សំ លន់ ៖ ធ្វើការនៅក្នុងសហករណ៍ក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ សំ លន់ ភេទស្រី អាយុ៧០ឆ្នាំ មានទីកន្លែងកំណើតនៅភូមិដីឆ្នាំង ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឹ។ បច្ចុប្បន្នខ្ញុំរស់នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ កាលពីក្មេងខ្ញុំបានចូលរៀនមួយរយៈ ក្រោយមកក៏ឈប់រៀនព្រោះខ្ញុំរៀនមិនចេះ ហើយមកជួយធ្វើស្រែចម្ការឪពុកម្តាយនៅផ្ទះវិញ។ រហូតដល់ខ្ញុំអាយុបាន១៩ឆ្នាំ ខ្ញុំក៏រៀបការនិងមានកូនស្រីម្នាក់។

មកដល់ឆ្នាំ១៩៧៥ ខ្មែរក្រហមជ្រើសរើសខ្ញុំឲ្យចូលធ្វើការនៅក្នុងសហករណ៍ ប៉ុន្តែដោយសារតែខ្ញុំទើបតែសម្រាលកូនបានរយៈពេល៣ខែ ដូច្នេះប្រធានសហករណ៍បានឲ្យខ្ញុំនៅធ្វើការជិតៗផ្ទះ។ ការងារខ្ញុំនៅពេលនោះគឺ ដើរកាប់ដើមទន្ទ្រានខែត្រធ្វើជី និងដកស្ទូង។ ការរស់នៅក្នុងហសករណ៍ពេលនោះពុំសូវជួបការលំបាកទេ ព្រោះយើងទទួលបានរបបហូបចុកគ្រប់គ្រាន់។

សំ លន់ ទទួលទស្សនាវដ្ដីស្វែងរកការពិត ពី ហ៊ាន ពិសី បុគ្គលិកមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

នៅឆ្នាំ១៩៧៧ ខ្មែរក្រហមបានជម្លៀសខ្ញុំឲ្យមកនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។ ការរស់នៅទីនោះលំបាកខ្លាំងណាស់សម្រាប់ខ្ញុំ ជាពិសេសការហូបចុក។ ខ្ញុំមានតែមើមក្ដួច និងដំឡូងប៉ុណ្ណោះសម្រាប់ ធ្វើជាអាហារ។ ខ្ញុំរស់នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារបានមួយរយៈ ក៏ផ្លាស់មកនៅច្រកឡែម ជាមួយនឹងកងទ័ពរបស់ខ្មែរក្រហមចំនួន៣,០០០នាក់។ ជីវភាពរបស់ខ្ញុំពេលរស់នៅឡែម ហាក់មានភាពប្រសើរជាងមុន។ ក្រោយមក ខ្ញុំផ្លាស់មករស់នៅកងពល៨០៨វិញ ប៉ុន្តែមិនបានប៉ុន្មានផងខ្ញុំក៏ផ្លាស់ទៅនៅច្រក ១០០៣ ក្រោមការគ្រប់គ្រងរបស់ តាម៉ុក វិញ។ នៅទីនោះយើងលែងជួបការលំបាកទៀតហើយ ព្រោះយើងមានការផ្គត់ផ្គង់ស្បៀងអាហារហូបចុក និងអាចដាំដំណាំបន្លែបង្ការនៅផ្ទះហូបខ្លួនឯងបាន។

រហូតដល់ឆ្នាំ១៩៩៨ នៅពេលដែលប្រទេសជាតិទទួលបានសន្តិភាពហើយ ទើបខ្ញុំព្រមទាំងប្រជាជនផ្សេងទៀតចុះពីភ្នំ មករស់នៅផ្តៀកជ្រុំ ស្រុកអន្លង់វែងវិញ។ កាលមកដល់ដំបូង កន្លែងដែលខ្ញុំរស់នៅសម្បូរព្រៃ និងមានដើមផ្ដៀកច្រើនណាស់ ដែលដើមខ្លះមានទំហំធំៗ និងឱបមិនជុំឡើយ។ ដូច្នេះហើយទើបប្រជាជននាំគ្នាហៅឈ្មោះភូមិនេះថា ភូមិផ្ដៀកជ្រុំជាប់មកដល់សព្វថ្ងៃ។

អត្ថបទ ៖ ហ៊ាន ពិសី បុគ្គលិកមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង

អត្ថបទផ្សេងទៀត៖

មជ្ឈមណ្ឌលផ្សះផ្សាវាលវែងបញ្ចាំងខ្សែភាពយន្តឯកសាររឿង «កុំស្មានបងភ្លេច» ឱ្យសិស្សមកពីវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយទស្សនាដើម្បីយល់ដឹងអំពីការបាត់បង់តន្រ្តីអំឡុងពេលសង្រ្គាម និងប្រវត្តិសាស្រ្តខ្មែរក្រហម