មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម បានរៀបចំវេទិកាស្រាវជ្រាវអំពីដំណើរជីវិតរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម តាមរយៈប្រព័ន្ធវីដេអូ ដោយមានការអញ្ជើញចូលរួមពីលោកតា ម៉ម ស្រឿន អតីតកងដឹកជញ្ជូនអ្នកទោសយកទៅសម្លាប់នៅមន្ទីរសន្តិសុខគគរ ស្ថិតនៅក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម និងនិស្សិតស្រាវជ្រាវនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ គោលបំណងនៃវេទិកាស្រាវជ្រាវនេះគឺដើម្បីអនុញ្ញាតឲ្យនិស្សិតស្រាវជ្រាវវ័យក្មេងស្ដាប់រឿងរ៉ាវរបស់អ្នករស់រានមានជីវិតក្នុងរបបខ្មែរក្រហម និងដើម្បីជាការចែករំលែកនូវបទពិសោធន៍ និងការចង់ចាំរបស់គាត់ក្នុងការស្វែងយល់បន្ថែមទៀតអំពីប្រវត្តិសាស្រ្ដខ្មែរក្រហម។
លោកតា ម៉ម ស្រឿន បានរំលេចអំពីសាវតាររបស់ខ្លួនទៅកាន់និស្សិតស្រាវជ្រាវថា ខ្ញុំឈ្មោះម៉ម ស្រឿន កើតនៅក្នុងឆ្នាំ១៩៤៧ នៅក្នុងភូមិមហាខ្ញូង ឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ខ្ញុំរៀបការប្រពន្ធឈ្មោះ គូង ហ៊ន់ និងបច្ចុប្បន្នគឺជាកសិកររស់នៅក្នុងភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំមានឪពុកម្ដាយឈ្មោះម៉ម ទុំ និងម្ដាយឈ្មោះ បាន ណែម។ ខ្ញុំគឺជាកូនទី៦ក្នុងចំណោមបងប្អូនប្រុសស្រីចំនួន៧នាក់។ ខ្ញុំរៀនថ្នាក់ទី៧សង្គមចាស់ នៅសាលាបឋមសិក្សាវត្តមហាខ្ញូង ប៉ុន្តែខ្ញុំឈប់រៀនដើម្បីជួយធ្វើស្រែចំការឪពុកម្តាយវិញ។ នៅពេលនោះ ខ្ញុំមានអាយុ១៣ឆ្នាំ។ ខ្ញុំធ្វើស្រែចម្ការរហូតដល់ឆ្នាំចុងឆ្នាំ១៩៦៩។ បន្ទាប់ពីមានរដ្ឋប្រហាររបស់ លន់ នល់ នៅដើមឆ្នាំ១៩៧០ ខ្ញុំឃើញប្រជាជនធ្វើបាតុកម្មនៅក្នុងភូមិរបស់ខ្ញុំ។ នៅពេលនោះ ខ្ញុំមិនបានចូលរួមបាតុកម្មទេ។
លោកតា ស្រឿន រៀបរាប់បន្តថា នៅឆ្នាំ១៩៧១ ខ្ញុំស្ម័គ្រចិត្តចូលធ្វើជាកងចល័ត។ នៅឆ្នាំ១៩៧៣ ខ្ញុំរៀបការប្រពន្ធ និងមានកូនស្រីម្នាក់។ នៅឆ្នាំ១៩៧៤ដល់១៩៧៥ ខ្ញុំ និងគ្រួសារ បានផ្លាស់ទៅរស់នៅភូមិចំការសាមសិប និងធ្វើជាកងចល័តដដែល។ ក្រោយមកទៀត ខ្ញុំត្រូវបានបញ្ជូនទៅធ្វើស្រែរហូតដល់ឆ្នាំ១៩៧៥។ ចាប់ពីឆ្នាំ១៩៧៦ដល់ឆ្នាំ១៩៧៧ ខ្ញុំត្រូវបានផ្លាស់ទៅលើកទំនប់តាសេក អស់រយៈពេលប្រហែល២ខែ ទើបត្រឡប់មកផ្ទះវិញ។ ៥ថ្ងៃក្រោយមក ខ្ញុំត្រូវបានដកឲ្យទៅធ្វើការនៅកងដឹកជញ្ជូនវិញ។ មិត្ត សៀ គឺជាប្រធានកងដឹកជញ្ជូននៅចន្លោះឆ្នាំ១៩៧៧ ដល់ ឆ្នាំ១៩៧៨ បញ្ជាខ្ញុំឲ្យទៅដឹកជនជាតិចាមតាមរទេះគោដើម្បយកមកសម្លាប់នៅមន្ទីរសន្តិសុខគគរ។ មិត្ត សៀ រៀបចំរទេះគោចំនួន១៥គ្រឿងដើម្បីដឹកជញ្ជូនប្រជាជន និងប្រាប់ប្រជាជនថាអង្គការជម្លៀសគាត់ពីភូមិឲ្យទៅរស់នៅមូលដ្ឋានថ្មី ប៉ុន្តែនៅពេលដែលមកដល់ផ្លូវក្បាលទំនប់គគរ កងឈ្លបខ្មែរក្រហមប្រាប់ទិសឲ្យបរទេះចូលទៅក្នុងវត្តគគរដើម្បីសម្លាប់ប្រជាជនទាំងនោះទៅវិញ។ បន្ទាប់ពីដឹកប្រជាជនទៅដល់ទំតាំង ខ្ញុំត្រូវបានកងឈ្លបបញ្ជាឲ្យទៅជីករណ្ដៅ។ ខណៈពេលដែលខ្ញុំកំពង់ជីកដី កងឈ្លបចាប់ផ្តើមសម្លាប់អ្នកទោសជាបន្តបន្ទាប់ ដោយយកពូថៅវាយក្បាលប្រជាជន និងយកដាវចាក់ទម្លុះបំពង់ក រួចហើយតម្រៀបនៅក្នុងរណ្ដៅ។ ខ្ញុំឃើញការសម្លាប់នេះដោយផ្ទាល់ ដោយមានកងឈ្លបប្រមាណ៣ទៅ៤នាក់សម្លាប់ប្រជាជនទម្លាក់ទៅក្នុងមួយរណ្ដៅ។ នៅពេលខ្ញុំជីករណ្តៅរួច និងស្នើសុំបររទេះគោចេញទៅវិញ គឺមានកងឈ្លបម្នាក់ជាអ្នកជូនខ្ញុំ។ ប្រសិនបើខ្ញុំដើរមកម្នាក់ឯង ខ្ញុំនឹងត្រូវបានយល់ច្រលំថាជាអ្នកទោសនិងត្រូវយកទៅសម្លាប់ដែរ។ នៅពេលដែលមកដល់ផ្ទះវិញ ខ្ញុំពិតជាភ័យតក់ស្លត់ខ្លាំងណាស់ ហើយខ្ញុំបានប្រាប់ប្រពន្ធអំពីហេតុការសម្លាប់នោះ។
នៅចុងឆ្នាំ១៩៧៨ ខ្ញុំត្រូវបានដកឲ្យទៅធ្វើការនៅរោងជាងដើម្បីសាងសង់រោងបាយរួមសម្រាប់សហករណ៍។ នៅពេលនោះ វត្តគគរ ត្រូវបានរៀបចំជួសជុលឡើងវិញ និងប្រើប្រាស់ជាឃ្លាំងស្តុកស្រូវអង្ករ។ នៅពេលដែលកងទ័ពវៀតណាមចូលមកដល់ ខ្ញុំរួមជាមួយក្រុមគ្រួសារបន្តរស់នៅក្នុងភូមិ និងប្រកបរបរធ្វើស្រែរហូតមកដល់សព្វថ្ងៃ។
បន្ទាប់ពីលោកតា ស្រឿន រៀបរាប់អំពីដំណើរជីវិតប្រាប់ដល់និស្សិតស្រាវជ្រាវវ័យក្មេងរួច និស្សិតមួយចំនួនបានសួរសំណួរទាក់ទងនឹងការកាប់សម្លាប់នៅមន្ទីរសន្តិសុខគគរ។ ជាចុងក្រោយ លោកតា ស្រឿន ផ្ដាំផ្ញើទៅកាន់និស្សិតស្រាវជ្រាវអំពីសារសំខាន់ក្នុងការយល់ដឹងអំពីប្រវត្តិសាស្ត្ររបស់ខ្លួន និងត្រូវខិតខំសិក្សារៀនសូត្របន្ថែមទៀត។
អត្ថបទ៖ កែម សុភី និង មេន នឿន អ្នកស្ម័គ្រចិត្ត មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម