វេទិកាអប់រំសហគមន៍ស្តីអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-៧៩) នៅវត្តពន្លៃ

ទិវានៃការចងចាំអំពើប្រល័យពូជសាសន៍នៅកម្ពុជា ខិតជិតចូលមកដល់ ហើយរដ្ឋាភិបាលកំពុងតែរៀបចំទីកន្លែងដើម្បីរំឮកនៃការចងចាំជាណ្តើរៗនៅស្តូបនៃខេត្តព្រៃវែង។ ប្រជាជនដែលមានអាយុចាប់ពី៥០ឆ្នាំឡើង នៅចងចាំមិនភ្លេចចំពោះរបប ៣ឆ្នាំ៨ខែ២០ថ្ងៃនេះ។ ដូច្នេះហើយបានជា មជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង បានប្រារព្វធ្វើកម្មវិធីវេទិកាអប់រំសហគមន៍នេះឡើង ដើម្បីពិភាក្សាអន្តរជំនាន់រវាងអ្នករស់រានមានជីវិត ដែលមានអាយុចាប់ពី៥០ឆ្នាំ ជាមួយសិស្សានុសិស្សដែលជាក្មេងជំនាន់ក្រោយមកពីអនុវិទ្យាល័យ និងវិទ្យាល័យផ្សេងគ្នាក្នុងឃុំអង្គរស ស្រុកមេសាង ខេត្តព្រៃវែង។ វេទិកានេះបានផ្តោតសំខាន់ទៅលើការរំឭកឡើងវិញពី «កាបង្កើតសហករណ៍ខ្មែរក្រហម និងឈ្វេងយល់ពីទុក្ខលំបាក ការសម្លាប់ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនក្នុងសម័យនោះ ដែលជាផលប៉ះពាល់បន្ទាប់ពីការបង្កើតសហករណ៍»។ វេទិកានេះត្រូវបានប្រារព្ធឡើង នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ ក្នុងបរិវេណវត្តពន្លៃ ភូមិពន្លៃ ឃុំអង្គរស ស្រុកមេសាង ខេត្តព្រៃវែង ដោយមានអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន១០នាក់ និងយុវសិស្សដែលជាក្មេងជំនាន់ក្រោយចំនួន២០នាក់ មកចូលរួម។

នៅវេលាម៉ោង៩៖៣០នាទីព្រឹក លោក ផេង ពង្សរ៉ាស៊ី នាយកកម្មវិធីអប់រំអំពើប្រល័យពូជសាសន៍នៅកម្ពុជា បានណែនាំខ្លួនក្រុមការងារ និងបង្ហាញអំពីការិយាល័យមជ្ឈមណ្ឌលឯកសារកម្ពុជាដែលជាកន្លែងតម្កល់ទុកឯកសារខ្មែរក្រហមជិត១លានទំព័រ ដែលជាឯកសារក្រដាស់។ ក្រៅពីនេះមាន ឯកសារសម្ភាសន៍អ្នករស់រានមានជីវិតនៅតាមស្រុកភូមិ ឯកសាររូបថតនៅក្នុងសម័យខ្មែរក្រហម ឯកសារទាក់ទងរណ្តៅសាកសព ទីតាំងសម្លាប់ និងឯកសារខ្សែភាពយន្តនៅក្នុងរបបខ្មែរក្រហម និងក្រោយសម័យខ្មែរក្រហម។ បន្ទាប់មកលោក នាយ ឆូយ ប្រធានភូមិពន្លៃ មានមតិស្វាគមន៍ និងបើកដំណើរការកម្មវិធី។

ជាកិច្ចបន្តលោក ផេង ពង្សរ៉ាស៊ី បានធ្វើបទបង្ហាញខ្លីស្តីអំពីការបង្កើតសហករណ៍ ឬជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនក្នុងរបបខ្មែរក្រហម។ ការបង្កើតសហករណ៍នេះ គឺជាការបង្កើតឲ្យមានការកាប់សម្លាប់ ការធ្វើទារុណកម្ម ការអត់ឃ្លាន ការធ្វើការងារពលកម្មធ្ងន់ធ្ងរ ការការបាក់កម្លាំង ការបែកបាក់ក្រុមគ្រួសារ ការខ្វះខាតថ្នាំសង្កូវដើម្បីព្យាបាល ការបំបិទសិទ្ធិសេរីភាព និងការដកហូតទ្រព្យសម្បត្តិឯកជន។

ជាមួយគ្នានេះដែរ អ្នករស់រានមានជីវិតឈ្មោះ ស្រី សំអាន បានឡើងមានប្រសាសន៍អំពីទំនាក់ទំនងគ្នារវាងសម័យខ្មែរក្រហម និងសម័យបច្ចុប្បន្ន ដែលជាសង្គមពីរខុសប្លែកគ្នា។ «បច្ចុប្បន្នប្រជាជនរស់នៅមានសិទ្ធិសេរីភាពអាចដើរទៅណាមកណាបានដោយសេរី ហើយរស់នៅដោយមិនមានភាពភ័យខ្លាច។ ងាកមកមើលសម័យខ្មែរក្រហម ក្នុងរយៈពេល៣ឆ្នាំ៨ខែ២០ថ្ងៃ បានសម្លាប់មនុស្សជាង២លាននាក់។ សំអាន បានបន្ថែមថា ប្រទេសដទៃក៏បានធ្វើបដិវត្តន៍ដូចប្រទេសកម្ពុជាយើងដែរ ដូចជា ប្រទេសវៀតណាម ប៉ុន្តែមិនបានសម្លាប់មនុស្សដូចរបបឡើយ។ សព្វថ្ងៃនេះប្រទេសកម្ពុជា មានសន្តិភាពពេញលេញ មានទីផ្សារ និងមានការលក់ដូរ។ ចំណែកវិស័យសំណង់ និងប្រព័ន្ធអប់រំក៏មានការរីកចម្រើនដែរ។ សិស្សានុសិស្សសម័យឥឡូវរៀនបានខ្ពង់ខ្ពស់ ខុសប្លែកពីសិស្សសម័យខ្មែរក្រហម ដែលមិនបានរៀនសូត្រ។ នៅក្នុងរបបខ្មែរក្រហមសិស្សានុសិស្សណាចង់បានសញ្ញាបត្រត្រូវទៅយកនៅវាលស្រែ។ ដូច្នេះចៅៗទាំងអស់គ្នាគួរចងចាំ និងត្រូវមានស្មារតី  កុំយកគំរូតាមសម័យកាលនៃរបបខ្មែរក្រហម»។

អ៊ំប្រុស ប៊ិន តូម បានមានប្រសាសន៍ថា «នៅពេលដែល ប៉ុល ពត ចូលមកភូមិ ខ្ញុំត្រូវបានត្រូវបញ្ជូនឲ្យទៅលើកដីនៅកំចាយមារ ដែលកាលនោះមិនទាន់ហូបបាយរួមទេ។ អស់រយៈពេល៤ខែ ទើបអង្គការរំសាយអង្គភាពរបស់ខ្ញុំ និងឲ្យខ្ញុំវិលត្រឡប់មកផ្ទះវិញ។ ពេលមកដល់ផ្ទះ ខ្ញុំបានដឹងថាប្អូនស្រីរបស់ខ្ញុំបានស្លាប់ ហើយម្តាយបានឈឺ។ ខ្ញុំមិនអាចសម្រាកនៅផ្ទះបានយូរថ្ងៃទេ ព្រោះអង្គការបានប្រើខ្ញុំឲ្យធ្វើការងារបន្តទៀត។ លើកនេះខ្ញុំត្រូវបែកពីឪពុកម្តាយ និងគ្រួសារទៀត។ ខ្មែរក្រហមប្រើខ្ញុំដូចគោដូចក្របី ប៉ុន្តែមិនបានផ្តល់អាហារឲ្យចុកគ្រប់គ្រាន់ ឡើយ។ មួយថ្ងៃៗខ្ញុំហូបតែសម្លគល់ចេក។ ដូច្នេះសូមឲ្យចៅៗចងចាំជានិច្ចថា របប៣ឆ្នាំ ៨ខែ២០ថ្ងៃ នេះមិនបានចម្រើនដល់ប្រទេសយើងទេ មានតែការកាប់សម្លាប់ប្រជាជនអស់ជាច្រើននាក់។

អ៊ំស្រី ហែម សៀ បានរៀបរាប់ថា ដូចជារូបខ្ញុំ អង្គការបានហៅឲ្យទៅច្រូតស្រូវ។ ខ្ញុំហូបបាយរួមជាមួយប្រជាជនឯទៀត។ នៅសម័យនោះតឹងតែងខ្លាំងណាស់។ បើយើងឈឺគ្រុនផ្តាសាយគឺមិនមានថ្នាំអ្វីគ្រប់គ្រាន់ដើម្បីព្យាបាលទេ ហើយត្រូវបានអង្គការលួចតាមដានទៀតថា យើងឈឺពិតមែនឬអត់។ អង្គការបានធ្វើទុកបុកម្នេញមកលើបងប្អូនយើង។ ជួនកាលយើងមិនបានបង្កើតឲ្យមានកំហុសផង ក៏អង្គការចោទថាមានទោសកំហុសដែរ ហើយយកទៅរៀនសូត្រ និងសម្លាប់ដោយគ្មានញញើតដៃ។

