"សង្គមមួយមិនអាចស្គាល់ខ្លួនឯងបានទេ ប្រសិនបើសង្គមនោះពុំមានការចងចាំច្បាស់លាស់អំពីប្រវត្តិសាស្រ្តរបស់ខ្លួន"

ជាសះស្បើយពីជំងឺដោយសារលេបថ្នាំអាចម៍ទន្សាយនិងផឹកទឹកត្នោតជូរ

ខ្ញុំឈ្មោះ ប៉ែន ស៊ុន អាយុ៧៨ឆ្នាំ មានស្រុកកំណើតនៅភូមិស្លា ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។ បច្ចុប្បន្នខ្ញុំរស់នៅភូមិបឹង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។ ខ្ញុំមានបងប្អូនប្រាំបីនាក់ គឺស្រីបួននាក់ និងប្រុសបីនាក់។ ខ្ញុំមានប្រពន្ធឈ្មោះ សែម យី អាយុ៧៥ឆ្នាំ និងមានកូនប្រាំនាក់ គឺស្រីបួននាក់ និងប្រុសម្នាក់។

នៅឆ្នាំ១៩៥១ កាលខ្ញុំនៅកុមារ តារបស់ខ្ញុំឈ្មោះ ណុប ជា មានតួនាទីជាមេឃុំលាយបូរ បានយកខ្ញុំទៅកន្លែងធ្វើការរបស់គាត់នៅសាលាឃុំរាល់ថ្ងៃ។ លុះខ្ញុំអាយុ៧ឆ្នាំ តារបស់ខ្ញុំបានបញ្ជូនខ្ញុំឲ្យទៅរៀននៅសាលាបឋមសិក្សាអង្គតាសោម។ នៅឆ្នាំ១៩៦២ សហរដ្ឋអាមេរិកបានសាងសង់សាលានៅអង្គតាសោមមួយមានឈ្មោះថា សាលាគំរូអង្គតាសោម។ សាលាគំរូអង្គតាសោម មានបង្រៀននូវមុខវិជ្ជាសិល្បៈមួយចំនួន ដូចជា ភ្លេងពិណពាទ្យ និងច្រៀងជាដើម។ នៅក្នុងកាលវិភាគប្រចាំសប្ដាហ៍ ខ្ញុំមានមុខវិជ្ជាសិក្សាអំពីសិល្បៈរយៈពេលមួយម៉ោង ដូច្នេះខ្ញុំបានរៀនអំពីភ្លេងខ្មែរ និងច្រៀង។

ប៉ែន ស៊ុន អាយុ៧៨ឆ្នាំ សព្វថ្ងៃគឺជាជំនួយការរដ្ឋបាល ក្នុងសាលាឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

នៅឆ្នាំ១៩៦៣ ខ្ញុំរៀនដល់ថ្នាក់ទី៧ចាស់ នៅពេលនោះ តារបស់ខ្ញុំបានស្លាប់ដោយ​សារជំងឺ។ ក្រោយមក ខ្ញុំបានឈប់រៀន ហើយត្រឡប់មកធ្វើស្រែចម្ការជាមួយឪពុកម្ដាយរបស់ខ្ញុំវិញ។ មកដល់ឆ្នាំ១៩៦៧ ឪពុកម្តាយខ្ញុំបានរៀបចំផ្សំផ្គុំខ្ញុំឲ្យរៀបការជាមួយបងប្អូនជីដូនមួយរបស់ខ្ញុំ។ បន្ទាប់ពីរៀបការរួច ខ្ញុំបានប្រកបរបរជាអ្នករត់រឺម៉ក។

នៅឆ្នាំ១៩៧០ ខ្មែរក្រហមកៀរប្រជាជនប្រុសៗនៅក្នុងភូមិស្លា មកធ្វើបាតុកម្មប្រឆាំងនឹងរបប លន់ នល់ និងដុតបញ្ជីនិងឯកសារនៅសាលាស្រុកត្រាំកក់ ប៉ុន្តែខ្មែរក្រហមមិនបានកៀរខ្ញុំឡើយ ព្រោះខ្ញុំផ្លាស់មកនៅភូមិបឹងជាប់នឹងក្រុងតាកែវ។

មិនយូរប៉ុន្មាន រដ្ឋាភិបាល លន់ នល់ បានបញ្ជូនទាហានចំនួន៣ឡាន មកពីខេត្តកំពង់ធំ ដោយក្នុងមួយឡានផ្ទុកទាហានចំនួន៤០ទៅ៥០នាក់ដើម្បីមកប្រយុទ្ធតទល់នឹងកម្លាំងខ្មែរក្រហមដែលបោះទីតាំងក្នុងភូមិព្រៃគុយ។ ទាហានដែលបញ្ជូនមកពីខេត្តកំពង់ធំបានស្លាប់ទាំងអស់ ដោយ​សារខ្មែរក្រហមបានលបផ្លោងគ្រាប់បេពីលើដើមឈើត្រូវចំឡាន។

ប៉ែន ស៊ុន ផ្តល់បទសម្ភាសន៍អំពីរឿងរ៉ាវក្នុងរបបខ្មែរក្រហមដល់អ្នកស្ម័គ្រចិត្តមជ្ឈមណ្ឌលឯកសារ ខេត្តតាកែវ។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

នៅឆ្នាំ១៩៧៣ ខ្ញុំចូលធ្វើទាហាន លន់ នល់ ដើម្បីយកប្រាក់ខែចិញ្ចឹមគ្រួសារ។ នៅចុងឆ្នាំ១៩៧៤ ខ្ញុំបានឡើងមកវាយតទល់នឹងខ្មែរក្រហមនៅខ្សែត្រៀមក្នុងទីក្រុងភ្នំពេញអស់រយៈពេល៣ខែ។ នៅឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហមវាយបែកទីក្រុងភ្នំពេញ ហើយខ្ញុំក៏វិលត្រឡប់មកជួបជុំគ្រួសារនៅខេត្តតាកែវវិញ។ នៅពេលធ្វើដំណើរតាមផ្លូវ ចោរបានលួចយកវ៉ាលិសដាក់ខោអាវ និងលុយមួយចំនួនដែលខ្ញុំសន្សំបានពីប្រាក់ខែទាហានរបស់ខ្ញុំ។ លុះខ្ញុំមកដល់ភូមិ ខ្មែរក្រហមបានបញ្ជូនខ្ញុំ និងគ្រួសាររបស់ខ្ញុំ ព្រមទាំងប្រជាជនជម្លៀសជាច្រើនគ្រួសារទៀត ទៅជុំគ្នានៅក្នុងវត្តចម្ប៉ា។

នៅទីនោះខ្មែរក្រហមបានប្រកាសថា អ្នកដែលធ្លាប់ធ្វើជា ប៉ូលីស ទាហាន មន្រ្តីរដ្ឋការ និងការងារផ្សេងទៀតត្រូវមកចុះឈ្មោះ ដើម្បីទៅធ្វើការងាររបស់ខ្លួនវិញ ប៉ុន្តែតាមពិតខ្មែរក្រហមបានបញ្ជូនអ្នកទាំងនោះទៅសម្លាប់ចោលទាំងអស់។ ខ្ញុំព្យាយាមលាក់ប្រវត្តិ ហើយដោយសារខ្មែរក្រហមមិនបានស៊ើបសួរប្រវត្តិរូបរបស់ខ្ញុំ ទើបខ្ញុំបានរួចខ្លួន។ បន្ទាប់មក ខ្មែរក្រហមបានបញ្ជូនខ្ញុំ និងក្រុមគ្រួសារទៅធ្វើការនៅឃុំបារាយណ៍។ មុនដំបូងខ្មែរក្រហមឲ្យខ្ញុំ និងមនុស្សពីរនាក់ទៀតឃ្វាលគោចំនួន៤០នឹមរយៈពេល៥ខែ។ នៅពេលខ្មែរក្រហមឃើញខ្ញុំមានកម្លាំងមាំមួនហើយ ក៏បញ្ជូនខ្ញុំឲ្យទៅដាំដំណាំវិញ។ ខ្ញុំដាំដំណាំបានបីថ្ងៃក៏ធ្លាក់ខ្លួនឈឺ ទើបខ្មែរក្រហមបញ្ជូនខ្ញុំទៅព្យាបាលនៅពេទ្យភូមិជ្រោយសំរោង។ ពេទ្យបានឲ្យថ្នាំគ្រាប់អាចម៍ទន្សាយ និងទឹកត្នោតជូរឲ្យខ្ញុំផឹកដើម្បីបំបាត់ក្ដៅក្នុងខ្លួន។

ប៉ែន ស៊ុន ទទួលប្រអប់អនុស្សាវរីយ៍ពីអ្នកស្ម័គ្រចិត្តមជ្ឈមណ្ឌលឯកសារ ខេត្តតាកែវ។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

ខ្ញុំបានលេបថ្នាំអាចទន្សាយ និងផឹកទឹកត្នោតជូរអស់៥ផ្តិលបណ្ដាលឲ្យខ្ញុំស្រវឹង និងដេកលក់។ ក្រោយពីខ្ញុំដឹងខ្លួនឡើងវិញ ស្រាប់តែខ្ញុំជាសះស្បើយពីជំងឺ។ បន្ទាប់មក ប្រធានកងឈ្មោះ រើង ចង់យកខ្ញុំទៅនៅខាងដាំដំណាំនៅព្រៃផ្អេវិញ ប៉ុន្តែពេលនោះប្រធានកងឈ្មោះ ហៃ នៅឃុំបារាយណ៍មកប្រាប់ខ្ញុំថាមិនចាំបាច់ទៅព្រៃផ្អេរទេ គឺនៅជាមួយគាត់នៅបារាយណ៍ហ្នឹងហើយ ចាំគាត់ជួយនិយាយជាមួយប្រធានកង រើង ព្រោះ រើង​ គឺជាមិត្តភក្តិរបស់គាត់។ ចាប់តាំងពីពេលនោះមក ខ្ញុំនៅធ្វើការជាមួយឈ្មោះ ហៃ។ ពេលនោះ ខ្ញុំនៅខាងសេដ្ឋកិច្ច និងត្រូវដឹកបន្លែ ដឹកស្ករ ត្រីសាច់ និងដឹកប្រេងកាតទៅឲ្យប្រជាជននៅសហករណ៍ ដោយក្នុងមួយគ្រួសារទទួលបានប្រេងកាត២លីត្រ។

នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ កងទ័ពវៀតណាមវាយចូលមក ពេលនោះខ្ញុំនិងគ្រួសារ បានរត់ភៀសខ្លួនទៅតាមឪពុករបស់ខ្ញុំទៅដល់ភ្នំវាយចាប។ ពេលទៅដល់ទីនោះ ខ្ញុំនិងគ្រួសា​រ​បានជួបកងទ័ពវៀតណាម ទើបកងទ័ពវៀតណាមប្រាប់ខ្ញុំ និងក្រុមគ្រួសារឲ្យវិលត្រឡប់មកស្រុកកំណើតវិញ។ សព្វថ្ងៃខ្ញុំមានតួនាទីជាជំនួយការរដ្ឋបាល ក្នុងសាលាឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។

អត្ថបទ ៖ ង៉ាន់ វីន អ្នកស្ម័គ្រចិត្តមជ្ឈមណ្ឌលឯកសារ ខេត្តតាកែវ