ខ្ញុំរស់នៅទាំងភ័យខ្លាចក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ មាឃ ទូច អាយុ៧៣ឆ្នាំ បច្ចុប្បន្នរស់នៅក្នុងភូមិដើមបេង ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ។ ខ្ញុំមានឪពុកឈ្មោះ ម៉ៅ វង និងម្តាយឈ្មោះតន់ ស៊ុន។ ខ្ញុំមានបងប្អូនបង្កើតចំនួន៧នាក់ គឺស្រីចំនួន៤នាក់ និងប្រុសចំនួន៣នាក់។

ពីកុមារភាព ខ្ញុំរៀននៅសាលាផាន់ផន ដល់ថ្នាក់ទី១១សង្គមចាស់។ បន្ទាប់មក ខ្ញុំក៏ឈប់រៀនព្រោះត្រូវនៅមើលថែទាំឪពុកដែលធ្លាក់ពីលើចុងត្នោត។ ក្រៅពីនោះ ខ្ញុំនៅជួយធ្វើស្រែចម្ការឪពុកម្តាយ។ ខ្ញុំបានរៀបការនៅក្នុងឆ្នាំ១៩៦៩ ជាមួយប្តីរបស់ខ្ញុំធ្វើជាទាហាន លន់ នល់។ បន្ទាប់ពីរៀនការរួច ខ្ញុំកើតបានកូនប្រុសម្នាក់ឈ្មោះ សម្បត្តិ។

មាឃ ទូច អាយុ៧៣ឆ្នាំ រស់នៅក្នុងភូមិដើមបេង ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា) 

នៅពេលយោធាខ្មែរក្រហមចូលមកគ្រប់គ្រងប្រទេសកម្ពុជា ខ្ញុំនិងអ្នកភូមិទាំងអស់ត្រូវជម្លៀសឲ្យទៅរស់នៅក្នុងស្រុកតានី។ ខ្ញុំនៅទីនោះបានប្រហែលមួយឆ្នាំ ខ្មែរក្រហមផ្លាស់ខ្ញុំ ឲ្យទៅនៅវត្តសុបិន្តទៀត។ នៅក្នុងរបបខ្មែរក្រហម កម្មាភិបាលបានចាត់តាំងខ្ញុំឲ្យនៅធ្វើការក្នុងកងចាស់ៗ ដកស្ទូង និងរែកអាចម៍គោដាក់ស្រែ។ កាលនោះ យើងអាចស្នាក់នៅខ្ទម ឬក្នុងផ្ទះរបស់យើង ប៉ុន្តែត្រូវហូបបាយរួមនៅក្នុងរោងបាយទាំងអស់គ្នា។

មានថ្ងៃមួយកូនប្រុសរបស់ខ្ញុំឃ្លានបបរពេក ខ្ញុំក៏កាន់ចានទៅសុំបបរពីចុងភៅមកឲ្យកូន។ អ្នកដួសបបរខឹងក៏យកវែកដែលកំពុងក្តៅខ្លាំងមកវាយត្រូវចំកូនដៃរបស់ខ្ញុំបាក់ ដែលបន្សល់ទុកស្លាកស្នាមរហូតដល់សព្វថ្ងៃ។ ពេលនោះខ្ញុំអាណិតកូនប្រុសរបស់ខ្ញុំខ្លាំងណាស់ ប៉ុន្តែខ្ញុំមិនអាចរកអាហារឲ្យគាត់ហូបបាន។ នៅក្នុងភូមិខ្ញុំឃើញសាកសពមនុស្ស៣នាក់ដែលខ្មែរក្រហមសម្លាប់ចោលរួចទម្លាក់ចូលក្នុងរណ្តៅតែមួយ។ ខ្ញុំឃើញបែបនេះ ខ្ញុំពិតជាតក់ស្លុតខ្លាំងណាស់ ព្រោះខ្លាចវាសនារបស់ខ្ញុំដូចអ្នកទាំងនោះដែរ។ ខ្ញុំរស់នៅទាំងភ័យខ្លាច។ ខ្ញុំមិនហ៊ាននិយាយស្តី និងមិនហ៊ានតវ៉ាអ្វីឡើយ ព្រោះខ្លាចខ្មែរក្រហមយកទៅវាយចោល។

មាឃ ទូច ផ្តល់បទសម្ភាសន៍អំពីរឿងរ៉ាវក្នុងរបបខ្មែរក្រហមដល់អ្នកស្ម័គ្រចិត្តមជ្ឈមណ្ឌលឯកសារ ខេត្តតាកែវ។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

ក្រោយរបបខ្មែរក្រហមដួលរលំនៅដើមឆ្នាំ១៩៧៩ ខ្ញុំបាននាំគ្រួសារត្រឡប់មកផ្ទះនៅភូមិដើមបេងវិញ។ ប៉ុន្តែជាអកុសល ផ្ទះរបស់ខ្ញុំត្រូវភ្លើងឆេះអស់គ្មានសល់ឡើយ។ ដូច្នេះខ្ញុំបានសាងសង់ផ្ទះថ្មីមួយទៀតដើម្បីស្នាក់នៅ។ រយៈពេលបីខែក្រោយមក ឪពុករបស់ខ្ញុំបានស្លាប់ដោយសារជំងឺហើម ព្រោះកាលពីរបបខ្មែរក្រហម ខ្មែរក្រហមឲ្យគាត់ហូបតែបបរប៉ុណ្ណោះ។ ចំណែកប្តីរបស់ខ្ញុំក៏ស្លាប់ដែរ។ ក្រោយមក ខ្ញុំបានរៀបការជាមួយប្តីទីពីរ។ យើងមានកូន៣នាក់ជាមួយគ្នា។

បន្ទាប់ពីបានឆ្លងកាត់រឿងរ៉ាវជូរចត់ក្នុងរបបខ្មែរក្រហម ធ្វើឲ្យខ្ញុំមានការភ័យខ្លាច ហើយមិនចង់ឲ្យរបបនេះវិលត្រឡប់មកវិញទេ។ សព្វថ្ងៃនេះ ខ្ញុំអាចរស់បានហើយទោះបីជាមិនមានបានដូចគេ ក៏ប៉ុន្តែខ្ញុំមិនភ័យព្រួយរឿងហូបមិនឆ្អែតទៀត។

អត្ថបទ ៖ មឿន ហាច អ្នកស្ម័គ្រចិត្តមជ្ឈមណ្ឌលឯកសារ ខេត្តតាកែវ

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារ ខេត្តតាកែវ

 

អត្ថបទផ្សេងទៀត៖