វេទិកាថ្នាក់រៀនស្ដីពី «ប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)»

នៅថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២២ ​មជ្ឈមណ្ឌល​សន្តិភាពអន្លង់វែង​បាន​រៀប​ចំ​វេទិកាថ្នាក់រៀន​ស្ដីអំពី “ប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)” ដោយមានការចូលរួមពី​​យុវជន​ចំនួន​១២នាក់​ មកពី​​វិទ្យាល័យ​អន្លង់វែង។ វេទិកានេះ​ធ្វើ​ក្នុង​គោល​បំ​ណង​ “លើកកម្ពស់​លើ​ការ​យល់​ដឹង​អំពី​ប្រវត្តិសាស្រ្តកម្ពុជា​ប្រជាធិបតេយ្យ និង​អង្គជំនុំជម្រះវិសាមញ្ញក្នុង​តុលា​ការ​ខ្មែរក្រហម​​”។

ថ្នាក់​រៀន​នេះ​ ចាប់​ផ្ដើម​ឡើង​ដោយ​ឲ្យសិស្សានុសិស្សធ្វើ​ការ​គិតនូវ​​សំណួរមួយ​ដែល​ខ្លួន​ចង់​ដឹង​បំផុតអំពី​ប្រវត្តិសាស្រ្តកម្ពុជា​ប្រជា​ធិប​តេយ្យ​ ដើម្បី​ជា​ផ្នែក​មួយ​នៅ​ក្នុ​ងការ​យក​មក​ពិភាក្សា​។ សំណួរទី១) តើ​របប​ខ្មែរក្រហម​បង្កើតឡើង​ក្នុងគោល​បំណង​អ្វី​? ទី២) មូលហេតុអ្វី​ដែល​នាំ​ឲ្យ​កើត​​អំពី​ប្រល័យ​ពូជសាសន៍? ទី៣) តើ​របប​កម្ពុជា​ប្រជាធិបតេយ្យមានផល​ប៉ះ​ពាល់​អ្វី​ខ្លះ​ដល់​ប្រជាជន​ និង​សង្គម​ជាតិ​។ ទី៤) រាល់​សមិទ្ធផល​កសិកម្ម​ដែល​ប្រមូល​ផល​បាន​នៅ​សម័យ​នោះ ខ្មែរក្រហម​បញ្ជូនទៅ​ណា ហេតុអ្វី​ធ្វើ​ឲ្យ​ប្រជាជន​ជួបការអត់​ឃ្លាន​​? ទី៥) របប​កម្ពុជា​ប្រជាធិបតេយ្យ​ ផ្ដោតទៅ​លើវិស័យអ្វី​ដែល​សំ​ខាន់​ជាង​គេ​? ទី៦) តើ​មេដឹកនាំ​សម័យ​ខ្មែរក្រហម​​បាន​ដឹង​អំពីការ​ប្រព្រឹត្តអំពើឃោរឃៅ​មក​លើ​ប្រជាជន​ដែរឬទេ? ទី៧) តើ​ការ​រៀប​ការ​ប្រជាជន​នៅ​សម័យ​នោះ​រៀប​ចំ​ឡើង​យ៉ាង​ដូចម្ដេច? ទី៨) ហេតុ​អ្វី​បាន​ជាសម័យ​នោះ​ខ្មែរក្រហម​សម្លាប់​ខ្មែរគ្នាឯង​?

បន្ទាប់​មក​បណ្ឌិត លី សុខឃាង បាន​ធ្វើ​ការ​បង្ហាញ​អំពីរបៀប​នៃ​ការចេះ​ប្រើប្រាស់ឯកសារ ក៏​ដូចជា​ការ​ស្វែង​រក​ចម្លើយ​ពី​​ក្នុង​​សៀវភៅ ប្រវត្តិសាស្រ្តកម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)។ វិធី​នេះបាន​ជំរុញឲ្យ​សិស្ស​អាច​ធ្វើ​ការ​ងារ​បាន​យ៉ាង​រហ័ស ក្លាហាន និងអាច​ធ្វើ​ការ​បញ្ចេញ​មតិ​នូវ​អ្វី​ដែល​ខ្លួន​បាន​គិត​នឹង​ស្វែង​យល់ ​អំពី​រឿងរ៉ាវ​អតីតកាលដែល​បាន​កើតឡើង​​កាលពី​៤០ឆ្នាំមុន​។ របបខ្មែរក្រហម​​បានអនុ​វត្តគោល​នយោ​បាយ​ និង​មនោ​គមវិជ្ជា​បែប​ជ្រុល​និយម ​​​ធ្វើ​ឲ្យ​មនុស្ស​ជិត​២លាន​នាក់បាន​ស្លាប់​​ ដោយ​​ការបង្ខំ​ឲ្យ​ធ្វើ​ការ​ធ្ងន់ហួស​កម្លាំង​​ បង្អត់​អាហារ និង​ការធ្វើ​ទារុណ​កម្ម​រហូតដល់​ស្លាប់​។  អំពើទាំង​អស់នេះបាន​ឆ្លុះ​បញ្ចាំង​ឲ្យឃើញអំពីការស្អប់​ខ្ពើម​ ការ​រើសអើង  រហូត​ឈាន​ទៅការប្រព្រឹត្តនូវអំពើប្រល័យ​ពូជសាសន៍ ដែលជា​​ការបំផ្លិចបំផ្លាញ​ទាំង​ស្រុង ​ឬដោយផ្នែក​ទៅ​លើក្រុមពូជសាសន៍ សាសនា ជន​ជាតិ និងជាតិពន្ធុ។

​ក្នុងចំណោម​សិស្សទាំង​១២នាក់ មានសិស្សម្នាក​​យល់ឃើញថា​​ “យុវជន​ជំនាន់​ក្រោយមិនថា​រស់​នៅ​អន្លង់​វែង ​ឬក៏​ខេត្ត​ណា​នៃ​ប្រទេស​កម្ពុជា​ទេ​សុទ្ធតែ​ជា​អ្នក​ដែល​មាន​ឪពុកម្ដាយ​ ឬជីដូនជីតា ធ្លាប់​ឆ្លងកាត់របប​ខ្មែរក្រហម។ ដូច្នេះ​បើ​មាន​នរណា​ម្នាក់​ហៅ​យើង​ថា ​ខ្មែរក្រហម ​យើង​ពុំ​គួរ​ខឹងទេ​​ តែ​យើង​ត្រូវ​​ឆ្លើយ​តបទៅ​វិញថា​ អ្នក​ដែល​រស់​រាន​មានជីវិត​ក្រោយ​របបខ្មែរក្រហម​គឺ​គ្មាន​កំហុសទេ ព្រោះ​ដំណើរការនៃ​កាត់ទោស​មេដឹកនាំខ្មែរក្រហមបាន​បញ្ចប់​ និង​ស្វែង​រក​យុត្តិធម៌​សម្រាប់​ប្រជាជន​រួចរាល់​​ហើយ។ បើ​ទោះ​បី​មេដឹកនាំ​ទាំង​នោះ​ឆ្លើយ​បដិសេធថា​ខ្លួន​មិន​បានដឹង​រឿង​រ៉ាវ​ទាំងអស់​នេះ​ក៏​ដោយ​ ព្រោះតុលាការបាន​រក​ឃើញ​ភ័ស្តុតាង​គ្រប់​គ្រាន់​ដើម្បី​សម្រេច​កាត់​ទោសមេដឹកនាំទាំងនោះ​ ក្នុង​នាមជាអ្នក​​​ទទួល​​ខុសត្រូវ​​ខ្ពស់បំផុត​​ចំពោះ​ការ​រំលោភបំពាន​​ធ្ងន់ធ្ងរ​​លើច្បាប់ជាតិ​​និង​​ច្បាប់​អន្តរជាតិ”។

ជាចុងបញ្ចប់​នៃ​កម្មវិធីក៏​មាន​ការ​ពន្យល់​បង្ហាញពី​ផែនទី ទីតាំង​ប្រវត្តិសាស្រ្តទាំង១៤កន្លែង និង​គម្រោង​ផែន​ការអភិវឌ្ឈន៍នៅ​ក្នុង​ស្រុក​អន្លង់វែង​។ ទស្សនៈវិស័យនេះ​នឹង​ប្រែក្លាយ​អន្លង់​វែង​ដែល​ជា​តំបន់​តស៊ូ​ចុង​ក្រោយបង្អស់​របស់​ខ្មែរក្រហម​ ឲ្យ​ទៅ​ជាទី​តាំង​ដែល​មាន​សក្តានុពលខ្ពស់​ផ្នែក​កសិកម្ម ឧស្សាហ​កម្ម និងទេសចរណ៍​។

