រឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅស្រុកកំចាយមារ

អ្នកស្ម័គ្រចិត្តកម្ពុជា នៅខេត្តព្រៃវែង ចំនួនពីររូបគឺ សាន ធីតា  និង អឿន ពណ្ណរាយ  បានជួបនិងសម្ភាសន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន១៤នាក់ ក្នុងចំណោមនោះមានប្រុសចំនួន២នាក់និងស្រីចំនួន១២នាក់ រស់នៅស្រុកកំចាយមារ បានចែករំលែករឿងរ៉ាវដែលបានឆ្លងកាត់ក្នុងរបបខ្មែរក្រហម។ ខាងក្រោមនេះគឺជារឿងរ៉ាវសង្ខេប ៖

១) កែវ ជន់  

ខ្ញុំឈ្មោះ កែវ ជន់ ភេទស្រី អាយុ៧០ឆ្នាំ គឺជាកសិករ បច្ចុប្បន្នរស់នៅភូមិថ្នល់កែង ឃុំស្មោងខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង។ ខ្ញុំមានកូនចំនួន៦នាក់។ នៅក្នុងរបបខ្មែរក្រហម ខ្ញុំជួបការលំបាកយ៉ាងខ្លាំង។ ខ្មែរក្រហមប្រើខ្ញុំឲ្យធ្វើការងារហួសកម្លាំង។ ខ្ញុំមិនដែលហូបបានឆ្អែតទេ គឺពេលព្រឹកខ្ញុំទទួលបានរបបបាយមួយកូនចាន និងពេលល្ងាចខ្ញុំហូបតែបបរ។ ខ្ញុំមានតួនាទីជាសមាជិកក្រុម ដូច្នេះខ្ញុំធ្វើតាមតែមេក្រុមបញ្ជាមក ប្រសិនបើខ្ញុំប្រកែកតវ៉ា នឹងត្រូវយកទៅកសាងមិនខាន ហើយអ្នកដែលយកទៅកសាងហើយគឺកម្រឃើញត្រឡប់មកវិញណាស់។ ការងារដែលខ្ញុំធ្វើមានដូចជា ស្ទូង ដក ច្រូតស្រូវ បោកកណ្ដាប់ក្នុងម្នាក់ចំនួន២០០កណ្តាប់។ ខ្ញុំបោកកណ្ដាប់ទាំងយប់ រហូតរួចរាល់ទើបអង្គការឲ្យមកផ្ទះវិញ។ សព្វថ្ងៃខ្ញុំរស់នៅម្នាក់ឯង ហើយខ្ញុំពេញចិត្តនឹងការរស់នៅរាល់ថ្ងៃ ព្រោះមានសេរីភាព។

២) កែវ យ៉ុន  

ខ្ញុំឈ្មោះ កែវ យ៉ុន ភេទស្រី អាយុ៧២ឆ្នាំ គឺជាកសិករ បច្ចុប្បន្នរស់នៅភូមិថ្នល់កែង ឃុំស្មោងខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង។ ខ្ញុំមានកូនចំនួន២នាក់ក្នុងនោះមានម្នាក់ទៅធ្វើការនៅប្រទេសថៃ និងម្នាក់ទៀតធ្វើការនៅស្រុកកំចាយមារ។ នៅក្នុងរបបខ្មែរក្រហមខ្ញុំជួបការលំបាកយ៉ាងខ្លាំង ព្រោះអង្គការប្រើខ្ញុំឲ្យធ្វើពលកម្មធ្ងន់ធ្ងរដូចសត្វធាតុ។ ការហូបចុករបស់ខ្ញុំ មិនឆ្អែតទេ ដល់ពេលព្រឹកហូបបាយ១កូនចាន និងពេលល្ងាចហូបបបរ។ ពេលអង្គការចាត់តាំងខ្ញុំឲ្យធ្វើការងារអ្វី គឺខ្ញុំត្រូវតែធ្វើតាមបញ្ជារបស់អង្គការ ប្រសិនបើខ្ញុំប្រកែកអង្គការនឹងយកខ្ញុំទៅកសាងមិនខាន។ ការងារដែលខ្ញុំធ្វើគឺស្ទូងស្រូវ ជីកប្រឡាយប្រវែង១៥ម៉ែត្រ រហូតរួចរាល់ទើបត្រឡប់មកផ្ទះវិញ។ សព្វថ្ងៃខ្ញុំរស់នៅជាមួយកូន។

