រស់ ទូច ៖ អតីតប្រធានក្រសួងវប្បធម៌ភូមិភាគបូព៌ាដែលបានចូលរួមប្រជុំជាមួយ សោ ភឹម

ស្ថិតនៅក្រោមផ្ទះដែលមានដំបូលប្រក់ក្បឿងតូចល្មម ក្នុងសម្លៀកបំពាក់អាវដៃខ្លីពណ៌ស និងខោសាច់ក្រណាត់ពណ៌ក្រម៉ៅ រស់ ទូច ភេទប្រុស កើតនៅឆ្នាំ១៩៤១ រស់នៅភូមិឫស្សីសាញ់ ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង បានផ្តល់បទសម្ភាសន៍មកកាន់ក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជាថា នៅឆ្នាំ១៩៧៦ មុនពេលអង្គការ (ខ្មែរក្រហម) ចាប់ផ្តើមបង្កើតសហករណ៍កម្រិតខ្ពស់ អង្គការស្នើខ្ញុំឲ្យទៅរៀនអំពីសហករណ៍កម្រិតខ្ពស់អស់រយៈពេល៣ខែ មុននឹងផែនការទាំងនោះត្រូវបានដាក់ចេញមកអនុវត្តនៅតាមភូមិស្រុក។ ក្រោយរៀនចប់ អង្គការឃើញថា ខ្ញុំគឹជាមនុស្សដែលមានចំណេះដឹង និងអាចទុកចិត្តបានក៏ចាត់តាំងឲ្យខ្ញុំធ្វើជាប្រធានក្រសួងវប្បធម៌នៅឆ្នាំ១៩៧៦។

រស់ ទូច សព្វថ្ងៃរស់នៅភូមិឫស្សីសាញ់ ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

នៅឆ្នាំ១៩៧៨ ខ្ញុំនិងកម្មាភិបាលគ្រប់ជាន់ថ្នាក់ ព្រមទាំងគណៈស្រុកជាច្រើនមកពីតំបន់និងភូមិភាគបូព៌ាទាំងមូល បានទៅចូលរួមការប្រជុំដ៏ធំមួយតាមការកោះហៅរបស់ សោ ភឹម លេខាភូមិភាគបូព៌ា ដែលមានទីតាំងស្ថិតនៅភូមិស្វាយរមាស ក្រុងព្រៃវែង ជាមួយនឹងសម្លៀកបំពាក់ថ្មី និងក្រមាបង់កថ្មី ដែលអង្គការបានចែកឲ្យខ្ញុំ និងតាគល់ ដែលជាចៅហ្វាយស្រុកមេសាង។ ខ្ញុំបានធ្វើដំណើរមកប្រជុំដោយជិះរទេះសេះ រីឯ សោភឹម បានជិះឡានអាកាត់សង់ត្រេដើម្បីមកប្រជុំ។ ឡានរបស់ សោ ភឹម បានបញ្ឆេះចោលរហូត ព្រោះគាត់ដឹងថាការមកប្រជុំនេះនឹងមានសភាពការណ៍មិនល្អឡើយ។ ប៉ុន្តែទោះយ៉ាងណា ការប្រជុំនេះគឺបានធ្វើឡើងដោយបើកចំហ ព្រមទាំងនិយាយវាយប្រហារដល់របបដឹកនាំរបស់ ប៉ុល ពត ថែមទៀត។

នៅក្នុងអង្គប្រជុំ សោ ភឹម បានលើកឡើងថា ការអនុវត្តនូវរបបសព្វថ្ងៃនេះ គឺពុំត្រឹមត្រូវនិងពុំដូចអ្វីដែលគាត់ចង់បានឡើយ។ ប្រជាជនទទួលបានរបបអាហារមិនគ្រប់គ្រាន់ ធ្វើការច្រើន ប៉ុន្តែបានហូបតិច ពេលឈឺមិនមានថ្នាំសង្កូវដើម្បីព្យាបាល រីឯសម្លៀកបំពាក់ក៏មិនមានគ្រប់គ្រាន់។ ដូច្នេះរបបនេះមិនល្អទេ ហើយមានប្រជាជនច្រើនណាស់ដែលបានស្លាប់។ យើងម្នាក់ៗ ត្រូវមានវិចារណញ្ញាណ គិតឲ្យបានវែងឆ្ងាយ។ បន្ទាប់មក សោ ភឹម ក៏បានស្រែកនូវសុភាសិតដៀមដាមទៅកាន់របបដឹកនាំរបស់ ប៉ុល ពត នូវសុភាសិតមួយឃ្លាថា «​​​ជ័យយោ មហារុងរឿង រុះផ្ទះក្បឿង ធ្វើផ្ទះស្លឹក ជ័យយោមហាសន្ធឹក រុះផ្ទះស្លឹកធ្វើទ្រុងជ្រូក ជ័យយោមហាទុក្ខសោក រុះទ្រុងជ្រូកធ្វើឈ្នាងនង្គ័ល ជ័យយោមហាដោះទាល់ យកឈ្នាងនង្គ័លទៅដុតនឹងចង្ក្រាន»។ សុភាសិត ត្រូវបានស្រែកដំណាលគ្នាពេញទាំងសាលប្រជុំ។ ការប្រជុំនេះ អាចថាជាការប្រជុំលើកចុងក្រោយរបស់ សោ ភឹម។ មុននឹងមកប្រជុំនេះ សោ ភឹម បានត្រៀមកម្លាំងទុករួចជាស្រេច ប្រសិនបើកើតសភាពការណ៍មិនស្រួល។

ពេលចប់ប្រជុំ សោ ភឹម ក៏បានចាប់ដៃចៅហ្វាយស្រុកនានា ហើយនិយាយពាក្យផ្តាំផ្ញើបន្តិចបន្តួចរួច គាត់ក៏ត្រឡប់ទៅវិញ។ ខ្ញុំគិតថាសភាពការណ៍ដូចជាមិនសូវស្រួល ចំពោះការប្រជុំដោយបើកចំហរបែបនេះ ហើយ៣ថ្ងៃក្រោយមក អង្គការបានតាមចាប់ខ្លួន សោ ភឹម ដែលធ្វើឲ្យស្ថានការណ៍កាន់តែយ៉ាប់យ៉ឺន។

អ្នកដែលមានវត្តមាននៅក្នុងកម្មវិធីប្រជុំទាំងប៉ុន្មាន ភាគច្រើនត្រូវអង្គការហៅទៅរៀនសូត្រជាបន្តបន្ទាប់ ហើយមិនដែលឃើញត្រឡប់មកវិញទេ។ អ្នកដែលខ្ញុំស្គាល់មាន តាហ៊ាន, តាម៉ន គឺជាមេឃុំ, តាជ្រង គឺជាគណៈឃុំ ត្រូវអង្គការយកទៅសម្លាប់ទាំងអស់ នៅរស់តែ សឿន ដែលកាន់ខាងក្រសួងកសិកម្ម។ បន្ទាប់ពីប្រធានតំបន់ត្រូវចាប់ខ្លួនសួរចម្លើយនិងសម្លាប់ និងការស្លាប់របស់ សោ ភឹម នៅក្នុងភូមិឃុំស្រុកខេត្តព្រៃវែងទាំងមូលត្រូវផ្លាស់មេដឹកនាំថ្មី ហើយជំនួសដោយកម្មាភិបាលនិងយោធាមកពីភូមិភាគនិរតី។ កម្មាភិបាលនិងយោធាមកពីភូមិភាគនិរតីបានគំរាមឲ្យអ្នកដែលនៅក្រោមបង្គាប់ សោ ភឹម ទាំងអស់ទម្លាក់អាវុធចុះហើយព្រមប្រគល់ខ្លួនឲ្យអង្គការ ដោយមិនមានសិទ្ធិតវ៉ាឬបញ្ចេញមតិទាំងអស់។ ចំណែកខ្ញុំ ត្រូវបានខ្មែរក្រហមចោទប្រកាន់ថា គឺជា កា.សេ.បេ ក្បត់នឹងអង្គការ។ ជាសំណាងរបស់ខ្ញុំពេលនោះ ខ្ញុំមិនត្រូវខ្មែរក្រហមយកទៅសម្លាប់ ហើយអាចរស់រានមានជីវិតរហូតមកដល់សព្វថ្ងៃ។

ខ្ញុំមិនពេញចិត្តរបប ប៉ុល ពត ដែលបានប្រព្រឹត្តមកលើប្រជាជនទេ។ របបនេះមិនឲ្យប្រជាជនហូបឆ្អែត មិនមានសម្លៀកបំពាក់ បិទសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ។ រឿងរ៉ាវទាំងអស់នេះក្មេងជំនាន់ក្រោយគួរចងចាំឲ្យច្បាស់ និងគិតពិចារណាទៅលើរបបនេះ តើសង្គមមួយណាល្អ និងសង្គមមួយណាមិនល្អ ជាពិសេសសូមកុំយកគំរូតាមរបបដឹកនាំខ្មែរក្រហម។ ខ្ញុំមិនចង់ឲ្យរបបនេះ វិលត្រឡប់មកវិញទេ។

អត្ថបទ ៖ ថុន ស្រីពេជ្រ បុគ្គលិកមជ្ឈមណ្ឌលឯកសារ ខេត្តព្រៃវែង

អត្ថបទផ្សេងទៀត៖