សិស្សានុសិស្សមកពីវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ស្ពឺចូលរួមដំណើរទស្សនកិច្ចសិក្សាមកកាន់មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម និងសហគមន៍ចាមនៅកោះសូទិន

នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ទទួលស្វាគមន៍សិស្សានុសិស្សមកពីវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ស្ពឺ ក្នុងដំណើរទស្សនកិច្ចសិក្សាឈ្វេងយល់អំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងឈ្វេងយល់អំពីការចាប់ផ្ដើមឡើងវិញនៃការត្បាញសូត្ររបស់សហគមន៍ចាមនៅ ស្រុកកោះសូទិន។ ជាកិច្ចចាប់ផ្ដើម លោក ទូច វណ្ណេត បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម សម្តែងការស្វាគមន៍ និងនាំសិស្សានុសិស្សទស្សនាផ្ទាំងពិព័រណ៍នៅបរិវេណខាងមុខនៃមជ្ឈមណ្ឌលខេត្តកំពង់ចាម ដែលបង្ហាញអំពីប្រវត្តិមេដឹកនាំខ្មែរក្រហម, ការជម្លៀសប្រជាជនដោយបង្ខំ, ការធ្វើការងារនៅតាមការដ្ឋាន និង សាច់រឿងរបស់អ្នករស់រានមានជីវិតក្នុងខេត្តកំពង់ចាម។ បន្ទាប់មក សិស្សានុសិស្សត្រូវបាននាំចូលទស្សនាបន្ទប់ឯកសារខ្មែរក្រហម។

កម្មវិធីបន្ត គឺជាការចាក់បញ្ចាំងវីដេអូឯកសារស្ដីពី«គម្រោងសូត្រចាម» ដែលបង្ហាញអំពីជីវិតនៃអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងការស្ដារឡើងវិញជីវភាពគ្រួសារ និងការកើតឡើងវិញចំណេះដឹង និងជំនាញតម្បាញសូត្របែបប្រពៃណី និងវប្បធម៌របស់ជនជាតិចាម។ បន្ទាប់មកសិស្សានុសិស្សបន្តចុះទស្សនកិច្ចមកកាន់សហគមន៍សូត្រចាម ស្ថិតនៅភូមិទី១៣ ឃុំកោះសូទិន ស្រុកកោះសូទិន ដើម្បីយល់ដឹងបន្ថែមអំពីរឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងចំណេះដឹង និងជំនាញតម្បាញសូត្របែបប្រពៃណីនិងវប្បធម៌របស់ជនជាតិចាម។

កម្មវិធីចុងក្រោយនៃដំណើរទស្សនកិច្ចសិក្សានេះ គឺការចុះទៅកាន់ទីតាំងចេតិយរំឭកសម្រាប់សហគមន៍ដើម្បីចងចាំអំពីជនរងគ្រោះក្នុងរបបខ្មែរក្រហម និងស្ដាប់អំពីបទពិសោធន៍ជីវិតរបស់អ្នករស់រានមានជីវិត។

តុង សុភា អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងជាតំណាងសមាគមន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមក្នុងមូលដ្ឋានភូមិចំការសាមសិប និយាយប្រាប់សិស្សានុសិស្សអំពីទីតាំងសម្លាប់ប្រជាជននៅក្នុងឃុំគគរក្នុងរបបខ្មែរក្រហម, បទពិសោធន៍ និងការបាត់បង់ឪពុកដោយខ្មែរក្រហមបានចាប់យកទៅសម្លាប់ និងគោលបំណងនៃការសាងសង់ចេតិយរំឭកនេះឡើង។

សិស្ស វន់ ធារ៉ា ថ្នាក់ទី១២-A ផ្នែកវិទ្យាសាស្រ្តពិត វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ស្ពឺ បង្ហាញចំណាប់អារម្មណ៍ថា «ខ្ញុំមានអារម្មណ៍សប្បាយចិត្តដែលបានចូលរួមទស្សនកិច្ចសិក្សាមកកាន់មជ្ឈមណ្ឌ​លឯកសារខេត្តកំពង់ចាម ពីព្រោះខ្ញុំអាចទទួលបានចំណេះដឹងនិងបទពិសោធន៍ថ្មីអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ ដែលប្រទេសកម្ពុជាធ្លាក់ក្នុងភាពវឹកវរ វេទនា ដោយសារតែមេដឹកនាំខ្មែរក្រហម។ បន្ថែមលើនេះទៀត ខ្ញុំក៏ទទួលបានឱកាសជួបសន្ទនាផ្ទាល់ជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងការព្យាយាមថែរក្សាតម្បាញសូត្រចាមដែលជាប្រពៃណីនិងវប្បធម៌របស់ជនជាតិចាម។»

សិស្ស គួ សុលីដា ថ្នាក់ទី១២-A ផ្នែកវិទ្យាសាស្រ្តពិត វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ស្ពឺ លើកឡើងថា «ដំណើរទស្សនកិច្ចសិក្សានេះធ្វើឲ្យខ្ញុំទទួលបានចំណេះដឹងបន្ថែមអំពីរបបខ្មែរក្រហម រួមមាន ការធ្វើការងារ, ការមិនមានអាហារហូបគ្រប់គ្រាន់ និងការបាត់បង់ជីវិតរបស់ប្រជាជនកម្ពុជា។ លើសពីនេះទៀត ខ្ញុំអាចឈ្វេងយល់អំពីរឿងរ៉ាវជីវិតរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលជាជនជាតិចាម និងខ្មែរ នៅសហគមន៍កោះសូទិន និងការចាប់ផ្ដើមឡើងវិញនូវការត្បាញសូត្រចាម បន្ទាប់ពីរបបខ្មែរក្រហមដួលរំលំ»។

សិស្ស វួច វល់ដា ថ្នាក់ទី១២-A ផ្នែកវិទ្យាសាស្រ្តពិត វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ស្ពឺ បង្ហាញចំណាប់អារម្មណ៍ថា  «ខ្ញុំមានអារម្មណ៍សប្បាយចិត្តពេលចូលរួមដំណើរទស្សនកិច្ចមកកាន់មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមនេះ ប៉ុន្តែខ្ញុំមានអារម្មណ៍រន្ធត់ចិត្តនៅពេលស្ដាប់បទពិសោធន៍ជីវិតរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ខ្ញុំយល់ដឹងច្រើនជាងមុនអំពីស្ថានភាពរស់នៅរបស់ប្រជាជនក្នុងរបបខ្មែរក្រហម រួមមាន ការបែកចេញពីគ្រួសារ ការហូបមិនគ្រប់គ្រាន់ ការធ្វើការងារលើសម៉ោង ការធ្វើទារុណកម្ម និងការសម្លាប់ប្រជាជន»។

អត្ថបទ ៖ សាង ចាន់ធូ បុគ្គលិកមជ្ឈមណ្ឌលឯកសារ ខេត្តកំពង់ចាម

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