៣) អុត សារុំ

ខ្ញុំឈ្មោះ អុត សារុំ អាយុ៥៩ឆ្នាំ គឺជាកសិករ រស់នៅភូមិថ្នល់កែង ឃុំស្មោងខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង។ សម័យខ្មែរក្រហម ខ្ញុំមានអាយុប្រមាណ១១ឆ្នាំ និងមានបងប្អូនចំនួន៧នាក់។ ក្រោយឆ្នាំ១៩៧៥ ឪពុកខ្ញុំត្រូវបានចោទប្រកាន់ជាខ្មែរស និងត្រូវបានចាប់ខ្លួនហើយមិនឃើញវិលត្រឡប់មកផ្ទះទេ។ នៅសម័យនោះ ទោះបីខ្ញុំនៅវ័យក្មេង ប៉ុន្តែអង្គការប្រើខ្ញុំឲ្យធ្វើការដូចមនុស្សធំ។ ចំណែកការហូបចុកគឺមិនគ្រប់គ្រាន់ទេ ព្រោះមួយថ្ងៃអង្គការឲ្យហូបតែពីរពេល គឺនៅវេលាម៉ោង១១ព្រឹកហូបបាយ និងពេលល្ងាចហូបបបរ។ ការងារដែលខ្ញុំធ្វើមានដូចជា ស្ទូងស្រូវ កាប់ឆ្ការព្រៃ និងជីកប្រឡាយ។ ខ្ញុំសូមផ្តាំឲ្យក្មេងជំនាន់ក្រោយត្រូវខិតខំរៀនសូត្រ ការពារកុំឲ្យរបបខ្មែរក្រហមវិលត្រឡប់មកវិញ។ សព្វថ្ងៃខ្ញុំពេញចិត្តការរស់នៅប្រចាំថ្ងៃរបស់ខ្ញុំព្រោះ ប្រទេសជាតិមានការអភិវឌ្ឍន៍ និងមានសេរីភាព។

៤) សាយ សី

ខ្ញុំឈ្មោះ សាយ សី ភេទប្រុស អាយុ៦៤ឆ្នាំ គឺជាកសិករ រស់នៅភូមិថ្នល់កែង ឃុំស្មោងខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង។ នៅក្នុងសម័យសង្គមរាស្រ្តនិយម ខ្ញុំមានអាយុប្រមាណ៨ឆ្នាំ។ ខ្ញុំរៀននៅសាលាបឋមនៅឡើយ។ លុះឆ្នាំ១៩៧០ ខ្ញុំឃើញប្រជាជនធ្វើបាតុកម្មប្រឆាំងរបប លន់ នល់។ ខ្ញុំមិនបានរៀនបន្តទេដោយសារតែសម័យនោះកើតមានសង្រ្គាម។ យើងរត់គេចពីការទម្លាក់គ្រាប់បែក ហើយការទម្លាក់គ្រាប់នោះបណ្តាលឲ្យដាច់ស្ពានជោរិ៍ស្ថិតនៅក្បែរផ្ទះរបស់ខ្ញុំ។ នៅពេលរបបខ្មែរក្រហមឡើងគ្រប់គ្រងអំណាច ខ្ញុំមានអាយុប្រមាណជាង១០ឆ្នាំ។ ខ្ញុំត្រូវបានអង្គការចាត់តាំងឲ្យចូលក្នុងកងកុមារឈានមុខ ដោយអង្គការឲ្យខ្ញុំធ្វើការងារជាក្រុម។ បន្ទាប់មក អង្គការប្រើខ្ញុំឲ្យជញ្ជូនខ្សាច់និងគ្រួស យកមកធ្វើស្ថានីយស្តុកទឹក។ ខ្ញុំត្រូវបានអង្គការដេញចាប់ម្ដង ក្រោយមកអង្គការស្រាវជ្រាវអំពីប្រវត្តិរូបរបស់ខ្ញុំដឹងថា ខ្ញុំគឺជាអ្នកដឹកជញ្ជូន គ្រួស និងខ្សាច់ យកមកធ្វើស្ថានីយក៏ដោះលែងវិញ។ មួយរយៈក្រោយមក យោធាខ្មែរក្រហមតាមចាប់ខ្ញុំ និងក្រុមរបស់ខ្ញុំនៅម្ដុំចុងអង្រ្គង និងថ្នល់ទទឹង ស្ថិតនៅខាងកើតសួងម្តងទៀត។ យោធាខ្មែរក្រហមដេញបាញ់ខ្ញុំ ខណៈនោះខ្ញុំក៏រត់ចូលព្រៃនៅចុងឆ្នាំ១៩៧៨។ ខ្ញុំនិងក្រុមបានរត់ភៀសខ្លួនទៅប្រទេសវៀតណាម ប៉ុន្តែមិនបានសម្រេចដោយសារយោធាខ្មែរក្រហមបានរារាំងផ្លូវ។ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ របបខ្មែរក្រហមបានដួលរលំ ទើបខ្ញុំវិលត្រឡប់មកផ្ទះវិញ ព្រោះនឹករឭកបងប្អូននិងឪពុកម្តាយ។

