"សង្គមមួយមិនអាចស្គាល់ខ្លួនឯងបានទេ ប្រសិនបើសង្គមនោះពុំមានការចងចាំច្បាស់លាស់អំពីប្រវត្តិសាស្រ្តរបស់ខ្លួន"

សហប្រធានវេទិកាប្រវត្តិសាស្ត្រអង្គការក្រៅរដ្ឋាភិបាលប្រចាំនៅតំបន់អាស៊ីខាងកើត ទស្សនកិច្ចមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង

មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង នៃ​មជ្ឈមណ្ឌល​ឯក​សារ​កម្ពុជា បាន​ទទួល​ស្វាគមន៍ សាស្ត្រាចារ្យ សុងហូ កាង គឺជាសហប្រធានវេទិកា​ប្រវត្តិសាស្ត្រ​អង្គការក្រៅរដ្ឋាភិបាល​ប្រចាំនៅ​តំបន់​អាស៊ី​ខាងកើត នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ ​បានធ្វើដំណើរមក​ទស្សនកិច្ច​តំបន់​ប្រវត្តិ​សាស្រ្ត​​អន្លង់​វែង។​ លោកសាស្ត្រាចារ្យមាន​ការចំណាប់អារម្មណ៍ និងចង់ឈ្វេងយល់​អំពី​ប្រវត្តិ​សាស្រ្ត​ខ្មែរ​ក្រហម​ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ដឹក​នាំ​សិស្ស ​និងនិស្សិតមក​ពី​​ប្រទេស​កូរ៉េ​ខាង​ត្បូង​មក​ទស្សនកិច្ច​សិក្សា​​​នៅ​មជ្ឈ​មណ្ឌល​សន្តិ​ភាព​អន្លង់​វែង​។

រួម​ដំណើរ​ជាមួយ​សហការីជន​ជាតិ​កូរ៉េ​ខាង​ត្បូង​ សាស្រ្តាចារ្យ សុងហូ កាង​ ​បាន​ធ្វើ​ដំណើរ​មក​ដល់​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់​វែង នៅ​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០២២​។ បច្ចុប្បន្ន​នេះ​ អន្លង់​វែង គឺជា​ស្រុក​មួយ​ដ៏មាន​​សក្ដានុពល​​លើ​​ផ្នែក​សេដ្ឋ​កិច្ច និង​ផ្នែក​ទេស​ចរណ៍​​​ក្នុង​ខេត្ត​ឧត្តរ​មាន​ជ័យ​។ លើស​ពី​នេះ​ទៅ​ទៀត​​ តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់ចំនួន​១៤អាច​ផ្តល់​នូវ​ចំណេះ​ដឹង​ និងបទ​ពិសោធន៍​ដល់​អ្នកសិក្សា​​ស្រាវ​ជ្រាវជាតិ និង​អន្តរជាតិ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ តំបន់​ប្រវត្តិ​សាស្រ្ត​អន្លង់​វែង​បាន​ផ្សា​ភ្ជាប់​ទៅ​នឹង​ប្រវត្តិ​សាស្រ្ត​យោធា​ ដែល​ធ្វើ​ឲ្យ​តំបន់​នេះ​កាន់​តែ​មាន​ការ​​ចាប់​អារម្មណ៍ខ្លាំងពី​សាធារណជន សិស្ស និស្សិត អ្នកសិក្សាស្រាវជ្រាវ ​ក៏​ដូច​ជា​ ប្រទេសនៅ​ក្នុង​​អាស៊ាន​ និង​​​​ពិភព​លោក​។ ស្រុក​អន្លង់វែង​​​ គឺ​ជាទី​​កន្លែងដែល​ផ្ដល់​នូវ​សន្តិភាព ការ​ផ្សះផ្សា និងការ​រួម​រស់​ជា​មួយ​រាជរដ្ឋា​ភិបាល បន្ទាប់​ពីបញ្ចប់​​សង្គ្រាមរុំារ៉ៃនៅ​ថ្ងៃ​ទី២៩ ខែ​ធ្នូ ឆ្នាំ​១៩៩៨​។

ក្នុង​ដំណើរ​ទស្ស​នកិច្ច​នេះ​ លោក​​បណ្ឌិត​ លី សុខឃាង​ ​នាយក​មជ្ឈ​មណ្ឌល​សន្តិ​ភាព​អន្លង់​វែង​ ​បានអត្ថាធិប្បាយអំពី​គម្រោង​ និង​ផែនការនានា​ទាក់ទងនឹង​ការ​បង្រៀន​ប្រវត្តិសាស្ត្រ ការថែរក្សា និង​អភិរក្ស​តំបន់ទេសចរណ៍​ប្រវត្តិសាស្ត្រ ប្លង់គោលដើម្បីអភិវឌ្ឍន៍ស្រុក​អន្លង់វែង​ និងបាន​ជូន​​លោកសាស្ត្រាចារ្យ​ទៅ​សិក្សា​ និងពិនិត្យ​មើល​​ទី​តាំង​ប្រវត្តិ​សាស្រ្ត​សំខាន់ៗ​ដូច​ជា​ សារមន្ទីរ​ផ្ទះ​តាម៉ុក កន្លែង​បូជា​សព ​ប៉ុល ពត និង​ផ្ទះ​ប្រជុំ​របស់​តាម៉ុក​លើ​កំពូល​ភ្នំ​ដងរែក​​ (ដែលបច្ចុប្បន្ននេះគឺជា មជ្ឈមណ្ឌល​សន្តិភាពអន្លង់វែង)។

នៅចុង​បញ្ចប់​នៃ​​ដំណើរ​ទស្សនកិច្ច​​នេះ​ លោក​ សុង​ហូ​ កាង និង​សហការី​​ ​បាន​​ថ្លែង​អំណរគុណ​យ៉ាងជ្រាលជ្រៅដល់​​ក្រុម​ការ​ងារមជ្ឈមណ្ឌលសន្តិភាពអន្លង់វែងចំពោះ​ការ​ទទួល​ស្វាគមន៍ និងការរាក់​ទាក់​យ៉ាង​​កក់​ក្ដៅ​បំផុត​។

អត្ថបទ ៖ មេក វិន អ្នកស្រាវជ្រាវនៃ​មជ្ឈមណ្ឌល​សន្តិភាពអន្លង់វែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា