អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅខេត្តត្បូងឃ្មុំទៅពិនិត្យសុខភាព

កាលពីដើមខែកញ្ញា ឆ្នាំ២០២២ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមរស់នៅក្នុងភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ចំនួន១០នាក់ រួមមាន៖ ១)ឈ្មោះ ជាង អ៊ីម ភេទប្រុស អាយុ ៦១ឆ្នាំ ២)ឈ្មោះ ពេជ្រ សំបូរ ភេទប្រុស អាយុ ៦៣ឆ្នាំ ៣)ទុំ សាគុំ ភេទស្រី អាយុ ៥៧ឆ្នាំ ៤)ឈ្មោះ ម៉ឹក ល្អិតភេទប្រុស អាយុ ៥៩ឆ្នាំ ៥)ឈ្មោះ ស៊ន់ ហឿន ភេទស្រី អាយុ៥៩ឆ្នាំ ៦)ឈ្មោះមួក វឿន ភេទប្រុស អាយុ៥៦ឆ្នាំ ៧)ឈ្មោះ លន់ សារីន ភេទស្រី អាយុ៦៩ឆ្នាំ ៨)ឈ្មោះ ធឹម ម៉ៅ ភេទស្រី អាយុ៥៨ឆ្នាំ ៩)ឈ្មោះ ណន សាវី ភេទប្រុស អាយុ៥៥ឆ្នាំ និង ១០)ឈ្មោះ យុត ហេង ភេទស្រី អាយុ៥៥ឆ្នាំ បានទាក់ទងមកបុគ្គលិក និងអ្នកស្ម័គ្រចិត្តមជ្ឈមណ្ឌលឯកសារកោះថ្ម ដើម្បីជួយសម្របសម្រួលជូនទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យឯកជនដៃគូររបស់មជ្ឈមណ្ឌលឯកសារកោះថ្មស្ថិតនៅក្នុងខេត្តត្បូងឃ្មុំ។ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមទាំង១០នាក់ខាងលើ គឺជាអ្នកដែលបានចែករំលែករឿងរ៉ាវជីវិតនៅក្នុងរបបខ្មែរក្រហម ដល់អ្នកស្ម័គ្រចិត្តកម្ពុជា និងបានអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំដែលរៀបចំដោយមជ្ឈមណ្ឌលឯកសារកោះថ្ម កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ដើម្បីពិភាក្សាពីការថែទាំសុខភាព និងការបង្កើតសៀវភៅណែនាំសុខភាពមួយដើម្បីជួយសម្រួលដល់ការថែទាំសុខភាពដោយខ្លួនឯង ទាក់ទងនឹងជំងឺសំខាន់ៗចំនួន១០ប្រភេទ ដែលសុទ្ធសឹងជាប្រភេទជំងឺដែលកំពុងកើតមានទៅលើអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមានអាយុច្រើននាពេលបច្ចុប្បន្ននេះ។

នៅព្រឹកថ្ងៃសុក្រ ទី០៩ ខែកញ្ញា ឆ្នាំ២០២២ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមទាំង១០នាក់ខាងលើបានមកជួបជុំគ្នានៅមជ្ឈមណ្ឌលឯកសារកោះថ្មប្រចាំខេត្តត្បូងឃ្មុំ ដើម្បីពិភាក្សាគ្នាមុនពេលទៅពិនិត្យសុខភាព។ ឈុំ រ៉ា បុគ្គលិកប្រចាំនៅមជ្ឈមណ្ឌលឯកសារកោះថ្មបានផ្តល់ព័ត៌មានជូន អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមថា ចំពោះការចំណាយលើការពិនិត្យសុខភាព និងព្យាបាល គឺការទទួលខុសត្រូវរបស់ពួកគាត់រៀងៗខ្លួន។ ចំណែកមជ្ឈមណ្ឌលឯកសារកោះថ្មផ្តល់ជូនពួកគាត់ចំពោះថ្លៃអាហារហូបចុក និងការចំណាយលើការធ្វើដំណើរ។ ក្រោយពីបានជួបប្រជុំរួច អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមទាំង១០នាក់ បានធ្វើដំណើរទៅកាន់បន្ទប់ពិគ្រោះ និងព្យាបាលជំងឺ របស់វេជ្ជបណ្ឌិត តាំង ស៊ីមាន ដែលជាមន្ទីរពេទ្យឯកជនដៃគូររបស់មជ្ឈមណ្ឌលឯកសារកោះថ្មមួយស្ថិតនៅក្នុងភូមិក្តុលក្រោម ឃុំទន្លូង ស្រុលមេមត់ ខេត្តត្បូងឃ្មុំ។ អ្នករស់រានពីរបបខ្មែរក្រហមបានចូលពិនិត្យសុខភាពចាប់តាំងពីម៉ោង៧:៣០នាទីព្រឹករហូតដល់ម៉ោង១២ថ្ងៃត្រង់ទើបចប់សព្វគ្រប់។ លោកវេជ្ជបណ្ឌិត តាំង ស៊ីមាន បានចេញវេជ្ជបញ្ជា និងប្រាប់អំពីស្ថានភាពជំងឺរបស់អ្នករស់រានពីរបបខ្មែរក្រហមទាំង១០នាក់។ មុនពេលត្រឡប់ទៅផ្ទះរៀងៗខ្លួន លោកវេជ្ជបណ្ឌិតក៏បានណែនាំឲ្យពួកគាត់អនុវត្តតាមវេជ្ជបញ្ជា ថែទាំសុខភាពឲ្យបានខ្ជាប់ខ្ជួន និងត្រូវមកពិនិត្យសុខភាពឲ្យបានទៀងទាត់យ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំ។

ខាងក្រោមនេះជាចំណាប់អារម្មណ៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម៖

​ខ្ញុំឈ្មោះ ជាង អ៊ីម ភេទប្រុស អាយុ៦១ឆ្នាំ សព្វថ្ងៃមានទីលំនៅស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ នៅពេលក្មួយៗជាអ្នកស្ម័គ្រចិត្តរបស់មណ្ឌលឯកសារកោះថ្មចុះមកសួរសុខទុក្ខខ្ញុំ ដែលជាអ្នកធ្លាប់បានឆ្លងកាត់សម័យសង្គ្រាម និងជាអ្នកនៅរស់ពីសម័យខ្មែរក្រហម ធ្វើឲ្យខ្ញុំមានអារម្មណ៍សប្បាយរីករាយ។ នៅពេលខ្ញុំប្រាប់រឿងរ៉ាវដែលខ្ញុំឆ្លងកាត់នោះធ្វើឲ្យខ្ញុំធូរស្បើយនៅក្នុងចិត្ត ។ ម្យ៉ាងទៀតរឿងរ៉ាវដែលខ្ញុំធ្លាប់បានឆ្លងកាត់ក្នុងសម័យនោះហាក់ដូចជានៅថ្មីៗសម្រាប់ខ្ញុំ។ នៅពេលដែលបានឮថាក្មួយៗ នឹងយកទៅធ្វើជាឯកសារទុកឲ្យក្មេងជំនាន់ក្រោយបានសិក្សារៀនសូត្រទៀតខ្ញុំពិតជាត្រេកអរ។ ក្មួយៗក៏បានសួរនាំខ្ញុំអំពីសុខទុក្ខ អំពីសុខភាពក៏ដូចជាស្ថានភាពនៃការរស់នៅរបស់ខ្ញុំទៀតធ្វើឲ្យខ្ញុំកាន់តែរីករាយ។ មជ្ឈមណ្ឌលឯកសារកោះថ្មបានគិតគូដល់សុខភាពរបស់ខ្ញុំក៏ដូចជាអ្នកដែលនៅរស់ពីសម័យខ្មែរក្រហម។ ខ្ញុំពិតជាមានអារម្មណ៍ត្រេកអរដែលមជ្ឈមណ្ឌលឯកសារកោះថ្ម​ផ្ដល់ជាកញ្ចប់អនុស្សាវរីយ៍ និងផ្តល់មធ្យោបាយដល់ខ្ញុំដើម្បីមានលទ្ធភាពទៅពិនិត្យសុខភាព។ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ខ្ញុំបានទៅចូលរួមក្នុងកម្មវិធីនៅមជ្ឈមណ្ឌលឯកសារកោះថ្ម ខ្ញុំមានអារម្មណ៍ថាសប្បាយរីករាយ ដោយសារតែពេលទៅដល់មានការសម្របសម្រួលបានល្អ មានការពន្យល់ពីរបៀបដោះស្រាយពីបញ្ហាផ្លូវចិត្តក៏ដូចជាអារម្មណ៍ ត្រូវធ្វើបែបណាដើម្បីធ្វើឲ្យអារម្មណ៍ស្ងប់។ ម្យ៉ាងទៀតមានការពន្យល់ពីអាការៈជំងឺដល់ខ្ញុំ ដើម្បីឲ្យខ្ញុំដឹងថាខ្លួនថាមានអាការៈបែបណាហើយត្រូវហ្នឹងជំងឺអ្វី។ បន្ទាប់ពីចប់កម្មវិធីមជ្ឈមណ្ឌលឯកសារកោះថ្មក៏មានជាកញ្ចប់អនុស្សាវរីយ៍ដល់ខ្ញុំថែមទៀត។ នៅក្នុងសារមន្ទីរមជ្ឈមណ្ឌលឯកសារកោះថ្មមានការរៀបចំតុបតែងបានស្អាត និងមានរូបភាពមើលទៅដូចយើងនៅក្នុងសម័យសង្រ្គាម។

