ខ្ញុំខឹងប្រធានកងធ្វើបាបទើបសុំចូលធ្វើកងទ័ព

ខ្ញុំឈ្មោះ ឃុត ខេម អាយុ៦៣ឆ្នាំ កើតនៅភូមិត្រពាំងរមាំង (បច្ចុប្បន្នភូមិត្រពាំងតាសោម) ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។ សព្វថ្ងៃខ្ញុំរស់នៅភូមិឃុំដដែល និងប្រកបរបរជាកសិករ។ ខ្ញុំមានប្រពន្ធឈ្មោះ ប៉ក់ សារឿន អាយុ៦៧ឆ្នាំ និងកូនចំនួនប្រាំមួយនាក់ ស្រីបួននាក់។

នៅឆ្នាំ១៩៧៥ ខ្ញុំត្រូវបានកម្មាភិបាលខ្មែរក្រហមឈ្មោះ វុធ ដែលជាប្រធានកង ប្រើខ្ញុំឲ្យរែកដី និងជីកប្រឡាយស្ថិតនៅខាងជើងវត្តកោះក្អែក រហូតមកដល់ខ្ពបត្របែក។ ថ្ងៃមួយពេលកំពុងធ្វើការ ខ្ញុំបានឈ្លោះប្រកែកគ្នាជាមួយក្មេងម្នាក់ទៀត ហើយខ្ញុំបានយកដងរែកវាយទៅលើក្បាលក្មេងម្នាក់នោះ។ មេកងបានឃើញខ្ញុំវាយទៅលើក្មេងនោះ ក៏ចាប់ចងខ្ញុំភ្ជាប់ទៅនឹងដើមត្នោតទុករហូតដល់យប់ទើបដោះលែងខ្ញុំវិញ។ ខ្ញុំខឹងនឹងមេកងនោះណាស់។ ថ្ងៃមួយ ខ្ញុំបានលួចរត់ទៅកាន់អង្គភាពទ័ពស្រុកដែលមានទីតាំងស្ថិតនៅឃុំអង្គតាសោម ដើម្បីសុំចូលធ្វើជាយោធា។ ពេលនោះខ្ញុំមិនទាន់បានចូលធ្វើកងទ័ពភ្លាមៗទេ គឺត្រូវមេបញ្ជាការអង្គភាពទ័ពស្រុកប្រើខ្ញុំឲ្យឃ្វាលគោ ចិញ្ចឹមមាន់ទា និងដាំបន្លែ ដើម្បីផ្គត់ផ្គង់ទៅដល់កងទ័ព។ បន្ទាប់មក ខ្ញុំបានចូលបម្រើកងទ័ពខ្មែរក្រហម ហើយត្រូវបានមេបញ្ជាការបញ្ជូនខ្ញុំទៅកាន់ភូមិទួលស្វាយព្រៃ ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ ដើម្បីការពារព្រំដែន។

ឃុត ខេម អាយុ៦៣ឆ្នាំ រស់នៅភូមិត្រពាំងរមាំង ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

រយៈពេលជាច្រើនខែក្រោយមក គឺនៅក្នុងខែវស្សា ឆ្នាំ១៩៧៨ ខ្ញុំត្រូវបានមេបញ្ជាការទ័ពស្រុកបញ្ជូនឲ្យមកឈរជើងនៅភូមិបន្ទាយធ្លាយ ឃុំព្រៃខ្លា ស្រុកកោះអណ្ដែត ខេត្តតាកែវ ដើម្បីត្រៀមប្រយុទ្ធជាមួយវៀតណាម។ នៅរដូវទឹកស្រក ខ្ញុំបានលួចគេចចេញពីមូលដ្ឋានកងទ័ពនៅស្រុកកោះអណ្តែត ជាមួយមិត្តម្នាក់ឈ្មោះ ពោច ប៉ុន្តែ ខ្ញុំ និង ពោច ត្រូវកម្មាភិបាលខ្មែរក្រហមចាប់ខ្លួននៅភូមិអូរចំបក់។ ខ្ញុំបានកុហកកម្មាភិបាលទាំងនោះថា អង្គភាពទ័ពរបស់ខ្ញុំមានមូលដ្ឋាននៅភូមិទួលស្វាយព្រៃ។ ដូច្នេះ កម្មាភិបាលទាំងនោះ បានបញ្ជូនខ្ញុំនិង ពោច មកភូមិស្វាយព្រៃវិញ។ មកដល់ទួលស្វាយព្រៃ ប្រធានមន្ទីរស្វាយព្រៃឈ្មោះ គា បានបញ្ជូនខ្ញុំបន្តទៅអង្គតាសោម ជាទីកន្លែងដែលខ្ញុំនិង ពោច ត្រូវបានបង្ខំឲ្យចូលធ្វើជាយោធាម្តងទៀតដើម្បីទៅចូលរួមប្រយុទ្ធតទល់ជាមួយកងទ័ពវៀតណាមនៅភូមិភាគបូព៌ា។ នៅពេលអ្នកបើកឡានហៀបនឹងដឹកកងទ័ពចេញទៅខាងបូព៌ា ខ្ញុំបានរត់គេចខ្លួនម្តងទៀត។

នៅដើមឆ្នាំ១៩៧៩ ខ្ញុំនិងឪពុកម្តាយ ព្រមទាំងប្អូនពីរនាក់ទៀត បានភៀសខ្លួនទៅដល់ភូមិពករុន ឃុំពោធិ៍ចំរើន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ រួចហើយបន្តដំណើរទៅស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ព្រោះខ្លាចកងទ័ពវៀតណាមសម្លាប់។ មួយរយៈក្រោយមក ខ្ញុំនិងគ្រួសារបានវិលត្រឡប់មកកាន់ស្រុកកំណើតវិញ ដោយមានកងទ័ពវៀតណាមជាអ្នកជួយដឹកជញ្ជូន និងផ្តល់អាហារឲ្យហូបចុកតាមផ្លូវ។

អត្ថបទ ៖ ង៉ាន់ វីន អ្នកស្ម័គ្រចិត្តមជ្ឈមណ្ឌលឯកសារ ខេត្តតាកែវ

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