តី ហៀង៖ ខ្ញុំចូលធ្វើទ័ពខ្មែរក្រហមដោយសារកំហឹង

តី ហៀង កើតក្នុងគ្រួសារក្រីក្រមួយកាលពីទសវត្សរ៍ឆ្នាំ១៩៥០។ គាត់មិនបានរៀនជ្រៅជ្រះដូចក្មេងឯទៀតក្នុងភូមិឡើយ។ ហៀង​ នៅតែរំឭកពីរឿងនេះថា គាត់ខ្មាស់ក្មេងឯទៀត និងមិនហ៊ានលេចមុខឲ្យអ្នកទាំងនោះឃើញឡើយ ព្រោះគាត់មិនបានបន្តការសិក្សាទៀតដោយសារឪពុកម្តាយក្រីក្រ។ នៅក្នុងបន្ទុកឪពុកម្តាយ ហៀង តែងតែជួយសម្រាលការងារផ្ទះជំនួសឪពុកម្តាយ ដូចជា ធ្វើស្ករត្នោត និងធ្វើស្រែ។ នៅឆ្នាំ១៩៧១ ហៀង បានរៀបការតាមឪពុកម្តាយផ្សំផ្គុំឲ្យ។​ នៅឆ្នាំ១៩៧៣ ហៀង បានចេញទៅធ្វើបដិវត្តន៍ ក្នុងពេលដែលគាត់មានកូនពីរនាក់ក្នុងបន្ទុក។ គាត់បានចាកចោលប្រពន្ធ និងកូន ដោយសារតែកំហឹងវណ្ណៈ និងចង់បានសង្គមមួយដែលគ្មានវណ្ណៈជិះជាន់។ ខាងក្រោមនេះ គឺជាការរៀបរាប់របស់ ហៀង អំពីដំណើរជីវិតចាកចេញពីផ្ទះដើម្បីបដិវត្តន៍ និងរឿងរ៉ាវជីវិតជាយុទ្ធជន​ ដែលចាប់ផ្តើមពីយុទ្ធជនខ្មែរក្រហម រហូតប្រែជាយុទ្ធជនប្រយុទ្ធប្រឆាំងនឹងខ្មែរក្រហមវិញក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៩០៖

ស្ម័គ្រចិត្តចូលបម្រើកងទ័ពដោយសារកំហឹងវណ្ណៈ

នៅឆ្នាំ១៩៧៣ តី ហៀង បានស្ម័គ្រចិត្តចូលបម្រើកងទ័ពខ្មែរក្រហម ដោយសារមិនពេញចិត្តចំពោះព្រឹត្តិការណ៍រដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ និងស្អប់ខ្ពើមភាពខែងរ៉ែងរបស់មេទ័ពនៃរបប លន់ នល់ ឈ្មោះ ហ៊ិន ទឹម ដែលតែងតែបង្ហាញភាពអស្ចារ្យរបស់ខ្លួនក្នុងការដឹកនាំទ័ពចូលទៅវាយកងកម្លាំងខ្មែរក្រហមនៅតាមជើងភ្នំដំរីរមៀល កាលពីអំឡុងដើមទសវត្សន៍ឆ្នាំ១៩៧០។ «ខ្ញុំឃើញមេទាហាន លន់ នល់ ម្នាក់ឈ្មោះ ហ៊ិន ទឹម ដើរកាន់ឈើច្រត់នៅពីមុខកងទ័ពរបស់គាត់ ចេញពីវាយប្រហារកងកម្លាំងខ្មែរក្រហមនៅក្នុងព្រៃ កាត់តាមភូមិខ្ញុំ ហើយមើលទៅគាត់បញ្ចេញឫកពារក្រអឺតក្រទមណាស់។ នរណាៗក៏ខ្លាចគាត់ដែរ។ កាលពីមានព្រឹត្តិការណ៍បាតុកម្មនៅអង្គតាសោមថ្ងៃ១៨ មីនា ១៩៧០ តា ហ៊ិន ទឹម នេះបានបាញ់សម្លាប់សិស្សនិស្សិត និងប្រជាជនដែលចូលរួមធ្វើបាតុកម្មច្រើននាក់ណាស់។ ខ្ញុំមិនពេញចិត្តចំពោះឫកពារដូច្នេះទេ ហើយក៏មិនចង់ឃើញគាត់ដើរច្រង៉េងច្រង៉ាងនៅក្នុងភូមិខ្ញុំតទៅទៀតដែរ»។

