ស៊ុន ហឿង ៖ អតីតកងចល័តនៅស្រុកវ៉ារិន

ខ្ញុំឈ្មោះ ស៊ុន ហឿង អាយុ ៦០ឆ្នាំ គឺជាកសិករ សព្វថ្ងៃរស់នៅភូមិពងទឹក ឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប។ ខ្ញុំមានបងប្អូនបង្កើតចំនួន៤នាក់ ហើយខ្ញុំគឺជាកូនទីមួយក្នុងចំណោមបងប្អូនប្រុសស្រី។ កាលពីដើម ឪពុកម្តាយរបស់ខ្ញុំគឺជាកសិករ រស់នៅភូមិពងទឹកចាស់ ឃុំពាក់ស្នែង ស្រុកវ៉ារិន ព្រោះកាលនោះមិនទាន់មានស្រុកអង្គរធំដូចសព្វថ្ងៃទេ។ ឪពុកម្តាយរបស់ខ្ញុំធ្វើស្រែចម្ការសម្រាប់ទុកហូបប្រចាំថ្ងៃ។

ស៊ុន ហឿង និងចៅ សព្វថ្ងៃរស់នៅភូមិពងទឹក ឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប។ (ឃន់ ឃីម/មជ្ឈមណ្ឌលឯកសារកម្ពុជា)  

នៅអំឡុងឆ្នាំ១៩៧០ គ្រួសាររបស់ខ្ញុំនៅតែធ្វើស្រែចម្ការដដែល ទោះបីមានការទម្លាក់គ្រាប់បែកពីសំណាក់កងទ័ពអាមេរិក និងទាហាន លន់ នល់ ទៅលើខ្មែរក្រហម និងកងទ័ពវៀតណាមខាងជើងដែលបានលាក់ខ្លួនក្នុងព្រៃក៏ដោយ។ នៅពេលកំពុងធ្វើស្រែចម្ការហើយឮសំឡេងយន្តហោះនៅក្បែរភូមិ អ្នកភូមិចាប់ផ្តើមរត់បែកគ្នាទៅរកកន្លែងដែលមានសុវត្ថិភាពរៀងៗខ្លួន អ្នកភូមិខ្លះរត់ចូលគុម្ពព្រៃ ខ្លះរត់ចូលត្រង់សេ (លេណដ្ឋាន) ខ្លះក្រាបផ្ទាល់នឹងដីកុំឲ្យអំបែងគ្រាប់ខ្ទាតត្រូវ។ នៅពេលយន្តហោះមកទម្លាក់គ្រាប់បែកម្តងៗ ទាល់តែស៊ើបដំណឹងច្បាស់ថា វៀតណាមខាងជើង និងខ្មែរក្រហមស្នាក់នៅទីណាទើបយន្តហោះទៅទម្លាក់គ្រាប់បែកនៅតំបន់នោះ។ ពេលខ្លះអ្នកស៊ើបការណ៍ផ្តល់ដំណឹងទៅអ្នកបើកយន្តហោះខុស ព្រោះពេលអ្នកភូមិធ្វើដំណើរពីភូមិមួយទៅភូមិមួយទៀត ក៏អ្នកស៊ើបការណ៍បានរាយការណ៍ថា ជាវៀតណាមដែរ។ ដូច្នេះយន្តហោះខាង លន់ នល់ ក៏មកទម្លាក់គ្រាប់បែក។ ពេលខ្លះការទម្លាក់គ្រាប់នេះក៏បណ្តាលឲ្យកងទ័ពវៀតណាមខាងជើងស្លាប់ ចំណែកប្រជាជនស្លូតត្រង់ និងកងទ័ពខ្មែរក្រហមស្លាប់ច្រើនជាងគេ ទន្ទឹមនឹងនោះ គោ-ក្របី ជាច្រើនរបស់ប្រជាជនក៏ងាប់ដែរ។ ការទម្លាក់គ្រាប់បែកនេះបណ្តាលឲ្យប្រជាជនក្នុងភូមិមានការភ័យខ្លាច និងភៀសខ្លួនទៅរស់នៅភូមិឃុំផ្សេងៗ។

ផ្ទះរបស់ ស៊ុន ហឿង ស្ថិតនៅក្នុងភូមិពងទឹក ឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប។ (ឃន់ ឃីម/មជ្ឈមណ្ឌលឯកសារកម្ពុជា)

មកដល់ឆ្នាំ១៩៧៥ ខ្មែរក្រហមចល័តខ្ញុំទៅវ៉ារិន ដើម្បីធ្វើផ្លូវ រែកដី និងជីកប្រឡាយ ដើម្បីនាំទឹកទៅកាន់តំបន់នានាឲ្យមានទឹកប្រើប្រាស់គ្រប់គ្រាន់ និងអាចដំណាំបានល្អ។ ខ្ញុំជីកប្រឡាយនៅវ៉ារិនរយៈពេល៤ខែ ខ្មែរក្រហមក៏បញ្ជូនខ្ញុំទៅកាន់ភូមិគោកស្រុក ដើម្បីលើកអាងស្តុកទឹកសម្រាប់ប្រើប្រាស់នៅរដូវប្រាំង។ ​ក្រៅពីលើកទំនប់ ខ្មែរក្រហមប្រើខ្ញុំឲ្យទៅធ្វើស្រែ ស្ទូងស្រូវ ច្រូតស្រូវ និងបោកស្រូវ។ នៅធ្វើស្រែអស់រយៈពេល២ឆ្នាំ រងការលំបាកជាច្រើន ព្រោះពេលខ្លះខ្ញុំស្ទូងយឺត និងមិនត្រង់ជួរ ត្រូវបានប្រធានកងវាយបង្ខំខ្ញុំឲ្យស្ទូងឲ្យបានលឿន និងត្រង់ជួរ។ ថ្ងៃខ្លះខ្ញុំមិនទទួលបានអាហារហូបទេ ដោយសារខ្ញុំធ្វើខុស និងធ្វើមិនបានតាមតម្រូវការរបស់ខ្មែរក្រហម។

ផ្ទះរបស់ ស៊ុន ហឿង ស្ថិតនៅក្នុងភូមិពងទឹក ឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប។ (ឃន់ ឃីម/មជ្ឈមណ្ឌលឯកសារកម្ពុជា)

ក្រោយពីធ្វើការងារនៅស្រុកវ៉ារិនចប់ នៅដើមឆ្នាំ១៩៧៩ ខ្មែរក្រហមបានបញ្ជូនខ្ញុំមកធ្វើការនៅភ្នំបាយដុះវិញ។ ស្រាប់តែពេលនោះ កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងកងទ័ពស្ម័គ្រចិត្តវៀតណាមវាយចូលមក ដូច្នេះខ្មែរក្រហមប្រាប់ខ្ញុំឲ្យរត់ទៅព្រំដែនខ្មែរ-ថៃ។ នៅពេលរបបខ្មែរក្រហមដួលរលំ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ខ្ញុំបានត្រឡប់មករស់នៅក្នុងភូមិរបស់ខ្ញុំវិញ។ មួយរយៈក្រោយមក ខ្ញុំបានរៀបការ ហើយរស់នៅជុំជាមួយឪពុកម្តាយ។ ចំណែកបងប្អូនរបស់ខ្ញុំ បានទៅរស់នៅជាមួយអ៊ំរបស់ខ្ញុំ។

ផ្ទះរបស់ ស៊ុន ហឿង ស្ថិតនៅក្នុងភូមិពងទឹក ឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប។ (ឃន់ ឃីម/មជ្ឈមណ្ឌលឯកសារកម្ពុជា)

ថ្វីត្បិតខ្មែរក្រហមដួលរលំក៏ពិតមែន ប៉ុន្តែនៅក្នុងតំបន់របស់ខ្ញុំមិនទាន់បានសុខទេ ព្រោះពេលខ្លះកងទ័ពខ្មែរក្រហមលបចូលក្នុងភូមិដើម្បីចាប់គោ-ក្របីរបស់ប្រជាជនយកទៅអស់។ ពេលខ្លះកងទ័ពខ្មែរក្រហមជួបកងទ័ពរដ្ឋកម្ពុជា ក៏វាយប្រយុទ្ធគ្នាបណ្តាលឲ្យស្លាប់ និងរបួសកងទ័ពជាច្រើន។ ជារឿយៗកងទ័ពខ្មែរក្រហមបានផ្លោងគ្រាប់ចូលក្នុងភូមិស្រុក ដូច្នេះកងទ័ពរដ្ឋកម្ពុជាក៏បានជម្លៀសអ្នកភូមិរបស់ខ្ញុំមករស់នៅភូមិពងទឹកនេះរហូតមកដល់សព្វថ្ងៃ ដោយពេលនោះកងទ័ពរដ្ឋកម្ពុជាបានចែដីឲ្យអ្នកភូមិគ្រប់គ្នាដើម្បីធ្វើស្រែចម្ការ។ ខ្ញុំ និងប្តីបានធ្វើស្រែចម្ការដែលរបបរដ្ឋកម្ពុជាចែកឲ្យរហូតដល់ប្តីរបស់ខ្ញុំស្លាប់ ហើយខ្ញុំនៅតែបន្តធ្វើស្រែដល់ពេលបច្ចុប្បន្ន។

អត្ថបទ ៖ ឃន់ ឃីម អ្នកស្ម័គ្រចិត្តមជ្ឈមណ្ឌលឯកសារកម្ពុជា ខេត្តសៀមរាប

អត្ថបទផ្សេងទៀត៖