សាក្សីប្រវត្តិសាស្ត្រ៖ សៀវភៅកំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ

ឆ្នាំ​២០២៣ គឺជា​ខួបអនុស្សាវរីយ៍គម្រប់៥០ឆ្នាំ​ គិតចាប់តាំងពី​កាល​ដែល​សម្តេចព្រះ​វររាជមាតាជាតិខ្មែរ ព្រះអង្គបានសព្វព្រះរាជហឫទ័យរាជ​ចំណារ​លើ​សៀវភៅកំណត់ហេតុស្តីពីព្រះរាជ​​ដំណើរ​ជា​ប្រវត្តិសាស្ត្រ​របស់​ព្រះអង្គ។ ឆ្លៀត​ក្នុង​ឱកាស​នេះ បណ្ណាល័យ​សម្តេចម៉ែ មានមហា​កិត្តិយសសូម​ប្រកាស​នូវ​​ការ​ចេញផ្សាយ​ការបកប្រែជាភាសាខ្មែរ​នៃ​ព្រះរាជកំណត់​ហេតុឆ្នាំ១៩៧៣​កត់ត្រា​អំពីព្រះ​រាជ​ដំណើរ​ជា​ប្រវត្តិសាស្ត្រ​របស់​សម្តេចព្រះមហាក្សត្រី​ នរោត្តម​ មុនិនាថ​ សីហនុ ​ព្រះវររាជ​មាតាជាតិខ្មែរ។ សៀវភៅនេះ​មាន​ចំណង​ជើងថា “សាក្សីប្រវត្តិសាស្ត្រ៖ សៀវភៅកំណត់​ហេតុ​របស់​សម្តេចព្រះមហាក្សត្រី​ នរោត្តម​ មុនិនាថ​ សីហនុ ​ព្រះវររាជ​មាតាជាតិខ្មែរ” ដែល​ជា​ឯកសារ​ប្រវត្តិសាស្ត្រ​គ្មានពីរ បាន​បង្ហាញ​អំពីព្រះរាជ​ហឫទ័យសង្កេតផ្ទាល់របស់​សម្តេចព្រះ​មហាក្សត្រី ក្នុង​​ព្រះរាជបេសកកម្ម ​និង​ព្រះ​រាជដំណើរ​របស់​ព្រះអង្គ យាងទៅកាន់​តំបន់​រំដោះរណសិរ្ស​រួបរួមជាតិ​កម្ពុជា ស្ថិតនៅក្នុង​ប្រទេស​កម្ពុជា។ សម្តេច​ព្រះមហាក្សត្រីបាន​យាងអមព្រះរាជដំណើរ​ ព្រះករុណា​ព្រះ​បរមរតនកោដ្ឋ​ នរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ ចាប់ផ្តើមចេញពី​ការយាងព្រះរាជដំណើរ​តាម​ព្រះទីនាំងយន្តហោះចេញពីទីក្រុង​ប៉េកាំង ឆ្ពោះទៅកាន់​ទីក្រុង​ហាណូយ និងបន្ទាប់មក​បន្ត​ដំណើរ​ដោយព្រះទីនាំង​​រថយន្ត​​តាម​បណ្តោយ​ផ្លូវ​លំ ហូជីមិញ ឆ្ពោះទៅកាន់​ខេត្ត​សៀមរាប/អង្គរវត្ត ដោយ​ឆ្លង​កាត់​ផ្នែកខ្លះនៃផ្លូវលំ សីហនុ ក្នុង​រយៈពេល​ប្រមាណ​៣៩ថ្ងៃ។​

ព្រះរាជ​ដំណើរនេះ មានព្រះរាជគោល​បំណង៖ ទីមួយ គឺដើម្បីយាងអង្កេតការណ៍លើ​តំបន់​ព្រំដែន​ប៉ែក​ខាងកើត​នៃ​ប្រទេសកម្ពុជា ដែល​តំបន់នេះ​ត្រូវបានកាត់​ផ្តាច់​មិនអាចធ្វើដំណើរ​ទៅដល់​ក្នុង​រយៈកាលជាង​បីឆ្នាំកន្លងមក ដោយសារតែ​សង្គ្រាមរ៉ាំរ៉ៃ, ការទម្លាក់គ្រាប់បែក និងការកាន់កាប់។ ទីពីរ គឺ​ដើម្បីយាង​ជួប​ជាមួយ​ប្រជានុរាស្ត្រ​កម្ពុជា​នៅក្នុង​តំបន់នេះ ដើម្បី​ឈ្វេងយល់អំពី​ស្ថានភាព ​​និង​តម្រូវ​ការ​របស់​ប្រជាជនទាំងនោះ។ ទីបី គឺ​ដើម្បី​ធានា​ជូន​ប្រជានុរាស្ត្រ​ថាព្រះអង្គទាំងទ្វេ​ គឺជា​ថ្នាក់​​ដឹកនាំនៃ​ចលនាតស៊ូកម្ពុជា។ ថ្វីត្បិត​តែត្រូវ​ប្រឈមទៅនឹង​ភាពលំបាក​លំបិន និង​ហានិភ័យ​ដ៏​ប្រថុយ​ប្រថាន ដូចដែល​បាន​ពិពណ៌នា​នៅក្នុង​ខ្លឹមសារនៃកំណត់ហេតុ​នេះស្រាប់យ៉ាងណាក្តី សម្តេចព្រះមហាក្សត្រី​នៅតែមិនរួញរាក្នុងការ​ចូលរួម​នៅក្នុងព្រះរាជដំណើរនេះ។ សៀវភៅកំណត់ហេតុនេះ បាន​រំលេចអំពី​គោលគំនិត​មួយស្តីអំពី​ប្រវត្តិសាស្ត្រ​សហសម័យ ហើយអ្វី​ដែលសំខាន់ជាងនេះទៀតនោះគឺ ផ្តល់​ជា​មាគ៌ា​មួយ​ប​ង្ហាញអំពី​ភាពអង់អាច ​និង​តួនាទីផ្ទាល់ព្រះកាយ​ដ៏វិសេសវិសាល​របស់​សម្តេច​ព្រះមហាក្សត្រី​ ក្នុង​ព្រះបរមនាមជា​អ្នកត្រួសត្រាយ​ និង​ជាព្រះរាជ​គំរូ​សម្រាប់​ស្ត្រី​កម្ពុជាគ្រប់វ័យ ទាំងក្មេង ​និង​ចាស់។

