ជាចាស់ទុំនៅក្នុងភូមិដែលមានសុខភាពល្អ មានមាឌមាំ រួមជាមួយការចងចាំ គង់ ស៊ង បានរំឭកអំពីប្រវត្តិផ្ទាល់ខ្លួន បទពិសោធន៍ជីវិតឆ្លងកាត់សង្គ្រាមនៅក្នុងទឹកដីប្រទេសវៀតណាម និងកម្ពុជាកាលពីអំឡុងទសវត្សរ៍ឆ្នាំ១៩៧០ ថា នៅឆ្នាំ២០២២នេះ ខ្ញុំមានអាយុ៧៨ឆ្នាំហើយ ហើយបច្ចុប្បន្ន ខ្ញុំរស់នៅភូមិព្រៃតាម៉ៅ ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ។
ខ្ញុំមានស្រុកកំណើតនៅឃុំយិនទង ស្រុកយ៉ាន់យ៉ាវ ខេត្តមាត់ជ្រូក កម្ពុជាក្រោម (បច្ចុប្បន្នប្រទេសវៀតណាម)។ ខ្ញុំនិងប្រពន្ធកូន ព្រមទាំងឪពុកម្តាយ បានមករស់នៅក្នុងប្រទេសកម្ពុជានៅឆ្នាំ១៩៧៨ បន្ទាប់ពីកងកម្លាំងខ្មែរក្រហមបានវាយលុកលុយចូលដល់ទឹកដីដែលជាស្រុកកំណើតរបស់ខ្ញុំ និងបានកៀរប្រជាជនកម្ពុជាក្រោមស្ទើរតែទាំងអស់ឲ្យមកកាន់ប្រទេសកម្ពុជាដើម្បីចូលរួមធ្វើស្រែចម្ការ និងកសាងបដិវត្តន៍ជាមួយខ្មែរក្រហម។ ដោយសារខ្ញុំធ្លាប់មានបទពិសោធន៍បម្រើជាទាហានរបស់ធីវគីនៅវៀតណាម ខ្ញុំបានស្ម័គ្រចិត្តចូលធ្វើកងទ័ពខ្មែរក្រហមប្រឆាំងនឹងវៀតណាម បន្ទាប់ពីបានមកស្នាក់នៅក្នុងប្រទេសកម្ពុជាត្រឹមតែរយៈពេលជាងពីរខែប៉ុណ្ណោះ។
ខ្ញុំបានវិលត្រឡប់ទៅកាន់ទឹកដីកម្ពុជាក្រោមវិញ ដើម្បីប្រយុទ្ធជាមួយកងកម្លាំងវៀតណាម តាមទិសដៅកំណត់របស់កងទ័ពខ្មែរក្រហមនៅលើភ្នំមួយចំនួនដែលស្ថិតនៅក្នុងប្រទេសវៀតណាម។ ក្រោយពីវិលត្រឡប់ពីសមរភូមិវិញ កងទ័ពវៀតណាមបានវាយចូលមកប្រទេសកម្ពុជាដើម្បីផ្តួលរំលំរបបខ្មែរក្រហម។ ខ្ញុំបានដោះសម្លៀកបំពាក់យោធាខ្មែរក្រហមចោល និងបាននាំប្រពន្ធកូនមកកាន់ស្រុកគិរីវង់ ខេត្តតាកែវ ដែលខ្ញុំកំពុងរស់នៅនាពេលបច្ចុបន្ននេះ។ ដំបូង ខ្ញុំគិតថា ខ្ញុំស្នាក់នៅទីនេះតែត្រឹមរយៈពេលខ្លីប៉ុណ្ណោះ ព្រោះខ្ញុំនិងក្រុមគ្រួសារចង់វិលត្រឡប់ទៅកាន់ស្រុកកំណើតវិញ។ ប៉ុន្តែបន្ទាប់ពីរស់នៅអស់រយៈពេលប៉ុន្មានឆ្នាំក្រោយមក ខ្ញុំក៏សម្រេចចិត្តឈប់វិលត្រឡប់ទៅរស់នៅឯស្រុកកំណើតវិញ ហើយបន្តរស់នៅក្នុងភូមិព្រៃតាម៉ៅរហូតមកដល់បច្ចុប្បន្ន។ សព្វថ្ងៃ ខ្ញុំមិនប្រកបរបរអ្វីឡើយ ក្រៅពីដាក់ចិត្តដាក់កាយធ្វើបុណ្យ ថែរក្សាវត្តអារាម និងសុំសីសទាន។
ទាក់ទងនឹងប្រវត្តិចូលរួមធ្វើសង្គ្រាមរបស់ខ្ញុំគឺ ខ្ញុំធំដឹងក្តីឡើងនៅក្នុងទឹកដីវៀតណាម (កម្ពុជាក្រោម)។ ខ្ញុំចេះនិយាយភាសាវៀតណាម និងភាសាខ្មែរច្បាស់លាស់។ ខ្ញុំចេះអាននិងសរសេរអក្សរខ្មែរ ដោយសារខ្ញុំបានចូលរៀនជាមួយព្រះសង្ឃនៅវត្តខ្មែរមួយក្នុងទឹកដីវៀតណាម។ ដោយសារកើតមានសង្គ្រាមជាហូរហែរនៅក្នុងប្រទេសវៀតណាមរវាងវៀតណាមខាងជើង និងវៀតណាមខាងត្បូង ធ្វើឲ្យការរស់នៅរបស់ខ្ញុំពិបាកខ្លាំងណាស់។ ក្មេងជំទង់ៗដូចខ្ញុំ ត្រូវកំណែនឲ្យធ្វើទាហានវៀតណាម ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជាមួយកងទ័ពវៀតណាមខាងជើង (ហាណូយ)។ ខ្ញុំខ្លាចកំណែនទាហាននេះណាស់។ ខ្ញុំបានឈប់រៀន និងបានរត់មកកាន់ប្រទេសកម្ពុជា។
នៅកម្ពុជា ខ្ញុំបានមកស្នាក់នៅផ្ទះពូរបស់ខ្ញុំស្ថិតនៅក្នុងឃុំភ្នំដិនមួយរយៈពេលខ្លីប៉ុណ្ណោះ មុននឹងខ្ញុំត្រូវបានបញ្ចុះបញ្ចូលឲ្យចូលធ្វើជាទាហាន លន់ នល់។ ខ្ញុំមិនចាំឆ្នាំដែលខ្ញុំចូលទេ ប៉ុន្តែខ្ញុំគ្រាន់តែដឹងថារបប លន់ នល់ បានកាន់កាប់ប្រទេសហើយ។ ខ្ញុំធ្វើទាហាន លន់ នល់ បានប្រហែលមួយឆ្នាំ ក៏សម្រេចចិត្តវិលត្រឡប់ទៅកាន់ស្រុកកំណើតនៅកម្ពុជាក្រោមវិញ ព្រោះខ្ញុំឮដំណឹងថា ស្ថានភាពនៅទីនោះប្រក្រតីឡើងវិញហើយ។
ទៅដល់ស្រុកកំណើតនៅកម្ពុជាក្រោម ខ្ញុំបានរៀបការប្រពន្ធ។ នៅពេលដែលខ្ញុំមានកូនពីរនាក់ទៅហើយ ស្ថានភាពស្រុកទេសហាក់ដូចជាវិលត្រឡប់ទៅរកស្ថានការណ៍ចលាចលដូចកាលពីប៉ុន្មានឆ្នាំមុនវិញ។ លើកនេះ ខ្ញុំមិនសម្រេចចិត្តរត់មកប្រទេសកម្ពុជាជាលើកទីពីរទេ ព្រោះខ្ញុំមានប្រពន្ធនឹងកូនហើយ។ ខ្ញុំទ្រាំរស់នៅទាំងភិតភ័យនៅស្រុកកំណើតឯកម្ពុជាក្រោម។ ដោយមិនអាចគេចផុតពីកំណែនទាហានបាន ខ្ញុំបានសម្រេចចិត្តចូលបម្រើជាកងទ័ពរបស់វៀតណាម។ ខ្ញុំត្រូវបានទាហានវៀតណាមឲ្យជ្រើសរើសកងពលដែលខ្ញុំពេញចិត្ត។ ខ្ញុំបានជ្រើសរើសកងពល «ស៊ីដង់បៃ» មានកាតព្វកិច្ចវាយប្រយុទ្ធតទល់ជាមួយកងទ័ពវៀតណាមខាងជើង (ហាណូយ) នៅចម្ងាយប្រហែល៣០គីឡូម៉ែត្រពីស្រុកកំណើតខ្ញុំ។ ខ្ញុំស្ថិតនៅក្នុងកងកំាភ្លើងធំ និងនៅជានីរសារផ្ទាល់ជាមួយប្រធានកងពល។ ខ្ញុំស្លៀកសម្លៀកបំពាក់ត្រេអ៊ី មានស្លាកសញ្ញារូបឥន្ទ្រីយ៍ និងលេខ៧។ ខ្ញុំបានចូលប្រយុទ្ធច្រើនសមរភូមិណាស់ មុននឹងខ្ញុំលួចរត់ត្រឡប់មកកាន់ស្រុកកំណើតជួបប្រពន្ធ និងកូនវិញ។ ខ្ញុំនៅបម្រើការនៅក្នុងកងពល ស៊ីដង់បៃ អស់រយៈពេលជាងមួយឆ្នាំ។
នៅឆ្នាំ១៩៧៨ ខ្ញុំត្រូវបានខ្មែរក្រហមកៀរឲ្យមកកាន់ប្រទេសកម្ពុជា ដើម្បីចូលរួមកសាងប្រទេស។ មុនដំបូង ខ្ញុំបានដឹងថាកងទ័ពវៀតណាមនៅតាមព្រំដែនដកថយចូលទៅក្នុងប្រទេសរបស់ខ្លួនវិញហើយ។ បន្ទាប់មក ខ្ញុំឃើញមានវត្តមានកងទ័ពខ្មែរក្រហមចូលលុកលុយពេញស្រុកកំណើតរបស់ខ្ញុំ ហើយប្រាប់ឲ្យប្រជាជនទាំងអស់ធ្វើដំណើរទៅកាន់ប្រទេសកម្ពុជាវិញ។ ខ្ញុំបានធ្វើដំណើរដោយថ្មើរជើងពីស្រុកកំណើតនៅកម្ពុជាក្រោម រហូតដល់ស្រុកគិរីវង់ ខេត្តតាកែវ។ ខ្ញុំបានស្នាក់នៅវត្តប្រើសអស់រយៈពេលជាងពីរខែ។
ក្រោយមក ដោយសារ ខ្ញុំនិងប្រពន្ធកូនមិនមានអ្វីហូបគ្រប់គ្រាន់ ទើបខ្ញុំសម្រេចចិត្តស្នើសុំចូលបម្រើជាកងទ័ពខ្មែរក្រហម។ បន្ទាប់ពីចូលកងទ័ពភ្លាម ខ្ញុំត្រូវចាត់តាំងឲ្យចេញទៅប្រយុទ្ធជាមួយកងទ័ពវៀតណាមនៅក្នុងទឹកដីវៀតណាម។ ក្រុមខ្ញុំមានគ្នា៦៩នាក់។ យើងបានទៅដល់គោលដៅដំបូងនៅលើភ្នំពពាយ រួចបន្តទៅកាន់ទីតាំងបន្ទាប់គឺស្ថិតនៅខាងលិចបាជុក និងភ្នំអកយំ ក្នុងស្រុកស្វាយទង ខេត្តមាត់ជ្រូក។ នៅទីនោះ ក្រុមខ្ញុំចំនួន៦០នាក់បានដាក់ពង្រាយគ្នានៅលើភ្នំនោះនិងនៅតាមចង្កេះភ្នំ ដើម្បីការពារទឹកដីដែលយើងយកបាន។ ខ្ញុំ និងទាហានសេសសល់៨នាក់ទៀត បានចុះពីលើភ្នំអកយំ ធ្វើដំណើរឆ្ពោះមកកាន់មូលដ្ឋានទ័ពនៅក្នុងវត្តប្រើសវិញ ដើម្បីរាយការណ៍ពីលទ្ធផល និងស្នើសុំផែនការបន្ទាប់។ នៅពេលដែលពួកខ្ញុំមកដល់វត្តប្រើស ទើបដឹងថា កងកម្លាំងវៀតណាមបានវាយចូលមកដល់ទឹកដីខ្មែរ និងវាយបណ្តេញកងកម្លាំងខ្មែរក្រហមចេញអស់ហើយ។ ខ្ញុំបានដោះសម្លៀកបំពាក់កងទ័ពខ្មែរក្រហមចេញ រួចមកនាំប្រពន្ធកូនត្រឡប់មករស់នៅក្នុងភូមិព្រៃតាម៉ៅ ឃុំគិរីចុងកោះ ជាទីកន្លែងដែលខ្ញុំកំពុងរស់នៅសព្វថ្ងៃនេះ។
អត្ថបទ ៖ ផេង ពង្សរ៉ាស៊ី នាយកកម្មវិធីអប់រំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា