វេទិកាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅមជ្ឈមណ្ឌលឯកសារ ខេត្តកំពង់ចាម

នៅថ្ងៃអង្គារ៍ ទី១៩ ខែកក្កដា ឆ្នាំ​២០២២ មជ្ឈមណ្ឌលឯកសារ ខេត្តកំពង់ចាម បាន​រៀប​ចំ​ វេទិកាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ វេទិកានេះប្រព្រឹត្តឡើងក្រោមអធិបតី ភាព​របស់​លោក​​ស្រី សុខ សុម៉ាលីស អភិបាលរងស្រុកកំពង់សៀម, លោកស្រី សូ ហ្វារីណា នាយិការង​មជ្ឈមណ្ឌល​​ឯកសារកម្ពុជា, លោក ខូលីន ស៊ីម៉ារៀន បេក្ខបណ្ឌិតមកពីសកលវិទ្យាល័យប៉ាឡូ អាល់​តូ សហ​រដ្ឋអាមេរិក, លោកវេជ្ជបណ្ឌិត តំណាងគ្លីនិក កែវ វណ្ណៈ, លោក តុង សុភា តំណាង សមាគមអ្នករស់​រាន​មានជីវិតពីរបបខ្មែរក្រហម និងមានអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមមក​ពីស្រុ​កកំពង់​សៀម​ចំនួន១៩នាក់ និងមកពីស្រុកកោះសូទិនចំនួន២នាក់មកចូលរួមវេទិកានេះ។

វេទិកាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមរៀបចំឡើងតាមរយៈគម្រោង «ការលើកកម្ពស់ សិទ្ធិ​ និង​​ការ​ធ្វើ​ឲ្យ​ប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» របស់​​​​​​មជ្ឈមណ្ឌល​ឯកសារកម្ពុជា។​

គួររម្លឹកផងដែរថា ចាប់តាំងពីដើមខែសីហា ឆ្នាំ២០២១មក មជ្ឈមណ្ឌលឯកសារកម្ពុជា​ជ្រើស​​រើស​អ្នក​ស្ម័គ្រចិត្តកម្ពុជាបួន​ជំនាន់​រួចមកហើយដែលមានចំនួនប្រមាណ៧០០នាក់ ​បានចុះធ្វើ​ការនៅ​តាម​មូល​ដ្ឋាន​​ទូទាំង២៥ រាជធានីខេត្ត​ក្រុង​នៅក្នុងប្រទេសកម្ពុជា។ អ្នកស្ម័គ្រចិត្តកម្ពុជាចំនួន​២៧​នាក់មកពីខេត្តកំពង់ចាមត្រូវបានជ្រើសរើសឲ្យធ្វើការងារនៅក្នុងគម្រោងប្រវត្តិសាស្រ្ត និង​សុខ​ភាព សម្រាប់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ក្នុងចំណោមអ្នកស្ម័គ្រចិត្តកម្ពុជាប្រចាំខេត្ត​កំពង់ចាម គឺមានអ្នកស្ម័គ្រចិត្តចំនួន១១នាក់មកពីស្រុកកំពង់​សៀម និងស្រុកកោះសូទិន​​បានចុះ​សម្ភាសន៍ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលជាឳពុកម្តាយ យាយតា អ៊ំ ពូ មីង នៅក្នុង​​​ភូមិរបស់​ខ្លួន សរុបប្រមាណជាង៦០០នាក់រួចមកហើយ ក្នុងនោះមានអ្នករស់រានមានជីវិតពីរបប​ខ្មែរក្រហម​មកពីស្រុកកំពង់សៀមសរុបចំនួន​៦៣នាក់ និងមកពី​ស្រុកកោះសូទិន សរុបចំនួន៤៥​នាក់​បាន​ទទួលសេវាពិនិត្យសុខភាព។

អត្ថបទ ៖ អេង វណ្ណីកា បុគ្គលិកមជ្ឈមណ្ឌលឯកសារ ខេត្តកំពង់ចាម

រូបថត ៖ លី ដេវីដ/មជ្ឈមណ្ឌល​​​ឯកសារកម្ពុជា