"សង្គមមួយមិនអាចស្គាល់ខ្លួនឯងបានទេ ប្រសិនបើសង្គមនោះពុំមានការចងចាំច្បាស់លាស់អំពីប្រវត្តិសាស្រ្តរបស់ខ្លួន"

ប្រាក់ តាំង ៖ អតីតកងចល័តនៅភូមិភាគបូព៌ាសម័យខ្មែរក្រហម

ខ្ញុំឈ្មោះ ប្រាក់ តាំង ភេទប្រុស កើតនៅឆ្នាំ១៩៤១ នៅភូមិរំចេក ឃុំរំចេក ស្រុកមេមត់ ខេត្តកំពង់ចាម។ បច្ចុប្បន្ន ខ្ញុំរស់នៅភូមិឃុំដដែល។ ខ្ញុំមានម្តាយឈ្មោះ ជា ហឿន និងឪពុកឈ្មោះ ប្រាក់ តុប និងមានបងប្អូនចំនួន៦នាក់ស្រី២នាក់។ ខ្ញុំគឺជាកូនទី២នៅក្នុងគ្រួសារ។

កាលពីកុមារ ខ្ញុំមិនសូវបានរៀនជាប់លាប់ទេ។ នៅសម័យមុននៅក្នុងភូមិមានផ្ទះប្រជាជនត្រឹមតែ២០ ទៅ៣០ខ្នងប៉ុណ្ណោះ។ ប្រជាជនទាំងអស់នៅក្នុងភូមិរំចេកត្រូវបានបារាំងកេណ្ឌចេញពីភូមិឲ្យទៅរស់នៅខាងកំពង់រាំង ព្រោះមានមេទ័ពរបស់បារាំងម្នាក់ឈ្មោះ ពាំង សេនា ត្រូវបានខ្មែរឥស្សរលួចសម្លាប់ចោល។ ខ្ញុំរស់នៅកំពង់រាំងបានមួយឆ្នាំ ក្រុមខ្មែរឥស្សរចូលមកវាយប៉ុស្តិ៍របស់បារាំងទៀត ចំណែកប្រជាជនដែលមានការភ័យខ្លាចប្រមាណជាង១០០នាក់ បាននាំគ្នាទៅរស់នៅក្នុងព្រៃ។

ប្រាក់ តាំង បច្ចុប្បន្នរស់នៅភូមិរំចេក ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ (បណ្ណសារមជ្ឈណ្ឌលឯកសារកម្ពុជា)

នៅពេលខ្ញុំអាយុ២៣ឆ្នាំ ខ្ញុំបានរៀបការ និងកូនចំនួន៣នាក់។ រហូតដល់ឆ្នាំ១៩៧០ ក៏មានរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ ពេលនោះនៅក្នុងភូមិរំចេកមិនមានការធ្វើបាតុកម្មឡើយ ព្រោះជាភូមិដាច់ស្រយាល។ ប៉ុន្តែខ្ញុំធ្លាប់បានឮប្រជាជននិយាយឃោសនាតៗគ្នាថា “ជយោសម្តេចឪអ្នកណាមិនទៅសម្លាប់ចោល”។

ប្រជាជនដែលរស់នៅក្នុងភូមិរំចេកភាគច្រើនធ្វើការងារកាប់ឫស្សី កាប់ឈើ កាប់វល្លិ៍ រកត្រីនិងធ្វើស្រែសម្រាប់ផ្គត់ផ្គង់គ្រួសារ។ ក្រៅពីនោះប្រជាជនប្រកបមុខរបរធ្វើឈ្នាង ធ្វើទ្រូ ល្អី និងចងសន្ទូច ។ កាលពីមុន នៅក្នុងភូមិសម្បូរសាច់ សម្បូរត្រីណាស់ ប្រជាជនចេញទៅរកតែមួយភ្លែត អាចហូប២ទៅ៣ថ្ងៃមិនទាន់អស់ផង។

នៅក្នុងឆ្នាំ១៩៧០ដដែល នៅក្នុងភូមិរំចេកមានការទម្លាក់គ្រាប់បែកយ៉ាងច្រើនដែលធ្វើឲ្យផ្ទះសម្បែងប្រជាជនចំនួន៣ខ្នងត្រូវភ្លើងឆេះ និងស្លាប់ឈ្មោះ ម៉ន ម្នាក់។ ការទម្លាក់គ្រាប់បែកមិនមានបំណងសម្លាប់ប្រជាជនខ្មែរនោះទេ គឺសំដៅទៅលើកងទ័ពវៀតកុង (វៀតណាមខាងជើង) ព្រោះមានកងទ័ពវៀតកុងច្រើនបានចូលមកលាក់ខ្លួនក្នុងព្រៃនៅឃុំរំចេក។ កងទ័ពវៀតកុងខ្លះបានចូលមកនៅក្នុងភូមិ ប៉ុន្តែមិនបានប៉ះពាល់ប្រជាជនខ្មែរទេ គឺគ្រាន់តែចូលមកសុំកន្លែងស្នាក់នៅ និងរកម្ហូប។ កងទ័ពវៀតកុងមានសម្លៀកបំពាក់ពណ៌ស្លាបចេក ហើយនៅពេលចេញដើរកងទ័ពវៀតកុងទាំងនោះយកស្លឹកឈើមកគ្របលើក្បាល ដើម្បីការពារកុំឲ្យសត្រូវមើលឃើញ។

នៅពេលនោះ ប្រជាជនរស់នៅក្នុងភូមិរំចេកហូបចុក និងរស់នៅតាមផ្ទះរៀងៗខ្លួន។ ប្រជាជនធ្វើការងារប្រវាស់ដៃគ្នាទៅវិញទៅមក ហើយធ្វើទាល់តែរួចរាល់មួយកន្លែងទើបនាំគ្នាទៅធ្វើមួយកន្លែងទៀតដែលជាទូទៅប្រជាជនហៅថា ក្រុមសាមគ្គីគ្នា។ បន្ទាប់ពីធ្វើការងារប្រវាស់ដៃបានមួយឆ្នាំ ស្រាប់តែខ្មែរក្រហមចាប់ផ្តើមប្រមូលប្រជាជនឲ្យហូបរួម។

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែក្រហមជម្លៀសប្រជាជនប្រមាណ២០០នាក់ចេញពីទីក្រុងភ្នំពេញឲ្យមករស់នៅក្នុងភូមិរំចេក ឃុំរំចេក។ ចំពោះនារីៗនៅក្នុងភូមិត្រូវបានជ្រើសរើសឲ្យធ្វើជាគ្រូពេទ្យ ចំណែកប្រុសៗឲ្យចូលធ្វើជាយោធា។ ពេលនោះប្រជាជនជម្លៀសមកពីភ្នំពេញពុំមានផ្ទះសម្រាប់ស្នាក់នៅទេ ដូច្នេះប្រជាជនទាំងនោះត្រូវទៅស្នាក់នៅតាមផ្ទះបណ្តោះអាសន្នជាមួយអ្នកភូមិ។ ផ្ទះរបស់ខ្ញុំក៏មានអ្នកជម្លៀសមកពីភ្នំពេញស្នាក់នៅដែរ ទម្រាំអង្គការសង់ខ្ទមសម្រាប់ប្រជាជនថ្មីរស់នៅ។ ពេលហូបបា​យអ្នកជម្លៀសមកថ្មីត្រូវហូបជាមួយប្រជាជនថ្មីដូចគ្នា។ ចំណែកប្រជាជនមូលដ្ឋានហូបជាមួយអ្នកនៅក្នុងភូមិ។ ពេលជម្លៀសមកដល់ដំបូងប្រជាជនថ្មីចាញ់ទឹកដី ហើយឈឺគ្រុនចាញ់ស្លាប់អស់ជាច្រើននាក់ ព្រោះគ្មានថ្នាំសម្រាប់ព្យាបាល។ ប្រជាជនជម្លៀសមកថ្មី និងប្រជាជនមូលដ្ឋានត្រូវចេញទៅធ្វើការគ្មានពេលឈប់សម្រាកឡើយ។ ប្រជាជនថ្មីមកពីភ្នំពេញមិនសូវចេះធ្វើស្រែដូចប្រជាជនមូលដ្ឋានឡើយ យូរៗទៅទើបប្រជាជនថ្មីទាំងនោះអាចធ្វើស្រែបានដូចអ្នកភូមិ។ ប្រជាជនជម្លៀសមកពីភ្នំពេញស្លាប់ច្រើននាក់ណាស់ ដោយសារ អត់បាយ គ្រុនចាញ់ និងខ្មែរក្រហមយកទៅសម្លាប់ចោល។ អ្នកស្លាប់ទាំងនោះត្រូវបានខ្មែរក្រហមយកទៅកប់ចោលនៅខាងក្រោយវត្ត។

មួយរយៈក្រោយមក អង្គការចាប់ផ្តើមសួរនាំអ្នកជម្លៀសមកពីភ្នំពេញរកអ្នកដែលមានចំណេះដឹង មានបុណ្យស័ក្តិ និងអតីតអ្នកធ្វើការកាលពីជំនាន់មុនឲ្យទៅរៀនសូត្របន្ថែម និងចូលធ្វើការងារវិញ។ ពេលនោះ អ្នកដែលឆ្លើយថា មានស័ក្តិ ធ្វើជាទាហាន លន់ នល់ ធ្វើគ្រូបង្រៀន និងមានចំណេះដឹង ប្រមាណ៤០នាក់ ត្រូវខ្មែរក្រហមចាប់ខ្លួន និងយកទៅវាយទម្លាក់នៅក្នុងអណ្តូង គឺមានតែមនុស្សពីរនាក់ប៉ុណ្ណោះបានរត់រួចខ្លួន ហើយត្រឡប់មកនៅក្នុងភូមិវិញ។

ចំណែកខ្ញុំត្រូវបានខ្មែរក្រហមចាត់តាំងឲ្យធ្វើជាមេក្រុម ប៉ុន្តែខ្ញុំបានប្រកែកព្រោះខ្ញុំមិនចេះប្រើមនុស្ស ហើយម្យ៉ាងទៀតខ្ញុំមិនចេះអក្សរ។ ខ្មែរក្រហមមិនបានរករឿងខ្ញុំទេ ហើយជ្រើសរើសអ្នកផ្សេងទៀតឲ្យធ្វើជាប្រធានក្រុម។ ក្រោយមក ខ្មែរក្រហមបានចាត់តាំងខ្ញុំឲ្យធ្វើការនៅកងចល័ត និងលើកទំនប់នៅបឹងក្រចាប់នៅតំបន់២១ ហើយប្រសិនបើប្រជាជនណាប្រកែកមិនទៅតាមការចាត់តាំង អង្គការនឹងយកទៅសម្លាប់ចោលភ្លាម។ ពេលនោះប្រជាជនមកពីគ្រប់ស្រុកបានទៅលើកទំនប់នៅបឹងក្រចាប់។ នៅទីនោះពុំមានអាហារហូបចុកគ្រាប់គ្រាន់ទេ គឺក្នុងមួយថ្ងៃមានតែរបបអាហារពីរពេលតែប៉ុណ្ណោះ គឺពេលថ្ងៃត្រង់ និងពេលល្ងាច។ ក្នុងមួយថ្ងៃប្រជាជនត្រូវតែធ្វើឲ្យហើយរួចរាល់លើផ្ទៃដីដែលអង្គការបានកំណត់។ សម្រាប់ខ្ញុំអាចធ្វើបាន ប៉ុន្តែមានអ្នកផ្សេងនៅក្នុងក្រុមជាមួយគ្នាធ្វើមិនរួច ដូច្នេះដល់ពេលម៉ោងហូបបាយគឺអង្គការអត់ឲ្យគាត់ហូបទេ។ ខ្ញុំជីកប្រឡាយនៅបឹងក្រចាប់រយៈពេល៤ខែ។

ក្រោយមក កម្មាភិបាលនិងកងទ័ពមកពីខាងនិរតីចូលមកនិងមានការវាយប្រយុទ្ធគ្នា ធ្វើឲ្យប្រជាជនមានការច្រួលច្របល់។ ពេលនោះខ្ញុំបានរត់ត្រឡប់មកផ្ទះធ្វើស្រែជាមួយប្រជាជននៅក្នុងភូមិវិញ។ ខ្ញុំមកនៅផ្ទះបានមួយខែ កងទ័ពមជ្ឈិមចូលមកទៀត ធ្វើឲ្យប្រជាជនរស់នៅភូមិភាគបូព៌ារត់ចូលព្រៃលាក់ខ្លួន  ហើយខ្លះទៀតបានគេចខ្លួនទៅប្រទេសវៀតណាម។ ពេលនោះ ប្រជាជនទៅដេកនៅព្រំដែនមួយយប់ បន្ទាប់មកកងទ័ពវៀតណាមយកឡានមកដឹកប្រជាជនទាំងនោះទៅដាក់នៅជើងអណ្តែង។ វៀតណាមចែកអង្ករ ម្ហូប ស្រូវសាឡី ឲ្យប្រជាជនហូបចុកគ្រប់គ្រាន់។ ខ្ញុំរស់នៅប្រទេសវៀតណាមរយៈពេល៤ខែ ក្រោយមកវៀតណាមបានបញ្ជូនខ្ញុំនិងប្រជាជនភៀសខ្លួនត្រឡប់មកស្រុកំណើតវិញ ។ ពេលមកភូមិវិញ ផ្ទះសម្បែងខ្លះបានបាក់បែកស្ទើរតែទាំងអស់ ចំណែកផ្ទះខ្ញុំមិនមានខូចឡើយ។ ក្រោយមកខ្ញុំចាប់ផ្តើមកាប់ឆ្ការព្រៃដាំដំណាំ និងធ្វើស្រែ ទម្រាំមានអាហារហូបគ្រប់គ្រាន់។ នៅក្នុងរបបខ្មែរក្រហមប្អូនរបស់ខ្ញុំម្នាក់ឈ្មោះ ប្រាក់ សឿន ត្រូវបានខ្មែរក្រហមចាប់ធ្វើជាទាហាន ហើយត្រូវបានខ្មែរក្រហមសម្លាប់ចោល។

អត្ថបទ ៖ ឈុំ រ៉ា បុគ្គលិកមជ្ឈមណ្ឌលឯកសារ កោះថ្ម

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា