"សង្គមមួយមិនអាចស្គាល់ខ្លួនឯងបានទេ ប្រសិនបើសង្គមនោះពុំមានការចងចាំច្បាស់លាស់អំពីប្រវត្តិសាស្រ្តរបស់ខ្លួន"

អ៊ុក ឡាន៖ កូនខ្ញុំធ្លាក់ទឹកប្រឡាយដោយសារខ្ញុំងងឹតមាន់

ខ្ញុំឈ្មោះ អ៊ុក ឡាន អាយុ៧២ឆ្នាំ ប្រកបរបរកសិករធ្វើស្រែចម្ការ។ សព្វថ្ងៃខ្ញុំរស់នៅភូមិដើមបេង ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ ជាមួយប្អូនរបស់ខ្ញុំ។ ខ្ញុំមានកូនប្រុស២នាក់ ប៉ុន្តែបានស្លាប់ម្នាក់កាលពីឆ្នាំ១៩៧២ ពេលអាយុបាន១ឆ្នាំ។

កាលពីវ័យកុមារភាពខ្ញុំបានរៀនដល់ត្រឹមថ្នាក់ទី៩ចាស់ ប៉ុន្តែដោយសារតែគ្រួសារមានជីវភាពក្រីក្រខ្វះខាត ទើបខ្ញុំឈប់រៀនប្រហែលជាអាយុ១២ឆ្នាំ ហើយរស់នៅជាមួយឪពុកម្តាយវិញ។ គ្រួសារខ្ញុំបានទៅចាប់ដីថ្មីនៅស្រុកកំពង់សាលា ហើយបានប្រកបរបរធ្វើស្រែចម្ការនៅទីនោះ។

អ៊ុក ឡាន អាយុ៧២ឆ្នាំ សព្វថ្ងៃរស់នៅភូមិដើមបេង ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ ជាមួយប្អូន។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

បន្ទាប់មកនៅឆ្នាំ១៩៧០ ខ្ញុំបានរៀបការនៅអាយុប្រហែលជា២០ឆ្នាំជាមួយប្ដីរបស់ខ្ញុំដែលគាត់ធ្វើទាហាន លន់ នល់ នៅកំពង់សាលា។ រយៈពេលប្រហែលជា១ឆ្នាំក្រោយមកក៏មានការវាយប្រយុទ្ធគ្នានៅបន្ទាយទាហាន ហើយខ្មែរក្រហមបានឡោមព័ទ្ធជុំវិញបន្ទាយនោះរយៈពេលកន្លះឆ្នាំ ធ្វើឲ្យការហូបចុកមានការលំបាកខ្លាំង ប៉ុន្ដែក្រោយមកក៏មានយន្ដហោះជំនួយមកទម្លាក់ស្បៀងឲ្យ។

នៅដើមឆ្នាំ១៩៧៥ អង្គភាពទ័ពបានបញ្ជូនប្ដីរបស់ខ្ញុំឲ្យមកវាយតទល់ជាមួយខ្មែរក្រហមនៅកប់ស្រូវ ចំណែកខ្ញុំបានផ្លាស់មកនៅកំពង់សោម។ ខ្ញុំរស់នៅកំពង់សោមបានរយៈពេល២១ថ្ងៃ យោធាខ្មែរក្រហមក៏វាយបែកក្រុងកំពង់សោម។  នៅពេលនោះ ខ្ញុំក៏ចាកចេញពីកំពង់សោម ហើយបានជួបប្ដីនៅស្ពានត្រពាំងរពៅ។ បន្ទាប់មក យើងក៏នាំគ្នាត្រឡប់មកស្រុកកំណើតវិញ ប៉ុន្តែត្រូវបានយោធាខ្មែរក្រហមឃាត់ទុកនៅភូមិត្រយឹង ឃុំរាមអណ្ដើក ស្រុកគិរីវង់ ខេត្តតាកែវ។ ដោយសារខ្ញុំគឺជាប្រជាជន ១៧ មេសា ខ្មែរក្រហមចាត់តាំងប្តីខ្ញុំឲ្យភ្ជួរស្រែ ចំណែកខ្ញុំដកស្ទូង ដោយទុកកូនៗឲ្យយាយៗមើលថែនៅពេលថ្ងៃ ហើយពេលយប់ទើបខ្ញុំមកយកកូនទៅវិញ ចំណែកប្អូនៗរបស់ខ្ញុំនៅកងកុមារ។ ការហូបចុកមានការលំបាក ហើយមិនដែលបានហូបបាយទេ គឺហូបតែបបរប៉ុណ្ណោះ។ ពេលខែប្រាំង ប្រធានកងប្រើខ្ញុំឲ្យជីកប្រឡាយ និងរែកដីដំបូក។

អ៊ុក ឡាន អាយុ៧២ឆ្នាំ ផ្តល់បទសម្ភាសន៍អំពីរឿងរ៉ាវនៅក្នុងរបបខ្មែរក្រហមដល់ក្រុមអ្នកស្ម័គ្រចិត្តមជ្ឈមណ្ឌលឯកសារ ខេត្តតាកែវ។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

នៅខែកក្កដា ឆ្នាំ១៩៧៧ ឈ្លបខ្មែរក្រហមបានយកប្តីខ្ញុំទៅវាយចោល ដោយស៊ើបដឹងថាប្ដីរបស់ខ្ញុំធ្លាប់បានធ្វើទាហាន លន់ នល់។ កាលនោះប្រធានកងបញ្ជូនគាត់មកធ្វើស្រែនៅវត្តអង្គ ហើយគាត់ឈឺហើមដៃជើង។ បន្ទាប់មកប្រធានកងបញ្ជូនគាត់មកដេកពេទ្យ ហើយខ្មែរក្រហមក៏យកគាត់ទៅសម្លាប់ចោលនៅពេលនោះទៅ។ ចំណែកខ្ញុំមានការលំបាកយ៉ាងខ្លាំង ព្រោះកូនខ្ញុំឈឺ និងនៅរស់តែពីរនាក់កូននៅផ្ទះ។ ខ្ញុំមិនហ៊ាននិយាយអ្វីឡើយព្រោះខ្លាចឈ្លបខ្មែរក្រហមឮ ហើយយកទៅសម្លាប់ចោល។

អ៊ុក ឡាន ទទួលប្រអប់អនុស្សាវរីយ៍ពីក្រុមអ្នកស្ម័គ្រចិត្តមជ្ឈមណ្ឌលឯកសារ ខេត្តតាកែវ។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

នៅចុងឆ្នាំ១៩៧៧ ប្រធានកងបានបញ្ជូនខ្ញុំទៅភូមិទួលត្បែង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ដោយប្រើខ្ញុំឲ្យជីកប្រឡាយ រែកដំបូក ដូចកាលពីខ្ញុំធ្វើការនៅឃុំរាមអណ្ដើកដែរ។ ថ្ងៃមួយពេលដែលខ្ញុំជីកប្រឡាយកន្លែងនោះរួចហើយ ប្រធានបានរើកងរបស់ខ្ញុំទៅកន្លែងផ្សេងទាំងយប់ ដែលធ្វើឲ្យខ្ញុំមានការលំបាកយ៉ាងខ្លាំងដោយសារខ្ញុំមានជំងឺខ្វាក់​មាន់មើលអ្វីមិនឃើញឡើយ។ ខ្ញុំបានដើរតាមស្នូរជើងរបស់សមាជិកកងផ្សេងទៀត ដោយរែកកូនផងនិងអីវ៉ាន់ផង ប៉ុន្តែទៅដល់កន្លែងមួយក៏ដាច់ខ្សែអំរែកធ្លាក់កូនចូលទៅក្នុងប្រឡាយទម្រាំខ្ញុំតែរាវរកកូនឃើញ។ នៅពេលនោះ មិនដែលបានហូបឆ្អែតទេ ទោះបីខ្ញុំខិតធ្វើការធ្ងន់យ៉ាងណាក៏ដោយ។ នៅដើមឆ្នាំ១៩៧៩ ពេលកងទ័ពវៀតណាមវាយចូលមក ប្រធានកងមកបបួលខ្ញុំរត់ឡើងទៅភ្នំវល្លិ និងភ្នំស្រួច ប៉ុន្តែខ្ញុំឈឺជើងមិនបានទៅជាមួយប្រធានកងនោះបានឡើយ ក៏ខ្ញុំត្រឡប់មកក្រោយវិញ។ នៅតាមផ្លូវខ្ញុំឃើញសាកសពជាច្រើន បន្ទាប់មកក៏មកដល់ស្រុកកំណើតនិងជួបជុំបងប្អូនវិញ។

អត្ថបទ ៖ រឹម ស្រីស្រស់ អ្នកស្ម័គ្រចិត្តមជ្ឈមណ្ឌលឯកសារ ខេត្តតាកែវ