ហ៊ីម អ៊ីហុង ភេទ​ស្រី​ អាយុ១៨ឆ្នាំ  សិស្សរៀន​ថ្នាក់​ទី​១២ នៃវិទ្យាល័យ​អន្លង់វែង​ និយាយថា «យើង​មិន​អា​ចទាញ​ពេ​លវេលា​ត្រឡប់​ក្រោយ​​ ដើម្បី​កែបញ្ហាដែល​ធ្លាប់​កើត​មាន​នៅ​ក្នុ​ងរបប​ឃោរឃៅ​មួយ​នេះ​​បាន​ទេ។ អ្វី​ដែល​យើង​ដែល​យើង​អាច​ធ្វើ​បាន ​ក្នុង​នាម​ជា​យុវជន​ជំនាន់​ក្រោយ​គឺត្រូវ​សិក្សា​ពីប្រវត្តិ​សាស្រ្ត​​មួយ​នេះ​ឲ្យ​ច្រើន ព្រោះ​វា​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​យើង​ឃើញ​ថា​ ការ​ដឹកនាំ​បែប​កុម្មុយនីស្ត បែប​ផ្ដាច់​ការ ​វា​មាន​ផល​ប៉ះ​ពាល់​​ណាស់​ចំពោះ​ប្រជាជន​ ក៏​ដូច​ជា​សង្គម​ជាតិ​។ ជាក់​ស្តែ​ង​ដូ​ចជា​ដំណើរការ​នៃ​ការ​កាត់​ទោស​មេដឹក​នាំ​ខ្មែរក្រហម​ ដែល​បង្កើត​ឡើង​ដើម្បី​ដាក់ទោស ក៏​ដូចជា​ស្វែង​រក​យុត្តិធម៌​ជូន​ប្រជាជន​។ ទោះ​បី​មិន​អាច​ជួយ​ឲ្យ​អ្នក​ដែល​បាត់​ជីវិត​ស្លាប់​ហើយ​រស់​ឡើង​វិញ​ ប៉ុន្តែ​វាក៏​បាន​ស្វែង​រក​យុត្តិធម៌ និង​ធ្វើ​ជា​គំរូ​មួយ​សម្រាប់​យុវជន​កុំ​ឲ្យ​ដើរ​តាម​គន្លង​អតី​តកាល​ខ្មៅ​ងងឹត​នេះ​ម្ដង​ទៀត​»។

អៀម បូប្ផា ភេទស្រី អាយុ១៧ឆ្នាំ សិស្សរៀន​ថ្នាក់​ទី​១២ នៃវិទ្យាល័យ​អន្លង់វែង​ និយាយថា «ការ​សិក្សា​ពី​សាស្រ្តប្រវត្តិសាស្រ្ត មាន​សារសំខាន់​ណាស់ក្នុងនាម​យើង​ជាអ្នក​ជំនាន់ក្រោយ​ ព្រោះ​អាច​ឲ្យ​យើង​ដឹង​ពី​ការ​ផ្លាស់​ប្ដូរ​ពី​សម័យ​កាល​មួយ​ទៅ​សម័យ​កាល​មួយ​ទៀត​។ ជាពិសេសអាចធ្វើឲ្យយុវជនមានការ​ផ្លាស់​ប្តូរ​ផ្នត់​គំនិត​ មានការ​គិត​វែង​ឆ្ងាយ​ ជៀស​វាង​កុំ​ឲ្យ​កើត​មាន​ការ​រើស​អើង ឬស្អប់​ខ្ពើមគ្នា ​ដែលនាំឲ្យ​កើត​​មាន​អំពើប្រល័យពូជសាសន៍បន្តទៀត»។

ហៀត រតនា ភេទ​ប្រុស អាយុ១៨ឆ្នាំ សិស្ស​រៀន​ថ្នាក់​ទី​១២ នៃវិទ្យាល័យ​អន្លង់វែង​ និយាយថា «ខ្ញុំ​ចូល​ចិត្ត​រៀន​ពី​ប្រវត្តិសាស្រ្តនេះណាស់ ដោយសារ​តែនៅ​មាន​រឿង​រ៉ាវ​ជាច្រើន​ដែល​បាន​​បង្រៀន​ឲ្យ​យើ​ង​ដែលជា​យុវជន​ជំនាន់​ក្រោយ​ទុក​ជាគំរូ​។ របប​នេះ​បាន​សម្លាប់​ប្រជាជនអស់​ជាច្រើន​ ប៉ុន្តែ​អ្នក​ដែល​ត្រូវ​ជាប់​ទោស​ពាក់​ព័ន្ធ​នឹង​អំពើឧក្រិដ្ឋកម្មនេះ​មាន​តែ​មេ​ដឹកនាំ​កំពូល​ប៉ុន្មាន​នាក់។ សម្រាប់​ខ្ញុំ​គិត​ថា​វាពុំ​ទាន់​ស័ក្តិ​សម នៅឡើយ​ទេដោយ​សារ​រឿង​នេះ​នៅ​មាន​អ្នក​ផ្សេងទៀ​ត​ដែល​គួរតែត្រូវ​បាន​យក​មក​កាត់ទោស​ដែរ​»។

អត្ថបទ ៖​ ហ៊ាន​ ពិសី អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌល​សន្តិភាពអន្លង់វែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា