សិស្សានុសិស្សមកពីវិទ្យាល័យ ជា ស៊ីម តាកែវ សិក្សាអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិប តេយ្យ (១៩៧៥-១៩៧៩) និងការទប់ស្កាត់អំពើប្រល័យពូជសាសន៍នៅកម្ពុជា

ខែមេសា គឺជាខែដែលអំពើប្រល័យពូជសាសន៍បានកើតឡើងស្ទើតែគ្រប់ប្រទេស ហើយក៏ជាខែដែលប្រទេសជាច្រើនប្រារព្ធធ្វើពិធីបុណ្យសាសនា ដូចជាការប្រារព្ធពិធីបុណ្យប្រពៃណីជាតិ ពិធីបុណ្យទំនៀមទម្លាប់ និងពិធីបុណ្យសាសនាផ្សេងៗជាដើម។ ជាក់ស្ដែងដូចជាប្រទេសកម្ពុជា ប្រទេសស៊ូដង់ ប្រទេសរវ៉ាន់ដា ប្រទេសបូស្នី និងប្រទេសអាមេនី គឺសុទ្ធសឹងជាប្រទេសដែលបានកើតមានអំពើប្រល័យពូជសាសន៍នៅក្នុងខែមេសា នាចុងសតវត្សរ៍ទី២០ និងដើមសតវត្សរ៍ទី២១។ បន្ទាប់ពីចប់ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរក្នុងខែមេសាឆ្នាំនេះរួចមក លោក ផេង ពង្សរ៉ាស៊ី ជានាយកមជ្ឈមណ្ឌលឯកសារ ខេត្តតាកែវ បានរៀបចំវេទិកាថ្នាក់រៀនចុងសប្ដាហ៍មួយ ដើម្បីចង់ឲ្យសិស្សានុសិស្សបានសិក្សាពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងការទប់ស្កាត់អំពើប្រល័យពូជសាសន៍នៅកម្ពុជា ដែលផ្ដោតសំខាន់លើ «ការជម្លៀសប្រជាជនចេញពីទីក្រុង, ការជម្លៀសដោយបង្ខំ និងការសម្លាប់រង្គាលនៅទួលពោធិ៍ជ្រៃ»។

នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ មានសិស្សានុសិស្សចំនួន២៤នាក់ ក្នុងចំណោមនោះមានសិស្សស្រី១៦នាក់ មកពីវិទ្យាល័យ ជា ស៊ីម តាកែវ បានចូលរួមក្នុងវេទិកាថ្នាក់រៀនចុងសប្ដាហ៍ ដែលធ្វើឡើងនៅមជ្ឈមណ្ឌលឯកសារ ខេត្តតាកែវ។ នាវេលាម៉ោង៨ព្រឹក សិស្សា​នុសិស្សទាំងអស់បានមកជួបជុំគ្នានៅក្នុងការិយាល័យមជ្ឈមណ្ឌលឯកសារ ខេត្តតាកែវ។ ក្រុមការងារបានណែនាំសិស្សានុ​សិស្សទាំងនោះអំពីផ្ទាំងពិព័រណ៍រូបថតដែលស្ថិតនៅខាងក្រៅ និងខាងក្នុងការិយាល័យមជ្ឈ​មណ្ឌលឯកសារ ខេត្តតាកែវ។

បន្ទាប់មក សិស្សានុសិស្សទាំងអស់ត្រូវបានណែនាំពីកម្មវិធីសម្រាប់ថ្ងៃនេះ រួមមាន ពេលព្រឹក ជាពេលវេលាដែលក្រុមយុវជនទាំងអស់ឈ្វេងយល់អំពីមាតិកាប្រវត្តិសាស្ត្រខ្មែរក្រហម និងវិធីសាស្ត្រទប់ស្កាត់អំពើប្រល័យពូជសាសន៍ ហើយពេលរសៀល ជាពេលវេលាដែលសិស្សានុសិស្សធ្វើទស្សនកិច្ចសិក្សាទៅកាន់ទីតាំងចំនួនពីរគឺ ទីមួយ) ទីតាំងសំណង់ចេតិយនៃការចងចាំ ឬចេតិយផ្សះផ្សានៅទួលធាតុ ស្ថិតក្នុងឃុំតាភេម ស្រុកត្រាំងកក់ និងទីពីរ) អតីតមន្ទីរសន្តិសុខខ្មែរក្រហម ក្រាំងតាចាន់។

ជាកិច្ចបន្ត លោក ផេង ពង្សរ៉ាស៊ី បានចាប់ផ្តើមធ្វើបទបង្ហាញពីមាតិកាប្រវត្តិសាស្ត្រដូចតទៅ៖

ទី១) កំណើននៃការចូលបម្រើបដិវត្តន៍របស់ប្រជាជនតាមរយៈការអំពាវនាវរបស់ព្រះអង្គម្ចាស់ នរោត្តម សីហនុ៖

នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩៧០ ព្រះអង្គម្ចាស់ នរោត្ដម សីហនុ ទ្រង់បានអំពាវនាវពីប្រទេសបារាំងឲ្យប្រជាជនចូលព្រៃម៉ាគី ដើម្បីចូលរួមជាមួយរដ្ឋាភិបាលរួបរួមជាតិកម្ពុជា តាមរយៈកម្លាំងបដិវត្តន៍ខ្មែរក្រហម។ ក្នុងពេលនោះប្រជាជននាំគ្នាចូលរួមក្នុងជួរបដិវត្តន៍យ៉ាងច្រើនកុះករប្រឆាំងនឹងការគ្រប់គ្រងប្រទេសរបស់របបសាធារណរដ្ឋខ្មែរ ដើម្បីដង្ហែព្រះអង្គម្ចាស់ នរោត្ដម សីហនុ ចូលមកដឹកនាំប្រទេសវិញ។

ទី២) ផែនការវាយរំលំទីក្រុងភ្នំពេញរបស់ខ្មែរក្រហម៖

ខ្មែរក្រហមបានផ្ដាច់ផ្លូវគោក និងផ្លូវទឹកនៅក្នុងឆ្នាំ១៩៧៤។ នៅដើមឆ្នាំ១៩៧៥ តាម៉ុក បានវាយផ្ដាច់ផ្លូវអាកាសបន្ថែមទៀត ដែលជាហេតុធ្វើឲ្យ លន់ នល់ ពិបាកក្នុងការដឹកជញ្ជូនស្បៀងអាហារ និងអាវុធយុទ្ធភ័ណ្ឌទៅកាន់បន្ទាយរបស់ខ្លួនដែលស្ថិតនៅទីជនបទ។ ទាំងនេះជាមូលហេតុសំខាន់មួយដែលអាចឲ្យក្រុមខ្មែរក្រហមងាយស្រួលក្នុងការវាយផ្ដួលរំលំរបប លន់ នល់ នៅក្នុងខែមេសា ឆ្នាំ១៩៧៥។

ទី៣) ការចូលកាន់កាប់ទីក្រុងភ្នំពេញរបស់ខ្មែរក្រហម៖

នៅថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានចូលមកទីក្រុងភ្នំពេញនិងគ្រប់ទីកន្លែង។ ខ្មែរក្រហមមានឱកាសក្នុងការវាយយកទីក្រុងភ្នំពេញ។ ប្រជាជនភាគច្រើនបានស្វាគមន៍ និងអបអរសាទរតាមដងផ្លូវ។ ប៉ុន្តែមានប្រជាជនជាច្រើនទៀត បានពួនសម្ងំលាក់ខ្លួននៅក្នុងផ្ទះ ព្រោះខ្លាចខ្មែរក្រហមចាប់ខ្លួនឬបាញ់សម្លាប់ចោល។ មិនយូរប៉ុន្មានខ្មែរក្រហមប្រកាសថា នឹងមានការជម្លៀសប្រជាជនឲ្យចេញពីទីក្រុងភ្នំពេញទៅតាមទីជនបទ។ ខ្មែរក្រហមបានលើកយកហេតុផល៣ ដើម្បីជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ។ ហេតុផលទាំងបីនោះគឺ អាមេរិកាំងនឹងទម្លាក់គ្រាប់បែកនៅទីក្រុងភ្នំពេញ, ប្រជាជនទាំងអស់ត្រូវចេញទៅយកស្បៀងនៅទីជនបទដោយខ្លួនឯង និងបំបែកក្រុមចារកម្មរបស់ខ្មាំង។

ទី៤) ការជម្លៀសប្រជាជនចេញពីក្រុងភ្នំពេញដោយបង្ខំ៖

ប្រជាជនរងនូវការគំរាមកំហែងដោយការធ្វើទារុណកម្ម ការភ្ជង់កាំភ្លើង ការវាយនឹងស្វ័យកាំភ្លើង ឬឧបករណ៍រឹង និងការបាញ់សម្លាប់ចោល។ ក្នុងពេលជម្លៀសដោយបង្ខំ ខ្មែរក្រហមគ្មានការលើកលែងនរណាម្នាក់ឡើយ ទាំងក្មេង ចាស់ ប្រុស ស្រី អ្នកជំងឺ ស្រ្ដីមានផ្ទៃពោះ និងព្រះសង្ឃ។ ជនបរទេសទាំងឡាយ ត្រូវខ្មែរក្រហមបង្ខំឲ្យស្នាក់នៅសណ្ឋាគារ ឡឺភ្នំ ឈ្មោះបច្ចុប្បន្ន សណ្ឋាគារឡឺរ៉ូយ៉ាល់។ បន្ទាប់មក ជនបរទេសទាំងអស់នោះ ត្រូវខ្មែរក្រហមបញ្ជូនបន្តទៅស្នាក់នៅបណ្តោះអាសន្ននៅស្ថានទូតបារាំង មុនពេលដែលអ្នកទាំងនោះត្រូវធ្វើដំណើរតាមរថយន្តបន្តទៅកាន់ព្រំដែនថៃ។

ទី៥) ការជម្លៀសប្រជាជនដំណាក់ទី២ និងទី៣៖

ចាប់ពីចុងឆ្នាំ១៩៧៥ ការជម្លៀសប្រជាជនដំណាក់កាលទី២របស់ខ្មែរក្រហមបានចាប់ផ្តើមឡើង ដោយការបញ្ជូនមនុស្សចេញពីភូមិភាគកណ្តាល ភូមិភាគនិរតី ភូមិភាគឧត្តរ និងភូមិភាគពិសេស ចេញទៅកាន់ទីជនបទនៃបណ្តាខេត្តផ្សេងៗទៀតក្នុងប្រទេសកម្ពុជា ដើម្បីចូលរួមធ្វើកសិកម្ម។ ចំណែកឯការជម្លៀសដោយបង្ខំក្នុងដំណាក់កាលទី៣ គឺកើតឡើងនៅឆ្នាំ១៩៧៧ ហើយប្រជាជនរស់នៅក្នុងភូមិភាគបូព៌ាគឺជាអ្នកទទួលរងគ្រោះក្នុងការជម្លៀសនេះ។ ប្រជាជនត្រូវបានជម្លៀសចេញពីស្រុកកំណើតទៅកាន់ភាគពាយ័ព្យប្រទេសគឺ ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ និងបាត់ដំបង ដើម្បីធ្វើកសិកម្ម។ មុនដំបូង ប្រជាជនទាំងនោះ ត្រូវបានប្រមូលផ្តុំនៅត្រើយខាងកើតអ្នកលឿងដើម្បីរង់ចាំការធ្វើដំណើរបន្តមកកាន់ទីក្រុងភ្នំពេញ។ បន្ទាប់ពីមកដល់ភ្នំពេញ អ្នកទាំងនោះត្រូវស្នាក់នៅបណ្តោះអាសន្ននៅច្បារអំពៅ និងផ្សារថ្មី ដើម្បីត្រៀមចាកចេញបន្តទៅកាន់គោលដៅចុងក្រោយគឺ ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ និងបាត់ដំបង។

ទី៦) ការសម្លាប់មនុស្សនៅទួលពោធិ៍ជ្រៃ៖

ទួលពោធិ៍ជ្រៃមានទីតាំងស្ថិតក្នុងខេត្តពោធិ៍សាត់ ស្រុកកណ្ដៀង ហើយទីទួលនេះស្ថិតនៅកៀកនឹងបឹងទន្លេសាប។ នៅឆ្នាំ១៩៧៦ ទួលពោធិ៍ជ្រៃគឺជាទីកន្លែងសម្លាប់យ៉ាងរង្គាល ដែលប្រជាជន និងទាហាន លន់ នល់ ជាច្រើនពាន់នាក់ ត្រូវបានសម្លាប់ដោយខ្មែរក្រហម។ ប្រជាជនក្នុងសម័យខ្មែរក្រហមចុះឈ្មោះ ដើម្បីទៅទទួលសម្ដេចឪ និងការទទួលបានការងារក្នុងមុខដំណែងដូចដើមវិញ។ អ្នកបើករថយន្តបានដឹកអ្នកទាំងអស់នោះទៅដាក់នៅទីទួលមួយ។ បន្ទាប់ពីបានមកដល់ទីទួលហើយ កម្មាភិបាលខ្មែរក្រហមបានចងដៃប្រជាជនទាំងនោះទៅក្រោយ។ ប្រជាជនទាំងអស់ ត្រូវបានសម្លាប់ ដោយសារការបាញ់រះ និងចុចបំផ្ទុះពីខ្មែរក្រហម។

បន្ទាប់មក លោក ផេង ពង្សរ៉ាស៊ី បានបន្តធ្វើបទបង្ហាញពីនិយមន័យ កត្តាគ្រោះថ្នាក់ជាក់លាក់ដែលនាំឲ្យកើតមានអំពើប្រល័យពូជសាសន៍ និងការបង្ហាញពីវិធីសាស្ត្រមួយចំនួនក្នុងការទប់ស្កាត់អំពើហិង្សាក្នុងកម្រិតបុគ្គល គ្រួសារ សហគមន៍ និងប្រទេសជាតិ។

ចំណាប់អារម្មណ៍របស់សិស្សានុសិស្សបន្ទាប់ពីបានចូលរួមក្នុងវេទិកាថ្នាក់រៀនចុងសប្ដាហ៍ ៖

ផន ពេជ្រពិសី ភេទស្រី អាយុ១៧ឆ្នាំ គឺជាសិស្សថ្នាក់ទី១២នៃវិទ្យាល័យ ជា ស៊ីម តាកែវ៖

បន្ទាប់ពីនាងខ្ញុំបានចូលរួមក្នុងវេទិកាថ្នាក់រៀនចុងសប្ដាហ៍នេះ នាងខ្ញុំមានអារម្មណ៍ថា រីករាយ និងទទួលបានព័ត៌មានថ្មីៗទាក់ទងនឹងរបបខ្មែរក្រហមពីលោកគ្រូ។ ពេលបញ្ចប់វេទិកានេះ នាងខ្ញុំយល់ដឹងបានច្រើនពីរបបប្រល័យពូជសាសន៍ ដឹងពីព្រឹត្តិការណ៍ពាក់ព័ន្ធនឹង សម័យខ្មែរក្រហម និងរៀនសូត្រពីប្រវត្តិសាស្រ្តនោះ។ នាងខ្ញុំទទួលបានមេរៀនជាច្រើនទាក់​ទង​នឹងប្រជាជនក្នុងរបបខ្មែរក្រហមដែលរងទុក្ខវេទនា ខុសពីប្រជាជនបច្ចុប្បន្ននេះ។

