អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន១១នាក់ មកពីស្រុកកំពង់សៀមទទួលការពិនិត្យសុខភាពដោយឥតគិតថ្លៃ

នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ដឹកនាំដោយទូច វណ្ណេត និងអេង វណ្ណីកា ទទួលអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន១១នាក់ មកពីស្រុកកំពង់សៀម ដើម្បីទទួលការពិនិត្យសុខភាពនៅគ្លីនិកឯកជន។ កន្លងមក អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម បានចូលរួមវេទិកាអភិវឌ្ឍសារសុខភាព និងការផ្សាយផ្ទាល់ស្ដីពីការប្រកាសសាលដីកាបណ្តឹងសាទុក្ខក្នុងសំណុំរឿង ០០២/០២ ពាក់ព័ន្ធនឹង ខៀវ សំផន របស់តុលាការកំពូលនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។ ខាងក្រោមនេះ គឺជាទស្សនៈយល់ឃើញរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម បន្ទាប់ពីទទួលបានការពិនិត្យសុខភាពរបស់ខ្លួន៖

អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅស្រុកកំពង់សៀម មកពិនិត្យសុខភាព ដោយមិនគិតថ្លៃ។ (ទូច វណ្ណេត/មជ្ឈមណ្ឌលឯកសារកម្ពុជា)

 

អ៊ំស្រី តៅ វត្ថា អាយុ៧០ឆ្នាំ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រស់នៅភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម បាននិយាយថា «នៅពេលដែលក្មួយៗដែលជាអ្នកស្ម័គ្រចិត្តរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ចុះមកសួរសុខទុក្ខខ្ញុំដែលជាអ្នកធ្លាប់បានឆ្លងកាត់សង្រ្គាម និងរបបខ្មែរក្រហម។ ខ្ញុំពិតជាទទួលបានអារម្មណ៍ក្ដុកក្ដួលយ៉ាងខ្លាំង ពីព្រោះរបបនោះគឺមានការលំបាកយ៉ាងខ្លាំង។ ក្មួយៗមកសួរនាំដំណើរជីវិតខ្ញុំ។ ខ្ញុំរៀបរាប់ពីបទពិសោធន៍ដែលខ្ញុំបានឆ្លងកាត់នៅក្នុងរបបខ្មែរក្រហម ដែលបានធ្វើឲ្យខ្ញុំធូរស្បើយនៅក្នុងចិត្ត។ រឿងរ៉ាវដែលខ្ញុំឆ្លងកាត់ក្នុងសម័យខ្មែរក្រហម គឺហាក់ដូចជានៅថ្មីៗសម្រាប់ខ្ញុំ។ នៅពេលដែលខ្ញុំឮថាក្មួយៗសួរនាំរឿងរ៉ាវរបស់ខ្ញុំដើម្បីយកទៅចងក្រងធ្វើជាឯកសារទុកឲ្យក្មេងជំនាន់ក្រោយសិក្សារៀនសូត្រ ខ្ញុំពិតជាមានអារម្មណ៍ត្រេកអរ។ ក្មួយៗសួរនាំអំពីសុខទុក្ខ ស្ថានភាពសុខភាព និងការរស់នៅរបស់ខ្ញុំទៀត គឺធ្វើឲ្យខ្ញុំកាន់តែរីករាយថែមទៀត។ បន្ថែមលើនេះទៀត ខ្ញុំមានអារម្មណ៍ថាមានការយកចិត្តទុកដាក់ទៅលើបទពិសោធន៍ជីវិត និងសុខភាពរបស់ខ្ញុំ»។

អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅស្រុកកំពង់សៀម មកពិនិត្យសុខភាព ដោយមិនគិតថ្លៃ។ (ទូច វណ្ណេត/មជ្ឈមណ្ឌលឯកសារកម្ពុជា)

អ៊ំស្រី តុង ស៊ីថាត អាយុ៦៦ឆ្នាំ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រស់នៅភូមិកំពង់ក្របី ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ចែករំលែកថា «ខ្ញុំធ្លាប់និយាយអំពីបទពិសោធន៍ជីវិតខ្ញុំប្រាប់ក្មួយៗដែលជាអ្នកស្ម័គ្រចិត្ត។ ខ្ញុំមានអារម្មណ៍ធូរស្បើយនៅពេលនោះ។ នៅពេលដែលក្មួយៗអ្នកស្ម័គ្រចិត្តប្រាប់ថា ខ្ញុំអាចទទួលបានការពិនិត្យសុខភាព ខ្ញុំកាន់តែសប្បាយចិត្ត។ ខ្ញុំធ្លាប់ចូលរួមវេទិកាប្រវត្តិសាស្រ្តគ្រួសារ វេទិកាអភិវឌ្ឍសារសុខភាព និងការផ្សាយផ្ទាល់ស្ដីពីការប្រកាសសាលដីកាបណ្តឹងសាទុក្ខរបស់ ខៀវ សំផន រៀបចំនៅមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម។ នៅថ្ងៃនេះ ខ្ញុំទទួលបានឪកាសដើម្បីពិនិត្យសុខភាព ដោយសារតែខ្ញុំចង់ដឹងអំពីស្ថានភាពរបស់ខ្ញុំ។ បច្ចុប្បន្ននេះ ខ្ញុំតែងតែឈឺក្បាល និងឈឺតាមសន្លាក់ជើង។ ខ្ញុំសូមជូនពរដល់មជ្ឈមណ្ឌលឯកសារកម្ពុជា និងបុគ្គលិកទាំងអស់ជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណះ សុខៈនិងពលៈ កុំបីឃ្លៀងឃ្លាតឡើយ»។

អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមទស្សនកិច្ចមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម។ (ទូច វណ្ណេត/មជ្ឈមណ្ឌលឯកសារកម្ពុជា)

អ៊ំស្រី ជុំ សុខហេង អាយុ៦៦ឆ្នាំ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រស់នៅភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម រៀបរាប់ថា «ថ្មីៗនេះ ខ្ញុំចូលរួមស្ដាប់ការប្រកាសសាលដីការបស់តុលាការកំពូលនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាកាត់ក្ដីរឿង ខៀវ សំផន និងវេទិកាអភិវឌ្ឍសារសុខភាពរបស់គម្រោងប្រវត្តិសាស្រ្តគ្រួសារ និងសុខភាពសម្រាប់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ នៅពេលដែលមានអ្នកស្ម័គ្រចិត្តរបស់មជ្ឈមណ្ឌលឯកសារកម្ពុជាចុះមកជួបខ្ញុំនៅផ្ទះដើម្បីសួរសុខទុក្ខ និងបទពិសោធន៍ជីវិតរបស់ខ្ញុំក្នុងសង្រ្គាម និងរបបខ្មែរក្រហម ខ្ញុំទទួលអារម្មណ៍ធូរស្រាលក្នុងចិត្ត ពីព្រោះខ្ញុំមិនដែលបាននិយាយចែករំលែករឿងរ៉ាវខ្ញុំឆ្លងកាត់នោះឡើយ។ នៅថ្ងៃនេះ ខ្ញុំទើបតែបានទៅពិនិត្យសុខភាព និងដឹងពីស្ថានភាពសុខភាពខ្លួនឯង ដែលចុះខ្សោយទៅៗ»។

អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមមកពីស្រុកកំពង់សៀម មកចូលរួមស្តាប់និងទស្សនាការផ្សាយបន្តផ្ទាល់ការប្រកាសសាលដីកាបណ្តឹងសាទុក្ខក្នុងសំណុំរឿង ០០២/០២ ពាក់ព័ន្ធនឹង ខៀវ សំផន របស់តុលាការកំពូលនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលរៀបចំដោយមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម កាលពីវេលាម៉ោង៩:៣០នាទីព្រឹក ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២។ (ទូច វណ្ណេត/មជ្ឈមណ្ឌលឯកសារកម្ពុជា)

អត្ថបទ ៖ ទូច វណ្ណេត បុគ្គលិកមជ្ឈមណ្ឌលឯកសារ ខេត្តកំពង់ចាម

រូបថត ៖ ទូច វណ្ណេត/មជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖

ការិយាល័យទីប្រឹក្សាពិសេសទប់ស្កាត់អំពើប្រល័យពូជសាសន៍នៃអង្គការប្រជាជាតិ និងមជ្ឈមណ្ឌលឯកសារកម្ពុជាចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហការ រំលេចអំពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការ ក្នុងការលើកកម្ពស់ការអនុវត្តកិច្ចខិតខំប្រឹងប្រែងនានាក្នុងការទប់ស្កាត់ និងការអប់រំពីអំពើប្រល័យពូជសាសន៍នៅក្នុងតំបន់អាស៊ីអាគ្នេយ៍, អាស៊ីខាងត្បូង និងទូទាំងសកលលោក