វេទិកាអប់រំសហគមន៍ស្ដីពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ក្រោមប្រធានបទ៖ «ការជម្លៀសដោយបង្ខំ»

នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ មជ្ឈមណ្ឌលលឯកសារខេត្តកំពង់ចាម រៀបវេទិកាអប់រំសហគមន៍ស្តីពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ដោយមានការចូលរួមពីលោក ឌឿន គឹមសាន មេភូមិទី១៣ ឃុំកោះសូទិន, អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម, និងយុវជន-យុវនារីមកពីស្រុកបាធាយ។ វេទិកាអប់រំសហគមន៍នៅខែមេសានេះ គឺផ្ដោតសំខាន់ទៅលើប្រធានបទ ៖ «ការជម្លៀសដោយបង្ខំ» ត្រូវបានរៀបចំធ្វើឡើងក្នុងគោលបំណងផ្តល់ចំណេះដឹងដល់សិស្សអំពីប្រវត្តិសាស្រ្តខ្មែរក្រហម និងអំពីបទពិសោធន៍របស់ប្រជាជនជម្លៀសចេញពីទីក្រុងភ្នំពេញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ មកកាន់ស្រុកកោះសូទិន។

ជាកិច្ចចាប់ផ្ដើម លោកមេភូមិ ឌឿន គឹមសាន្ត ដែលបានរួចផុតពីសេចក្ដីស្លាប់ពីរបបខ្មែរក្រហម និយាយស្វាគមន៍យុវជន-យុវនារីចូលរួមទាំងអស់ និងប្រាប់អំពីពីសារសំខាន់ក្នុងការចងចាំប្រវត្តិសាស្រ្តខ្មែរក្រហម ដោយបានរំឭកអំពីបទពិសោធន៍របស់ខ្លួន រួមមាន ៖ ការធ្វើការងារហួសកម្លាំង ការហូបចុកមិនគ្រប់គ្រាន់ ការបែកបាក់គ្រួសារ និងការបាត់បង់ជីវិតបងប្អូននិងឪពុកម្ដាយក្នុងរបបខ្មែរក្រហម។ ជាចុងក្រោយ លោកមេភូមិទី១៣ លើកទឹកចិត្ដដល់យុវជន-យុវនារីចូលរួមវេទិកានេះឲ្យខិតខំស្វែងយល់អំពីប្រវត្តិសាស្រ្តនេះ។

បទបង្ហាញស្ដីពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)

ជាកិច្ចបន្ត លោក ស៊ាង ចិន្ដា នាយកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម បានលើកឡើងអំពីព្រឹត្តិការណ៍ការសម្លាប់រង្គាល និងអំពើប្រល័យពូជសាសន៍ នៅក្នុងសតវត្សរ៍ទី២០ ដែលបានចាប់ផ្ដើមនៅខែមេសា។ លោក ស៊ាង ចិន្ដា ពន្យល់បន្ថែមទៅកាន់យុវជន-យុវនារីចូលរួមថា «ខែមេសាគឺជាខែនៃការក្រើនរំឭកអំពីអំពើប្រល័យពូជសាសន៍ដែលបានចាប់ផ្ដើមកើតមានឡើងនៅក្នុងប្រវត្តិសាស្រ្តសកលលោក និងចាប់ផ្ដើមកើតមានឡើងនៅក្នុងខែមេសានេះ។ បន្ទាប់ពីរំឭកអំពីព្រឹត្តិការណ៍ការសម្លាប់រង្គាល និងអំពើប្រល័យពូជសាសន៍ក្នុងសកលលោក លោក ស៊ាង ចិន្ដា បន្តធ្វើបទបង្ហាញរបស់ខ្លួនស្ដីពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ដែលបានផ្ដោតសំខាន់ទៅលើបរិបទប្រវត្តិសាស្រ្ត ចាប់ពីរដ្ឋប្រហារ លន់ នល់ នៅឆ្នាំ១៩៧០, ការផ្ទុះឡើងនូវសង្រ្គាមរវាងទាហាន លន់ នល់ និងកងទ័ពរំដោះខ្មែរក្រហម, ការឡើងកាន់អំណាចរបស់ខ្មែរក្រហម រហូតដល់ការជម្លៀសប្រជាជនចេញពីទីក្រុង និងទីប្រជុំជនទៅកាន់ជនបទ។

កិច្ចពិភាក្សាអន្តរជំនាន់ ក្រោមប្រធានបទ៖ «ការជម្លៀសដោយបង្ខំ»

បន្ទាប់ពីបទបង្ហាញត្រូវបានបញ្ចប់ លោក ស៊ាង ចិន្ដា បានបន្តដឹកនាំការពិភាក្សាក្រោមប្រធានបទ៖ «ការជម្លៀសដោយបង្ខំ» ដោយមានការចូលរួមរបស់អ៊ំស្រី ស្រេង ស៊ីថា និងអ៊ំស្រី ធី វាសនា ដែលជាប្រជាជនជម្លៀសពីទីក្រុងភ្នំពេញ បន្ទាប់ពីខ្មែរក្រហមបានចូលកាន់កាប់ទីក្រុងភ្នំពេញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ អ៊ំស្រី ស៊ីថា និងអ៊ំស្រី វាសនា បានធ្វើដំណើរដោយថ្មើរជើងចាកចេញពីទីក្រុងភ្នំពេញ មកកាន់ភូមិកំណើតនៅស្រុកកោះសូទិនអស់រយៈពេលជិត១ខែ។ ក្រោមកម្តៅថ្ងៃក្ដៅ និងគ្មានអាហារហូបគ្រប់គ្រាន់ អ៊ំស្រីទាំង២នាក់ស្ទើរតែមិនអាចដើរមកដល់ភូមិវិញ ស្របពេលដែលប្រជាជនជម្លៀសមួយចំនួនបានស្លាប់នៅតាមដងផ្លូវ។ បទពិសោធន៍នៃការធ្វើដំណើរដ៏សែនលំបាកនេះ គឺនៅតែស្ថិតនៅក្នុងការចងចាំរបស់អ៊ំស្រីទាំង បើទោះបីជាព្រឹត្តិការណ៍បានបញ្ចប់ទៅ៤៤ឆ្នាំមុនក៏ដោយ។ អ៊ំស្រីទាំង២នាក់បាននិយាយរៀបរាប់អំពីដំណើរថ្មើរជើងជិត១ខែពីទីក្រុងភ្នំពេញមកកាន់ភូមិកំណើតស្ថិតនៅស្រុកកោះទិន ដូចខាងក្រោមនេះ៖

អ៊ំស្រី ស្រេង ស៊ីថា អាយុ៦២ឆ្នាំ បច្ចុប្បន្នរស់នៅភូមិទី៨ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម គឺជាប្រជាជនជម្លៀសចេញពីទីក្រុងភ្នំពេញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ រៀបរាប់ថា ៖

