មេងៗនៅភូមិផ្សេង ចំណែក លាម រស់នៅក្នុងភូមិប្រធាតុដែលជាស្រុកកំណើតរបស់ប្ដីដដែល។ លាម បានលើកឡើងថា ក្នុងរបប ប៉ុល ពត អង្គការប្រើគាត់ឲ្យធ្វើការងារមិនដែលបានសម្រាកឡើយ។ ការងារទាំងនោះមានដូចជា ធ្វើជី លើកប្រព័ន្ធភ្លឺស្រែ លើកដីចាក់បំពេញភូមិដើម្បីសង់ផ្ទះថ្មីឲ្យប្រជាជនស្នាក់នៅ សែងផ្ទះ និងបុកស្រូវ។ រីឯការហូបចុកវិញ លាម មិនបានហូបឆ្អែត និងគ្រប់គ្រាន់ឡើយ គឺភាគច្រើនហូបតែបបរលាយជាមួយសម្លដើមចេក ដែល​ជាហេតុធ្វើឲ្យ លាម​ និង ប្រជា ជនដទៃទៀតមិនមានកម្លាំងគ្រប់គ្រាន់ដើម្បីធ្វើការងារ។ លាម បានបន្ថែមទៀតថា សូម្បីតែដំណាំ និងសត្វរបស់គាត់ចិញ្ចឹម ក៏អង្គការមិនឲ្យហូបដែរ គឺឲ្យ យកទៅដាក់នៅក្នុងរោងបាយរួម។ ប្រសិនបើប្រជាជន ណាលួចហូប ហើយអង្គការស៊ើបដឹង នឹងចាប់បញ្ជូនទៅរៀនសូត្រមិនខាន។ នៅពេលដែលអង្គការបញ្ជូនអ្នកប្រព្រឹត្តកំហុសទៅរៀនសូត្រ គឺមិនដែលឃើញអ្នកទាំងនោះវិលត្រឡប់មកវិញទេ។ ក្រៅពីការបញ្ជូនទៅរៀនសូត្រ ក៏ឃើញមានការជម្លៀសប្រជាជនឲ្យទៅខេត្តពោធិ៍សាត់ និងបាត់ដំបងដែរ។

នៅឆ្នាំ១៩៧៨ ពេលខាងកម្មាភិបាល និងកងទ័ពមកពីភូមិភាគនិរតីចូលមកក្នុងមូលដ្ឋាន ការហូបចុកកាន់តែមានការខ្វះខាតទៅៗ។ កម្មាភិបាល និងកងទ័ពមកពីខាងនិរតី បានចោទប្រជាជននៅក្នុងភូមិ ភាគបូព៌ាថា «ខ្មែរក្បាលស ក្បត់ជាមួយអង្គការ»។ នៅពេលនោះ លាម ឃើញមានប្រជាជនជាច្រើនបានរត់ភៀសខ្លួនចូលទៅក្នុងប្រទេសវៀតណាម ។ អ្នកដែលរត់ភៀសខ្លួនទាំងនោះ នៅពេលដែលអង្គការចាប់ខ្លួនបាន ត្រូវបានអង្គការធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរ និងបាញ់សម្លាប់ចោលតែម្ដង។ លាម បានលើកឡើងថា នៅចុងឆ្នាំ១៩៧៨ កម្មាភិបាល និងកងទ័ពមកពីនិរតីបានបញ្ជាឲ្យគាត់ និងប្រជាជនដទៃទៀតជីកស្រះដែលមានទំហំ៤ម៉ែត្រគុណនឹង៤ម៉ែត្រ ដោយគាត់ឮពាក្យចចាមអារ៉ាមថាកម្មាភិបាល និងកងទ័ពខ្មែរក្រហមទាំងនោះមានគម្រោងសម្លាប់ប្រជាជន និងកប់ក្នុងស្រះនោះ។ ប៉ុន្តែគម្រោងនៃការសម្លាប់នោះបានបរាជ័យ ដោយសារមានកងទ័ពស្ម័គ្រចិត្តវៀតណាម និងកទ័ពរណសិស្សសាមគ្គីសង្រ្គោះជាតិកម្ពុជាចូលមករំដោះទាន់ពេលវេលា។

ទោះបីយ៉ាងណានៅមុនពេលរំដោះ ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩  លាម និងប្រជាជនដទៃទៀតត្រូវខ្មែរក្រហមជម្លៀសចេញពីភូមិទាំងអស់។ លាម ត្រូវបានខ្មែរក្រហមជម្លៀសទៅដល់ភូមិកប់ប្រហុក ស្ថិតនៅខាងកើតអ្នកលឿង។ បន្ទាប់មកក៏មានអ្នកជិះសេះទៅប្រាប់គាត់ថាឲ្យវិលត្រឡប់មកក្រោយវិញ ព្រោះប្រទេសជាតិត្រូវបានរំដោះហើយ។ លាម បានវិលមកផ្ទះវិញ និងបានមករស់នៅជួបជុំគ្រួសារឡើងវិញ។ លាម និយាយថា អ្វីដែលគាត់នៅតែចងចាំមិនអាចបំភ្លេចបាននោះ គឺការបាត់បង់បងប្អូន២នាក់ និងការដែលអង្គការប្រើឲ្យគាត់ធ្វើការងារគ្មានពេលសម្រាក គឺឲ្យបុកស្រូវក្នុងមួយថ្ងៃឲ្យបានចំនួន៧តៅ ប្រសិនបើបុកស្រូវមិនហើយតាមផែនការគឺអង្គការមិនឲ្យហូបបាយឡើយ។ ក្រោយពេលរំដោះភ្លាមៗ លាម និងគ្រួសារនៅតែមានការលំបាកក្នុងការហូបចុក។ មួយរយៈក្រោយមក នៅពេលដែល លាម និងគ្រួសារធ្វើស្រែ និងដាំដុះដំណាំបានយៈពេលមួយឆ្នាំ ទើបការហូបចុករបស់គាត់បានប្រសើឡើងវិញ។ សព្វថ្ងៃ​ ជីវភាពរបស់ លាម មិនធូរធាឡើយ ព្រោះត្រូវចំណាយថវិកាមួយចំនួនធំ ដើម្បីព្យាបាលជំងឺប្រចាំកាយរបស់ប្ដីគាត់។

ដោយ ៖ សូ ហាន់ បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង

អត្ថបទផ្សេងទៀត៖