ខ្ញុំឈ្មោះ លន់ សារីន ភេទស្រី មានអាយុ ៦៩ឆ្នាំ បច្ចុប្បន្នមានទីលំនៅស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ នៅពេលដែលអ្នកស្ម័គ្រចិត្តរបស់មជ្ឈមណ្ឌលឯកសារកោះថ្មបានចុះទៅជួបខ្ញុំសួរនាំអំពីរឿងរ៉ាវជីវិត ដែលធ្លាប់ឆ្លងកាត់ពីសម័យសង្រ្គាមនិងបានសួរនាំពីបញ្ហាសុខភាព ស្ថានភាពនៃការរស់នៅតាំងពីតូចរហូតមកដល់ពេលបច្ចុប្បន្ន ខ្ញុំមានអារម្មណ៍ថាបានធូរស្រាលក្នុងចិត្ត ពីព្រោះខ្ញុំមិនធ្លាប់និយាយរឿងរ៉ាវជីវិត ដែលធ្លាប់ជួបប្រទះនៅក្នុងសម័យសង្រ្គាមនោះទៅប្រាប់នរណាម្នាក់ទេ។ នៅពេលខ្ញុំនិយាយប្រាប់អ្នកស្ម័គ្រចិត្តរបស់មជ្ឈមណ្ឌលឯកសារកោះថ្មរួច ខ្ញុំមានអារម្មណ៍ថារីករាយ ពីព្រោះក្មេងៗ ជំនាន់ក្រោយបានដឹង និងបានសិក្សារៀនសូត្រ។ ខ្ញុំមិនចង់ឲ្យមានសង្រ្គាមម្ដងទៀតទេ។ ក្រោយពីខ្ញុំបានចែករំលែករឿងរ៉ាវជីវិតរួចមក ធ្វើឲ្យអារម្មណ៍និងចិត្តរបស់ខ្ញុំបានស្ងប់ និងបានដឹងអំពីបញ្ហាសុខភាព។ ជាចុងក្រោយខ្ញុំពិតជាអរគុណដល់មជ្ឈមណ្ឌលឯកសារកោះថ្ម ដែលបានផ្តល់កញ្ចប់អនុស្សាវរីយ៍ និងផ្តល់មធ្យោបាយដល់ខ្ញុំក៏ដូចជាអ្នករស់រានមានជីវិតផ្សេងទៀតបានទៅពិនិត្យសុខភាព។ ខ្ញុំសូមជូនពរមជ្ឈមណ្ឌលឯកសារកោះថ្មជួបប្រទះតែពុទ្ធពរទាំងឡាយបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លាងឃ្លាតឡើយ ។

ខ្ញុំឈ្មោះ ពេជ្រ សំបូរ ភេទប្រុស អាយុ ៦៣ឆ្នាំ រស់នៅក្នុងភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ខ្ញុំពិតជាត្រេកអរដែលឃើញអ្នកស្ម័គ្រចិត្តរបស់មជ្ឈមណ្ឌលឯកសារកោះថ្មចុះមកសួរនាំរឿងរ៉ាវអំពីសម័យ ប៉ុល ពត។ នៅពេលដែលអ្នកស្ម័គ្រចិត្តមជ្ឈមណ្ឌលឯកសារកោះថ្មចុះមកសួរនាំរឿងនេះ ហាក់ធ្វើឲ្យខ្ញុំនឹកឃើញនូវហេតុការណ៍ដែលបានកើតឡើងក្នុងរបបនេះ មានពេលខ្លះខ្ញុំក៏ធ្លាប់បាននិយាយរឿងរ៉ាវដែលកើតឡើងក្នុងសម័យខ្មែរក្រហមឲ្យកូនចៅស្តាប់ថាជំនាន់ឪពុកមិនស្រួលដូចកូនៗរាល់ថ្ងៃនេះទេ សូម្បីតែបាយមិនបានហូបគ្រាប់គ្រាន់ និងមានយោធាខ្មែរក្រហមមកចាប់មនុស្សយកទៅសម្លាប់ថែមទៀត។ ខ្ញុំនិយាយប្រាប់ទៅកូនចៅ តែកូនចៅមិនជឿ និងបាននិយាយថាគ្មានអ្នកណាចាប់មនុស្សយកទៅសម្លាប់ស្រួលៗទេ។ ចំពោះបញ្ហាសុខភាព រាល់ថ្ងៃខ្ញុំឧស្សាហ៍ឈឺសន្លាក់ដៃ ជើង ហើយពេលយប់ដេកមិនសូវលក់។ ក្រោយពេលដែលខ្ញុំទទួលបានការពិនិត្យសុខភាពរួចមកគ្រូពេទ្យបានប្រាប់មកខ្ញុំវិញថា ជាតិស្ករឡើងខ្ពស់រហូត៣២០ អាចបណ្តាលឲ្យមានជំងឺទឹកនោមផ្អែម។ ជាចុងក្រោយ ខ្ញុំពិតជាអគុណដល់មជ្ឈមណ្ឌលឯកសារកោះថ្មដែលបានផ្តល់កញ្ចប់អនុស្សាវរីយ៍ និងមធ្យោបាយដល់ខ្ញុំ និងអ្នករស់រានមានជីវិតពីសម័យខ្មែរក្រហមផ្សេងទៀតបានទៅពិនិត្យសុខភាព។

អត្ថបទ ៖ ឈុំ រ៉ា បុគ្គលិកមជ្ឈមណ្ឌលឯកសារកោះថ្ម

រូបថត ៖​ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា