សិស្សវិទ្យាល័យសម្ដេច ហ៊ុន សែន សង្កើប ចូលវេទិកាថ្នាក់រៀនចុងសប្តាហ៍ស្ដីពីប្រវត្តិសាស្រ្ត កម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)

នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម រៀបចំវេទិកាថ្នាក់រៀនស្តីពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ផ្ដោតទៅលើប្រធានបទ ៖ «ការចងចាំជនរងគ្រោះស្លាប់ក្នុងរបបខ្មែរក្រហម» ដោយមានការចូលរួមពីសិស្សានុសិស្សចំនួន៦៦នាក់ មកពីវិទ្យាល័យ សម្ដេច ហ៊ុន សែន សង្កើប ស្ថិតនៅស្រុកបាធាយ។

លោក ស៊ាង ចិន្ដា នាយកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ទទួលស្វាគមន៍និងរំឭកទៅកាន់សិស្សានុសិស្សចូលរួមអំពី ខែឧសភា ដែលជាខែនៃការចងចាំជនរងគ្រោះស្លាប់ក្នុងរបបខ្មែរក្រហមថា «ថ្ងៃទី២០ ខែឧសភា គឺជាទិវានៃការចងចាំដែលត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំដើម្បីរំឭកដល់អ្នកដែលបានស្លាប់បាត់បង់ជីវិតក្នុងរបបខ្មែរក្រហម»។ លោក ស៊ាង ចិន្ដា ចាប់ផ្ដើមបទបង្ហាញរបស់ខ្លួនស្ដីពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩)ដែលបានផ្ដោតសំខាន់ទៅលើព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរួមមាន រដ្ឋប្រហារ លន់ នល់ នៅឆ្នាំ១៩៧០, ការផ្ទុះឡើងនូវសង្រ្គាមរវាងទាហាន លន់ នល់ និងកងទ័ពរំដោះខ្មែរក្រហម,ការឡើងកាន់អំណាចរបស់ខ្មែរក្រហម, និង ការកាប់សម្លាប់ទៅលើប្រជាជន។ បន្ថែមលើនេះទៀត លោក  ស៊ាង ចិន្ដា បានចាក់បញ្ចាំងវីដេអូពីការជម្លៀសប្រជាជនដោយបង្ខំនិងការធ្វើការងារហួសកម្លាំងនៅតាមការដ្ឋានទំនប់។ ជាចុងបញ្ចប់បទបង្ហាញ លោក ស៊ាង ចិន្ដា លើកឡើងអំពីនិយមន័យនិងវិធីសាស្រ្តទប់ស្កាត់ឧក្រិដ្ឋកម្មឃោរឃៅ និង អំពើប្រល័យពូជសាសន៍។

បន្ទាប់ពីបទបង្ហាញបានបញ្ចប់សិស្សានុសិស្សត្រូវបានដឹកនាំពិភាក្សាទៅលើប្រធានបទ «ការចងចាំជនរងគ្រោះស្លាប់ក្នុងរបបខ្មែរក្រហម» និងបែងចែកសិស្សានុសិស្សចូមរួមទាំងអស់ជាក្រុមដើម្បីពិភាក្សានិងផ្លាស់ប្ដូរចំណេះដឹងដែលទទួលបានទាក់ទងប្រធានខាងលើ។ ក្រុមនីមួយៗទទួលបានឯកសាររួមមាន សៀវភៅប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) បោះពុម្ពលើកទី២, ទស្សនាវដ្ដីស្វែងរកការពិត,និងបទសម្ភាសន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមក្នុងខេត្តកំពង់ចាម ដោយមានរយៈពេល១៥នាទីដើម្បីរៀបចំបទបង្ហាញរបស់ខ្លួន។ ក្រុមនីមួយៗបានឡើងចែករំលែកអំពីជនរងគ្រោះដែលត្រូវបាន សម្លាប់និងការយល់ឃើញរបស់ខ្លួនអំពីទុក្ខលំបាកប្រជាជនក្នុងពេលនោះដូចខាងក្រោម៖

  • ក្រុមទី១ សរសេរសេចក្ដីសង្ខេបអំពីការពិភាក្សា និងការយល់ឃើញរបស់ខ្លួនទាក់ទងប្រធានបទ «ការចងចាំជនរងគ្រោះស្លាប់ក្នុងរបបខ្មែរក្រហម» ថា «ក្នុងរបបខ្មែរក្រហម ចាប់ពីឆ្នាំ១៩៧៥ ដល់ ឆ្នាំ១៩៧៩ ខ្មែរក្រហមដឹកនាំប្រទេសជាតិធ្លាក់ចូលវិនាសកម្ម និងសោកនាដកម្មដែលធ្វើឲ្យប្រជាជនកម្ពុជាជិត២លាននាក់ស្លាប់បាត់បង់ជីវិត។ របបខ្មែរក្រហម មិនត្រឹមតែបន្សល់ទុកនូវការស្លាប់ប្រជាជនរាប់លាននាក់នោះទេ ប៉ុន្តែក៏បន្សល់ទុកក្មេងកំព្រាជាច្រើននាក់។ អ្នករួចផុតពីសេចក្ដីស្លាប់នៅពេលនោះទទួលរងការចងចាំដ៏ឈឺចាប់ និងបទពិសោធន៍មិនអាចបំភ្លេចបាន ព្រមទាំងទុក្ខលំបាក និងការបាត់បង់សមាជិកគ្រួសារ។ ការចងចាំរបបខ្មែរក្រហមគឺមានសារសំខាន់ណាស់ សម្រាប់យុវជនជំនាន់ក្រោយដើម្បីរៀនសូត្រពីមេរៀនប្រវត្តិសាស្រ្តនេះ»។
  • ក្រុមទី២ សរសេរសេចក្ដីសង្ខេបអំពីការពិភាក្សា និងការយល់ឃើញរបស់ខ្លួនទាក់ទងប្រធានបទ «ការចងចាំជនរងគ្រោះស្លាប់ក្នុងរបបខ្មែរក្រហម» ថា «វេទិកាថ្នាក់រៀននេះផ្ដល់ចំណេះដឹងថ្មីៗ និងសារសំខាន់នៃការចងចាំជនរងគ្រោះក្នុងរបបខ្មែរក្រហមដល់យើងខ្ញុំ។ ក្នុងរបបខ្មែរក្រហម ប្រជាជនកម្ពុជារស់នៅក្នុងស្ថានភាពលំបាកធ្វើការគ្មានពេលសម្រាក ការហូបមិនគ្រប់គ្រាន់ ការធ្វើទារុណកម្ម និងការចាប់យកទៅសម្លាប់ចោល។ តាមរយៈបទបង្ហាញរបស់លោកគ្រូ និងបទសម្ភាសន៍ជាមួយអ៊ំស្រី ម៉ៅ វណ្ណា ដែលរួចផុតពីការកាប់សម្លាប់ និងការបាត់បង់ឪពុកម្ដាយ ព្រមទាំងបងប្អូន៣នាក់ដោយសារតែការសម្លាប់របស់ខ្មែរក្រហម, ការចងចាំជនរងគ្រោះដែលបានស្លាប់ក្នុងរបបខ្មែរក្រហមគឺពិតជាមានសារសំខាន់ណាស់ដើម្បីបន្តចងចាំរឿងរ៉ាវប្រវត្តិសាស្រ្តកុំឲ្យរបបនេះកើតឡើងម្ដងទៀត»។
  • ក្រុមទី៣ សរសេរសេចក្ដីសង្ខេបអំពីការពិភាក្សា និងការយល់ឃើញរបស់ខ្លួនទាក់ទងប្រធានបទ «ការចងចាំជនរងគ្រោះស្លាប់ក្នុងរបបខ្មែរក្រហម» ថា «យើងខ្ញុំយល់ថា ការចងចាំអ្នកដែលបានស្លាប់ក្នុងរបបខ្មែរក្រហមគឺជាការល្អសម្រាប់ក្មេងជំនាន់ក្រោយដែលកើតក្រោយរបបខ្មែរក្រហម។ ប្រសិនបើមិនមានការចងចាំនេះទេពេលវេលាអាចធ្វើឲ្យក្មេងៗដូចយើងខ្ញុំផ្ទាល់ មិនដឹងថាប្រជាជនខ្មែរពិតជាទទួលរងទុក្ខលំបាក និងការកាប់សម្លាប់ក្នុងរបបខ្មែរក្រហម។ យើងនឹងយកចំណេះដឹងដែលទទួលបាននៅពេលនេះទៅចែករំលែកទៅកាន់មិត្តភក្កិផ្សេងទៀតដែលមិនបានមក និងសួរយាយតានៅផ្ទះថាតើមានរឿងអ្វីកើតឡើងចំពោះគាត់ក្នុងរបបខ្មែរក្រហម»។

កម្មវិធីពេលរសៀល គឺការចុះទៅកាន់ចេតិយរំឭកសម្រាប់សហគមន៍ ដែលស្ថិតនៅកណ្ដាលវាលស្រែក្នុងភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម។ បន្ទាប់ពីចុះទៅដល់ទីតាំងចេតិយរំឭកសម្រាប់សហគមន៍ តុង សុភា អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងជាតំណាងសមាគមន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមក្នុងមូលដ្ឋានភូមិចំការសាមសិបទទួលជួបស្វាគមន៍ និងដឹកនាំសិស្សានុសិស្សទៅកាន់ចេតិយរំឭក។ តុង សុភា និយាយចែករំលែកអំពីទីតាំងសម្លាប់ប្រជាជននៅក្នុងឃុំគគរក្នុងរបបខ្មែរក្រហម រួមមាន ទំនប់គគរ, វត្តគគរ, ឡដុតថ្នាំជក់, បទពិសោធន៍ និងការបាត់បង់ឪពុកក្នុងរបបខ្មែរក្រហម។ ការជួបសន្ទនារវាងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និង សិស្សានុសិស្សដែលជាក្មេងជំនាន់ក្រោយគឺជាផ្នែកដ៏សំខាន់មួយដើម្បីឲ្យយុវជន-យុវនារីកើតក្រោយរបបខ្មែរក្រហម ឈ្វេងយល់ដោយផ្ទាល់អំពីបទពិសោធន៍របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។

អត្ថបទ ៖ ទូច វណ្ណេត និង លី ដេវីត បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម

រូបថត ៖  លី ដេវីត/មជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖

មជ្ឈមណ្ឌលផ្សះផ្សាវាលវែងបញ្ចាំងខ្សែភាពយន្តឯកសាររឿង «កុំស្មានបងភ្លេច» ឱ្យសិស្សមកពីវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយទស្សនាដើម្បីយល់ដឹងអំពីការបាត់បង់តន្រ្តីអំឡុងពេលសង្រ្គាម និងប្រវត្តិសាស្រ្តខ្មែរក្រហម