ជីវិតម្តាយ

នៅក្នុងជីវិតយើងម្នាក់ៗ តែងតែជួបប្រទះនូវហេតុការណ៍មួយចំនួន ដែលធ្វើឲ្យយើងនឹកគិតដល់គំនិតមួយ ក៏ដូចជាសំណួរមួយចំនួន ដែលហាក់បីដូចជាមានអាទិភាពខ្លាំងណាស់​នៅពេញមួយជីវិតរបស់យើង។ ដូចជាហេតុការណ៍​​នៃការចូលមន្ទីរពេទ្យដំណាក់កាលចុងក្រោយរបស់ម្ដាយខ្ញុំនាពេលថ្មីៗនេះ គឺជាកាលៈទេសៈមួយដែរ ហើយហេតុការណ៍នេះមិនត្រឹមតែជំរុញឲ្យខ្ញុំនឹកគិតដល់ជីវិតរបស់ម្ដាយខ្ញុំ តែប៉ុណ្ណោះទេ ប៉ុន្តែក៏ធ្វើឲ្យខ្ញុំបាននឹកគិតទៅដល់ការលះបង់របស់គាត់ចំពោះក្រុមគ្រួសារ កូនចៅ ក៏ដូចជាការលះបង់របស់អ្នករស់រានមានជីវិតពីរបប​ខ្មែរក្រហម​ទាំងអស់​សម្រាប់ប្រជាជាតិកម្ពុជាទាំងមូល។

ម្ដាយរបស់ខ្ញុំឈ្មោះ កែវ ណាន កើតឆ្នាំ១៩២៩ ត្រូវ​នឹង​ឆ្នាំម្សាញ់ នៅភូមិខ្មែរលើ ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ដូចទៅនឹងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដទៃទៀតដែរ គាត់មានកូនច្រើននាក់ ប៉ុន្តែមួយចំនួន​បានបាត់បង់ជីវិតអស់ទៅហើយ។ នៅលើលោកនេះ ប្រហែលជាគ្មានការឈឺចាប់ណាស្មើនឹងការឈឺចាប់ដែលកូនរបស់​ខ្លួន​ត្រូវលាចាកលោកមុនឪពុកម្ដាយនោះទេ ហើយរបបខ្មែរក្រហមគឺជារបបដែលបន្សល់ទុកនូវការឈឺចាប់ដ៏យូរអង្វែងមួយ ដែលធ្វើឲ្យកូនៗ​ ឪពុកម្ដាយ និងគ្រួសាររបស់ពួកគាត់ជាច្រើនស្លាប់ទាំងគ្មានកំហុស។

កែវ ណាន អាយុ៩៥ឆ្នាំ នៅវត្តលង្កា។ ថតដោយ ៖ អ៊ូច មករា

ម្ដាយរបស់ខ្ញុំបានជួបរឿងដ៏គួរឲ្យរន្ធត់ជាខ្លាំង ដោយគាត់ត្រូវប្រឈមមុខមើលកូនចំនួន ៦នាក់ ក្នុងចំណោមកូន១០នាក់ទទួលមរណភាព កូន ខ្លះស្លាប់នៅមុនពេល ក្នុងអំឡុងពេល និងក្រោយពេល សង្គ្រាម និងរបបប្រល័យពូជសាសន៍ខ្មែរក្រហមដ៏ឃោរឃៅ។ ខ្ញុំគឺជាកូនពៅ ដែលជាកូនទី១០ ក្នុងគ្រួសារ ហើយម្ដាយរបស់ខ្ញុំបានប្រាប់ខ្ញុំថា នៅពេលខ្ញុំកើតមក គាត់បានដាក់ឈ្មោះឲ្យខ្ញុំផ្សេងមួយទៀត ប៉ុន្តែដោយសារតែការភ័យខ្លាច និងជំនឿផ្សេងៗផងនោះ គាត់ក៏បានដាក់ឈ្មោះដូចសព្វថ្ងៃនេះមកឲ្យខ្ញុំ (អាយុ)។ ឈ្មោះរបស់ខ្ញុំដែលគាត់ដាក់ឲ្យនៅពេលដែលខ្ញុំកើត គឺសំដៅលើថ្ងៃដែលខ្ញុំកើត គឺថ្ងៃចន្ទ (គាត់ដាក់ឈ្មោះថា ចន្ទសុខ) ហើយគាត់ជឿថា ឈ្មោះនេះអាចជួយឲ្យខ្ញុំមានសំណាងល្អ អាចរស់រានមានជីវិតនៅក្នុងស្ថានភាពលំបាកដែលយើងរស់នៅក្នុងពេលនោះ។