៥) សាម សារុំ

 

ខ្ញុំឈ្មោះ សាម សារុំ ភេទស្រី អាយុ៧៨ឆ្នាំ គឺជាកសិករ រស់នៅភូមិថ្នល់កែង ឃុំស្មោងខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង។ ខ្ញុំមានកូនចំនួន៤នាក់ ក្នុងនោះម្នាក់ធ្វើការនៅប៉ោយប៉ែត និងម្នាក់ទៀតធ្វើការនៅរាជធានីភ្នំពេញ ចំណែកពីរនាក់ទៀតធ្វើការនៅប្រទេសចិន និងថៃ។ នៅរបបខ្មែរក្រហម ខ្ញុំជួបការលំបាកយ៉ាងខ្លាំងដោយសារខ្មែរក្រហមប្រើខ្ញុំឲ្យធ្វើការហួសកម្លាំង និងធ្វើការដូចសត្វធាតុ នៅកងចល័ត។ ខ្ញុំមិនដែលបានហូបឆ្អែតទេ អាហារពេលព្រឹកគឺហូបបាយនៅម៉ោង១១ព្រឹក ហើយពេលល្ងាចគឺហូបបបរ។ នៅក្នុងសម័យនោះ ប្រសិនបើនរណាម្នាក់ប្រកែកតវ៉ាជាមួយបទបញ្ជារបស់ខ្មែរក្រហម អ្នកនោះនឹងត្រូវបានខ្មែរក្រហមយកទៅកសាង ហើយកម្រឃើញវិលត្រឡប់មកវិញណាស់។ ចំណែកការងារដែលខ្ញុំធ្វើ មានដូចជា ស្ទូងស្រូវ កិនស្រូវ ច្រូតស្រូវ និងបោកកណ្ដាប់ ដោយបោកក្នុងម្នាក់ឲ្យបានចំនួន៣០០កណ្ដាប់ ទើបអាចត្រឡប់មកផ្ទះវិញ។ នៅសម័យនោះ ខ្ញុំបែកបាក់បងប្អូនចំនួន២នាក់ ដោយបងរបស់ខ្ញុំម្នាក់គឺជាទាហាន។ ខ្ញុំសំណូមពរឲ្យក្មេងជំនាន់ក្រោយការពារកុំឲ្យរបបខ្មែរក្រហមវិលត្រឡប់មកវិញ។

៦) ហាំ ភុន

ខ្ញុំឈ្មោះ ហាំ ភុន ភេទស្រី អាយុ៧១ឆ្នាំ គឺជាកសិករ រស់នៅភូមិថ្នល់កែង ឃុំស្មោងខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង។ ខ្ញុំធ្វើការងារនៅកងចល័តនៅក្នុងរបបខ្មែរក្រហម។ បន្ទាប់មក ខ្មែរក្រហមចាត់តាំងខ្ញុំ និងសមាជិកក្រុមទាំងអស់ ឲ្យទៅកាប់ឆ្ការ និងរានព្រៃដាំស្រូវ និងដំណាំ។ ប្ដីរបស់ខ្ញុំត្រូវអង្គការយកទៅកសាងនៅក្នុងរបបខ្មែរក្រហម។ នៅសម័យនោះ ការហូបចុកប្រចាំថ្ងៃរបស់ពុំដែលបានគ្រប់គ្រាន់ទេ ខុសពីពេលបច្ចុប្បន្នដែលខ្ញុំរស់នៅ​ដោយ​សុភមង្គល ហូបចុកគ្រប់គ្រាន់ ហើយពេលឈឺមានថ្នាំសង្កូវព្យាបាល។

៧) សោម ធឿន

ខ្ញុំឈ្មោះ សោម ធឿន ភេទប្រុស អាយុ៥៥ឆ្នាំ គឺជាកសិករ បច្ចុប្បន្នខ្ញុំរស់នៅភូមិថ្នល់កែង ឃុំស្មោងខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង។ នៅសម័យខ្មែរក្រហមខ្ញុំនៅកងកុមារ និងជួបការលំបាកយ៉ាងខ្លាំង។ ការហូបចុកក្នុងមួយថ្ងៃពីរពេលគឺនៅពេលព្រឹកហូបបាយនៅម៉ោង១១ និងពេលល្ងាចហូបបបរ ជាមួយសម្លម្ជូរ។ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ ខ្ញុំចូលបម្រើកងទ័ពនៅឆ្នាំ១៩៨៦ក្នុងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ហើយត្រូវបញ្ជូនឲ្យទៅហ្វឹកហាត់នៅប្រទេសវៀតណាមមួយរយៈ។ នៅពេលត្រឡប់មកវិញ ខ្ញុំត្រូវបានចាត់តាំងឲ្យចូលកងអា-៣ ឡើងទៅវាយតទល់ជាមួយខ្មែរក្រហម។ សព្វថ្ងៃប្រទេសយើងរីកចម្រើន មិនមានសង្គា្រមហើយប្រជាជនរស់នៅជួបជុំបងប្អូន។ ខ្ញុំសូមឲ្យក្មេងជំនាន់ក្រោយខិតខំរៀនសូត្រ ដើម្បីការពារកុំឲ្យរបបខ្មែរក្រហមវិលត្រឡប់មកវិញ។

៨) គង់ សាន

ខ្ញុំឈ្មោះ គង់ សាន ភេទស្រី អាយុ៧៤ឆ្នាំ គឺជាកសិករ រស់នៅភូមិថ្នល់កែង ឃុំស្មោងខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង។ នៅក្នុងរបបសង្គមរាស្រ្តនិយមខ្ញុំជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យខ្ញុំមិនសូវចងចាំ។ នៅក្នុងរបប លន់ នល់ ខ្ញុំក៏មិនចងចាំច្រើនដែរ។ មកដល់របបខ្មែរក្រហម ខ្មែរក្រហមប្រើខ្ញុំឲ្យធ្វើការងារគ្មានពេលសម្រាកឡើយ ចំណែកការហូបចុករបស់ខ្ញុំគឺមិនដែលបានហូបឆ្អែតទេ ព្រោះក្នុងមួយថ្ងៃហូបតែពីរពេលគឺព្រឹកម៉ោង១១ហូបបាយ និងពេលល្ងាចហូបបបរ។ ក្រោយមក ខ្មែរក្រហមចាត់តាំងខ្ញុំឲ្យបើកឡានដឹកស្បៀង។ មិនយូរប៉ុន្មាន ខ្មែរក្រហមបានផ្លាស់ខ្ញុំមកនៅកងស្ទូង និងដកដំណាបវិញ។ រាល់ថ្ងៃប្រធានកងដាស់ខ្ញុំឲ្យក្រោកនៅវេលាម៉ោង៣ទៀបភ្លឺដើម្បីទៅស្ទូង ហើយម៉ោង១១ព្រឹកទើបឈប់សម្រាកហូបបាយ។ ក្នុងមួយថ្ងៃខ្ញុំនិងសមាជិកកង៥នាក់ទៀតត្រូវស្ទូងឲ្យហើយក្នុងទំហំដីមួយហិកតា។ ប្រ​សិន​បើមិនហើយ ឬយឺតយ៉ាវ ខ្មែរក្រហមនឹងយកកងរបស់ខ្ញុំទៅកសាងមិនខានឡើយ។ ផុតពីរដូវស្ទូងដក ខ្មែរក្រហមចាត់តាំងខ្ញុំទៅលើកភ្លឺប្រឡាយ ហើយខ្ញុំក៏ត្រូវក្រោកនៅវេលាម៉ោង៣ទៀបភ្លឺដែរ។ នៅពេលកំពុងធ្វើការងារ ហើយយើងធ្វើឲ្យរបូត ចប បង្គី ដងរែក ពីដៃ ខ្មែរក្រហមនឹងស្តីបន្ទោស ហើយចោទយើងថា មិនពេញចិត្តនឹងការងារ។ ខ្ញុំធ្វើការនៅកងចល័តរហូតដល់របបខ្មែរក្រហមដួលរលំនៅឆ្នាំ១៩៧៩។ សព្វថ្ងៃខ្ញុំមានកូនចំនួន៤នាក់ ហើយខ្ញុំសប្បាយចិត្ត ព្រោះស្រុកទេសមិនមានសង្គ្រាម និងមានសិទ្ធិសេរីភាព។

៩) ជា ថា

ខ្ញុំឈ្មោះ ជា ថា ភេទស្រី អាយុ៦០ឆ្នាំ គឺជាកសិករ រស់នៅភូមិថ្នល់កែង ឃុំស្មោងខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង។ នៅក្នុងរបបខ្មែរក្រហម ខ្ញុំជួបការលំបាកយ៉ាងខ្លាំង ព្រោះខ្មែរក្រហមប្រើខ្ញុំឲ្យធ្វើពលកម្មលើសកម្លាំង។ ការហូបចុករបស់ខ្ញុំមិនបានគ្រប់គ្រាន់ទេគឺក្នុងមួយថ្ងៃខ្មែរក្រហមឲ្យខ្ញុំហូបពីរពេលប៉ុណ្ណោះ គឺពេលព្រឹកនៅម៉ោង១១ និងពេលល្ងាចនៅម៉ោង៥ ដោយមានតែបបរលាយជាមួយសម្លម្ជូរដើមចេក។ ប្រសិនបើមានអ្នកប្រកែក មិនធ្វើតាមការចាត់តាំងរបស់ខ្មែរក្រហម ខ្មែរក្រហមនឹងយកទៅកសាងមិនខាន។ ចំពោះអ្នកមកធ្វើការងារយឺតក៏ត្រូវបានខ្មែរក្រហមយកទៅកសាងលើកទី១ និងលើកទី២ ដោយលើកលែងទោសឲ្យ ប៉ុន្តែបើមានលើកទី៣គឺត្រូវមានទោស និងយកទៅវាយសម្លាប់ចោលមិនខាន។ ការងារដែលខ្ញុំធ្វើនៅសម័យនោះ មានដូចជា ស្ទូងស្រូវ ដកសំណាប ជីកប្រឡាយ និងលើកទំនប់។ ប្រធានកងប្រើ ខ្ញុំឲ្យស្ទូងស្រូវ១ហិកតាឲ្យហើយក្នុងមួយថ្ងៃ ចំណែកការងារជីកប្រឡាយគឺខ្ញុំត្រូវប្រើកម្លាំងខ្លាំងហើយប្រសិនបើខ្ញុំធ្វើឲ្យធ្លាក់របស់របរប្រើប្រាស់ត្រូវអង្គការស្ដីបន្ទោស ឬចោទថាខ្ញុំមិនពេញចិត្តនឹងការងារ។ ខ្ញុំធ្វើការងារតាមការកំណត់របស់ប្រធានកងឲ្យរួចរាល់ ទើបខ្ញុំអាចឲ្យត្រឡប់មកផ្ទះវិញ។ ខ្ញុំសំណូមពរឲ្យក្មេងជំនាន់ក្រោយខិតខំរៀនសូត្រ ដើម្បីកុំឲ្យជួបការលំបាកដូច ខ្ញុំ។ សព្វថ្ងៃខ្ញុំរស់នៅជាមួយគ្រួសារ និងកូនទាំង២នាក់។

១០) ជីន យ៉ា

ខ្ញុំឈ្មោះ ជីន យ៉ា ភេទស្រី អាយុ៦៦ឆ្នាំ គឺជាកសិករ បច្ចុប្បន្នខ្ញុំរស់នៅភូមិថ្នល់កែង ឃុំស្មោងខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង។ ខ្ញុំមានបងប្អូនបង្កើតចំនួន៥នាក់។ នៅក្នុងរបបសង្គមរាស្រ្តនិយមខ្ញុំនៅក្មេង និងមិនសូវចាំទេ។ ចូលដល់របប លន់ នល់ ខ្ញុំមានអាយុ១៣ឆ្នាំ ខ្ញុំចងចាំបានបន្តិចបន្តួចប៉ុណ្ណោះ។ រហូតដល់របបរបបខ្មែរក្រហមខ្មែរក្រហមឡើងកាន់អំណាច ខ្ញុំមានវ័យជំទង់។ ថ្ងៃមួយខ្មែរក្រហមចាប់ឪពុកខ្ញុំយកទៅសម្លាប់ចោលដោយចោទគាត់ថា ខ្មែរស។ ពេលនោះខ្ញុំជួបការលំបាកខ្លាំង ព្រោះការហូបចុកមិនដែលបានឆ្អែតទេ។ ក្នុងមួយថ្ងៃអង្គការឲ្យខ្ញុំហូបពីរពេលគឺពេលព្រឹកនៅម៉ោង១១ និង ពេលល្ងាចនៅម៉ោង៥ ដោយហូបបបរសជាមួយសម្លត្រកួននិងសម្លម្ជូរ។ ការងាររបស់ខ្ញុំនៅក្នុងសម័យនោះ រួមមាន ដក ស្ទូង ច្រូតស្រូវ និងបោកបែនស្រូវ។ ពេលនោះ ខ្ញុំត្រូវស្ទូងស្រូវ១ហិកតាជាមួយសមាជិក៨នាក់ ធ្វើយ៉ាងណាឲ្យរួចរាល់ក្នុងមួយព្រឹក។ ប្រសិនបើសមាជិក៨នាក់ធ្វើមិនហើយ ត្រូវដកសមាជិក២នាក់ចេញ គឺទុកតែគ្នា៦នាក់ ហើយបើនៅតែមិនហើយគឺអង្គការយកទៅកសាងមិនខាន។ នៅរដូវប្រាំង ប្រធានកងបញ្ជាខ្ញុំឲ្យទៅលើកទំនប់ និងជីកប្រឡាយ។ នៅពេលទៅជីកប្រឡាយ ខ្ញុំទទួលបានរបបអាហារបាយមួយដុំ។

១១) ឈៀង ញ៉

ខ្ញុំឈ្មោះ ឈៀង ញ៉ ភេទស្រី អាយុ៦០ឆ្នាំ គឺជាកសិករ រស់នៅភូមិថ្នល់កែង ឃុំស្មោងខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង។ សព្វថ្ងៃខ្ញុំរស់នៅជាមួយប្អូនរបស់ខ្ញុំ។ នៅក្នុងរបបខ្មែរក្រហមខ្ញុំមានអាយុប្រហែល៨ឆ្នាំ។ នៅពេលព្រឹកត្រូវកើបអាចម៍ គោ ក្របី រួចហើយទៅរៀន លុះប្រហែលម៉ោង៨ មេក្រុមឲ្យទៅឃ្វាលគោ និងក្របី។ បន្ទាប់ពីឃ្វាល គោ និងក្របី ប្រធានកងប្រើខ្ញុំឲ្យរែកទឹកដាក់ពាងដើម្បីឲ្យកុមារនៅក្នុងកងប្រើប្រាស់។ ការរែកទឹកគឺគ្មានការកំណត់ទេ គឺរែកជាមួយក្រុមកុមារ។ អ្វីដែលខ្ញុំគិតថាលំបាកជាងគេគឺការហូបចុក ដោយសារខ្ញុំនៅក្មេងហើយត្រូវការហូបច្រើន។ រាល់ថ្ងៃខ្ញុំទទួលរបបអាហារពីរពេល។ នៅពេលព្រឹក ខាងចុងភៅនៅផ្ទះបាយរួមបានរែកបបរមកចែកឲ្យកុមារហូបនៅវេលាប្រហែលម៉ោង១១ បន្ទាប់ពីហូបរួច កុមារ​ត្រូវចេញទៅឃ្វាលគោក្របីនៅវាលស្រែ។ ពេលនោះខ្ញុំត្រូវបែកពីបែកពីឪពុកម្តាយ និងបងប្អូនព្រោះត្រូវទៅធ្វើការងារតាមតួនាទីរៀងៗខ្លួន។ ខ្ញុំធ្លាប់យំដោយសារការនឹករឭកឪពុកម្ដាយ បងប្អូន ហើយខ្ញុំតែងតែរង់ចាំមើលផ្លូវឪពុកម្ដាយរបស់ខ្ញុំ។ ខ្ញុំមិនដែលបានឃើញឪពុករបស់ខ្ញុំ ព្រោះឪពុកខ្ញុំត្រូវបានខ្មែរក្រហមប្រើឲ្យទៅគាប់គាស់រានព្រៃនៅតំបន់ឆ្ងាយៗ។ ចំណែ​កម្ដាយ ខ្ញុំបានជួបគាត់ញឹកញាប់ដោយសារខ្មែរក្រហមប្រើម្ដាយខ្ញុំឲ្យមកយករបស់របរពីក្នុងភូមិ។ ចំណែកប្អូនខ្ញុំនៅពេលនោះនៅតូចៗ ដូច្នេះខ្មែរប្រមូលទៅដាក់នៅកងកុមារដែលមានចាស់ៗនៅថែទាំ ដូច្នេះខ្ញុំមិនដែលបានជួបប្អូនទេ។ ជួនកាលម្ដាយរបស់ខ្ញុំបានយកប្អូនរបស់ខ្ញុំទៅតាមនៅពេលគាត់ចេញទៅស្ទូង។ ក្រោយមកប្រធានកងប្រើខ្ញុំឲ្យទៅរែកដី និងលើកទំនប់រយៈពេលពីរខែ។ ការរែកដីគឺលំបាកណាស់សម្រាប់ខ្ញុំដោយសារខ្ញុំនៅក្មេង ប៉ុន្តែក្រោយមក ប្រធានកងចាត់តាំងឲ្យខ្ញុំមករៀនវិញ។  នៅពេលយប់ប្រធានកងប្រើខ្ញុំឲ្យជាន់អង្ករ ដើម្បីផ្តល់ឲ្យសហករណ៍យកទៅដាំបាយហូប។ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ ខ្ញុំបានមករស់នៅជួបជុំឪពុកម្តាយនិងប្អូនវិញ។ ខ្ញុំរស់នៅជុំគ្នាមិនបានប៉ុន្មានផង ឪពុករបស់ខ្ញុំក៏ស្លាប់។

