ឯកអគ្គរាជទូតអង់គ្លេស លោកជំទាវ ធីណា រ៉េដ ស ទស្សនាសំណង់ចេតីយ៍សំណងនិម្មិតរូប និងផ្ទាំងពាក្យស្លោករំឭកពីការចងចាំប្រវត្តិសាស្ត្រខ្មែរក្រហម

នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ លោកជំទាវ ធីណា រ៉េដ ស ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា និងសហការីលោកជំទាវគឺ វុទ្ធី សុកញ្ញា បានមកធ្វើទស្សនកិច្ចនៅទីតាំង «ទួលធាតុ» ស្ថិតនៅភូមិរោង ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ជាកន្លែងដែលមជ្ឈមណ្ឌលឯកសារកម្ពុជាសាងសង់ចេតីយ៍ជាសំណងសមូហភាពដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលមានសាច់ញាតិបងប្អូនស្លាប់ក្នុងរបបខ្មែរក្រហម និង​សំណង់ផ្ទាំងពាក្យស្លោករំឮកពីការចងចាំប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ។

ដំណើរទស្សនកិច្ចរបស់លោកជំទាវ និងសហការី ត្រូវបានទទួលស្វាគមន៍ដោយលោកស្រី សូ ហ្វារីណា នាយិការងមជ្ឈមណ្ឌលឯកសារកម្ពុជា លោក ផេង ពង្សរ៉ាស៊ី នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា ប្រចាំខេត្តព្រៃវែង និងបុគ្គលិក ព្រមទាំងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមប្រមាណ១០នាក់ នៅនឹងទីតាំងផ្ទាល់ នៅវេលាម៉ោង១០កន្លះ។ លោក ផេង ពង្សរ៉ាស៊ី បានជម្រាបជូនលោកជំទាវអគ្គរាជទូត ពីការសាងសង់សំណង់​ចេតីយ៍ និងផ្ទាំងពាក្យស្លោក និងបុព្វហេតុដែលនាំឲ្យមានការសាងសង់សំណង់រឹងមាំទាំងពីរ ថាជាការស្នើសុំរបស់អាជ្ញាធរមូលដ្ឋានបន្ទាប់ពីមានការឯកភាពគ្នាជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលកំពុងរស់នៅក្នុងភូមិនានានៃឃុំចាម ស្រុកកំពង់ត្របែក សម្រាប់សំណងនិម្មិតរូបក្រោយការបិទបញ្ចប់ដំណើរការរបស់តុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម។ លោកស្រី សូ ហ្វារីណា បានប្រាប់ពីគម្រោងសំខាន់ៗមួយចំនួនដែលមជ្ឈមណ្ឌលឯកសារកម្ពុជាបាន និងកំពុងអនុវត្តនៅក្នុងភូមិសាស្ត្រខេត្តព្រៃវែង ជាពិសេសនៅក្នុងស្រុកកំពង់ត្របែក រួមទាំងគម្រោងស្តីពីការលើកកម្ពស់សិទ្ធិ និងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមផង។

