វេទិកាសហគមន៍នៅក្នុងភូមិទួលប្រាសាទ

មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង នៃមជ្ឈមណ្ឌលឯសារកម្ពុជា បានរៀបចំវេទិកាសហគមន៍មួយនៅក្នុងភូមិទួលប្រាសាទ នៃស្រុកអន្លង់វែង ដោយផ្ដោតទៅលើ «ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងដំណើរការនៃការកាត់ទោសមេដឹកនាំខ្មែរក្រហមនៅក្នុងអង្គជំនុំជម្រះវិសាមញ្ញតុលាការកម្ពុជា»។ វេទិកាសហគមន៍នេះត្រូវបានធ្វើឡើងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងសាលាឆទានមួយនៃភូមិទួលប្រាសាទ ដោយមានការចូលរួមពីប្រជាជនចំនួន២៧នាក់ រាប់បញ្ចូលទាំងកុមារ ដែលមានស្រី១៥នាក់ និងប្រុស១៣នាក់។ ភូមិទួលប្រាសាទនេះ ក៏ត្រូវបានស្គាល់ថាជាភូមិចំណាស់មួយស្ថិតនៅក្នុងស្រុកអន្លង់វែង ដែលមានប្រជាជនរស់នៅសរុបចំនួន៨៨គ្រួសារ។ ភាគច្រើនប្រជាជននៅទីនោះ រស់នៅពឹងផ្អែកទៅលើរបរកសិកម្ម និងការធ្វើស្រែចម្ការដើម្បីចិញ្ចឹមជិវិត។

បណ្ឌិត លី សុខឃាង ដែលជាអ្នកដឹកនាំនៅក្នុងការពិភាក្សានេះបានលើកយកនូវរឿងរ៉ាវទាក់ទងនឹងប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (ឆ្នាំ១៩៧៥-១៩៧៩)។ ក្រោយពេលដែលទទួលបានជ័យជម្នះនៅថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហមបានធ្វើការជម្លៀសប្រជាជនយ៉ាងបង្ខំចេញដោយពីទីក្រុងទៅកាន់ទីជនបទ។ ក្នុងការដឹកនាំបែបផ្ដាច់ការនៃរបបនេះ បានធ្វើឲ្យប្រជាជនខ្មែរជាង២លាននាក់ត្រូវបានស្លាប់ ដោយសារការធ្វើទារុណកម្ម ការធ្វើការងារដោយបង្ខំ និងការបង្អត់អាហារ។ បន្ទាប់ពីរបបនេះត្រូវបានដួលរលំ អ្នកស្រាវជ្រាវបានរកឃើញថា មានរណ្ដៅសាកសពជិត២ម៉ឺនរណ្ដៅ នៅទូទាំងប្រទេសកម្ពុជាដែលសេសសល់ក្រោយសម័យសង្គ្រាម។ ដំណើរការនៃការស្វែងរកយុត្តិធម៌ នៅក្នុងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាកម្ពុជា ឬហៅកាត់ថា អ.វ.ត.ក បានធ្វើការកាត់ក្ដីទៅលើមេដឹកនាំកំពូលនៃរបបកម្ពុជាប្រជាធិតេយ្យនេះ ដោយបែងចែកជាសំណុំរឿង០០១, ០០២, ០០៣ និង០០៤។ នៅខែកញ្ញា ឆ្នាំ២០២២ ដំណើរការនៃការស្វែងរកយុត្តិធម៌នេះក៏ត្រូវបានបិទបញ្ចប់ជាស្ថាពរ បន្ទាប់ពីតុលាការធ្វើការកាត់ទោសឲ្យ ខៀវ សំផន ដែលជាអតីតមេដឹកនាំខ្មែរក្រហមតែម្នាក់គត់ដែលនៅរស់ ឲ្យជាប់ពន្ធធានាអស់មួយជីវិត។ ក្នុងអំឡុងពេលនៃការធ្វើបទបង្ហាញនេះ សង្កេតឃើញថាប្រជាជនមួយចំនួននៅក្នុងភូមិស្គាល់ឈ្មោះមេដឹកនាំខ្មែរក្រហមជាច្រើនបានយ៉ាងច្បាស់ដូចជា ប៉ុល ពត, នួន ជា, ខៀវ សំផន, អៀង សារី និងមេដឹកនាំផ្សេងទៀត។

តាមរយៈការពិភាក្សាអំពីកេរដំណែលនៃតុលាការខ្មែរក្រហម បានបង្ហាញឲ្យឃើញថា ភាពស្មើគ្នាចំពោះមុខច្បាប់គឺមានសារសំខាន់ណាស់សម្រាប់ប្រជាជនគ្រប់រូប។ មិនតែប៉ុណ្ណោះវេទិកានេះក៏បានផ្ដល់ឱកាសឲ្យប្រជាជនធ្វើការចែករំលែកអំពីបទពិសោធជីវិតដែលខ្លួនធ្លាប់បានឆ្លងកាត់នៅក្នុងសម័យសង្គ្រាម រួមទាំងការជជែកពីបញ្ហាផ្សេងៗដែលប្រឈមនៅក្នុងសហគមន៍។ ប្រជាជនក៏បានលើកយកបញ្ហាប្រឈមចម្បងបំផុតចំពោះភូមិទួលប្រាសាទគឺ ស្ពាន ផ្លូវ ដែលជារៀងរាល់ឆ្នាំត្រូវបានជន់លិច និងខូចខាតដោយសារកម្លាំងទឹកហូរនាពេលរដូវវស្សា។ បញ្ហានេះបានធ្វើឲ្យប្រជាជនមានការលំបាក ជាពិសេសកុមារមិនអាចធ្វើដំណើរទៅរៀនបាន។ ក្នុងនោះប្រជាជនក៏បានលើកយកអំពីវិធីក្នុងការដឹកចម្លងអ្នកជំងឺឆ្លងទឹកតាមបែបបុរាណ ដែលខ្លួនធ្លាប់បានអនុវត្តនៅក្នុងអំឡុងពេលមានសង្គ្រាម។ ប្រជាជនបានយកតង់កៅស៊ូចងក្របួចទាំងសងខាងឲ្យមានរាងដូចជាទូក រួចយកស្លឹកឈើដាក់នៅក្នុងតង់កៅស៊ូនោះ ហើយឲ្យអ្នកជំងឺដេកនៅពីលើ។ បន្ទាប់មកត្រូវសែងតង់កៅស៊ូដែលមានមនុស្សដេកនោះ ទៅដាក់បណ្តែតលើទឹកដោយមានអ្នកហែលទប់នៅត្រង់កន្លែងចងក្របួចទាំងសងខាងនោះដើម្បីកុំឲ្យលិច។ ចុងបញ្ចប់នៃកម្មវិធីនេះប្រជាជនក៏បានលើកជាសំណើរមកកាន់ក្រុមការងារ ដើម្បីអំពាវនាវឲ្យមានការជួយឧបត្ថមជាទូកជ័រមួយគ្រឿង ទុកចម្លងប្រជាជនក្នុងគ្រាមានអាសន្ន ឬពេលរដូវទឹកឡើង។

អត្ថបទ ៖ ហ៊ាន ពិសី អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖

មជ្ឈមណ្ឌលផ្សះផ្សាវាលវែងបញ្ចាំងខ្សែភាពយន្តឯកសាររឿង «កុំស្មានបងភ្លេច» ឱ្យសិស្សមកពីវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយទស្សនាដើម្បីយល់ដឹងអំពីការបាត់បង់តន្រ្តីអំឡុងពេលសង្រ្គាម និងប្រវត្តិសាស្រ្តខ្មែរក្រហម