សិស្សមកពីវិទ្យាល័យប៊ុនរ៉ានី ហ៊ុន សែន លាជលើ ចូលរួមវេទិកាថ្នាក់រៀនស្តីអំពីប្រវត្តិសាស្ត្រខ្មែរក្រហមនៅមជ្ឈមណ្ឌលឯកសារកោះថ្ម និងទស្សនកិច្ចសិក្សាទៅកាន់តំបន់ប្រវត្តិសាស្ត្រយោធាកោះថ្ម អ៊ិច-១៦

នៅវេលាម៉ោង៧:៣០នាទីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ សិស្សានុសិស្សមកពីវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន លាជលើ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ចំនួន៥០នាក់ ក្នុងនោះស្រី២៩នាក់ ចូលរួមវេទិកាថ្នាក់រៀនស្តីអំពីប្រវត្តិសាស្ត្រខ្មែរក្រហម។ វេទិកាថ្នាក់រៀននេះផ្តោតសំខាន់លើប្រវត្តិសាស្ត្រ និងទំនាក់ទំនងការបរទេសនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥ – ១៩៧៩)។

ជាកិច្ចចាប់ផ្តើមលោក ឡុង ដានី នាយកមជ្ឈមណ្ឌលឯកសារកោះថ្ម បានដឹកនាំសិស្សានុសិស្សដើរទស្សនាពិព័រណ៍រូបថតដែលបានដាក់បង្ហាញនៅក្នុងមជ្ឈមណ្ឌលឯកសារកោះថ្ម។ លោក ឡុង ដានី បានចាប់ផ្តើមបង្ហាញពីបណ្តុំរូបថតសង្គ្រាមនៅចន្លោះឆ្នាំ១៩៧០ និង១៩៧៥, បណ្តុំរូបថតអំពីរបបខ្មែរក្រហម (១៩៧៥-១៩៧៩), បណ្តុំរូបថតអំពីជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាបន្ទាប់ពីរបបខ្មែរក្រហមបានដួលរលំនៅឆ្នាំ១៩៧៩។ បណ្តុំរូបថតអំពីភ័ស្តុតាងឧក្រិដ្ឋកម្មដែលប្រព្រឹត្តដោយរបបខ្មែរក្រហម (១៩៧៥-១៩៧៩) រូបគំនូរ និងផែនទីបង្ហាញផ្លូវនៃដំណើររបស់សមមិត្ត ហ៊ុន សែន និងយុទ្ធមិត្ត៤រូប ចេញទៅប្រទេសវៀតណាមកាលថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ដើម្បីសុំការអន្តរាគមន៍កសាងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ដើម្បីវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត សង្រ្គោះអាយុជីវិតប្រជាជនកម្ពុជាប្រមាណ៥លាននាក់ ឲ្យរួចផុតពីសេចក្តីស្លាប់។ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨ កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាត្រូវបានបង្កើតឡើងដោយមានសមមិត្ត ហ៊ុន សែន គឺជាស្ថាបនិក។ ចាប់ពីខែឧសភា ដល់ចុង ខែឆ្នូ ឆ្នាំ១៩៧៨ កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជាបានរីកធំធាត់ និងកើនចំនួនរហូតដល់២៣ កងវារសេនាតូច និងប្រមាណជាង១០០ ក្រុមប្រតិបត្តិការប្រដាប់អាវុធ ដែលមានកងកម្លាំងសរុបប្រមាណជាង១ម៉ឺននាក់។ បន្ទាប់មក កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជាបានសហការ ជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាមវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩។ នៅក្នុងនោះដែរ លោក ឡុង ដានី ក៏បានចាក់បញ្ចាំងខ្សែភាពឯកសារដំណើរឆ្ពោះទៅផ្តួលរំលំរបប ប៉ុល ពត ដល់សិស្សានុសិស្សបានទស្សនា។

បន្ទាប់មក លោក ឡុង ដានី បានធ្វើបទបង្ហាញប្រវត្តិសាស្ត្រ និង ទំនាក់ទំនងការបរទេសនៃរបបខ្មែរក្រហម (១៩៧៥ -១៩៧៩) ដោយចាប់ផ្តើមពីពាក្យថា ខ្មែរក្រហម និងការអនុវត្តគោលនយោបាយ៨ចំណុច របស់ខ្មែរក្រហមបន្ទាប់ពីខ្លួនទទួលជ័យជម្នះ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ កម្ពុជាប្រជាធិបតេយ្យបានធ្វើទំនាក់ទំនងការទូតជាមួយប្រទេសចិន កូរ៉េខាងជើង វៀតណាម ឡាវ រ៉ូម៉ានី យូហ្គោស្លាវី គុយបា អាល់បានី និង អេហ្សីប ដោយប្រទេសទាំងនោះមានស្ថានទូតប្រចាំនៅទីក្រុងភ្នំពេញ។ ចំណែក កម្ពុជាប្រជាធិបតេយ្យបានបើកស្ថានទូតរបស់ខ្លួននៅប្រទេសចិន កូរ៉េខាងជើង វៀតណាម និងឡាវ។ ទំនាក់ទំនងជាមួយចិន និង កូរ៉េខាងជើងមានលក្ខណល្អប្រសើរ ហើយទំនាក់ទំនងជាមួយឡាវមានលក្ខណល្អបង្គួរ។ ចំណែក ទំនាក់ទំនងជាមួយវៀតណាមកាន់តែអាក្រក់ទៅៗ ព្រោះមានការប៉ះទង្គិចគ្នានៅតាមបណ្តោយព្រំដែន និងការខ្វែងគំនិតគ្នាលើមនោគមវិជ្ជា។ ដោយសារទំនាក់ទំនងការទូតរវាងកម្ពុជាប្រជាធិបតេយ្យ និងប្រទេសចិនមានលក្ខណល្អប្រសើរនោះ ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋប្រជាមានិតចិន គឺជាប្រធានក្រុមនៃអ្នកការទូតប្រចាំនៅប្រទេសកម្ពុជានិងមានសិទ្ធិធ្វើដំណើរទៅកាន់ទីកន្លែងនានាក្នុងប្រទេសកម្ពុជា។ ប្រទេសចិនបានបញ្ជូនក្រុមជំនាញការមកជួយកម្ពុជាប្រជាធិបតេយ្យរាប់ពាន់នាក់ដូចជាអ្នកបច្ចេកទេស និងជាទីប្រឹក្សាស្ទើរគ្រប់ផ្នែក។ ប្រទេសចិន គឺជាប្រទេសដែលបាននាំចូលស្រូវ វត្ថុធាតុដើមកសិកម្ម និងឧស្សាហកម្មពីកម្ពុជាធំបំផុត និងជាប្រទេសដែលផ្តល់គ្រឿងសព្វាវុធ និងគ្រឿងយន្តកសិកម្មមកកម្ពុជាច្រើនបំផុតដែរ។ កម្ពុជាបានបញ្ជូនយុវជនទៅរៀនសូត្រផ្នែកកងទ័ព និងកម្មករជំនាញនៅប្រទេសចិនរាប់ពាន់នាក់។ ពេលរបបកម្ពុជាប្រជាធិបតេយ្យមានជម្លោះជាមួយវៀតណាមឆ្នាំ១៩៧៨ មេដឹកនាំកម្ពុជាប្រជាធិបតេយ្យបានស្នើឲ្យចិនបញ្ជូនទ័ពមកជួយច្បាំងជាមួយវៀតណាម។ ប៉ុន្តែចិនបានពន្យារពេល ហើយបានស្នើឲ្យមានបទឈប់បាញ់ និងធ្វើការចរចាគ្នា។ កម្ពុជាប្រជាធិបតេយ្យបានច្រានចោលសំណើរនេះ។ នៅឆ្នាំ១៩៧៨ កម្ពុជាប្រជាធិបតេយ្យ បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីពង្រីកទំនាក់ទំនងការទូត និងវិស័យពាណិជ្ជកម្មក្រៅប្រទេសរបស់ខ្លួន។ កម្ពុជាប្រជាធិបតេយ្យមានទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសចិន កូរ៉េខាងជើង ថៃ ជប៉ុន ហុងកុង ម៉ាដាហ្គាស្កា បង់ក្លាដែស និងសឹង្ហបុរី។ កម្ពុជាប្រជាធិបតេយ្យបាននាំចេញទំនិញសំខាន់រួមមាន៖ ស្រូវ ជ័រកៅស៊ូ ឈើ និងសរីរាង្គសត្វកម្ររួមមាន ស្បែក ភ្លុក និងស្នូក។ ចំណែកទំនិញនាំចូល រួមមាន ៖ គ្រឿងសព្វាវុធ រថក្រោះ កាំភ្លើងធំ គ្រឿងយន្តសម្រាប់ធ្វើកសិកម្ម ផលិតផលគីមី និងក្រណាត់ជាដើម។