លោកជំទាវអគ្គរាជទូត បានជួបសំណេះសំណាលជាមួយអ្នកភូមិដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងជាអ្នកដែលបានយកអដ្ឋិធាតុសាច់ញាតិបងប្អូនដែលបានស្លាប់ក្នុងរបបខ្មែរក្រហម មកដាក់តម្កល់​នៅក្នុងចេតីយ៍ នៅក្រោមដើមត្នោតបីបួនដើមស្ថិតនៅលើទីតាំងទួលធាតុ ក្បែរសំណង់ចេតីយ៍និងផ្ទាំងពាក្យស្លោក ដោយក្តីសោមនស្សរីករាយ និងភាពស្និទ្ធស្នាល។ ជាដំបូង លោកជំទាវបានថ្លែងអំណរគុណចំពោះវត្តមានរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលបានចំណាយពេលវេលាមកទទួលស្វាគមន៍លោកជំទាវ។ លោកជំទាវ ក៏បានរំឮកដល់អ្នករស់រានមានជីវិតទាំងអស់ពីសារសំខាន់នៃការសាងសង់​ចេតីយ៍ និងផ្ទាំងពាក្យស្លោកនេះថា វាពិតជាបានបង្កើននូវការចងចាំ និងការផ្សះផ្សាជារួមមួយក្រោយតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម ព្រមទាំងជាកន្លែងបង្រៀនយុវជនជំនាន់ក្រោយពីប្រវត្តិសាស្ត្រនេះទៀតផង តាមរយៈការប្រើប្រាស់ទីតាំង និងសំណង់នេះជាថ្នាក់រៀន។ លោកជំទាវមានប្រសាសន៍ដូច្នេះថា «ខ្ញុំសប្បាយចិត្តណាស់ដែលឃើញបងប្អូន ពូមីងបានមកចូលរួមនៅទីនេះ។ ខ្ញុំមកថ្ងៃនេះ គឺចង់មកមើល​ចេតីយ៍ ដែលមជ្ឈមណ្ឌលឯកសារកម្ពុជា ទើបតែសាងសង់រួចរាល់កាលពីខែមេសា កន្លងទៅនេះ។ ដោយយល់ឃើញថា បងប្អូនពូមីងដែលជាជនរងគ្រោះ មានសាច់ញាតិបងប្អូនស្លាប់នៅក្នុងរបបខ្មែរក្រហម ទើបមានការសាងសង់សំណង់ចេតីយ៍នេះឡើងនៅទីនេះ ដើម្បីគោរពវិញ្ញាណក្ខន្តដល់ពួកគាត់ដែលបានស្លាប់ទៅ។ ទីតាំងនេះ ក៏ជាកន្លែងសម្រាប់បង្រៀនដល់ក្មេងជំនាន់ក្រោយឲ្យចងចាំពីរបបខ្មែរក្រហម និងទប់ស្កាត់អំពើប្រល័យពូជសាសន៍មិនឲ្យវិលត្រឡប់មកវិញសារជាថ្មីម្តងទៀត»។ ជាចុងក្រោយ លោកជំទាវបានសួរទៅកាន់អ្នករស់រានមានជីវិតទាំងអស់ពីអាយុ ការរស់នៅប្រចាំថ្ងៃ និងបញ្ហាសុខភាព។ មុនដំបូង លោកជំទាវបានបង្ហាញពីអារម្មណ៍របស់លោកជំទាវតាមរយៈការមើលឃើញផ្ទាល់ភ្នែកថា អ្នករស់រានមានជីវិតទាំងអស់ពិតជាមានសុខភាពល្អ និងរឹងមាំណាស់។ ប៉ុន្តែនៅពេលដែលលោកជំទាវសួរនាំដល់បញ្ហាសុខភាព អ្នករស់​រានមានជីវិតភាគច្រើន ជាពិសេសអ្នកដែលមានអាយុលើស៦០ឆ្នាំ សុទ្ធតែមានជំងឺទឹកនោមផ្អែម ជំងឺសន្លាក់ និងជំងឺលើសឈាម។ លោកជំទាវមានប្រសាសន៍ដូច្នេះថា «…មួយវិញទៀតខ្ញុំបានដឹងថា មជ្ឈមណ្ឌលឯកសារកម្ពុជា គឺមានគម្រោងមួយពាក់ព័ន្ធនឹងការគាំពារសុខភាពអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ខ្ញុំកោតសរសើរអ៊ុំពូមីង ដែលមើលទៅឃើញថាអ៊ុំពូមីងមានវ័យចាស់ និងមានសុខភាពរឹងមាំ ក៏ប៉ុន្តែតាមរយ:ការសំណេះសំណាលរបស់ខ្ញុំជាមួយបងប្អូនពូមីងវទើបខ្ញុំដឹងថា អ៊ុំពូមីងភាគច្រើន សុទ្ធតែមានជំងឺប្រចាំកាយ ដូចជាលើសឈាម ទឹកនោមផ្អែម ក្រពះ វិលមុខ ស្ពឹកស្រពន់ជាដើម»។ ចុងបញ្ចប់ លោកជំទាវបានផ្តាំផ្ញើឲ្យអ្នករស់រានទាំងអស់ថែរក្សាសុខភាព និងបន្តចែករំលែកបទពិសោធន៍របស់ខ្លួនដល់ក្មេងៗជំនាន់ក្រោយទៀត ដើម្បីថែរក្សាការចងចាំពីប្រវត្តិសាស្ត្រខ្មែរក្រហម និងចូលរួមទប់ស្កាត់ការកកើតឡើងវិញនៃរបបនេះនាពេលអនាគត។

អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលមានវត្តមាននៅឯសំណង់ចេតីយ៍សហគមន៍ បានថ្លែងអំណរគុណដល់លោកជំទាវ ធីណា រ៉េដ ស ដែលបានយកចិត្តទុកដាក់និងចុះមកសួរសុខទុក្ខអ្នករស់រានមានជីវិតដោយផ្ទាល់នាថ្ងៃនេះ។ នេះគឺជាកាយវិការមួយដែលបង្ហាញថា រឿងរ៉ាវរបស់គាត់មិនត្រូវបានបំភ្លេច។

អ្នករស់រានមានជីវិតទាំងអស់ បានសំណូមលោកជំទាវឲ្យជួយកែលម្អបរិវេណចេតីយ៍ ជាពិសេសឈូសឆាយផ្លូវចូលមកកាន់ចេតីយ៍ឲ្យកាន់តែប្រសើរជាងនេះ ដើម្បីឲ្យគាត់ទាំងអស់គ្នាអាចមកប្រារព្ធកម្មវិធីផ្សេងៗ ដូចជាទិវាចងចាំ និងវេទិកាពិភាក្សាអំពីរឿងរ៉ាវពីសម័យខ្មែរក្រហមដល់ក្មេងជំនាន់ក្រោយនៅទីនេះបានកាន់តែប្រសើរ។

សូមបញ្ជាក់ថា កាលពីបីខែមុន គឺនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ លោកជំទាវ ធីណា រ៉េដស បានមកធ្វើទស្សនកិច្ចនៅបណ្ណាល័យសម្តេចម៉ែ នៃមជ្ឈមណ្ឌលឯកសារកម្ពុជា ម្តងរួចហើយ​ ដើម្បីស្វែងយល់ពីដំណើរការនៃបណ្ណាល័យនេះ និងកិច្ចការរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា។

អត្ថបទ ៖ ផេង ពង្សរ៉ាស៊ី  នាយកកម្មវិធីអប់រំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា

រូបថត ៖ ថុន ស្រីពេជ្រ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖

ការិយាល័យទីប្រឹក្សាពិសេសទប់ស្កាត់អំពើប្រល័យពូជសាសន៍នៃអង្គការប្រជាជាតិ និងមជ្ឈមណ្ឌលឯកសារកម្ពុជាចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហការ រំលេចអំពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការ ក្នុងការលើកកម្ពស់ការអនុវត្តកិច្ចខិតខំប្រឹងប្រែងនានាក្នុងការទប់ស្កាត់ និងការអប់រំពីអំពើប្រល័យពូជសាសន៍នៅក្នុងតំបន់អាស៊ីអាគ្នេយ៍, អាស៊ីខាងត្បូង និងទូទាំងសកលលោក