សម្រេចចិត្តចូលបម្រើកងទ័ពព្រោះមិនចង់ឲ្យឪពុកម្តាយនៅក្នុងភូមិជួបការលំបាក

ខ្ញុំឈ្មោះ ឡាយ មឿន អាយុ៧០ឆ្នាំ បច្ចុប្បន្នរស់នៅភូមិពន្លៃ ឃុំអង្គរស ស្រុកមេសាង ខេត្តព្រៃវែង។ ខ្ញុំមានបងប្អូនបង្កើតចំនួន៤នាក់ ប៉ុន្តែបានស្លាប់អស់ចំនួន២នាក់ដោយសារជំងឺ។ កាលពីកុមារខ្ញុំមិនបានរៀនសូត្រទេដោយសារជីវភាពខ្វះខាត។ ខ្ញុំនៅផ្ទះជួយធ្វើការងារឪពុកម្តាយ ឡើងត្នោត និងឃ្វាលគោក្របី។

ក្រោយរដ្ឋប្រហារឆ្នាំ១៩៧០ កងទ័ពរំដោះខ្មែរក្រហមចូលមកឃោសនា និងបានស្នើខ្ញុំឲ្យទៅលើកប្រព័ន្ធភ្លឺស្រែនៅតាមការរដ្ឋានក្នុងភូមិ។ រហូតមកដល់ខែវស្សា ឆ្នាំ១៩៧៤ ខ្មែរក្រហមចាប់ផ្តើមជ្រើសរើសយុវជននៅក្នុងភូមិឲ្យចូលបម្រើកងទ័ព ហើយមេភូមិបានជ្រើសរើសខ្ញុំ។ ខ្ញុំបានយល់ព្រមចូលបម្រើកងទ័ព ព្រោះមិនចង់ឲ្យគ្រួសាររបស់ខ្ញុំ ជាពិសេសឪពុកម្តាយរបស់ខ្ញុំជួបការលំបាក។ កាលនោះគ្រួសារខ្ញុំត្រូវបានខ្មែរក្រហមចោទថាជាប់និន្នាការ និងសន្តិសម្ព័ន្ធជាមួយខ្មាំង ព្រោះឪពុកម្តាយខ្ញុំបានរអ៊ូរទាំដាក់អង្គការដែលយកគោ-ក្របីរបស់គាត់ទៅភ្ជួរស្រែរួចហើយមិនឲ្យស៊ីស្មៅធ្វើឲ្យគោ-ក្របីរបស់គាត់ស្គម។ ក្រោយមកបានឮដល់អង្គការ ហើយអង្គការបានយកឪពុកខ្ញុំទៅអប់រំ ឃើញដូច្នេះទើបខ្ញុំសម្រេចចិត្តថា មានតែចូលបម្រើក្នុងជួរកងទ័ពទេ ទើបក្រុមគ្រួសាររបស់ខ្ញុំបានរួចពីការចោទប្រកាន់ និងមិនមានកម្មាភិបាលខ្មែរក្រហមមកធ្វើបាប។

ឡាយ មឿន សព្វថ្ងៃរស់នៅភូមិពន្លៃ ឃុំអង្គរស ស្រុកមេសាង ខេត្តព្រៃវែង។ (ផេង ពង្សរ៉ាស៊ី/មជ្ឈមណ្ឌលឯកសារកម្ពុជា)

ពេលខ្ញុំចូលបម្រើកងទ័ពដំបូង ខ្ញុំនៅក្នុងអង្គភាព ង-៥៩ និងមានស្នាក់ការនៅឃុំសន្ទៃ ក្នុងស្រុកពញាក្រែក ខេត្តកំពង់ចាម។ នៅទីនោះ ខ្ញុំហ្វឹកហាត់ក្បួនយុទ្ធសាស្រ្តយោធាផង និងការពារតាមព្រំដែនផង។ ខ្ញុំឈរជើងនៅទីនោះគឺមានគ្រោះថ្នាក់ខ្លាំងណាស់ដោយសារតែនៅជាប់ជាមួយនឹងព្រំដែនប្រទេសវៀតណាម ដែលជាសត្រូវរបស់ខ្មែរក្រហម និងមានការប៉ះទង្គិចគ្នាកើតឡើងជាញឹកញាប់ ហើយការប្រយុទ្ធគ្នាខ្លាំងកើតឡើងនៅចន្លោះពីឆ្នាំ១៩៧៧ ដល់ដើមឆ្នាំ១៩៧៩។ នៅពេលនោះ កងទ័ពខ្មែរក្រហមខាងភូមិភាគបូព៌ាបានប្រើនូវក្បួនយុទ្ធសាស្ត្រ ដោយបញ្ឆោតឲ្យកងទ័ពវៀតណាមវាយសម្រុកចូលមកដល់ទឹកដីសួងរួចហើយ ប៉ុល ពត បានឲ្យ ខៀវ សំផន ប្រកាសថាវៀតណាមឈ្លានពានទឹកដី បន្ទាប់មកកងទ័ពខាងភូមិភាគបូព៌ាចាប់ផ្តើមបិទច្រក និងវាយកងទ័ពវៀតណាមតែម្តង។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក៏កងទ័ពភូមិភាគបូព៌ាបានស្លាប់ច្រើននាក់ដែរ។

ផ្លូវលំនៅក្នុងឃុំអង្គរស ស្រុកមេសាង ខេត្តព្រៃវែង។ (ផេង ពង្សរ៉ាស៊ី/មជ្ឈមណ្ឌលឯកសារកម្ពុជា)

ខ្ញុំបានរងរបួសនៅពេលចេញប្រយុទ្ធតទល់នឹងកងទ័ពវៀតណាមនៅសមរភូមិ ហើយត្រូវកងទ័ពវៀតណាមបាញ់ត្រូវចំក និងភ្លៅ។ ខ្ញុំសម្រាកព្យាបាលនៅមន្ទីរពេទ្យរយៈពេល១ខែ ទើបបានធូរស្រាល។ ខ្ញុំព្រមទាំងកងទ័ពភូមិភាគបូព៌ាត្រូវរំសាយ និងវិលត្រឡប់មកផ្ទះវិញ បន្ទាប់ពីលេខាតំបន់ និងភូមិភាគបូព៌ា ត្រូវបានថ្នាក់លើចោទប្រកាន់ថា ចូលដៃចូលជើងជាមួយវៀតណាម និងបើកផ្លូវឲ្យកងទ័ពវៀតណាមវាយចូលមកប្រទេសកម្ពុជាដែលក្បត់នឹងអង្គការ។ នៅពេលនោះខ្ញុំភិតភ័យខ្លាំងណាស់ ព្រោះមេបញ្ជាការធំៗដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ សោ ភឹម ត្រូវបានអង្គការចាប់យកទៅសម្លាប់ចោលទាំងអស់ ប៉ុន្តែសំណាងល្អខ្ញុំមិនត្រូវបានខ្មែរក្រហមចាប់ខ្លួន ឬហៅទៅរៀនសូត្រ។ នៅពេលខ្ញុំត្រឡប់មកដល់ភូមិពន្លៃវិញ ខ្មែរក្រហមបានរៀបចំពិធីមង្គលការឲ្យខ្ញុំជាមួយនឹងប្រពន្ធរបស់ខ្ញុំឈ្មោះ កែប សាម៉ែន ហើយដំណាលគ្នាដែរ ខ្មែរក្រហមក៏រៀបចំការឲ្យប្រជាជនដទៃទៀតសរុបទាំងខ្ញុំ មានចំនួន៣៦គូ។

វាលស្រែនៅក្នុងឃុំអង្គរស ស្រុកមេសាង ខេត្តព្រៃវែង។ (ផេង ពង្សរ៉ាស៊ី/មជ្ឈមណ្ឌលឯកសារកម្ពុជា)

បន្ទាប់ពីខ្ញុំរៀបការបានរយៈពេលមួយសប្តាហ៍ នៅខែវិច្ឆិកា ឆ្នាំ១៩៧៨ ខ្មែរក្រហមបានជម្លៀសប្រជាជននៅក្នុងភូមិពន្លៃ ព្រមទាំងក្រុមគ្រួសាររបស់ខ្ញុំឲ្យទៅរស់នៅភូមិភាគពាយ័ព្យ។ ខ្ញុំនិងអ្នកឯទៀតបានធ្វើដំណើរដោយថ្មើរជើងទៅអ្នកលឿង រួចឡើងជិះកប៉ាល់ដែលមានលេខសម្គាល់៤២។ កប៉ាល់បានបើកទៅឈប់នៅច្រាំងបាក់ ស្ថិតនៅក្នុងសង្កាត់ច្បារអំពៅ ក្រុងភ្នំពេញ។ ពេលទៅដល់ទីនោះ ខ្មែរក្រហមឲ្យប្រជាជនឈប់សម្រាកហូបបាយ បន្ទាប់មកនៅវេលាម៉ោង៩យប់ ក៏ឲ្យប្រជាជនឡើងជិះរថភ្លើងបន្តទៀត។ នៅក្នុងទូរថភ្លើងនោះមានប្រជាជនជម្លៀសប្រមាណ២០០នាក់ ប៉ុន្តែគ្មាននរណាម្នាក់ហ៊ានមាត់ឡូឡា ឬជជែកគ្នាឡើយ។ ខ្ញុំធ្វើដំណើរតាមរថភ្លើងមួយយប់ ហើយនៅថ្ងៃបន្ទាប់ទើបទៅដល់ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ ប្រជាជនជួបការលំបាកដោយសារមិនមានបាយហូប។ នៅទីនោះ ប្រពន្ធរបស់ខ្ញុំត្រូវបានអង្គការស្នើឲ្យច្រូតស្រូវ ចំណែកខ្ញុំត្រូវទៅធ្វើការនៅក្នុងកងចល័ត ធ្វើស្រូវប្រាំង និងឃ្វាលគោក្របី។

ខ្ញុំនៅធ្វើការនៅស្រុកមោងឫស្សីរហូតដល់របបខ្មែរក្រហមដួលរលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ទើបខ្ញុំសុំរថយន្តកងទ័ពវៀតណាមជិះមកដល់អ្នកលឿង រួចហើយខ្ញុំដើរត្រឡប់មកផ្ទះនៅភូមិពន្លៃវិញ។ ក្រោយមក ខ្ញុំត្រូវបានជ្រើសរើសឲ្យធ្វើជាមេក្រុមប្រវាស់ដៃ និងដឹកនាំប្រជាជនចំនួន១២នាក់ដើម្បីធ្វើស្រែ។ សព្វថ្ងៃ ខ្ញុំនិងប្រពន្ធមានកូនប្រុសស្រីចំនួន១០នាក់ និងរស់នៅដោយសុភមង្គលជាមួយជីវភាពសមរម្យ។

អត្ថបទ ៖ ថុន ស្រីពេជ្រ បុគ្គលិកមជ្ឈមណ្ឌលឯកសារ ខេត្តព្រៃវែង

អត្ថបទផ្សេងទៀត៖