ក្រោយស្តាប់ការចែករំលែកពីអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមរួចមក លោក ផេង ពង្សរ៉ាស៊ី បានលើកទឹកចិត្តឲ្យសិក្សានុសិស្សទាំងអស់ ពេលដែលត្រឡប់ទៅផ្ទះវិញ សូមអានសៀវភៅប្រវត្តិសាស្ត្រខ្មែរក្រហមឲ្យបានច្រើន និងសួរនាំបទពិសោធន៍លោកតាលោកយាយរបស់ខ្លួនដែលឆ្លងកាត់ខ្មែរក្រហមបន្ថែមទៀត។ មុននឹងបញ្ចប់ ការពិភាក្សាជាអន្តរជំនាន់បានបញ្ចប់នៅវេលាម៉ោង១១៖៣០នាទីព្រឹក លោក ផេង ពង្សរ៉ាស៊ី ក៏បានលើកឡើងអំពីកីឡាប្រកួតស៊ីហ្គេម លើកទី៣២ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ លោក ផេង ពង្សរ៉ាស៊ី បានបន្ថែមថា រាល់ប្រភេទកីឡាទាំងអស់នៅស៊ីហ្គេម និងនៅក្នុងប្រទេសដទៃទេ ប្រទេសកម្ពុជារបស់យើងក៏មានប្រភេទកីឡានោះដែរ។ ប្រទេសកម្ពុជាយើងទើបតែរួចផុតពីរបបខ្មែរក្រហម ប៉ុន្តែវិស័យកីឡាហាក់មានការរីកចម្រើន។ ប្រទេសយើងអាចយកបានមេដាយមាសជួនជាតិគួរជាទីពេញចិត្ត និងមានមោទកភាព។ រហូតមកដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣នេះ ប្រទេសកម្ពុជា ឈរនៅលេងរៀងទី២បន្ទាប់ពីប្រទេសវៀតណាម។

លោកអាចារ្យនៃវត្តពន្លៃដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមក៏បានទៅមើលកីឡាប្រកួត ស៊ីហ្គេម នៅទីលានផ្ទាល់ ព្រោះគាត់យល់ថា កីឡាស៊ីហ្គេម ពិតជាមានសារសំខាន់ចំពោះប្រទេសរបស់យើង។ គាត់គិតថានេះជាឱកាសតែម្តងគត់សម្រាប់គាត់។ ដូច្នេះសូមប្រជាជនទាំងអស់ចូលរួមទស្សនាការផ្សាយបន្តផ្ទាល់រហូតដល់ចប់កម្មវិធី ព្រោះជាមុខជាមាត់នៃប្រទេសរបស់យើង និងលើកទឹកចិត្តដល់កីឡាកររបស់យើងទាំងអស់គ្នា។

ជាចុងក្រោយ លោក នាយ ឆូយ ប្រធានភូមិពន្លៃឡើងនិយាយបិទកម្មវិធី និងផ្តាំផ្ញើទៅកាន់សិស្សានុសិស្សទាំងអស់ ឲ្យយកចិត្តទុកដាក់ចំពោះការរៀនសូត្រ និងអានសៀវភៅដែល មជ្ឈមណ្ឌលឯកសារខេត្តព្រៃវែងចែកឲ្យ ដូចជា សៀវភៅប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) និងទស្សនាវដ្តីស្វែងរកការពិត។

ចំណាប់អារម្មណ៍សិស្ស

ខ្ញុំឈ្មោះ សុភ័ក្រិ្ត ស្រីពេជ្រ ភេទស្រី អាយុ១៨ឆ្នាំ គឺជាសិស្សនៃវិទ្យាល័យអង្គរស ថ្នាក់ទី១២C។ ខ្ញុំមានអារម្មណ៍ថាសប្បាយចិត្ត នៅពេលបានឃើញលោកតាលោកយាយដែលជាសាក្សីរស់បានមកចែករំលែកបទពិសោធន៍ទៅកាន់ក្មេងៗជំនាន់ក្រោយដូចជារូបខ្ញុំ។ ខ្ញុំមានអារម្មណ៍អាណិតអាសូរនិងយល់ពីទុក្ខលំបាករបស់គាត់ក្នុងរបប ប៉ុល ពត។ ជាចុងក្រោយ ខ្ញុំសូមសំណូមពរឲ្យមានការបន្តបង្រៀនប្រវត្តិសាស្ត្រខ្មែរក្រហម ដើម្បីកុំឲ្យកូនខ្មែរជំនាន់ក្រោយភ្លេច និងចងចាំពីរបបនេះជារៀងរហូត។ ខ្ញុំនឹងយកចំណេះដឹងពីការរៀនសូត្រនេះដើម្បីអភិវឌ្ឍន៍ប្រទេសជាតិនាពេលខាងមុខ និងទប់ស្កាត់កុំឲ្យរបបកម្ពុជាប្រជាធិបតេយ្យកើតឡើង សាជាថ្មីម្តងទៀត។

អត្ថបទ ៖ ថុន ស្រីពេជ្រ បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

 

អត្ថបទផ្សេងទៀត៖

មជ្ឈមណ្ឌលផ្សះផ្សាវាលវែងបញ្ចាំងខ្សែភាពយន្តឯកសាររឿង «កុំស្មានបងភ្លេច» ឱ្យសិស្សមកពីវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយទស្សនាដើម្បីយល់ដឹងអំពីការបាត់បង់តន្រ្តីអំឡុងពេលសង្រ្គាម និងប្រវត្តិសាស្រ្តខ្មែរក្រហម