កាលពីសម័យខ្មែរក្រហម ខ្ញុំនៅជាកូនក្មេងនៅឡើយ ហើយខ្ញុំមិនសូវដឹងច្រើនអំពីរបៀបរស់នៅនោះទេ។ ប៉ុន្តែខ្ញុំបានរៀនចេះអំពីរបៀបរស់បានយ៉ាងឆាប់រហ័ស ដោយសារតែខ្ញុំមិនអាចទ្រាំនឹងសេចក្ដីស្រេកឃ្លានដែលទារុណ​ក​ម្មមួយដ៏ធ្ងន់ធ្ងរមកលើរូបខ្ញុំ។ ប៉ុន្តែ ដូចទៅនឹងបងប្អូនបង្កើតរបស់ខ្ញុំទាំងអស់ដែរ យើងតែងតែពឹងផ្អែកលើម្ដាយរបស់យើងដើម្បីធ្វើជាអ្នកណែនាំ ពុះពារ និងជាអ្នកថែទាំយើងដ៏រឹងមាំមួយ។ នៅពេលរំឭកអំពីអតីតកាលបែបនេះ គឺធ្វើឲ្យខ្ញុំមានចិត្តមិនស្ងប់ នៅពេលនឹងគិតដល់តួនាទីម្ដាយរបស់ខ្ញុំនៅក្នុងគ្រួសារ នៅក្នុងសម័យកាលដ៏លំបាកលំបិនបំផុតនោះ​ និងការទទួលស្គាល់តួនាទីរបស់គាត់ដែល​កាន់តែតិចទៅៗនៅបណ្ដាឆ្នាំក្រោយៗ​មក​ទៀត​នៅក្នុងក្រុមគ្រួសារយើង។ ក្ដីរន្ធត់ដ៏ខ្លាំងប្រៀបបានទៅនឹងរបបខ្មែរក្រហមដែរនោះ ខ្ញុំគិតថាស្មារតីរបស់ម្ដាយខ្ញុំ និងការផ្ដល់តម្លៃលើខ្លួនឯងគឺពិតជាអស្ចារ្យណាស់ក្នុងពេលនោះ ដោយសារតែយើងទាំងអស់គ្នាពឹងផ្អែកទៅលើគាត់ដើម្បីអាចរស់បាន ហើយគាត់ និងយើងទាំងអស់គ្នា ពិតជាទទួលស្គាល់ថានេះគឺជាការពិត។

មានការលើកឡើងផ្ទុយគ្នា យ៉ាងហោចណាស់ចំពោះអ្នករស់រានមានជីវិតពីរបប​ខ្មែរក្រហម ​មួយចំនួន ដែល​ថា ស្មារតីនៃការសម្រេចគោលបំណង និងតម្លៃគុណបំណាច់មួយចំនួនកើតឡើងដោយសារការឆ្លងកាត់សម័យខ្មែរក្រហមនោះ ហើយនៅពេលជីវិតយើងមានភាពល្អប្រសើរ សង្គមមានការវិវឌ្ឍទៅមុខ ស្មារតីនៃការសម្រេចតម្លៃគុណបំណាច់នេះហាក់បីដូចជាមានការធ្លាក់​ថយចុះ រហូតក្លាយជាការចងចាំមួយដែលត្រូវបានគេបំភ្លេចចោលសម្រាប់សង្គមកម្ពុជា បើទោះបីជាមិនមានការបំភ្លេចចោលទាំងស្រុងយ៉ាងណាក្ដី។

ពីឆ្វេងទៅស្តាំ ៖ ចៅទូត កែវ ណាន, កែវ ណាន, ឆាំង យុ កូនប្រុសពៅ កែវ ណាន។ ថតនៅព្រះបរមរាជវាំង

នៅក្រោយរបបខ្មែរក្រហម ក្រុមគ្រួសាររបស់ខ្ញុំ និងខ្ញុំនៅតែពឹងផ្អែកទៅលើជំហររឹងមាំរបស់ម្ដាយយើង ប៉ុន្តែនៅពេលដែលពេលវេលាចេះតែរំកិលទៅមុខ ហើយជីវិតក៏ចាប់ផ្ដើមត្រឡប់ទៅរកភាពនឹងនរ និងធម្មតាវិញម្ដងបន្តិចៗ ហើយយើងក៏ចាប់ផ្ដើមលែងសូវពឹងផ្អែកទៅលើម្ដាយរបស់យើងតទៅទៀតដែរ។ នៅពេលដែលម្ដាយរបស់យើងមានវ័យកាន់តែចាស់ទៅៗ យើងមិនបានចងចាំអំពីស្មារតី ភាពរឹងមាំ និងការដឹកនាំ ភាពនឹងនរ និងការថែទាំដូចដែលគាត់មានកាលពីនៅក្មេងទៀតឡើយ។

កូនៗរបស់អ្នកដែលនៅរស់រានមានជីវិតពីរបបខ្មែរក្រហម ជំនាន់កូនរបស់ពួកគេ និងអ្នកជំនាន់​​ក្រោយៗ មិនត្រូវភ្លេចទេថា ឪពុកម្ដាយរបស់យើង ដែលបានរស់ក្នុងរបបខ្មែរក្រហមនោះ មិនត្រឹមតែដើរតួនាទីជាឪពុកម្ដាយ ជីដូនជីតា របស់អ្នកជំនាន់ក្រោយនេះនោះទេ លើសពីនេះគាត់ទាំងអស់​ក៏ជាវីរជនដែលមានគុណូបការៈចំពោះប្រទេសជាតិទៀត​ផង។ រហូតទាល់តែដល់ថ្ងៃនេះ ដែលស្ថានភាពសុខភាពម្ដាយរបស់ខ្ញុំចុះខ្សោយជាបន្តបន្ទាប់ ទើបខ្ញុំភ្ញាក់ខ្លួនថា ខ្ញុំនៅជំពាក់គុណបំណាច់គាត់ដ៏មហាធំធេង ហើយសង្គមខ្មែរនៅជំពាក់គុណូបការៈចំពោះវីវជនជំនាន់នោះយ៉ាងច្រើនលើសលុប ក្នុងការជួយរក្សាជីវិតគ្រួសាររបស់គាត់ទាំងអស់ឲ្យរស់រាននៅក្នុងសម័យកាលដ៏យង់ឃ្នងមួយនេះ។

ខ្ញុំសូមសម្ដែងនូវការដឹងគុណជាអនេកចំពោះក្រុមវេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា និងបុគ្គលិក ដែលបានជួយព្យាបាល និងថែទាំម្ដាយរបស់ខ្ញុំ ជាពិសេសគឺលោកវេជ្ជបណ្ឌិតខ្មែរវ័យក្មេង ឆ ប៊ុនប៉ូល ឯកទេសផ្នែកថែទាំសួត និងផ្លូវដង្ហើម។ ​ខ្ញុំ​ក៏សូម​ដឹងគុណដល់​វេជ្ជបណ្ឌិត​ កាំង គីមសាន និង​ លោកប្រធានវេជ្ជបណ្ឌិត រិទ្ធ​ និងវេជ្ជបណ្ឌិត ភោគ សុវណ្ណ។ ខ្ញុំក៏សូមថ្លែងអំណរគុណចំពោះការចូលរួមចំណែកពីសំណាក់ប្រទេសបារាំងក្នុងប្រព័ន្ធសុខាភិបាលសាធារណៈរបស់ប្រទេសកម្ពុជា ដែលការរួមចំណែកនេះពិតជាបានផ្ដល់ជាជំនួយជាច្រើនដល់ប្រជាជនកម្ពុជាដែលមានតម្រូវការផ្នែកថែទាំវេជ្ជសាស្ត្រទំនើប ព្រមទាំងវេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា និងបុគ្គលិកវ័យក្មេងដែលបម្រើការងារនៅទីនោះ។ ការរួមចំណែកនេះ បានផ្ដល់ឱកាសដល់យុវជនកម្ពុជាវ័យក្មេងក្នុងការសិក្សា អនុវត្ត និងសម្រួចជំនាញ និងឯកទេសរបស់ខ្លួន​នៅមណ្ឌលវេជ្ជសាស្ត្រដែលមានវិជ្ជាជីវៈខ្ពស់បែប​នេះ។ សរុបមក ម្ដាយរបស់ខ្ញុំនឹងមិនអាចមានជីវិតរស់រានបានឡើយ​ ប្រសិនបើគ្មានការថែទាំពីសំណាក់វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា និងបុគ្គលិកទាំងនោះ។

ជារួម ប្រទេសកម្ពុជា នឹងមិនអាចក្លាយជាប្រទេសដ៏រឹងមាំ និងមានភាពធន់រហូតមកដល់សព្វថ្ងៃនេះបានដែរ ប្រសិនបើគ្មានភាពរឹងមាំ ការលះបង់ និងវីរភាពរបស់មនុស្សចាស់ជំនាន់មុនដែលបានឆ្លងកាត់របបខ្មែរក្រហម។ យើងពិតជាមានការដឹងគុណ សេចក្ដីគោរព និងសូមផ្ដល់កិតិ្តយសដ៏ខ្ពង់ខ្ពស់ចំពោះគាត់គ្រប់ៗគ្នា។

នៅពេលដែលខ្ញុំសរសេរអត្ថបទនេះ ម្ដាយរបស់ខ្ញុំគឺនៅមានជីវិតនៅឡើយទេ ប៉ុន្តែខ្ញុំពិតជាមិនដឹងទេថាតើគាត់អាចនឹងនៅបន្តមានជីវិតរហូតដល់ពេលដែលអត្ថបទនេះត្រូវបានចុះផ្សាយជាសាធារណៈដែរឬទេ។ ជីវិតរបស់គាត់គឺស្ថិតនៅក្នុងដៃទេវតាទៅហើយ ហើយខ្ញុំមិនមានអ្វីក្រៅពីការបួងសួងសូមឲ្យទេវតាថែរក្សាគាត់ជាប់ជានិច្ចតទៅ។

អត្ថបទ ៖ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖

ការិយាល័យទីប្រឹក្សាពិសេសទប់ស្កាត់អំពើប្រល័យពូជសាសន៍នៃអង្គការប្រជាជាតិ និងមជ្ឈមណ្ឌលឯកសារកម្ពុជាចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហការ រំលេចអំពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការ ក្នុងការលើកកម្ពស់ការអនុវត្តកិច្ចខិតខំប្រឹងប្រែងនានាក្នុងការទប់ស្កាត់ និងការអប់រំពីអំពើប្រល័យពូជសាសន៍នៅក្នុងតំបន់អាស៊ីអាគ្នេយ៍, អាស៊ីខាងត្បូង និងទូទាំងសកលលោក