លោកឡុង ដានី ក៏បានធ្វើបទបង្ហាញអំពីដំណើរការកាត់ក្តីមេដឹកនាំខ្មែរក្រហមក្នុងសំណុំរឿង០០១ និង០០២ នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។ នៅក្នុងសំណុំរឿង០០១ ពាក់ព័ន្ធនឹងការជំនុំជម្រះក្តី កាំងហ្កេកអ៊ាវ ហៅ ឌុច។ ឌុច គឺជាអតីតប្រធានមន្ទីរសន្តិសុខ ស-២១ ដែលប្រជាជនកម្ពុជាស្គាល់ជាទូទៅថាគុកទួលស្លែងស្ថិតនៅទីក្រុងភ្នំពេញ។ នៅឆ្នាំ២០១២ ឌុច ត្រូវបានអង្គជំនុំជម្រះតុលាការកំពូលនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាផ្តន្ទាទោសឲ្យជាប់ពន្ធនាគាអស់មួយជីវិត ចំពោះការប្រព្រឹត្តបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩។ សំណុំរឿង០០២ នៅឆ្នាំ២០១០ សហចៅក្រមស៊ើបអង្កេតបានចោទប្រកាន់ មេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមចំនួន៤រូប រួមមាន៖ អៀង សារី នួន ជា ខៀវ សំផន និង អៀង ធីរិទ្ធ ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩។ ដោយសារភាពស្មុគស្មាញនៃរឿងក្តី និងអាយុរបស់ជនជាប់ចោទ ទើបអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាសម្រេចបំបែកសំណុំរឿង០០២ ជាពីរគឺ សំណុំរឿង០០២ វគ្គ១ និងសំណុំរឿង០០២ វគ្គ២ សម្រាប់ការជំនុំជម្រះពីរផ្សេងគ្នា។

សំណុំរឿង០០២វគ្គ១ ដោយសារ អៀងសារី និង អៀង ធីរិទ្ធ មានជំងឺ និងទទួលមរណភាពនៅឆ្នាំ២០១៣ និង ២០១៥។ ដូច្នេះ នៅឆ្នាំ២០១៦ អង្គជំនុំជម្រះតុលាការកំពូលនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាផ្តន្ទាទោស នួន ជា និង ខៀវ សំផន ឲ្យជាប់ពន្ធនាគាអស់មួយជីវិត ចំពោះការប្រព្រឹត្តបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិទាក់ទងនឹងការសម្លាប់ ការជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ និងដំណាក់កាលទីពីរនៃការផ្លាស់ប្តូរទីលំនៅប្រជាជន។ សំណុំរឿង០០២ វគ្គ២ គឺជាប់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ និង អំពើប្រល័យពូជសាសន៍ ដែលបានប្រព្រឹត្តឡើងនៅតាមសហករណ៍ ការដ្ឋានការងារ មន្ទីរសន្តិសុខ និងទីតាំងសម្លាប់មនុស្សមួយចំនួនដែលជាប់ពាក់ព័ន្ធទៅនឹងក្រុមមនុស្សដែលជាក្រុមគោលដៅជាក់លាក់ ដូចជាជនជាតិចាម ជនជាតិវៀតណាម អ្នកកាន់សាសនាព្រះពុទ្ធ និងអតីតមន្ត្រីរដ្ឋការនៃរបបសាធារណរដ្ឋខ្មែរ។ នួន ជា និង ខៀវ សំផន ត្រូវបានរកឃើញថាប្រព្រឹត្តបទឧក្រិដ្ឋកម្មជាច្រើនប្រឆាំងនឹងមនុស្សជាតិ ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ និង អំពើប្រល័យពូជសាសន៍ ដោយបានចូលរួមក្នុងសហឧក្រិដ្ឋកម្មព្រហ្មទណ្ឌរួមជាមួយមេដឹកនាំជាន់ខ្ពស់ដទៃទៀត។

នៅឆ្នាំ២០១៩ នួន ជា បានស្លាប់ដោយសារជរាភាព។ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ អង្គជំនុំជម្រះតុលាការកំពូលនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាបានសម្រេចផ្តន្ទាទោស ខៀវ សំផន ឲ្យជាប់ពន្ធនាគាអស់មួយជីវិតបន្ថែមទៀត ចំពោះការប្រព្រឹត្តបទឧក្រិដ្ឋកម្មខាងលើ និងបានបិទបញ្ចប់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាតែម្តង។ នៅវេលាម៉ោង១១ព្រឹកថ្ងៃដដែល សិស្សា​នុសិស្សបានបន្តដំណើរទៅទស្សនកិច្ចសិក្សានៅតំបន់ប្រវត្តិសាស្ត្រយោធាកោះថ្ម អ៊ិច-១៦ បន្តទៀត។

អត្ថបទ ៖ ឡុង ដានី នាយកមជ្ឈមណ្ឌលឯកសារកោះថ្ម

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖

មជ្ឈមណ្ឌលផ្សះផ្សាវាលវែងបញ្ចាំងខ្សែភាពយន្តឯកសាររឿង «កុំស្មានបងភ្លេច» ឱ្យសិស្សមកពីវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយទស្សនាដើម្បីយល់ដឹងអំពីការបាត់បង់តន្រ្តីអំឡុងពេលសង្រ្គាម និងប្រវត្តិសាស្រ្តខ្មែរក្រហម