«ខ្ញុំមានស្រុកកំណើតនៅភូមិចុងកោះជើង ស្រុកកោះសូទិន។ នៅវ័យកុមារ ខ្ញុំទៅរៀននៅសាលាបឋមសិក្សាទួលថ្មរហូតដល់បញ្ចប់ថ្នាក់៧ចាស់។ ខ្ញុំបានប្រឡងចូលរៀនថ្នាក់ទី៦នៅវិទ្យាល័យព្រះសីហនុ។ បន្ទាប់ពីមានរដ្ឋប្រហារទម្លាក់សម្ដេច សីហនុ នៅដើមឆ្នាំ១៩៧០ ខ្ញុំឃើញមានការធ្វើបាតុកម្មនៅទីរួមខេត្តកំពង់ចាម។ បាតុកម្មបានអូសបន្លាយរយៈពេលប្រហែលជា២-៣ថ្ងៃ។ មិនយូរប៉ុន្មានបន្ទាប់ពីបាតុកម្មបានបញ្ចប់ សង្រ្គាមរវាងទាហានលន់ នល់ និងកងទ័ពរំដោះខ្មែរក្រហមបានផ្ទុះឡើង។ នៅពេលនោះ ឪពុករបស់ខ្ញុំគឺជានាយទាហានលន់ នល់ ថ្នាក់អនុសេនីយ៍ឯក។  ចាប់ពីចុងឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧២ សង្រ្គាមរវាងទាហានលន់ នល់ ដែលឈរជើងនៅក្រវ៉ាត់ក្រុងខេត្តកំពង់ចាម និងកងទ័ពរំដោះខ្មែរក្រហមដែលឈរជើងនៅតាមភូមិផ្ទុះកាន់តែខ្លាំងឡើង។ នៅឆ្នាំ១៩៧៣ ដោយបានឃើញស្ថានភាពមិនស្រួល ឪពុករបស់ខ្ញុំបានយកគ្រួសារជិះយន្តហោះនៅព្រលានយន្តហោះស្ថិតនៅម្ដុំវាលវង់ ខេត្តកំពង់ចាម ដើម្បីរកកន្លែងសុវត្ថិភាពគឺទីក្រុងភ្នំពេញ។ បន្ទាប់មក ឪពុករបស់ខ្ញុំបានផ្លាស់ទៅធ្វើការនៅកំពង់សោម។ ខ្ញុំ និងគ្រួសារបានទៅរស់នៅជាមួយឪពុកនៅទីនោះ។ នៅឆ្នាំ១៩៧៤ ឪពុករបស់ខ្ញុំត្រូវបានផ្លាស់មកភ្នំពេញវិញ។ នៅពេលនោះ ឪពុកនិងម្ដាយខ្ញុំបានទិញផ្ទះមួយនៅម្ដុំវត្តទឹកល្អក់។ ខ្ញុំបានចូលរៀននៅសាលាឯកជនមួយឈ្មោះ តារាសាស្រ្ត ដោយបានរៀនត្រឹមថ្នាក់ទី៤។ ប៉ុន្មានខែបន្ទាប់មក ឪពុករបស់ខ្ញុំទទួលបានតួនាទីជាបាឡ័តខេត្តកំពត។ នៅពេលនោះ ឪពុករបស់ខ្ញុំបានធ្វើដំណើរទៅកាន់ខេត្តកំពតតាមរយៈយន្តហោះខ្នាតតូច ពីព្រោះតែការធ្វើដំណើរតាមផ្លូវជាតិគឺមិនមានសុវត្ថិភាព និងអាចទទួលរងការវាយប្រហារពីកងទ័ពរំដោះខ្មែរក្រហម។ ម្ដាយ និងបងប្អូនខ្ញុំផ្សេងទៀតគឺបន្តរស់នៅទីក្រុងភ្នំពេញ។ នៅពេលដែលកងទ័ពរំដោះខ្មែរក្រហមខិតជិតចូលមកដល់ទីក្រុងភ្នំពេញ ឪពុករបស់ខ្ញុំសម្រេចចិត្តជិះយន្តហោះខ្នាតតូចវិលត្រឡប់មកភ្នំពេញដើម្បីជួបជុំជាមួយគ្រួសារ។ ឪពុកខ្ញុំបានមកដល់ផ្ទះវិញ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ១៩៧៥ គឺមួយថ្ងៃមុនពេលកងទ័ពរំដោះខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញ។ នៅវេលាប្រហែលម៉ោង៤រសៀល ខ្ញុំឮសូរការទម្លាក់គ្រាប់បែកនៅម្ដុំខ្ញុំរស់នៅ។ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពរំដោះខ្មែរក្រហមបានចូលកាន់កាប់ទីក្រុងភ្នំពេញ។ កងទ័ពខ្មែរក្រហមបានមកគោះទ្វារផ្ទះ ប៉ុន្តែឪពុកខ្ញុំបានប្រាប់ថា សុំស្នាក់នៅផ្ទះមួយយប់សិន។ នៅព្រឹកថ្ងៃបន្ទាប់គឺថ្ងៃទី១៨ ខែមេសា កងទ័ពខ្មែរក្រហមបានមកប្រាប់គ្រួសារខ្ញុំចាកចេញពីទីក្រុងភ្នំពេញត្រឹមតែ៣ថ្ងៃប៉ុណ្ណោះ។ ភ្លាមនោះ ម្ដាយខ្ញុំបានរៀបចំយកមុង ភួយ និងខោអាវខ្លះ មុនពេលចាកចេញពីផ្ទះ។ គ្រួសាររបស់ខ្ញុំដើមតាមផ្លូវទឹកល្អក់ រហូតដល់អង់តែនទួលគោកឆ្ពោះទៅគីឡូម៉ែត្រលេខ៦ និងបន្តឆ្ពោះទៅព្រែកក្ដាមដើម្បីឆ្លងទន្លេទៅខាងកំពង់ចាម។ ខ្ញុំឃើញមានប្រជាជនជាច្រើននាក់ដើរពាសពេញផ្លូវទៅព្រែកក្ដាម។ គ្រួសារខ្ញុំបានដើរ៤ថ្ងៃទើបទៅដល់កំពង់ចម្លងព្រែកក្ដាម។ ខ្ញុំនៅចាំបានថា កងទ័ពខ្មែរក្រហមបានស្កាត់សួរអំពីប្រវត្តិរបស់ប្រជាជនជម្លៀសពីភ្នំពេញ។ ការស្កាត់សួរអំពីប្រវត្តិលើកទី១គឺនៅក្នុងវត្តមួយ ដែលខ្ញុំមិនបានចាំឈ្មោះវត្តនោះទេ។ នៅពេលនោះ ឪពុករបស់ខ្ញុំប្រាប់កងទ័ពខ្មែរក្រហមថា គាត់គឺជាអ្នកបើកឡាននៅភ្នំពេញ។ ការស្កាត់សួរអំពីប្រវត្តិលើកទី២គឺនៅម្ដុំរការកោង។ ប្រជាជនជាច្រើននាក់ ដែលត្រូវបានស៊ើបដឹងថា ធ្លាប់បម្រើការជាគ្រូបង្រៀន ទាហាន ឬមន្រ្តីក្នុងរបបលន់ នល់ ត្រូវបានកងទ័ពខ្មែរក្រហមមិនអនុញ្ញាតបន្តដំណើរទៅមុខបាននោះទេ និងក្រោយមកត្រូវបានយកទៅសម្លាប់ចោល។ គ្រួសារខ្ញុំបន្តដំណើរថ្មើរជើងរហូតដល់ភូមិកំណើតខាងឪពុករបស់ខ្ញុំ។»

អ៊ំស្រី ធី វាសនា អាយុ៦៤ឆ្នាំ បច្ចុប្បន្នរស់នៅភូមិទី៨ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម គឺជាប្រជាជនជម្លៀសចេញពីទីក្រុងភ្នំពេញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ រៀបរាប់ថា៖

«ខ្ញុំកើតនៅភូមិទី៨ ឃុំកោះសូទិន នេះតែម្ដង។ នៅវ័យកុមារ ខ្ញុំរៀនសូត្រនៅសាលាបឋមសិក្សាវត្តគ្រូអ៊ុករហូតដល់ថ្នាក់ទី៩ចាស់។ បន្ទាប់មក ខ្ញុំរស់នៅជាមួយបងស្រីនៅទីរួមខេត្តកំពង់ចាម និងបន្តចូលរៀននៅសាលាបឋមសិក្សាទួលថ្ម រហូតដល់ថ្នាក់ទី៦ចាស់។ បន្ទាប់ពីរដ្ឋប្រហារ លន់ នល់ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ខ្ញុំឃើញបាតុកម្មបានផ្ទុះឡើង និងក្បួនបាតុករដង្ហែរចូលមកដល់ទីរួមខេត្តកំពង់ចាម។ នៅឆ្នាំ១៩៧១ និងឆ្នាំ១៩៧២ ខ្ញុំបន្តស្នាក់នៅជាមួយគ្រួសារនៅទីរួមខេត្តកំពង់ចាម ប៉ុន្តែខ្ញុំឈប់រៀនទៅហើយ ពីព្រោះនៅពេលនោះមានសង្រ្គាមរវាងទាហានលន់ នល់ និងកងទ័ពរំដោះខ្មែរក្រហមផ្ទុះកាន់តែខ្លាំងឡើងៗ។ កងទ័ពរំដោះខ្មែរក្រហមបើកការវាយប្រហារ និងរំកិលចូលមកទីរួមខេត្តជារៀងរាល់ថ្ងៃ។ នៅពាក់កណ្ដាលឆ្នាំ១៩៧៣ ទីរួមខេត្តកំពង់ចាមត្រូវបានឡោមព័ទ្ធទៅដោយកងទ័ពរំដោះខ្មែរក្រហម។ ខ្ញុំ និងគ្រួសារ នាំគ្នារត់ទៅជិះម៉ារីនរបស់ទាហានលន់ នល់ ទាំងយប់មកទីក្រុងភ្នំពេញ។ នៅតាមដងទន្លេពីទីរួមខេត្តកំពង់ចាម ទៅកាន់ទីក្រុងភ្នំពេញ នាវាម៉ារីនរបស់ទាហានលន់ នល់ ដែលដឹកជញ្ជូនប្រជាជនជម្លៀសនៅទីរួមខេត្តកំពង់ចាម ទទួលរងការវាយប្រហារពីកងទ័ពរំដោះខ្មែរក្រហមជាបន្តបន្ទាប់។ យ៉ាងណាក៏ដោយ នាវាប្រយុទ្ធម៉ារីនរបស់ទាហានលន់ នល់ ចេញមកធ្វើអន្តរាគមន៍ដោយបានបាញ់គ្រាប់ទប់ទល់ និងបើផ្លូវសុវត្ថិភាពឲ្យនាវាម៉ារីនដែលដឹកប្រជាជនបន្តដំណើរទៅមុខទៀត។ ខ្ញុំ និងគ្រួសារមកដល់ទីក្រុងភ្នំពេញនៅព្រឹកបន្ទាប់ និងទៅស្នាក់នៅម្ដុំស្ទឹងមានជ័យ។ បន្ទាប់មក ខ្ញុំចូលរៀននៅសាលាបឋមសិក្សាកែសុងគីម និងរៀនថ្នាក់ទី៥។ នៅឆ្នាំ១៩៧៥ កងទ័ពរំដោះខ្មែរក្រហមវាយបែកភ្នំពេញ និងជម្លៀសប្រជាជនចេញពីទីក្រុង។ នៅពេលនោះ ខ្ញុំបែកពីឪពុកម្ដាយខ្ញុំ ប៉ុន្តែក្រោយមក ខ្ញុំទទួលបានដំណឹងថា គាត់ទាំង២បានមកដល់ភូមិកំណើត។ ខ្ញុំដើរចេញពីទីក្រុងភ្នំពេញតាមព្រែកព្នៅ និងចំណាយរយៈពេលកន្លះខែទើបបានមកដល់»។

ការអនុវត្តសកម្មភាព «ប្រអប់សង្រ្គោះជីវិតក្នុងគ្រាជម្លៀសដោយបង្ខំ»

បន្ទាប់ពីអ៊ំស្រីទាំង២បានបញ្ចប់ការនិយាយប្រាប់អំពីបទពិសោធន៍ជម្លៀសក្នុងរបបខ្មែរក្រហម យុវជន-យុវនារីទទួលបានកិច្ចការងារក្នុងការបង្កើត «ប្រអប់សង្រ្គោះជីវិតក្នុងគ្រាជម្លៀសដោយបង្ខំ» និងត្រូវបានបែងចែកជា៣ក្រុមពិភាក្សា។ គោលបំណងនៃការអនុវត្តសកម្មភាពនេះ គឺដើម្បីឲ្យយុវសិស្សដែលជាក្មេងជំនាន់ក្រោយមានការត្រិះរិះពិចារណារបស់ខ្លួនក្នុងការបង្កើតប្រអប់សង្រ្គោះជីវិតរបស់ខ្លួនក្នុងគ្រាលំបាក និងយល់អំពីទុកលំបាករបស់ប្រជាជនជម្លៀសក្នុងអាកាសធាតុក្ដៅក្នុងខែមេសានេះ។ ក្រុមពិភាក្សាទាំងអស់មានរយៈពេល៣០នាទីដើម្បីពិភាក្សាជាក្រុមក្នុងការជ្រើសរើសយកសម្ភារចំាបាច់ក្នុងការធ្វើដំណើរថ្មើរជើងក្រោមកម្ដៅថ្ងៃក្ដៅក្នុងខែមេសានេះ។ បន្ទាប់មក ក្រុមនីមួយៗបានជ្រើសរើសតំណាងដើម្បីប្រាប់សម្ភារដែលក្រុមរបស់ខ្លួនបានជ្រើសរើស និងការពន្យល់អំពីភាពចាំបាច់នៃសម្ភារនីមួយៗដូចខាងក្រោមនេះ៖

  • ក្រុមទី១ ដែលមានសមាជិកក្រុមរួមមាន ផន វីរ:, ផេង យូផាត់, ថា រត្ថា, ឡូត សារីវិច្ឆការ, ប៉ាង ស្រីនីត, ធី ណារីន, និងគីម សុខនាង, វ៉ិត រ៉ាវិត, ណាក់ ឧត្ដម, ឈីនណា ពីន, នាង ករុណា, វ៉េន ពីន, ទ្រេន ធារ៉ា, សំ ថារីត និងស៊ុន វីសាលបានជ្រើសរើសសម្ភារ និងរបស់របរដាក់ក្នុងប្រអប់សង្រ្គោះជីវិតរបស់ខ្លួន រួមមាន ៖ អង្ករ, ឆ្នាំង, ចាន, ដបទឹក, ថ្នាំសង្កូវ, ភួយ, អាហារក្រៀម និងសម្លៀក។ ក្រុមទី១ បានគូសបញ្ជាក់ថា «សម្ភារ និងរបស់របរខាងលើនេះ គឺពិតជាចាំបាច់ដែលងាយស្រួលយកតាមខ្លួន និងទុកដាក់ ក្នុងការធ្វើដំណើរផ្លូវឆ្ងាយដែលអាចដោះស្រាយរាល់បញ្ហាណាមួយដែលកើតមានឡើង»។
  • ក្រុមទី២ ដែលមានសមាជិកក្រុមរួមមាន គង់ រតនសិត្យា, ហ៊ាន គីមអូន, ផាត វិសា, សួ ស៊ីតុង, ងិត លីនដា, អឿន ស្រីនីន, សារឿន រ៉ាវី, ស្រេង លាងស្រុង, ហឿន គឹមហុង, រឿន ចន្ទមុន្នីរ័តិន, ជួន រិទ្ធី និងលី សីលា បានជ្រើសរើសសម្ភារ និងរបស់របរដាក់ក្នុងប្រអប់សង្រ្គោះជីវិតរបស់ខ្លួនរួមមាន ៖ ឆ្នាំង, ថ្នាំសង្កូវ, សម្លៀកបំពាក់, អាហារ, អង្ករ, ដែកកេះ និងទឹក។ ក្រុមទី២ បង្ហាញចំណាប់អារម្មណ៍បន្ថែមថា «ប្រសិនបើស្ថិតនៅក្នុងព្រឹត្តិការណ៍នៃការជម្លៀសដោយបង្ខំ នៅថ្ងៃទី១៧ ខែមេសា យើងត្រូវយកសម្ភារ និងរបស់របរដែលត្រូវការចាំបាច់បំផុតនោះ រួមមាន៖ ម្ហូបអាហារសម្រាប់ហូប ទឹកសម្រាប់ទ្រទ្រង់រាងកាយ និងបំបាត់ភាពអស់កម្លាំង ថ្នាំសម្រាប់ព្យាបាលជំងឺ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃផ្សេងទៀត។ ការរើសយកសម្ភារត្រឹមត្រូវគឺអាចជួយឲ្យយើងទៅដល់គោលដៅក្នុងដំណើរវែងឆ្ងាយ»។
  • ក្រុមទី៣ ដែលមានសមាជិកក្រុម រួមមាន រូ ស្រីឡែន, កោ មេសា, អឿន ដាលីន, មុយ រក្សា, ហេង រដ្ឋា, ភិន សុភាព, យ៉ាន សុផានី, នី លីហ្សា, រៀម ប្រុសពេជ្រ និងនឿន ថានីន បានជ្រើសរើសសម្ភារ និងរបស់របរដាក់ក្នុងប្រអប់សង្រ្គោះជីវិតរបស់ខ្លួន និងផ្ដល់ការពន្យល់បន្ថែមនៃមុខងាររបស់នីមួយៗ រួមមាន៖ ត្រីងៀត, ទឹក, ថ្នាំ, អាហារ, ឆ្នាំងដាំបាយ, អង្ករ និងអំបិល ។ ក្រុមទី៣ បានបញ្ជាក់ថា «ទឹក និងបាយ គឺសំខាន់ជាងគេ ពីព្រោះវាអាចជួយឲ្យយើងមានកម្លាំងបន្តដំណើរទៅមុខបាន»។

