ក្រុមការងារគម្រោងសុខភាពរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ចុះសួរសុខទុក្ខ និងចែកប្រអប់អនុស្សាវរីយ៍ជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម នៅខេត្តកំពត

ចាប់ពីថ្ងៃទី២១ ដល់ ២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមការងារគម្រោង «ការលើកកម្ពស់សិទ្ធិនិងការធ្វើឲ្យប្រសើឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» របស់មជ្ឈមណ្ឌលឯកសារកម្ពុជា បានចុះសួរសុខទុក្ខ និងជូនប្រអប់អនុស្សាវរីយ៍ចំនួន៦៣០ប្រអប់ រួមមាន អាវយឺត សៀវភៅប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ទស្សនាវដ្តីស្វែងរកការពិត សាប៊ូ នំធុង និងស្ករគ្រាប់ ដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន៦៣០នាក់ ដែលអ្នកស្ម័គ្រចិត្តមជ្ឈមណ្ឌលឯកសាកម្ពុជាធ្លាប់ជួបសម្ភាសន៍នៅក្នុងឃុំចំនួន៨ រួមមាន ៖ ឃុំនារាយណ៍, ឃុំសត្វពង, ឃុំមានជ័យ, ឃុំត្រមែង, ឃុំម្រោម, ឃុំភ្នំកុង, ឃុំបឹងសាលាខាងជើង និងឃុំដើមដូង។ ឃុំទាំង៨នេះស្ថិតនៅក្នុងស្រុកឈូក, ស្រុកអង្គរជ័យ និង ស្រុកកំពង់ត្រាច ខេត្តកំពត។ ចាប់តាំងពីខែសីហា ឆ្នាំ២០២១ កន្លងមក អ្នកស្ម័គ្រចិត្តមជ្ឈមណ្ឌលឯកសារកម្ពុជាខេត្តកំពត ជំនាន់ទី១, ជំនាន់ទី២, ជំនាន់ទី៣ និងជំនាន់ទី៤ បានចុះសួរសុខទុក្ខអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលត្រូវជាយាយតា, ឪពុកម្តាយ, អ៊ំ, ពូមីង ​និងអ្នកស្រុកភូមិនៅតាមមូលដ្ឋានរបស់ខ្លួនអំពីបញ្ហាសុខភាព និងសម្ភាសន៍រឿងរ៉ាវជីវិតទាក់ទងបទពិសោធន៍ឆ្លងកាត់សម័យកាលសង្រ្គាម និងក្នុងរបបខ្មែរក្រហមបានចំនួន១៦០០នាក់ ក្នុងចំណោមអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន៣៥០០០នាក់ ដែលអ្នកស្ម័គ្រចិត្តមជ្ឈមណ្ឌលឯកសារកម្ពុជាបានសម្ភាសន៍នៅទូទាំង២៥រាជធានីខេត្តក្រុង។

គោលបំណងនៃគម្រោង «ការលើកកម្ពស់សិទ្ធិនិងការធ្វើឲ្យប្រសើឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់​រានមានជីវិតពីរបបខ្មែរក្រហម» គឺ ១) ធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ទៅតាមគោល​ដៅ​ដែលបានកំណត់ ២)​ លើកកម្ពស់ការយល់ដឹងអំពីសុខភាពសាធារណៈ និងការទទួលបានសេវាកម្មសុខភាពសម្រាប់​អ្នករស់​រានមានជីវិតពីរបបខ្មែរក្រហម និង ៣) ធ្វើការសិក្សាស្រាវជ្រាវអំពីស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ជាពិសេស​នៅ​តាម​សហគមន៍ដាច់ស្រយាលសម្រាប់ផ្តល់ជាព័ត៌មាន ក្នុងការរៀបចំជំនួយអភិវឌ្ឍន៍​នាពេល​អនាគ​ត​​​ដល់ប្រជាជន​និងសហគមន៍ទាំងនេះ។

អ្នកស្រី គឹម សុវណ្ណដានី អ្នកសម្របសម្រួលគម្រោងបានធ្វើបទបង្ហាញទៅកាន់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមអំពីអនាម័យក្នុងការរស់នៅស្អាត, ការហូបស្អាត, អាហាររូបបត្ថម្ភសម្រាប់មនុស្សចាស់, ការថែទាំសុខភាពមនុស្សចាស់នៅតាមផ្ទះ, ការលើកទឹកចិត្តគាត់ឲ្យទៅពិនិត្យសុខភាពចៀសវាងសន្និដ្ឋានជំងឺដោយខ្លួនឯង និងពិគ្រោះជាមួយវេជ្ជបណ្ឌិតមុនប្រើប្រាស់ថ្នាំជាដើម។ តាមរយៈទិន្នន័យដែលទទួលបានពីការធ្វើបទសម្ភាសន៍ជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមកន្លងមក មានជំងឺ១០ប្រភេទ ដែលកើតឡើងចំពោះពួកគាត់ក្នុងនោះមានជំងឺ៣ធំៗ តែងតែងកើតមានញឹកញាប់ ដូចជា ១) ជំងឺលើសឈាម, ២) ជំងឺក្រពះពោះវៀន និង ៣) ជំងឺទឹកនោមផ្អែម។ អ្នកស្រី គឹម សុវណ្ណដានី បានផ្តល់ជាអនុសាសន៍ក្នុងការបង្ការទប់ស្កាត់ និងរបៀបថែទាំអ្នកជំងឺនៅតាមផ្ទះ។ មជ្ឈមណ្ឌលឯកសារកម្ពុជា និង សកលវិទ្យាល័យស្តែនហ្វតបានសហការគ្នាបង្កើតកូនសៀវភៅទាក់ទងជំងឺទាំង១០ប្រភេទ ដែលកើតលើអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រួមមាន  ទី១) ជំងឺលើសឈាម, ទី២) ជំងឺក្រពះពោះវៀន, ទី៣) ជំងឺគ្រុនចាញ់ ទី៤) ជំងឺផ្លូវចិត្ត, ទី៥) ជំងឺបេះដូង, ទី៦) ជំងឺសន្លាក់, ទី៧) ជំងឺហឺត, ទី៨) ជំងឺទឹកនោមផ្អែម ទី៩) ជំងឺរបេង និង ទី១០) ជំងឺឆ្កួតជ្រូក។

លោក ស្រី អាន់ អាយុ៥៦ឆ្នាំ មេឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត មានប្រសាសន៍នៅក្នុងកម្មវិធីចែកប្រអប់អនុស្សាវរីយ៍នៅវត្តអង្គព្រៃទប់ថា  ខ្ញុំសូមអរគុណដល់មជ្ឈមណ្ឌលឯកសារកម្ពុជាដែលចុះមកចែកប្រអប់អនុស្សាវរីយ៍ និងយកចិត្តទុកដាក់លើការថែទាំសុខភាពសម្រាប់មនុស្សចាស់នៅក្នុងឃុំរបស់ខ្ញុំដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ជាចុងក្រោយ ខ្ញុំសំណូមពរដល់មជ្ឈមណ្ឌលឯកសារកម្ពុជាឲ្យបន្តការងារសុខភាពជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរ ដែលមានវ័យចាស់ជរា និងមានជីវភាពខ្វះខាតតទៅមុខទៀត។ ជាពិសេសបន្តការងារស្រាវជ្រាវ និងផ្សព្វផ្សាយអំពីរបបខ្មែរក្រហមដល់អ្នកជំនាន់ក្រោយឲ្យទូលំទូលាយនៅថ្ងៃអនាគត។

លោក ជា ណាត អាយុ៧៥ឆ្នាំ  គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមរស់នៅឃុំមានជ័យ ស្រុកឈូក ខេត្តកំពត បង្ហាញអំពីចំណាប់អារម្មណ៍នៅក្នុងកម្មវិធីចែកប្រអប់អនុស្សាវរីយ៍នៅវត្តអង្គស្វាយឃុំមានជ័យថា ខ្ញុំត្រេកអរដែលក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជាបានចុះមកសួរសុខទុក្ខពន្យល់អំពីរបៀបថែទាំសុខភាព និងចែកប្រអប់អនុស្សាវរីយ៍ដល់ខ្ញុំ និងប្រជាជននៅតាមភូមិដទៃ។ ខ្ញុំមានអារម្មណ៍ធូរស្បើយក្នុងចិត្តបន្ទាប់ពីចែករំលែកនូវបទពិសោធន៍ឆ្លងកាត់សម័យសង្រ្គាម និងរបបខ្មែរក្រហមដល់អ្នកស្ម័គ្រចិត្តកម្ពុជា ដែលជាយុវជនជំនាន់ក្រោយបានសិក្សាឈ្វេងយល់ដើម្បីបញ្ចៀសមិនឲ្យកើតមានការសម្លាប់រង្គាលតទៅទៀត។