តី ហៀង បានចាកចេញពីផ្ទះនៅវេលាម៉ោងប្រហែល៩ព្រឹកឆ្ពោះទៅកាន់មន្ទីរឃុំត្រពាំងធំខាងត្បូង ដើម្បីសុំចុះឈ្មោះចូលបម្រើកងទ័ពខ្មែរក្រហម។ គណៈឃុំឈ្មោះ ហួន និង ចិន ជាអ្នកទទួល ហៀង ឲ្យចូលបម្រើបដិវត្តន៍។ ទៅជាមួយ ហៀង មានឈ្មោះ សុន (បច្ចុប្បន្នជាមេភូមិមួយក្នុងឃុំត្រពាំងធំខាងត្បូង), លីន (ស្លាប់), ម៉ៅ​ ម៉ាក (ស្លាប់), ឃឹម ថន (នៅរស់) និង ឃា មាន (ស្លាប់)។ ដំបូងឡើយ អ្នកទាំង៦នាក់ ត្រូវបញ្ជូនទៅកាន់មន្ទីរស្រុកដើម្បីរៀនក្បួនយុទ្ធសាស្ត្រ និងចូលធ្វើជាកងទ័ពស្រុកត្រាំកក់។ បន្ទាប់មក អ្នកទាំងនោះត្រូវបានបញ្ជូនទៅកាន់តំបន់១៣ ដើម្បីត្រៀមប្រយុទ្ធជាមួយទាហាន លន់ នល់។ «ខ្ញុំបានចេញពីផ្ទះនៅម៉ោង៩ព្រឹក នាថ្ងៃទី២៥ ខែមីនា ឆ្នាំ១៩៧៣។ ខ្ញុំបានស្ម័គ្រចិត្តចូលបម្រើកងទ័ពខ្មែរក្រហម។ ខ្ញុំបានបបួលគ្នា៥នាក់ទៀតគឺ សុន, លីន, ម៉ៅ ម៉ាក, ឃឹម ថន និងឃា មាន ទៅជាមួយដើម្បីបានជាគ្នាទៅស្ម័គ្រចិត្តចូលបម្រើកងទ័ព។ ខ្ញុំចូលនៅមន្ទីរឃុំត្រពាំងធំខាងត្បូង ដោយមានតា ហួន និងតា ចិន គណៈឃុំ ជាអ្នកទទួលពួកខ្ញុំ។ ក្នុងចំណោមគ្នាខ្ញុំទាំង៦នាក់ មកដល់បច្ចុប្បន្ននេះ ស្លាប់អស់បីនាក់ហើយគឺ លីន, ម៉ាក និងមាន។ កាលពីខ្ញុំចូលធ្វើកងទ័ពដំបូង ខ្ញុំត្រូវមេបញ្ជាការយោធាស្រុកបញ្ជូនឲ្យចូលរៀនក្បួនសឹកនៅដុកសាប ក្នុងឃុំសំរោង ស្រុកត្រាំកក់ ហើយមេបញ្ជាការគឺជាអ្នកបង្រៀនផ្ទាល់។ កាលនោះ ខ្ញុំស្ថិតនៅក្នុងកងស្រុកត្រាំកក់ (យោធាស្រុក)។ មេរៀនដែលខ្ញុំបានរៀនគឺ របៀបលូន និងក្រាប របៀបបាញ់ របៀបដោះគ្រាប់ និងមនោគមវិជ្ជាបដិវត្តន៍»។

តី ហៀង ទទួលប្រអប់អនុស្សាវរីយ៍ពីក្រុមអ្នកស្ម័គ្រចិត្តមជ្ឈមណ្ឌលឯកសារ ខេត្តតាកែវ។ (ផេង ពង្សរ៉ាស៊ី/មជ្ឈមណ្ឌលឯកសារកម្ពុជា)

បម្រើការនៅអង្គភាព៣៣០ តំបន់១៣

ហៀង បានចូលរួមធ្វើសង្គ្រាមជាច្រើនសមរភូមិនៅក្នុងស្រុកត្រាំកក់ និងស្រុកគិរីវង់ មុនពេលដែលប្រទេសជាតិត្រូវធ្លាក់ក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហមនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ បន្ទាប់ពីខែមេសា ឆ្នាំ១៩៧៥ យោធាខ្មែរក្រហមភាគច្រើនត្រូវបានរំសាយ និងបញ្ជូនមកកាន់ស្រុកកំណើតវិញដើម្បីចូលរួមបង្កបង្កើនផល ហើយមានតែកងទ័ពភាគតិចតែប៉ុណ្ណោះ ដែលទទួលបានការផ្លាស់ប្តូរតួនាទី ឬកន្លែងធ្វើការ។ «ខ្ញុំត្រូវអង្គការថ្នាក់លើផ្ទេរភារកិច្ចឲ្យមកធ្វើការនៅក្នុងអង្គភាព៣៣០ ជាអង្គភាពបម្រើការខាងផ្នែករោងចក្រឧស្សាហកម្មរបស់តំបន់១៣វិញ។ អង្គភាពនេះ មានទីតាំងស្ថិតនៅក្នុងខេត្តតាកែវ។ ខ្ញុំធ្វើការនៅទីនោះអស់រយៈពេលជាងបីឆ្នាំ ទើបអង្គការស្នើខ្ញុំឲ្យទៅរៀនខាងមុខជំនាញវារីអគ្គិសនីនៅភ្នំពេញ និងកំពង់ស្ពឺត្រង់ចំណុចទំនប់រលាំងជ្រៃ ជាមួយជំនាញការចិន។ ខ្ញុំចេញពីអង្គភាព៣៣០ នៅក្នុងរដូវច្រូតឆ្នាំ១៩៧៨។ ខ្ញុំធ្លាប់ទទួលបានការតែងតាំងជាជំនួយការអង្គភាព បន្ទាប់ពីអង្គការថ្នាក់លើចាប់ខ្លួន យោគ គឺជាប្រធានអង្គភាព និង សុខ ជាអនុប្រធានអង្គភាព កាលពីឆ្នាំ១៩៧៧។ ក្នុងតំណែងជាជំនួយការ ខ្ញុំបានធ្វើការយ៉ាងជិតស្និទ្ធជាមួយ លាង គឺជាប្រធានអង្គភាពដែលទើបនឹងផ្លាស់មក និង វ៉ាន់ គឺជាអនុប្រធាន រហូតដល់គាត់មានការផ្លាស់ប្តូរមករៀនសូត្របន្ត»។

វិលចូលបម្រើការជាកងទ័ពខ្មែរក្រហមម្តងទៀត និងបង្កើតកងថ្មី

ក្នុងព្រឹត្តិការណ៍ច្របូកច្របល់នៅចុងឆ្នាំ១៩៧៨ ជាពេលដែល ហៀង កំពុងបន្តការសិក្សាផ្នែកវារីអគ្គិសនីនៅរលាំងជ្រៃ។ កម្មាភិបាលខ្មែរក្រហមទាំងអស់បានរត់ចោលជួរ និងភារកិច្ចរបស់ខ្លួន ហើយរត់ភៀសខ្លួនទៅកាន់ទីដៅចុងក្រោយរបស់ខ្លួននៅភាគខាងលិចប្រទេសកម្ពុជា។ ហៀង​ និងសមមិត្តរួមជំនាន់ បានរត់ភៀសខ្លួនទៅភាគខាងលិចដូចកម្មាភិបាលខ្មែរក្រហមផ្សេងទៀត។ គាត់បានធ្វើដំណើរកាត់តាមបុសផង់ អន្លង់ភ្ញៀវ និងឆ្លងកាត់តាមផ្លូវជាតិលេខ៤ឆ្ពោះទៅទិសខាងលិច។ ក្នុងពេលដែលកំពុងភៀសខ្លួននៅតាមផ្លូវ ហៀង និងអ្នកឯទៀតបានជួបមេបញ្ជាការវរសេនាធំ (មិនចាំលេខ) ឈ្មោះ បូរ៉ាន ហើយត្រូវ បូរ៉ាន បញ្ចុះបញ្ចូលឲ្យចូលក្នុងជួរកងទ័ពឡើងវិញ ដើម្បីតស៊ូ ប្រយុទ្ធប្រឆាំងជាមួយនឹងវត្តមានរបស់កងទ័ពវៀតណាមដែលកំពុងវាយរុញច្រានកងទ័ពខ្មែរក្រហមឲ្យចុះចាញ់។ បូរ៉ាន បានបំពាក់អាវុធដល់ ហៀង និងយុទ្ធមិត្រឯទៀត ព្រមទាំងបានបង្កើតកងថ្មីមួយទៀតឈ្មោះថា «កងពិសេស» ឬ «កងគ្មានលេខ»។ កងនេះ ត្រូវបានបង្កើតឡើងភ្លាមៗ និងមិនមានការចាត់តាំងត្រឹមត្រូវពីថ្នាក់ដឹកនាំភូមិភាគ​ ឬតំបន់ឡើយ​ ហើយកងទ័ពដែលមាននៅក្នុងកងនេះ ក៏មិនមានគ្នាច្រើនដែរ។

បរាជ័យចុងក្រោយ និងការវិលត្រឡប់មកស្រុកកំណើត

បន្ទាប់ពីបង្កើតបានកងថ្មីរួចហើយ កងនេះបានអនុវត្តក្បួនសឹកមួយឈ្មោះថា «ច្រែះស៊ីដែក» ដើម្បីបំផ្លាញ ឬបង្អាក់ដំណើរកងទ័ពវៀតណាមដែលដេញវាយកងទ័ពខ្មែរក្រហមពីក្រោយ។ តាមការឲ្យដឹងពី ហៀង ថា សង្គ្រាមច្រែះស៊ីដែក គឺសំដៅលើសង្គ្រាមឆ្មក់ ឬសង្គ្រាមវាយដកៗ ឬសង្គ្រាមឈ្លប។ នៅដើមឆ្នាំ១៩៧៩ ហៀង និងកងពិសេស រួមទាំង បូរ៉ាន ផង បានចាញ់សង្គ្រាម និងបានដកថយរហូតដល់ភាគខាងលិចប្រទេស។ ក្រោយមក កងពិសេស ឬកងគ្មានលេខ ត្រូវបានរំលាយ។ បូរ៉ាន បានស្លាប់ដោយសារផ្ទុះមីនរបស់ខ្លួនឯង។ អ្នកឯទៀត បានចាកចេញទៅកាន់ទីកន្លែងផ្សេងៗដែលពួកគេចង់ទៅ។ ហៀង បានវិលត្រឡប់មកផ្ទះវិញជាមួយបងប្រុសបង្កើត។ នៅតាមផ្លូវ បងប្រុសរបស់ ហៀង បានស្លាប់ ហើយគាត់បានធ្វើដំណើរទៅដល់ខេត្តកោះកុង ជាកន្លែងដែលគាត់ត្រូវបានចាប់ខ្លួនដោយកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា។ គាត់ត្រូវបានបញ្ជូនមកកាន់កំពង់សោម ដើម្បីឃុំឃាំង។ នៅខែកក្កដា ឆ្នាំ១៩៧៩ ហៀង ត្រូវបានដោះលែងឲ្យវិលត្រឡប់មកស្រុកកណើតវិញ។ មុនពេលដោះលែង ហៀង ទទួលបានលិខិតមួយច្បាប់ចេញដោយអាជ្ញាធរខេត្តកំពង់សោម និងមានបោះត្រាក្រហមពីជំនាញការវៀតណាមប្រចាំនៅខេត្តនោះ ដើម្បីឲ្យ ហៀង ប្រើប្រាស់ជាលិខិតបើកផ្លូវសម្រាប់ការធ្វើដំណើរត្រឡប់មកផ្ទះសម្បែងវិញរបស់គាត់។

ចូលកាន់អាវុធម្តងទៀត ប្រយុទ្ធប្រឆាំងនឹងក្រុមឧទ្ទាមខ្មែរក្រហម

នៅឆ្នាំ១៩៨៣ ហៀង ត្រូវបានស្នើឲ្យចូលធ្វើជាប្រធានភូមិត្រពាំងតាសោម និងគ្រប់គ្រងកងសេនាជនភូមិ។ តាំងពីមានការចាត់តាំងមក ហៀង ពុំសូវបានស្នាក់នៅផ្ទះនៅពេលយ​ប់ទេ។ ហៀង និង សេនាជនក្នុងភូមិ ត្រូវទទួលបន្ទុកយាមកាមភូមិ និងត្រៀមប្រយុទ្ធគ្រប់ពេលជាមួយក្រុមឧទ្ទាមខ្មែរក្រហមដែលមានមូលដ្ឋាននៅក្នុងព្រៃនាជើងភ្នំដំរីរមៀល។ ភារកិច្ចនេះ ត្រូវ ហៀង កាន់ក្តាប់រហូតដល់គាត់ទទួលបានការប្រកាសថ្មីមួយទៀតថាជាកងជីវពលប្រចាំស្រុកត្រាំកក់ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៩៨ និងចេញប័ណ្ណប្រើប្រាស់ចុះហត្ថលេខាដោយវរៈសេនីយ៍ឯក កង សំអឿន។ ប័ណ្ណដដែលនេះ បានបញ្ជាក់ថា ហៀង ទទួលបានការប្រើប្រាស់អាវុធប្រភេទអាកា លេខ៦៦១៦ សម្រាប់ការពារភូមិឃុំពីការវាយឆ្មក់នានាពីទ័ពព្រៃខ្មែរក្រហមដែលមានទីតាំងស្ថិតនៅជើងភ្នំដំរីរមៀល។ សុពលភាពនៃការប្រើប្រាស់អាវុធ និងប័ណ្ណសម្គាល់របស់ ហៀង បានបញ្ចប់នៅត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៩៩៨។

ជិវិតសាមញ្ញនាពេលបច្ចុប្បន្ន

សព្វថ្ងៃ ហៀង មានអាយុ៧២ឆ្នាំហើយ។ គាត់បានស្នើសុំឈប់បម្រើការជាមេភូមិនៅឆ្នាំ២០១៨ បន្ទាប់ពីគាត់បានបម្រើការជាមេភូមិអស់រយៈពេលជាង៣០ឆ្នាំរួចមក។ ទោះបីជាយ៉ាងដូច្នេះក៏ដោយ ក៏គាត់នៅតែជាអ្នកជួយជ្រោមជ្រែង និងចាត់ចែងការងារនៅក្នុងភូមិដដែល។ ជារៀងរាល់ថ្ងៃសីល ហៀង តែងទៅកាន់វត្តអារ៉ាមដែលនៅក្បែរផ្ទះរបស់គាត់​ ស្ថិតនៅជាប់នឹងជើងភ្នំដំរីរមៀល ដើម្បីសុំសីល និងរៀបចំកម្មវិធីសាសនាផ្សេងៗ។ ហៀង​ បានប្រាប់ថា ជីវិតគាត់នាពេលបច្ចុប្បនេះ គឺគិតតែពីការសាងបុណ្យកុសលដើម្បីគាត់ទទួលបានការតបស្នងមកវិញនូវ សេចក្តីសុខផ្លូវអារម្មណ៍ និងផ្លូវចិត្ត។

អត្ថបទ ៖ ផេង ពង្សរ៉ាស៊ី នាយកកម្មវិធីអប់រំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា

អត្ថបទផ្សេងទៀត៖

ការិយាល័យទីប្រឹក្សាពិសេសទប់ស្កាត់អំពើប្រល័យពូជសាសន៍នៃអង្គការប្រជាជាតិ និងមជ្ឈមណ្ឌលឯកសារកម្ពុជាចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហការ រំលេចអំពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការ ក្នុងការលើកកម្ពស់ការអនុវត្តកិច្ចខិតខំប្រឹងប្រែងនានាក្នុងការទប់ស្កាត់ និងការអប់រំពីអំពើប្រល័យពូជសាសន៍នៅក្នុងតំបន់អាស៊ីអាគ្នេយ៍, អាស៊ីខាងត្បូង និងទូទាំងសកលលោក