វេទិកាអប់រំសហគមន៍អំពី «ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» នៅភូមិលំទងចាស់ ស្រុកអន្លង់វែង

មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង នៃមជ្ឈមណ្ឌលឯកសារកម្ពុជា បានធ្វើការរៀបចំវេទិកាសហគមន៍នៅក្នុងភូមិលំទងចាស់ ស្រុកអន្លង់វែង ដោយផ្ដោតទៅលើ «ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងដំណើរការនៃការកាត់ទោសមេដឹកនាំខ្មែរក្រហមនៅក្នុងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា»។ ជាមួយគ្នានេះដែរ ក៏មានការពិភាក្សាទៅលើបញ្ហាប្រឈមរបស់ប្រជាជនដែលបានជួបប្រទះនៅក្នុងភូមិ។ វេទិកាសហគមន៍នេះត្រូវបានប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ ក្នុងបរិវេណផ្ទះប្រធានភូមិ ស្ថិតនៅត្រង់ចំណុចកណ្ដាលភូមិលំទងចាស់។

នៅក្នុងវេទិកានេះមានការចូលរួមជាមួយប្រជាជនចំនួន៥៥នាក់ក្នុងនោះស្រីចំនួន២៥នាក់ និងប្រុសចំនួន២១នាក់។ ភូមិលំទងចាស់ ត្រូវបានស្គាល់ថាជាភូមិមួយដែលបានកកើតឡើងតាំងពីមុនជំនាន់ខ្មែរឥស្សរមកម៉្លេះ។ ប្រជាជនដែលមកតាំងទីលំនៅក្នុងភូមិលំទងចាស់នេះពីមុនមកមាន៤ទៅ៥គ្រួសារតែប៉ុណ្ណោះ។ ចំណែកឯគ្រួសារផ្សេងៗទៀតដែលបានចូលមករស់នៅក្នុងភូមិនេះភាគច្រើនជាប្រជាជនមកពីភូមិថ្លាត ភូមិរំចេក និងភូមិមួយចំនួនទៀតដែលស្ថិតនៅក្នុងស្រុកអន្លង់វែង។ បច្ចុប្បន្ននេះប្រជាជនដែលបានចូលមករស់នៅក្នុងភូមិលំទងចាស់មានចំនួនកើនឡើងរហូតទៅដល់២៣៩គ្រួសារ។ ប្រជាជនរស់នៅទីនេះភាគច្រើនប្រកបមុខរបរធ្វើស្រែចម្ការ និងនេសាទ។ បច្ចុប្បន្ននេះ មានការស្នើសុំដល់លោកប្រធានភូមិក្នុងការដាំដើមប្រេងខ្យល់លក់ចេញទៅឲ្យឈ្មួញខាងក្រៅដែលចូលមកទិញ និងដាក់តម្លៃឲ្យក្នុងមួយតោន២៤ដុល្លា។

ជាកិច្ចចាប់ផ្ដើម លោកបណ្ឌិត លី សុខឃាង នាយកមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង បានធ្វើការលើកយកនូវរឿងរ៉ាវទាក់ទងទៅនឹងប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (ឆ្នាំ១៩៧៥-១៩៧៩) មកពិភាក្សានៅក្នុងវេទិកា។ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហមទទួលបានជ័យជម្នះនៅទីក្រុងភ្នំពេញ។ បន្ទាប់ពីខ្មែរក្រហមទទួលបានជ័យជម្នះរួចមក ក៏ចាប់ផ្ដើមធ្វើការជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ ទៅតាមទីជនបទដោយបង្ខំ។ ក្នុងការដឹកនាំបែបផ្ដាច់ការនៃរបបមួយនេះ បានធ្វើឲ្យប្រជាជនខ្មែរជាង២លាននាក់ត្រូវបានស្លាប់ ដោយសារការធ្វើទារុណកម្ម ការធ្វើការងារហួសកម្លាំង និងការបង្អត់អាហារ។ បន្ទាប់ពីរបបនេះត្រូវបានដួលរលំ អ្នកស្រាវជ្រាវក៏បានរកឃើញថាមានរណ្ដៅសាកសពជិត២ម៉ឺនរណ្ដៅ នៅទូទាំងប្រទេសកម្ពុជាដែលបានសេសសល់បន្ទាប់ពីបញ្ចប់សង្គ្រាម។ តាមរយៈការពិភាក្សាអំពីកេរដំណែលនៃតុលាការខ្មែរក្រហម បានបង្ហាញឲ្យឃើញថា ភាពស្មើគ្នាចំពោះមុខច្បាប់គឺមានសារសំខាន់ណាស់សម្រាប់ប្រជាជនគ្រប់រូបនៅក្នុងប្រទេសកម្ពុជា។ លើសពីនេះទៅទៀត វេទិកានេះក៏បានផ្ដល់នូវឱកាសដល់ប្រជាជនក្នុងការចែករំលែកអំពីបទពិសោធរឿងរ៉ាវជីវិតដែលខ្លួនធ្លាប់ឆ្លងកាត់នៅក្នុងសម័យខ្មែរក្រហម រួមទាំងការជជែកពីបញ្ហាផ្សេងៗដែលប្រឈមនៅក្នុងសហគមន៍។

បន្ទាប់ពីការពិភាក្សាបានបញ្ចប់ ទួន សុខ អាយុ៦០ឆ្នាំ បាននិយាយថា «ខ្ញុំពិតជាសប្បាយចិត្តជាខ្លាំងដែលបានមកចូលរួមនៅក្នុងវេទិកាសហគមន៍ ដែលធ្វើឲ្យខ្ញុំបានយល់ដឹងបន្ថែមពីមជ្ឈដ្ឋានខាងក្រៅ និងបានយល់ដឹងអំពីរឿងរ៉ាវក្នុងរបបខ្មែរក្រហមបន្ថែមទៀត។ លើសពីនេះទៅទៀតខ្ញុំក៏សូមអរគុណដល់ក្រុមការងារមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ដែលតែងតែចុះមកបង្ហាត់បង្រៀនប្រជាជននៅតាមភូមិដាច់ស្រយាល និងតែងតែយកចិត្តទុកដាក់ជាមួយអ្នករស់រានមានជីវិតពីសម័យខ្មែរក្រហម»។

អត្ថបទ ៖ មេក វិន បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