១២) ញូង យួង

ខ្ញុំឈ្មោះ ញូង យួង ភេទស្រី អាយុ៧៣ឆ្នាំ គឺជាកសិករ រស់នៅភូមិថ្នល់កែង ឃុំស្មោងខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង។ នៅក្នុងរបប លន់ នល់ ខ្ញុំរស់នៅជុំគ្នា លុះក្រោយមកក៏មានការទម្លាក់គ្រាប់បែកពេលខ្ញុំកំពុងស្ទូងនៅវាលស្រែ។ នៅពេលរបបខ្មែរក្រហមឡើងកាន់អំណាច ខ្ញុំហូបពុំដែលឆ្អែតទេ គឺហូបតែបបរប៉ុណ្ណោះ។ សម័យនោះ ខ្មែរក្រហមបានរៀបការឲ្យខ្ញុំ គឺមិនបានចេញពីការស្រឡាញ់ពេញចិត្តរបស់ខ្ញុំឡើយ។ ប្ដីរបស់ខ្ញុំគឺជាគ្រូបង្រៀន ហើយខ្ញុំមានកូនស្រីម្នាក់។ កូនរបស់ខ្ញុំនៅតូច ហេតុនេះប្រធានកងឲ្យខ្ញុំនៅផ្ទះបុកអង្ករ ស្ទូង ដក ច្រូតស្រូវ និងធ្វើជី  ។ លុះពេលយប់ប្រធានកងប្រើខ្ញុំឲ្យរែកកណ្ដាប់ ប៉ុន្តែខ្ញុំមិនបានចេញទៅជីកប្រឡាយដូចសមា​ជិកកងចល័តដទៃទេ។ រឿងរ៉ាវដែលខ្ញុំចងចាំមិនភ្លេចគឺហូបមិនឆ្អែត និងធ្វើការគ្មានពេលសម្រាក។

១៣) សូ សុភាព

 

