ណាំ ញី ៖ ខ្ញុំឈឺចាប់នៅពេលដឹងកូនស្រីខ្ញុំបាត់បង់ជីវិត

ខ្ញុំឈ្មោះ ណាំ ញី អាយុ៨០ឆ្នាំ ហើយបច្ចុប្បន្នរស់នៅភូមិត្រពាំងឈូក ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។ ឪពុកខ្ញុំឃ្វាលគោ និងម្ដាយធ្វើនំលក់ ដូច្នេះគ្រួសារខ្ញុំមិនសូវជាធូរធារទេ។ ខ្ញុំមានបងប្អូនចំនួន៤នាក់ ហើយខ្ញុំគឺជាកូនច្បងក្នុងគ្រួសារ។ នៅអាយុ៨ឆ្នាំខ្ញុំចូលរៀននៅវត្តត្រពាំងធំ ស្ថិតក្នុងឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់។ ខ្ញុំតែងជួយទូលនំលក់ មុនពេលខ្ញុំទៅរៀន។ ខ្ញុំរៀនបានត្រឹមថ្នាក់ទី៩ក៏ឈប់រៀន ដោយសារជីវភាពគ្រួសារនៅតែខ្វះខាត។ បន្ទាប់ពីខ្ញុំឈប់រៀន ខ្ញុំជួយធ្វើនំម្តាយ និងធ្វើកិច្ចការផ្ទះសម្បែង។

លុះពេលខ្ញុំអាយុ២១ឆ្នាំ ខ្ញុំរៀបការជាមួយប្ដីឈ្មោះ ឱ សឿន។ ក្រោយពីរៀបការរួច យើងទាំងពីរនាក់ទៅធ្វើការងារនៅស្រុកមេមត់ ខេត្តកំពង់ចាម ដែលសព្វថ្ងៃបានប្តូរមកជាខេត្តត្បូងឃ្មុំ។ ប្ដីរបស់ខ្ញុំចៀរជ័រកៅស៊ូ ហើយខ្ញុំលក់ចាប់ហ៊ួយនៅទីនោះ។ រៀងរាល់រយៈពេលកន្លះខែម្ដង ថៅកែចម្ការកៅស៊ូបើកប្រាក់ខែឲ្យកម្មករ ដោយក្នុងម្នាក់ទទួលបានប្រាក់ចំនួន៣០០រៀល។ រយៈពេល៧ឆ្នាំក្រោយមក មានយន្តហោះជាច្រើនមកទម្លាក់គ្រាប់បែក ថែមទាំងបណ្តាលឲ្យមានមនុស្សស្លាប់ទៀត។ បន្ទាប់ពីការទម្លាក់គ្រាប់បែកស្ងប់ស្ងាត់បន្តិចខ្ញុំ និងកម្មករផ្សេងទៀតបានធ្វើដំណើរត្រឡប់មកស្រុកកំណើតរៀងៗខ្លួនវិញ។

ខ្ញុំចាកចេញពីស្រុកមេមត់ ជាមួយនឹងកូនស្រីអាយុ៤ឆ្នាំ និងប្តីរបស់ខ្ញុំ។ ត្រឡប់មកដល់ភូមិកំណើតវិញ យន្តហោះនៅតែបន្តទម្លាក់គ្រាប់បែកនៅជុំវិញភូមិដដែល។ ក្រោយមកខ្ញុំឮអ្នកភូមិនិយាយតគ្នាថា «បែកទីក្រុងភ្នំពេញ យើងបានសន្តិភាពហើយ»។ បន្ទាប់មកខ្មែរក្រហមចាត់តាំងខ្ញុំឲ្យចិញ្ចឹមដង្កូវនាង និងធ្វើស្រែជាក្រុមនៅក្នុងភូមិ។ ចំណែកប្ដីរបស់ខ្ញុំធ្វើជាអនុប្រធានភូមិ ប៉ុន្តែខ្មែរក្រហមប្រើគាត់ឲ្យឡើងត្នោត និងធ្វើស្រែប្រាំងដូចប្រជាជនដែរ។ រីឯកូនស្រីរបស់ខ្ញុំ ខ្មែរក្រហមឲ្យទៅរៀន។ ខ្មែរក្រហមបែងចែកប្រជាជនក្នុងភូមិឲ្យធ្វើការងារ ដូចជា ប្រជាជនដែលមានកូន ឬវ័យចំណាស់គឺឲ្យនៅក្បែរៗភូមិ ធ្វើកន្ទេល ដាំដំណាំ និងមើលក្មេងៗ។ ចំណែកអ្នកមិនទាន់មានប្តី-ប្រពន្ធ ឬមានកម្លាំងពេញ ខ្មែរក្រហមជម្លៀសទៅឆ្ងាយៗខាងក្រៅឃុំ។

