មជ្ឈមណ្ឌលឯកសារកម្ពុជាចុះពិនិត្យសុខភាពដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន៧១នាក់ នៅភូមិបាក់នឹម

នារដូវវស្សាក្នុងភូមិបាក់នឹម ដែលមានជួរភ្នំព័ទ្ធជុំវិញ បានរំលេចឡើងនូវទេសភាពពណ៌បៃតងស្រស់ ដែលជាសញ្ញាណបញ្ជាក់ពីរដូវធ្វើស្រែចម្ការបានមកដល់ហើយ។ ប្រជាជនប្រមាណ៩៥ភាគរយ រស់នៅភូមិបាក់នឹម មានមុខរបរធ្វើស្រែចម្ការដើម្បីចិញ្ចឹមជីវិត។ ដោយឡែកការថែទាំសុខភាពសម្រាប់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅភូមិបាក់នឹម ក៏ជាការចាំបាច់ក្នុងរដូវភ្លៀងធ្លាក់ ដោយសារការផ្លាស់ប្តូរអាកាសធាតុ និងវ័យកាន់តែចាស់ជរារបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលងាយនឹងទទួលផលប៉ះពាល់ដល់សុខភាព។ ដូច្នេះក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា​ចំនួន ៣នាក់ អមជាមួយវេជ្ជបណ្ឌិត ដេមី រេយស៍ គឺជាជនជាតិហ្វីលីពីន, វេជ្ជបណ្ឌិត ឡាវ ហាវ៉ាន ដែលមានឯកទេសជំងឺទឹកនោមផ្អែម និងជំងឺលើសឈាម និងលោកស្រី អ៊ូ បញ្ញា គិលានុបដ្ឋាយិកា​ បានចុះទៅដល់មូលដ្ឋានដើម្បីពិនិត្យសុខភាពបឋមដល់អ្នករស់រានមានជីវិតពីរបបខ្មែរដែលរស់នៅភូមិបាក់នឹមចំនួន ៧១នាក់ ក្នុងរយៈពេល៣ថ្ងៃជាប់គ្នា គឺចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣។

នៅថ្ងៃដំបូង ការពិនិត្យសុខភាពចាប់ផ្តើមតាំងពីរសៀលថ្ងៃទី១៩ ដោយវេជ្ជបណ្ឌិត ដេមី រេយស៍ ដោយធ្វើការពន្យល់ពីលទ្ធផលពិនិត្យសុខភាពដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ចំនួន៧នាក់ ដែលបានទៅពិនិត្យសុខភាព នៅមន្ទីរពេទ្យ អ ខេ ព្រីមមៀម នៅទីក្រុងភ្នំពេញ កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ កន្លងមក។ លទ្ធផលពិនិត្យសុខភាពដល់អ្នករស់រានមានជីវិតចំនួន៧នាក់ បានបង្ហាញថា មានអ្នកជំងឺ៣នាក់ ដែលមានជំងឺរលាកថ្លើមប្រភេទ សេ (C) និងអ្នកជំងឺ១នាក់ មានជំងឺរលាកថ្លើមប្រភេទ បេ (B)។ ចំណែកអ្នកជំងឺ៤នាក់ដែលមានរកឃើញជំងឺរលាកថ្លើមប្រភេទ អា (A) វេជ្ជបណ្ឌិត ឡាវ ហាវ៉ាន បានលើកឡើងថា «ដោយសារកត្តារស់នៅនិងប្រើប្រាស់ទឹកមិនស្អាត និងខ្វះអនាម័យ ទើបប្រជាជនប្រហែល ៩០ភាគរយដែលរស់នៅភូមិបាក់នឹម ត្រូវបានរកឃើញជំងឺថ្លើមប្រភេទ (A)»។ ចំពោះអ្នកជំងឺថ្លើមប្រភេទ បេ និងជំងឺថ្លើមប្រភេទ សេ វេជ្ជបណ្ឌិត បានណែនាំឲ្យអ្នកជំងឺទៅជួបប្រឹក្សាជាមួយវេជ្ជបណ្ឌិតឯកទេសជំងឺរលាកថ្លើមនៅតាមមន្ឌីរពេទ្យខេត្ត ឬនៅទីក្រុងភ្នំពេញ ទើបអ្នកជំងឺអាចព្យាបាលបានត្រឹមត្រូវ និងមិនខាតបង់នូវថវិកាទិញថ្នាំដែលមិនចំគោលដៅ។