ភួង ស្រីវង ភេទស្រី អាយុ១៨ឆ្នាំ គឺជាសិស្សថ្នាក់ទី១២នៃវិទ្យាល័យ ជា ស៊ីម តាកែវ ៖

បន្ទាប់ពីនាងខ្ញុំបានចូលរួមក្នុងវេទិកាថ្នាក់រៀនចុងសប្ដាហ៍នេះ នាងខ្ញុំដឹងពីប្រវត្តិខ្មែរក្រហម ការធ្វើទារុណកម្ម និងទីតាំងធ្វើទារុណកម្មនៅមន្ទីរស-២១ ព្រមទាំងវិធីធ្វើទារុណកម្ម និងសួរចម្លើយ។ យើងត្រូវលុបបំបាត់ការរើសអើង និងត្រូវសិក្សាឈ្វេងយល់អំពើប្រល័យពូជសាសន៍ ដើម្បីទប់ស្កាត់កុំឲ្យវាកើតឡើងនាពេលអនាគត។

ជា ចាន់ចក្រី ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្សថ្នាក់ទី១២នៃវិទ្យាល័យ ជា ស៊ីម តាកែវ៖

ខ្ញុំបាទធ្លាប់បានដឹងប្រវត្តិសាស្រ្តខ្មែរក្រហមខ្លះៗមកហើយ តាមរយៈលោកគ្រូអ្នកគ្រូ និងឪពុកម្ដាយ។ ខ្ញុំពិតជាសោកស្ដាយ បន្ទាប់ពីឪពុកម្ដាយរបស់ខ្ញុំបានឆ្លងកាត់របបខ្មែរក្រហម ព្រោះគាត់ត្រូវរងទុក្ខលំបាកវេទនា និងរងទារុណកម្មរៀងរាល់ថ្ងៃ។ បន្ទាប់ពីខ្ញុំបាទបានរៀនពីលោកគ្រូនៅសាលា និងស្ដាប់ឪពុកម្ដាយនិយាយប្រាប់ ខ្ញុំបានយល់ដឹងបន្ថែមទៀតពីវេទិកាថ្នាក់រៀនចុងសប្តាហ៍នេះ។ ខ្ញុំគិតថាដើម្បីចូលរួមទប់ស្កាត់អំពើប្រល័យពូជសាសន៍ យើងគួរតែទប់ស្កាត់អំពើហិង្សា ការរើសអើងពូជសាសន៍ ពណ៌សម្បុរ ឬសាសនា ជាដើម។

រ៉ាន់ សុធារ៉ា ភេទស្រី អាយុ១៨ឆ្នាំ ជាសិស្សថ្នាក់ទី១២នៃវិទ្យាល័យ ជា ស៊ីម តាកែវ៖

ក្រោយពីខ្ញុំបានចូលរួមក្នុងកម្មវិធីពេញមួយព្រឹកនេះ ខ្ញុំមានអារម្មណ៍រីករាយ ព្រោះខ្ញុំទទួលបានចំណេះដឹងទាក់ទងនឹងរបបខ្មែរក្រហម ថែមទាំងបានឃើញពីទីតាំងឧក្រិដ្ឋកម្ម ក្រាំងតាចាន់ទៀត។ ខ្ញុំកាន់តែយល់ដឹងច្រើន។ យាយទួតរបស់ខ្ញុំបានប្រាប់ខ្ញុំថា គាត់ពិបាកណាស់ ព្រមទាំងមានប្រវត្តិជូរចត់មិនអាចបំភ្លេចបាន។ គាត់ត្រូវផ្លាស់ប្ដូរទីលំនៅទៅស្រុកលើ រួចផ្លាស់ទៅនៅបារាយណ៍។ ពេលខ្ញុំបានមកដល់ទីតាំងឧក្រិដ្ឋកម្ម ក្រាំងតាចាន់ ខ្ញុំមានអារម្មណ៍ថាអាណិតគាត់កាន់តែខ្លាំង។

អត្ថបទ ៖ ង៉ាន់ វីន បុគ្គលិកមជ្ឈមណ្ឌលឯកសារ ខេត្តតាកែវ

រូបថត ៖ ផេង ពង្សរ៉ាស៊ី/មជ្ឈមណ្ឌលឯកសារកម្ពុជា

 

អត្ថបទផ្សេងទៀត៖