លោក ចាប នន អាយុ៦៨ឆ្នាំ សព្វថ្ងៃរស់នៅភូមិគក ឃុំម្រោម ស្រុកអង្គរជ័យ ខេត្តកំពត គឺជាអាចារ្យវត្តឈើទាល មានប្រសាសន៍រៀបរាប់អំពីបទពិសោធន៍ជីវិតឆ្លងកាត់សង្រ្គាម និងរបបខ្មែរក្រហមក្នុងកម្មវិធីចែកប្រអប់អនុស្សាវរីយ៍ថា ក្នុងឆ្នាំ១៩៧២ ខ្មែរក្រហមចាប់បញ្ជូនខ្ញុំនិងប្រជាជនដែលមានកម្លាំងរឹងមាំឲ្យទៅធ្វើជាកងទ័ពនៅខេត្តកំពង់ស្ពឺ។ ក្រោយមក ខ្ញុំបានវិលត្រឡប់មកផ្ទះវិញ រហូតដល់ឆ្នាំ១៩៧៣ ខ្មែរក្រហមបានប្រមូលផ្ដុំប្រជាជន និងចាត់ឲ្យខ្ញុំធ្វើជាឈ្លបឃុំ អស់រយៈពេលប្រហែលជាងមួយឆ្នាំ ក៏បញ្ជូនខ្ញុំ ទៅធ្វើទ័ពស្រុក ដើម្បីប្រយុទ្ធជាមួយនឹងទាហាន លន់ នល់ នៅខេត្តតាកែវ រហូតដល់ថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ ជាថ្ងៃជ័យជម្នះទាំងស្រុងរបស់ខ្មែរក្រហមលើរបប លន់ នល់។ បន្ទាប់ពីច្បាំងឈ្នះ ខ្ញុំឆ្លៀតមកជួបជាមួយឪពុកម្ដាយ ប៉ុន្តែខ្មែរក្រហមបែរជាចោទខ្ញុំថាធ្វើខុសវិន័យ និងដាក់ទោសខ្ញុំឲ្យរែកដីម្នាក់ឯងអស់រយៈពេល៣ខែ។ ក្រោយមក ខ្មែរក្រហមរំសាយខ្ញុំពីកងទ័ពមកធ្វើជាយុវជនប្រមូលផ្ដុំវិញ។​

នៅក្នុងខែកក្កដា ឆ្នាំ១៩៧៨ ខ្មែរក្រហមបានរៀបការឲ្យខ្ញុំ ជាមួយមិត្តនារី វ៉ាន់ សុន។ នៅក្នុងខែតុលា ឆ្នាំ១៩៧៨ ​ខ្មែរក្រហមចាត់ខ្ញុំឲ្យមកធ្វើការតាមភូមិវិញ​។ ក្រោយមក ខ្មែរក្រហមបានឃុំខ្លួនខ្ញុំក្នុងសាលាឃុំម្រោម និងធ្វើទារុណកម្មខ្ញុំម្ដងទៀត ដោយសារខ្ញុំបានដកដំឡូងដែលខ្ញុំដាំយកមកហូប។ រហូតមកដល់ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ កងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា និងកងទ័ពវៀតណាមវាយចូលមក ទើបខ្មែរក្រហមជម្លៀសប្រជាជនចេញភូមិ។ រីឯខ្ញុំដែលជាប់ឃុំឃាំង ត្រូវបានខ្មែរក្រហមដោះលែងឲ្យមករកក្រុមគ្រួសារវិញ។​

លោក ចាប នន បន្ថែមទៀតថា ខ្ញុំពិតជារំភើប និងសប្បាយចិត្តដែលមានអង្គការយកចិត្តទុកដាក់ទៅលើសុខភាពរបស់អ្នកដែលរួចរស់ពីរបបខ្មែរក្រហម។ ក្រោយពីខ្ញុំបានស្ដាប់ក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជាធ្វើបទបង្ហាញ អំពីសុខភាពទាក់ទង ជំងឺលើសឈាម ជំងឺទឹកនោមផ្អែម និងជំងឺក្រពះពោះវៀន ដែលខ្ញុំកំពុងកើត បានធ្វើឲ្យខ្ញុំមានការយល់ដឹងច្រើនជាងមុនអំពីការថែរក្សាសុខភាពសម្រាប់មនុស្សចាស់។

អត្ថបទ ៖ ផាត ចាន់សុនិតា បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពជា

អត្ថបទផ្សេងទៀត៖