វង វិន ៖ ខ្មែរក្រហមឃោសនាថា «ខ្មែរជួយខ្មែរ»

 

ខ្ញុំឈ្មោះ វង វិន អាយុ៦៥ឆ្នាំ សព្វថ្ងៃរស់នៅភូមិព្រៃតាម៉ៅ ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ។ ខ្ញុំមានស្រុកកំណើតនៅយ៉ាងយ៉ាវ ខេត្តមាត់ជ្រូក កម្ពុជាក្រោម (បច្ចុប្បន្នប្រទេសវៀតណាម)។ ខ្ញុំមានបងប្អូនប្រាំមួយនាក់ប៉ុន្ដែបានស្លាប់កាលពីជំនាន់ធីវគីម្នាក់ និងស្លាប់នៅពេលបច្ចុប្បន្នពីរនាក់។ ប្រពន្ធរបស់ខ្ញុំឈ្មោះ ម៉ៅ សន (ស្លាប់) និងមានកូនប្រាំមួយនាក់ ស្រីបួននាក់ ប្រុសពីរនាក់។ កាលពីក្មេង ខ្ញុំបានចូលរៀននៅសាលាវត្ត ចំណែកសាលាបាព្រាបគឺជាទីកន្លែងដែលខ្ញុំបានរៀនអក្សរវៀតណាម។

វង វិន អាយុ៦៥ឆ្នាំ សព្វថ្ងៃរស់នៅភូមិព្រៃតាម៉ៅ ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

បន្ទាប់មក ខ្ញុំបានបួសចំនួនបួនវស្សានៅក្នុងវត្តទឹកល្អក់ចាប់ពីអាយុ១៦ឆ្នាំរហូតដល់អាយុ២០ឆ្នាំ។ ខ្ញុំចេះភាសាខ្មែរដោយសារតែការបួសរៀននេះ។ បន្ទាប់ពីសឹក ខ្ញុំបានរៀបការនៅយ៉ាងយ៉ាវ (កម្ពុជាក្រោម)។ នៅខែមេសា ឆ្នាំ១៩៧៨ ខ្មែរក្រហមបានចូលទៅកៀរខ្ញុំមកកម្ពុជាវិញដោយបានឃោស​នាថា ឡើងមកកម្ពុជាមកព្រោះ «ខ្មែរជួយខ្មែរ»។ ពេលមកដល់កម្ពុជាដំបូង ខ្ញុំបានឃើញសុទ្ធតែខ្មែរក្រហម។ ចម្ងាយពីព្រំដែនកម្ពុជាទៅដល់ភូមិខ្ញុំរស់នៅប្រហែល៣០គីឡូម៉ែត្រ។ ខ្ញុំបានធ្វើដំណើរដោយថ្មើរជើងរយៈពេលមួយថ្ងៃមួយយប់ទើបមកដល់ច្រកសាក្រំ ស្រុកគិរីវង់ ខេត្តតាកែវ និងបានរស់នៅទីនោះរយៈពេលបីខែ។ ខ្មែរក្រហមបានចែកអង្ករឲ្យខ្ញុំនិងសមាជិកគ្រួសារក្នុងម្នាក់មួយកំប៉ុង។ មួយរយៈក្រោយមក ខ្មែរក្រហមបានឲ្យខ្ញុំ និងប្រជាជនឯទៀតដកស្ទូង និងធ្វើស្រែ។ ខ្ញុំនិងគ្រួសារត្រូវបានកម្មាភិបាលខ្មែរក្រហមផ្លាស់ ពីភូមិមួយទៅភូមិមួយ ដោយខ្ញុំសង្កេតឃើញភូមិទាំងនោះគ្មានមនុស្សរស់នៅឡើយ។

អ្នកស្ម័គ្រចិត្តមជ្ឈមណ្ឌលឯកសារ ខេត្តតាកែវ ជូនប្រអប់អនុស្សាវរីយ៍ដល់ វង វិន។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

ក្រោយមក ខ្មែរក្រហមបានផ្លាស់ខ្ញុំឲ្យមករស់នៅភូមិអូរកាសារយៈពេលបីខែ។ នៅក​ន្លែងនោះ ខ្មែរក្រហមប្រើខ្ញុំឲ្យស្ទូងក្នុងដីមួយហិកតាប្រើមនុស្សតែ៧នាក់ប៉ុណ្ណោះឲ្យហើយរួចរាល់ក្នុងមួយថ្ងៃ។ តាហ៊ិន គឺជាប្រធានភូមិដែលខ្ញុំរស់នៅ។ កម្មាភិបាលខ្មែរក្រហមបានយកឈ្មោះ យ៉ាង, ឈ្មោះ លេន, ឈ្មោះ នាក់ និងប្រជាជនផ្សេងទៀតទៅវាយចោលដោយប្រាប់ថា «យកទៅរៀនសូត្រ»។ ខ្មែរក្រហមបានយកប្រជាជនទៅវាយចោលដោយសារធ្វើការមិនហើយតាមផែនការ, លួច, ខុសសីលធម៌ និងអ្នកដែលសម្បុរសៗ ដែលខ្មែរក្រហមចោទថាជាជនជាតិវៀតណាម។ ចំណែកកូនរបស់ខ្ញុំត្រូវបានយាយៗមើលថែទាំ។ កងឈ្លបខ្មែរក្រហមពីរបីនាក់បានមកលបស្ដាប់ពេលខ្ញុំ និងគ្រួសាររៀបចំចូលដេក ដូច្នេះខ្ញុំមិនហ៊ាននិយាយគ្នាឡើយ។ ក្រោយមក កងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា និងកងទ័ពវៀតណាមវាយចូលមក ដូច្នេះខ្មែរក្រហមបានកៀរខ្ញុំ និងគ្រួសារទៅតានី, ត្រាំតាសរ, វត្តត្រពាំងត្រគៀត និងភ្នំដំរីរមៀល។ បន្ទាប់មក ខ្ញុំនិងគ្រួសារបានរត់ភៀសខ្លួនរហូតទៅដល់ភ្នំស្រមោចព្រោះខ្មែរក្រហមប្រាប់ថា «ភៀសខ្លួនចេញមួយរយៈសិន» ដោយមានកងឈ្លបខ្មែរក្រហមនាំផ្លូវទៅគ្រប់ទីកន្លែង។ បន្ទាប់មក ខ្ញុំធ្វើដំណើរពីភ្នំស្រមោចត្រឡប់មកតានី ដោយដើរកាត់តាមវត្តអង្គកែវ វាលទទោក ជាកន្លែងដែលទ័ពវៀតណាមចាំឆែកប្រជាជនដែលពាក់ស្បែកជើងកង់ឡាន ពាក់នាឡិកា និងរបស់របរផ្សេងៗ។ ប្រជាជនទាំងនោះត្រូវបានឃាត់ និងបញ្ជូនទៅដាក់នៅមាត់ជ្រូក។ បងរបស់ខ្ញុំម្នាក់ត្រូវបានឃាត់ខ្លួនដោយសារគាត់មានកញ្ចក់មូលតូចមួយ ហើយក៏ស្លាប់នៅមាត់ជ្រូក។ ចំណែកខ្ញុំត្រឡប់មករស់នៅភូមិព្រៃតាម៉ៅដោយប្រកបរបរដុតធ្យូងលក់។

ដោយ ៖ រឹម ស្រីស្រស់ អ្នកស្ម័គ្រចិត្តមជ្ឈមណ្ឌលឯកសារ ខេត្តតាកែវ

អត្ថបទផ្សេងទៀត៖