បន្ទាប់មក លោកស្រីគិលានុបដ្ឋាកយិកា អ៊ូ បញ្ញា ចាប់ផ្តើមវាស់សម្ពាធឈាមដល់អ្នករស់រានមានជីវិតចំនួន៣២នាក់ គឺជាក្រុមទី១ ដែលត្រូវជួបពិគ្រោះជាមួយវេជ្ជបណ្ឌិតនៅថ្ងៃបន្ទាប់ ប៉ុន្តែដោយសារតែអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមមានអាយុច្រើន និងមានបញ្ហាសុខភាព វេជ្ជបណ្ឌិត ឡាវ ហាវ៉ាន ក៏សម្រេចចិត្តពិនិត្យ និងពិគ្រោះជំងឺនៅរសៀលថ្ងៃដដែលនេះតែម្តង។ មានអ្នកជំងឺ ៥នាក់ដែលបានណែនាំឲ្យធ្វើការពិនិត្យចង្វាក់បេះដូងដោយម៉ាស៊ីន ECG ដើម្បីឲ្យដឹងច្បាស់ថា អ្នកជំងឺពិតជាមានបញ្ហាបេះដូងមែន ឬមិនមែន ព្រោះយោងតាមការវាស់សម្ពាធឈាម និងការពិគ្រោះជំងឺ វេជ្ជបណ្ឌិតរកឃើញថាមានសញ្ញាណនៃជំងឺបេះដូង។ ក្រោយពីបានពិនិត្យ និងពិគ្រោះជំងឺរួចរាល់ មានតែអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ២នាក់ប៉ុណ្ណោះដែលមានសុខភាពល្អ ប៉ុន្តែក៏ត្រូវត្រឡប់មកពិនិត្យមើល ជាតិស្ករនៅក្នុងឈាមនាថ្ងៃបន្ទាប់។ ការពិនិត្យសុខភាពចាប់ផ្តើមម្តងទៀត នៅម៉ោង ៨ព្រឹក ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ដោយមានការពិនិត្យជាតិស្ករក្នុងឈាមជូនដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ចំនួន ៣២នាក់ ដែលមានអ្នកជំងឺ៣នាក់មានសញ្ញាណនៃជំងឺទឹកនោមផ្អែម គឺ៖

១) ហាន ចំរើន ភេទស្រី អាយុ ៤៥ឆ្នាំ សារជាតិស្ករក្នុងឈាម ១៦១

២) អ៊ុន នូ ភេទស្រី អាយុ ៧១ឆ្នាំ សារជាតិស្ករក្នុងឈាម ១៣០, និង

៣) ខ្លោត តឿន ភេទស្រី អាយុ ៧៥ឆ្នាំ សារជាតិស្ករក្នុងឈាម ១៤០

វេជ្ជបណ្ឌិត ឡាវ ហាវ៉ាន ដែលមានឯកទេសជំងឺទឹកនោមផ្អែម បានណែនាំឲ្យអ្នកជំងឺដែលមានសញ្ញាណនៃជំងឺទឹកនោមផ្អែមទៅមន្ទីរពេទ្យបង្អែកដើម្បីធ្វើការពិនិត្យរោគវិនិច្ឆ័យបន្ថែម ដូចជា ការរាប់គ្រាប់ឈាម (CBC), ការពិនិត្យមុខងារតម្រងនោម (Creatinine), ការពិនិត្យមុខងារថ្លើម (Transaminase), ការពិនិត្យជាតិស្ករតោងគ្រាប់ឈាម (HbA1C), ការពិនិត្យកម្រិតខ្លាញ់អាក្រក់ (LDL) មុននឹងទទួលការព្យាបាល ព្រោះការប្រើប្រាស់ថ្នាំទឹកនោមផ្អែម អាចមានផលប៉ះពាល់ដល់សរីរាង្គផ្សេងៗ។

ដោយឡែក សែម គុន្ធា មានបញ្ហាហើមត្របកភ្នែក រមាស់ភ្នែក និងហៀរទឹកភ្នែក វេជ្ជបណ្ឌិត ឡាវ ហាវ៉ាន ណែនាំឲ្យទៅជួបវេជ្ជបណ្ឌិតជំនាញនៅមន្ទីរខេត្តតាកែវ ដែលមានផ្តល់ការពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃ។

ស៊ិន ណែត មានអាយុ ៤៧ឆ្នាំ ពិនិត្យឃើញសារជាតិស្ករក្នុងឈាម ៥៤៨ វេជ្ជបណ្ឌិត ឡាវ ហាវ៉ាន បានណែនាំឲ្យទៅមន្ទីរពេទ្យបង្អែកភ្លាមៗ ព្រោះជាករណីត្រូវការសង្រ្គោះបន្ទាន់ បើពុំដូច្នេះទេ អ្នកជំងឺអាចនឹងប៉ះពាល់ដល់អាយុជីវិត។ លោកពូ ពយ អ៊ូច មេភូមិបាក់នឹម បានជួយពន្យល់បន្ថែមពីកត្តាហានិភ័យពីការឡើងសារធាតុស្ករក្នុងឈាមខ្ពស់ដោយលើកពីករណីផ្ទាល់ខ្លួនរបស់លោកដែលធ្លាប់ឆ្លងកាត់កន្លងមក និងបានប្រាប់ដល់ ស៊ិន ណែត ឲ្យប្រើប្រាស់សេវាធ្វើដំណើរសាធារណៈដោយឥតគិតថ្លៃ ដែលឧបត្ថម្ភដោយមជ្ឈមណ្ឌលឯកសារកម្ពុជាកាលពីដើមខែមេសា ឆ្នាំ២០២៣ កន្លងមក ដើម្បីទៅទទួលការព្យាបាលឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពនៅមន្ទីរពេទ្យបង្អែកក្នុងស្រុកជុំគិរី និងស្រុកឈូក ខេត្តកំពត។

ពេលរសៀលថ្ងៃដដែល ក្រុមទី២ ដែលមានអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន ៣២នាក់ទៀត បានមកទទួលការពិនិត្យសុខភាព ដូចក្រុមទី១ ដែរ ក្នុងនោះមាននាយទាហានចំនួន ១៧នាក់ ដែលបម្រើការងារនៅកងវរសេនាតូច ៣១២។ ការពិនិត្យសុខភាពដំណើរការដូចក្រុមទី១ គឺលោកស្រីគិលានុបដ្ឋាយិកា អ៊ូច បញ្ញា ចាប់ផ្តើមវាស់សម្ពាធឈាមជូនអ្នករស់រានមានជីវិតទាំង៣២នាក់ និងធ្វើការពិនិត្យចង្វាក់បេះដូងដោយម៉ាស៊ីន ECG ក្នុងករណីដែលមានសង្ស័យថាមានជំងឺបេះដូង ដោយមានការពិនិត្យ និងពិគ្រោះជំងឺដោយវេជ្ជបណ្ឌិត ឡាវ ហាវ៉ាន ក្នុងនោះមានអ្នកជំងឺ៥នាក់ ដែលស្នើឲ្យធ្វើការពិនិត្យសង្វាក់បេះដូងដោយម៉ាស៊ីន ECG និងរកឃើញសញ្ញាណនៃជំងឺបេះដូង។

នៅម៉ោង៨ព្រឹកថ្ងៃបន្ទាប់ គឺថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមក្រុមទី២ បានមកជួបជុំគ្នាម្តងទៀតដើម្បីពិនិត្យជាតិស្ករក្នុងឈាម ក្នុងនោះមានអ្នកជំងឺ ៣នាក់ដែលមានសញ្ញាណនៃជំងឺទឹកនោមផ្អែម គឺ៖

១) ស្រី សារ៉ាន់ ភេទស្រី អាយុ ៤១ឆ្នាំ ជាតិស្ករក្នុងឈាម ១៥៦

២) រឹក ប៉ាក់ ភេទប្រុស អាយុ ៥៨ឆ្នាំ ជាតិស្ករក្នុងឈាម ១៤៣

៣) ញ៉ា ចាន់ថា ភេទប្រុស អាយុ ២១ ឆ្នាំ ជាតិស្ករក្នុងឈាម ១៥៨

វេជ្ជបណ្ឌិត ឡាវ ហាវ៉ាន បានណែនាំឲ្យអ្នកជំងឺដែលមានសញ្ញាណនៃជំងឺទឹកនោមផ្អែមឲ្យទៅមន្ទីរពេទ្យបង្អែកដើម្បីធ្វើការពិនិត្យរោគវិនិច្ឆ័យបន្ថែម មុននឹងទទួលការព្យាបាលដូចក្រុមទី១ដែរ។

ព្រឹកថ្ងៃដដែលនេះក៏មានការចូលរួមចុះសួរសុខទុក្ខពីឯកអគ្គរដ្ឋទូតហ្វីលីពីន ដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមកទទួលសេវាពិនិត្យ និងពិគ្រោះជំងឺនៅភូមិបាក់នឹម ដោយវេជ្ជបណ្ឌិតជនជាតិហ្វីលីពីន វេជ្ជបណ្ឌិត ដេមី រេយស៍ ឯកទេសវះកាត់មហារីក។ តាមការពិនិត្យ និងពិគ្រោះជំងឺ វេជ្ជបណ្ឌិត ដេមី រេយស៍ បានរកឃើញអ្នកជំងឺ ៣នាក់ ដែលចាំបាច់ត្រូវទៅទទួលការពិនិត្យ និងព្យាបាលបន្ថែមនៅទីក្រុងភ្នំពេញ រួមមាន ៖

១) ជ្រី វណ្ណា ភេទស្រី អាយុ ៦១ឆ្នាំ មានសម្ពាធឡើងខ្ពស់ ដែលបានទទួលការសង្គ្រោះដោយវេជ្ជបណ្ឌិត ដេមី រេយស៍ និងពិនិត្យចង្វាក់បេះដូងដោយម៉ាស៊ីន ECG រកឃើញមានជំងឺបេះដូង ដែលតម្រូវឲ្យអ្នកជំងឺទៅពិនិត្យអេកូទស្សន៍ បេះដូងបន្ថែម មុននឹងទទួលការព្យាលឲ្យបានត្រឹមត្រូវ។

២) ឡុង សារ៉េត ភេទស្រី អាយុ ៥២ឆ្នាំ វេជ្ជបណ្ឌិត ដេមី រេយស៍ ណែនាំឲ្យប្រើប្រាស់ថ្នាំចាក់ដើម្បីឲ្យម្រាមដៃអាចធ្វើចលនាឡើងវិញបាន ព្រោះបើមិនដូច្នេះទេ ម្រាមដៃនឹងរឹងសរសៃបណ្ដាលឲ្យមានពិការភាពនាពេលអនាគត។

៣) ទន់ អៀច ភេទប្រុស អាយុ ៦១ឆ្នាំ មានជំងឺសើរស្បែករុំារ៉ៃនៅកជើងខាងស្តាំ វេជ្ជបណ្ឌិត ដេមី រេយស៍ បានណែនាំឲ្យធ្វើការពិនិត្យសាច់ជើងស្វែងរកមេរោគ ឬបាក់តេរីដែលបង្ករដល់ជំងឺសើរស្បែកនេះ នៅទីក្រុងភ្នំពេញ ដើម្បីទទួលការព្យាបាលឲ្យបានទាន់ពេលវេលា និងត្រឹមត្រូវ។

តាមការសង្កេតរបស់វេជ្ជបណ្ឌត ឡាវ ហាវ៉ាន បានឲ្យដឹងថា ក្នុងការពិនិត្យសុខភាពជូនប្រជាជនរយៈពេល ៣ថ្ងៃកន្លងមកនេះ ក្នុងចំណោមអ្នករស់រានមានជីវិតទាំង ៧១នាក់ ភាគច្រើនមានជំងឺលើសឈាម ជំងឺសន្លាក់ និងជំងឺបន្ទាប់បន្សំមាន ជំងឺក្រពះពោះវៀន ជំងឺសើរស្បែក ជំងឺទឹកនោមផ្អែម និងជំងឺស្លាប់មួយចំហៀងខ្លួន៤ករណី ហើយករណីស្លាប់មួយចំហៀងខ្លួនដែលកើតឡើងលើអ្នកជំងឺដែលមានវ័យក្មេង ក្នុងអាយុ ៣០ឆ្នាំឡើង មាន២ករណី ដែលជាករណីកម្រ។ វេជ្ជបណ្ឌិតបានបន្តថា ប្រជាជនក្នុងភូមិបាក់នឹម ខ្វះការយល់ដឹងពីបញ្ហាសុខភាពខ្លាំង ដូច្នេះគួរតែបន្តមានការអប់រំសុខភាព អប់រំពីការធ្វើអនាម័យ អប់រំពីការថែទាំសុខភាព ដើម្បីកុំឲ្យអ្នកជំងឺមានការវិវឌ្ឍន៍ទៅរកជំងឺរុំារ៉ៃ (ជំងឺទឹកនោមផ្អែម និងជំងឺលើសឈាម) អប់រំអំពីផលប៉ះពាល់សុខភាពនៃការជក់បារី (ពូៗ និងបងប្អូនប្រុសៗ) និងការពិសារគ្រឿងស្រវឹង, អប់រំពីរបបអាហារដើម្បីឲ្យជៀសឆ្ងាយពីជំងឺផ្សេងៗទៀត។។ ដោយឡែកជំងឺសន្លាក់ភាគច្រើនកើតលើវ័យចាស់ និងជាមនុស្សស្រី អាចដោយសារកត្តាអ័រម៉ូន កត្តាអស់រដូវដែលធ្វើឲ្យការផលិតសារជាតិកាល់ស្យូមបានទាប និងការធ្វើការការងារធ្ងន់ពេលនៅវ័យក្មេងក្នុងរបបខ្មែរក្រហមដែរ។ វេជ្ជបណ្ឌិត ឡាវ ហាវ៉ាន ផ្តល់អនុសាសន៍បន្ថែមទៅលើការចេញវេជ្ជបញ្ជារដល់អ្នកជំងឺ ដែលមានការពិបាកក្នុងការស្វែងរកទិញថ្នាំ ជាពិសេសថ្នាំដែលបានចេញដោយវេជ្ជបណ្ឌិតជនជាតិបរទេស។ ដូច្នេះមជ្ឈមណ្ឌលឯកសារកម្ពុជា គួរតែស្វែងរកមន្ទីរពេទ្យដៃគូ ឬស្វែងរកទីតាំងឱសថស្ថានដែលមានថ្នាំល្អ និងមានជំនាញច្បាស់លាស់ ដើម្បីអាចផ្តល់ជាព័ត៌មានដល់អ្នកជំងឺឲ្យទៅទិញថ្នាំបានត្រឹមត្រូវ ព្រោះមានករណីដែលអ្នកជំងឺទៅទិញថ្នាំដែលមិនត្រឹមត្រូវតាមវេជ្ជបញ្ជា ដូច្នេះអ្នកជំងឺត្រូវខាតបង់ទាំងថវិកាទិញថ្នាំ ថវិកាធ្វើដំណើរ និងពេលវេលាបន្ថែមទៀត ដោយពុំបានព្យាបាលត្រឹមត្រូវ និងធ្វើឲ្យប៉ះពាល់ដល់សុខភាពបន្ថែមទៀត។

ការពិនិត្យសុខភាពដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលរស់នៅភូមិបាក់នឹម គឺជាការពិនិត្យសុខភាពនៃក្រុមចុងក្រោយដែលមានចំនួនសរុប ១៦៩នាក់ដែលបានទទួលការពិនិត្យ និងពិគ្រោះជំងឺកន្លងមកចំនួន៤លើក គឺលើកទី១ ចំនួន ៤៣នាក់ នៅថ្ងៃទី១៧-១៨ ខែមីនា ឆ្នាំ២០២៣​, លើកទី២ ចំនួន ៤១នាក់ នៅថ្ងៃទី២៥-២៦ ខែមីនា ឆ្នាំ២០២៣, និងលើកទី៣ និងទី៤ ចំនួន ៧១នាក់ នៅថ្ងៃទី១៩-២១ ខែមិថុនា ឆ្នាំ២០២៣។ បើតាមការសង្កេតអ្នកភូមិបាក់នឹម ពិតជាត្រូវការចាំបាច់នូវការអប់រំបន្ថែមពីការថែទាំសុខភាព ផលប៉ះពាល់ដល់សុខភាពដោយការជក់បារី ការពិសារគ្រឿងស្រវឹង និងរបបអាហារប្រចាំថ្ងៃ ដែលជាបញ្ហាចម្បងនៃការឈានដល់ការកើតជំងឺរុំារ៉ៃ (ជំងឺទឹកនោមផ្អែម និងជំងឺលើសឈាម) ដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលរស់នៅភូមិបាក់នឹមនេះ។

ក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជា នឹងរៀបចំវេទការពិភាក្សាអំពីកូនសៀវភៅស្តីអំពីព័ត៌មានពីការថែទាំសុខភាពដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមបន្ថែមទៀតនាពេលអនាគត ព្រោះការយល់ដឹងពីការថែទាំសុខភាព អាចជួយកាត់បន្ថយដល់ការចំណាយថវិការបន្ថែមលើការព្យាបាល និងការធ្វើដំណើរទៅទទួលការព្យាបាល ដែលជាកត្តាជួយឲ្យអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មានជីវភាពប្រសើរ និងមានសុខភាពល្អ។

អត្ថបទ ៖ គឹម សុវណ្ណដានី បុគ្គលិកគម្រោងសុខភាពនៃមជ្ឈមណ្ឌលឯកសារកម្ពុជា

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖

ការិយាល័យទីប្រឹក្សាពិសេសទប់ស្កាត់អំពើប្រល័យពូជសាសន៍នៃអង្គការប្រជាជាតិ និងមជ្ឈមណ្ឌលឯកសារកម្ពុជាចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហការ រំលេចអំពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការ ក្នុងការលើកកម្ពស់ការអនុវត្តកិច្ចខិតខំប្រឹងប្រែងនានាក្នុងការទប់ស្កាត់ និងការអប់រំពីអំពើប្រល័យពូជសាសន៍នៅក្នុងតំបន់អាស៊ីអាគ្នេយ៍, អាស៊ីខាងត្បូង និងទូទាំងសកលលោក