សម្តេចព្រះវររាជមាតាជាតិខ្មែរ ព្រះលិខិត​ផ្ទាល់ព្រះហស្ត​នូវ​បទពិសោធន៍​របស់ព្រះអង្គ​លើចំណារដើម​ជាភាសាបារាំង។ នៅក្នុង​ឆ្នាំ​២០២១ សម្តេចព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គបានប្រោសព្រះបរមរាជានុញ្ញាតដល់​មជ្ឈមណ្ឌលឯកសារកម្ពុជា ​ក្នុង​ការ​បកប្រែជាផ្លូវការ​នូវ​​សៀវភៅកំណត់​ហេតុ​របស់​ព្រះអង្គទៅជាភាសាអង់គ្លេស ដើម្បី​ផ្តល់ឱកាស​សិក្សាឈ្វេងយល់​ដល់​អ្នកអានទូទៅឲ្យ​បាន​ទូលំទូលាយជាងមុន។ មិនតែប៉ុណ្ណោះសម្តេចព្រះ​វររាជមាតាជាតិខ្មែរ​ ព្រះអង្គក៏បានសព្វព្រះរាជហឫទ័យព្រះបរម​រាជានុញ្ញាត​ដល់​មជ្ឈមណ្ឌលឯកសារ​កម្ពុជា ​ក្នុងការ​បក​ប្រែជា​ផ្លូវការ​នូវ​សៀវភៅកំណត់​ហេតុ​របស់​ព្រះអង្គទៅជា​ភាសាខ្មែរផងដែរ។ ការបកប្រែជាភាសាខ្មែរ​នូវ​ព្រះរាជកំណត់ហេតុ​របស់​សម្តេចព្រះ​មហាក្សត្រី បាន​បញ្ចប់រួចរាល់ ​និង​បាន​បោះពុម្ពផ្សាយ​ដោយ​មជ្ឈមណ្ឌលឯកសារ​កម្ពុជា។

ការបក​ប្រែជាភាសាខ្មែរ​ចំពោះ​សៀវភៅកំណត់ហេតុនេះ​ គឺពិតជាមាន​សារសំខាន់​ចំពោះ​ប្រវត្តិវិទូ ​និង​ប្រជាជន​កម្ពុជា​គ្រប់រូប។ សៀវភៅកំណត់ហេតុរបស់​សម្តេចព្រះមហាក្សត្រី គឺជា​សំអាង​នៃ​កំណត់​ត្រា​ប្រវត្តិសាស្ត្រ​ដ៏សំខាន់បំផុតពុំអាចកាត់ថ្លៃបាន​ ពិពណ៌នា​​រយៈកាល​ដ៏វិសេសវិសាល​មួយ​សម្រាប់​ប្រជាជនកម្ពុជា​ទាំងអស់។ បច្ចុប្បន្ន សៀវភៅកំណត់ហេតុ​ជាភាសាខ្មែរនេះ ត្រូវបាន​បោះពុម្ព​ចំនួន​ ៣៥០០០ក្បាល ដែល​នឹង​​ចែកជូនដល់​យុវនារីនៅទូទាំង​ប្រទេស​កម្ពុជា ដើម្បី​​បណ្តុះគំនិត, លើកទឹកចិត្ត និង​គាំទ្រ​ដល់​អ្នក​ទាំងនេះ ក្នុង​ការអប់រំ​និង​ការ​អភិវឌ្ឍ​ខ្លួន​ក្នុងនាមជាអ្នក​ដឹកនាំ។ អនាគត​របស់​កម្ពុជា នឹង​ពឹងផ្អែកទៅលើ​ភាពជាអ្នក​ដឹកនាំរបស់ស្ត្រី​ដូចទៅនឹង​បុរសដែរ ហើយ​សៀវភៅកំណត់​ហេតុនេះ​ ដើរតួនាទី​ជា​ឯកសារ​គោល​​សម្រាប់​ភាពជាអ្នក​ដឹកនាំ​របស់​ស្ត្រី នៅក្នុង​សង្គមមួយដែល​ប្រកប​ដោយ​សន្តិភាព ​និង​ភាពចម្រុង​ចម្រើន​សម្រាប់​មនុស្ស​គ្រប់គ្នា។

អត្ថបទ ៖ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា

ប្រភពរូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

 

អត្ថបទផ្សេងទៀត៖

ការិយាល័យទីប្រឹក្សាពិសេសទប់ស្កាត់អំពើប្រល័យពូជសាសន៍នៃអង្គការប្រជាជាតិ និងមជ្ឈមណ្ឌលឯកសារកម្ពុជាចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហការ រំលេចអំពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការ ក្នុងការលើកកម្ពស់ការអនុវត្តកិច្ចខិតខំប្រឹងប្រែងនានាក្នុងការទប់ស្កាត់ និងការអប់រំពីអំពើប្រល័យពូជសាសន៍នៅក្នុងតំបន់អាស៊ីអាគ្នេយ៍, អាស៊ីខាងត្បូង និងទូទាំងសកលលោក