ខ្ញុំឈ្មោះ សូ សុភាព ភេទស្រី អាយុ៦៦ឆ្នាំ គឺជាកសិករ រស់នៅភូមិថ្នល់កែង ឃុំស្មោងខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង។ ខ្ញុំបានរៀនដល់ថ្នាក់ទី៧ពីសង្គមចាស់។ ខ្ញុំចាំថា ក្នុងរបបសាធារណរដ្ឋខ្មែរ ឬ របប លន់ នល់ មានការទម្លាក់គ្រាប់បែក នៅម្ដុំភូមិអូរចិញ្ចៀន ពេលខ្ញុំកំពុងស្ទូងនៅវាលស្រែ។ ពេលនោះខ្ញុំនិងគ្រួសារ ព្រមទាំងកសិករដទៃទៀតបានរត់ចូលពួនក្នុងដំបូកមួយក្បែរនោះ។ សំណាងល្អរបស់ខ្ញុំនិងកសិករដទៃទៀតដែលមិនត្រូវអំបែងគ្រាប់។ រាល់ពេលដែលយើងឃើញយន្តហោះ ហោះកាត់ គឺយើងនាំគ្នារកកន្លែងពួនព្រោះខ្លាចយន្តហោះទម្លាក់គ្រាប់ត្រូវ ហើយពេលខ្លះខ្ញុំពួនចំកន្លែងដែលមានសត្វពស់មានពិសទៀតផង។ នៅពេលខ្មែរក្រហ​មឡើងកាន់អំណាច ខ្ញុំមានអាយុ១៨ឆ្នាំ។ ខ្ញុំមានតួនាទីជាអ្នកដើរបេះបន្លែ។ ខ្ញុំធ្លាប់លួចស្ដាប់ខ្មែរក្រហមជជែកគ្នាទាក់ទងនឹងការវាយប្រហារ ឬសម្លាប់មនុស្សចាស់ ដោយបានប្រើពាក្យថាគឺបណ្តាលមកពីក្រុម «ចលនាខ្មែរស» ប៉ុន្តែខ្ញុំមិនដឹងពីអត្ថន័យពាក្យនេះទេ។ ដំបូងខ្ញុំទទួលបានរបបអាហារ២ពេល ក្រោយមកខ្ញុំទទួលបានរបប៣ពេល គឺពេលព្រឹកទទួលបានបាយដំណើបម្នាក់១ដុំ ចំណែកពេលថ្ងៃនិងល្ងាចបាយជាមួយសម្លទំពាំង ឬព្រលឹត។ កាលនោះបងប្អូនរបស់ខ្ញុំនៅតូចៗនៅកងកុមារ គឺមានតែខ្ញុំដែលពេញកម្លាំងធ្វើការនៅកងចល័ត។ ខ្ញុំចាំថាពេលនោះឪពុករបស់ខ្ញុំឈឺ ហើយខ្មែរក្រហមលើកគាត់ដាក់លើរទេះសេះដឹកយកទៅព្យាបាល ព្រោះគាត់មានជំងឺស្ពឹក។

១៤) អ៊ី យ៉ាត

ខ្ញុំឈ្មោះ អ៊ី យ៉ាត ភេទស្រី អាយុ៧០ឆ្នាំ គឺជាកសិករ រស់នៅភូមិថ្នល់កែង ឃុំស្មោងខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង។ នៅក្នុងរបប លន់ នល់ ខ្ញុំមានអាយុ១៧ឆ្នាំ ពេលនោះប្រទេសជាតិផ្ដើមមានសង្គា្រម។ នៅខែមេសា ឆ្នាំ១៩៧៥ ស្រាប់តែកងទ័ពខ្មែរក្រហមចូលមកដល់ភូមិ។ សម័យនោះ ខ្ញុំធ្វើការនៅកងចល័ត។ ខ្មែរក្រហមចែករបបអាហារឲ្យខ្ញុំដោយពេលព្រឹកឲ្យបាយដំណើប១ដុំ លុះពេលល្ងាចហូបបបរ។ ខ្ញុំឃ្លានយ៉ាងខ្លាំង ប៉ុន្តែមិនហ៊ានតវ៉ាឡើយព្រោះខ្លាចខ្មែរក្រហមយកទៅសម្លាប់ចោល។ ខ្ញុំរស់នៅនិងធ្វើការងារទាំងបង្ខំ។ សព្វថ្ងៃប្រជាជនការរស់នៅបានប្រសើរ និងអាចប្រកបរបររកស៊ីដោយខ្លួនឯងបាន។ សព្វថ្ងៃខ្ញុំរស់នៅជាមួយចៅចំនួន២នាក់។ ខ្ញុំសូមផ្ដាំទៅក្មេងជំនាន់ក្រោយឲ្យខិតខំប្រែងសិក្សារៀនសូត្រដើម្បីខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ និងសូមកុំប្រើប្រាស់គ្រឿងញៀន ដែលសង្គមស្អប់ខ្ពើម។

អត្ថបទ ៖ សាន ធីតា  និង អឿន ពណ្ណរាយ អ្នកស្ម័គ្រចិត្តកម្ពុជា ខេត្តព្រៃវែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖

មជ្ឈមណ្ឌលផ្សះផ្សាវាលវែងបញ្ចាំងខ្សែភាពយន្តឯកសាររឿង «កុំស្មានបងភ្លេច» ឱ្យសិស្សមកពីវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយទស្សនាដើម្បីយល់ដឹងអំពីការបាត់បង់តន្រ្តីអំឡុងពេលសង្រ្គាម និងប្រវត្តិសាស្រ្តខ្មែរក្រហម