ក្រោយមក ខ្ញុំឮការឃោសនាថា «ពេលកងទ័ពវៀតណាមឃើញយើង គឺបាញ់សម្លាប់យើងចោលហើយ»។ គ្រាន់តែឮបែបនេះ ខ្ញុំនិងអ្នកភូមិផ្សេងទៀតនាំគ្នារត់។ ខ្ញុំរត់ទៅដល់ទៅដល់ភ្នំស្រុកភ្នំក្រវាញ និងអូរសោម ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់។ ខ្ញុំបានជួបនឹងកងទ័ពវៀតណាមនៅទីនោះ ហើយកងទ័ពវៀតណាមចែកបាយឲ្យខ្ញុំនិងប្រជាជនហូប បន្ទាប់មកបានបញ្ជូនខ្ញុំមកស្រុកកំណើតវិញ។ ប្ដីរបស់ខ្ញុំរត់ទៅជាមួយខ្មែរក្រហម ព្រោះគាត់ភ័យខ្លាចប្រជាជនវាយធ្វើបាបគាត់ដោយសារគាត់ធ្លាប់ធ្វើជាអនុប្រធានភូមិ។ ក្រោយរបបខ្មែរក្រហមដួលរលំ ខ្ញុំនិងកូនបានទៅតាមយកប្ដីខ្ញុំមករស់នៅជួបជុំគ្រួសារវិញ។

រហូតមកដល់សព្វថ្ងៃ ខ្ញុំនៅតែមានទុក្ខសោក ព្រោះខ្ញុំបាត់កូនស្រីច្បងរបស់ខ្ញុំម្នាក់ដោយមិនដឹងថាស្លាប់ឬរស់នោះទេ។ ខ្ញុំបានសួរនាំអ្នកដែលនាំកូនស្រីរបស់ខ្ញុំទៅនៅជាមួយ ប៉ុន្តែគ្មាននរណាម្នាក់ប្រាប់ថាកូនស្រីរបស់ខ្ញុំនៅទីណាឡើយ។ ខ្ញុំខិតខំស្រាវជ្រាវក៏ទទួលបានដំណឹងថា កូនស្រីរបស់ខ្ញុំបានស្លាប់បាត់បង់ជីវិតនៅពេលឡើងទៅកាប់ឈើធ្វើផ្ទះ។ កូនស្រីរបស់ខ្ញុំប្រទះឃើញផ្លែក្រឡាញ់ហើយដើរទៅបេះយកមកហូប ស្រាប់តែថៃបាញ់សម្លាប់ រួចហើយទម្លាក់ចូលទឹក។

អត្ថបទ ៖ ង៉ាន់ វីន បុគ្គលិកមជ្ឈមណ្ឌលឯកសារ ខេត្តតាកែវ

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖

មជ្ឈមណ្ឌលផ្សះផ្សាវាលវែងបញ្ចាំងខ្សែភាពយន្តឯកសាររឿង «កុំស្មានបងភ្លេច» ឱ្យសិស្សមកពីវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយទស្សនាដើម្បីយល់ដឹងអំពីការបាត់បង់តន្រ្តីអំឡុងពេលសង្រ្គាម និងប្រវត្តិសាស្រ្តខ្មែរក្រហម