បន្ទាប់ពីក្រុមនីមួយៗឡើងចែករំលែកអំពីសម្ភារ និងរបស់របរក្នុងប្រអប់សង្រ្គោះជីវិតក្នុងគ្រាជម្លៀសដោយបង្ខំ យុវជន-យុវនារីបានដឹងអំពីទុក្ខលំបាករបស់ប្រជាជនដែលត្រូវបានជម្លៀសដោយបង្ខំ និងការពិបាកធ្វើដំណើរដោយថ្មើរជើងក្រោមកម្ដៅព្រះអាទិត្យក្ដៅខ្លាំង។

ចេតិយរំឭកសម្រាប់សហគមន៍

កម្មវិធីចុងក្រោយនៃវេទិកាអប់រំសហគមន៍នេះ គឺការចុះទៅកាន់ចេតិយរំឭកដែលស្ថិតនៅកណ្ដាលវាលស្រែក្នុងភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម ដើម្បីឲ្យយុវជន-យុវនារីទាំងអស់អាចជួបសន្ទនាផ្ទាល់ជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ អ៊ំប្រុស តុង សុភា អ្នករស់រានមានជីវិតពរបបខ្មែរក្រហម និងជាតំណាងសមាគមន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមក្នុងមូលដ្ឋានភូមិចំការសាមសិប បាននិយាយប្រាប់អំពីទីតាំងសម្លាប់ប្រជាជននៅក្នុងឃុំគគរក្នុងរបបខ្មែរក្រហម, បទពិសោធន៍ និងការបាត់បង់ឳពុក។

អត្ថបទ ៖ ទូច វណ្ណេត និង សាំង ចាន់ធូ បុគ្គលិកមជ្ឈមណ្ឌលឯកសារ ខេត្តកំពង់ចាម

រូបថត ៖ លី ដេវីត/ មជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