ចាប់ពីថ្ងៃទី១៨, ១៩ និង២០ ខែកក្កដា ឆ្នាំ២០២៣ ក្រុមការងារគម្រោង «ការលើកកម្ពស់សិទ្ធ និងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» នៃមជ្ឈមណ្ឌលឯកសារកម្ពុជា បានរៀបចំវេទិកាពិនិត្យសុខភាពជូនដល់អ្នកភូមិក្តុលលើ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំចំនួន៩០នាក់ ដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងបានផ្តល់បទសម្ភាសន៍ដល់អ្នកស្ម័គ្រចិត្តកម្ពុជាដែលចុះសម្ភាសន៍តាំងពីឆ្នាំ២០២១។ តាមរយៈលទ្ធផលនៃការពិនិត្យសុខភាពរកឃើញជំងឺ៣ប្រភេទចម្បងគឺ៖ ១) ជំងឺលើសឈាម ៩៨ ភាគរយ ២)ជំងឺក្រពះពោះវៀន ៥០ភាគរយ ៣) និងជំងឺសន្លាក់ ៤៥ ភាគរយ។ ចំពោះជំងឺទឹកនោមផ្អែមមានតែ១០ភាគរយ ប៉ុណ្ណោះ។
លោកវេជ្ជបណ្ឌិត ដោក រដ្ឋា សង្កេតឃើញថា របបអាហាររបស់អ្នកភូមិក្តុលលើគឺចូលចិត្តហូបអាហារប្រៃ និងអាហារផ្អាប់ទុកយូរ ដូចជា ផ្អក ប្រហុក ជ្រក់ ត្រីប្រឡាក់ និងសាច់ប្រឡាក់ ដែលប្រើប្រាស់អំបិលច្រើន។ បន្ថែមលើនេះ ពេលបរិភោគអាហារអ្នកភូមិភាគច្រើនតែងតែមានបន្ថែមទឹកជ្រលក់ដូចជាទឹកត្រី និង ទឹកស៊ីអ៊ីវជាដើម។ លោកវេជ្ជបណ្ឌិតបានណែនាំឲ្យអ្នកជំងឺផ្លាស់ប្តូររបបអាហារ ដើម្បីជួយពន្លឿនការព្យាបាលឲ្យកាន់តែមានប្រសិទ្ធភាព ព្រោះតាមការពិនិត្យ និងប្រឹក្សាយោបល់ដល់អ្នកជំងឺឃើញថា ទោះបីជាអ្នកជំងឺផឹកថ្នាំទៀងទាត់ក៏សម្ពាធឈាម និងស្ថានភាពជំងឺពុំបានធូរស្បើយឡើយ។ ដូច្នេះហើយទើបលោកវេជ្ជបណ្ឌិតលើកឡើងថា គ្រូពេទ្យបានត្រឹមតែណែនាំ និងចេញវេជ្ជបញ្ជាជូនដល់អ្នកជំងឺ ប៉ុន្តែប្រសិនបើអ្នកជំងឺមិនតមចំណីអាហារដែលពេទ្យហាមឃាត់ ឬក៏ផ្លាស់ប្តូរបបអាហារតាមការណែនាំរបស់ពេទ្យ គឺមិនអាចព្យាបាលជាសះស្បើយទេ។ ជាពិសេស ជំងឺលើសឈាមអាចឈានដល់ការស្លាប់មួយចំហៀងខ្លួន ឬដល់កម្រិតធ្ងន់ធ្ងរ ដែលអ្នកជំងឺត្រូវសម្រាន្តនៅកន្ទេលអស់មួយជីវិត។
ភូមិក្តុលលើ មានប្រជាពលរដ្ឋប្រមាណ៩០ភាគរយ គឺជាជនជាតិដើមភាគតិចស្ទៀង ដែលប្រកបការងារធ្វើស្រែ, ចម្ការកៅស៊ូ, ចម្ការស្វាយ, ចម្ការម្រេច, ចម្ការទុរេន, ចម្ការសាវម៉ាវ។ ដោយឡែក បន្លែដែលប្រមូលផលឆាប់រួមមាន ពោត និងសណ្តែក តាមរដូវកាល។ តាំងពីយូរលង់ណាស់មកហើយ ពេលដែលមានជំងឺដង្កាត់ផ្សេងៗ ជនជាតិដើមភាគតិចស្ទៀង តែងតែប្រើវិធីតាមព្រហ្មញ្ញសាសនា ដូចជា សែនអ្នកតា ការបញ្ជាន់អារក្ស សំពះគ្រូបាធ្យាយ និងការប្រើវិធីសាស្ត្រអុជព្យាបាលជំងឺ ដែលជនជាតិដើមភាគតិចស្ទៀងហៅថា អណ្តើក អារ៉ើស ពោះកុក។ ការព្យាបាលនេះ គឺតាមការស្មានដោយអុជឲ្យបាត់ឈឺ រួមមាន ឈឺពោះ ចុកពោះ គ្រុន ក្តៅខ្លួន ព្រោះពេលដែលឈឺក្នុងពោះមានសភាពរឹងដែលអ្នកជំនាញអុជព្យាបាលហៅថា អណ្តើក។ ពេលដែលអុជរួច គឺសភាពរឹងនោះនឹងបាត់ទៅវិញព្រមគ្នានឹងរោគសញ្ញាផ្សេងៗ ដោយបន្ថែមការដាំថ្នាំស្លឹកឈើ ឫសឈើ សម្បកឈើ។ វិធីសាស្រ្តអុជព្យបាលនេះគឺប្រើ ធូប ប៉ុយ ខ្សែ សម្បក ឬសំឡីគ និងកំបោរដើម្បីអុជតាមអាការៈដែលកើតមាន។ ការអុជព្យាបាលជំងឺនេះ គឺអុជម្តុំពោះ និងមានខ្លះទៀតអុជដល់ទ្រូង ហើយការអុជនេះធ្វើឡើងដោយព្រឹទ្ធាចារ្យដែលមានវ័យចំណាស់ និងធ្លាប់មានបទពិសោធន៍តាំងពីដើមមក។ បន្ទាប់ពីអុជរួច គ្រូព្យាបាលជំងឺប្រើផេះ ដើម្បីលាបលើស្នាមអុជកុំឲ្យមានដំបៅ និងឲ្យឆាប់ផ្សះ។ ចាប់តាំងពីឆ្នាំ២០០០ ជំនឿទាំងនេះចាប់ផ្តើមបាត់បង់បន្តិចម្តងៗ ដោយប្រជាជនចាប់ផ្តើមយល់ដឹងអំពីការព្យាបាលតាមវិទ្យាសាស្ត្រសុខាភិបាល ដែលមានប្រសិទ្ធភាពខ្ពស់ជាងការព្យាបាល ដោយប្រើថ្នាំបូរាណ។ បន្ថែមលើនេះទៀត ខាងមន្ទីរសុខាភិបាល មានពេទ្យខេត្ត ពេទ្យស្រុក បានចុះមកជួយពន្យល់ពីការដាក់ថ្នាំកម្ចាត់មូសខ្លា និងការសម្អាតអនាម័យតាមភូមិ ដែលបានជួយកាត់បន្ថយការចម្លងជំងឺគ្រុនឈាម ដោយរដូវនេះជារដូវស្សា ដែលអាចបង្កើតនូវជម្រកមូសខ្លាបានប្រសិនបើមិនមានការយល់ដឹងពីវិធីសាស្រ្តបង្ការ។
ឈម ផាត អាយុ៣៣ឆ្នាំ ភេទស្រី ត្រូវជាកូនរបស់ នាយ ឈម បានរៀបរាប់ថា ឪពុករបស់គាត់នាយ ឈម បានទទួលមរកាលកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ក្នុងអាយុ៦៨ឆ្នាំ ដោយជំងឺរលាកក្រពះ រលាកសួត និងជំងឺឈាមស ស៊ីឈាមក្រហម។ ឪពុករបស់គាត់បានសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាមរយៈពេល១២ថ្ងៃ បន្ទាប់មកវិលត្រឡប់មកព្យាបាលនៅផ្ទះបន្តដោយលេបថ្នាំ។ តាមសម្តីរបស់ ផាត បានឲ្យដឹងបន្ថែមថា ឪពុករបស់គាត់មិនដែលបានពិនិត្យសុខភាពទេ។ ឪពុករបស់គាត់មិនព្រមទៅពិនិត្យសុខភាព និងទទួលការព្យាបាលនៅមន្ទីរពេទ្យទេ គឺឪពុកគាត់បានទិញថ្នាំនៅហ្វាម៉ាស៊ីដើម្បីព្យាបាលពេលមានជំងឺក្អកតែប៉ុណ្ណោះ។ ផា បានបញ្ជាក់បន្ថែមថា ប្រសិនបើឪពុកព្រមទៅទទួលការព្យាបាលតាំងពីឆ្នាំមុន លោកពូនឹងអាចព្យាបាលជា ព្រោះពេទ្យដឹងរោគសញ្ញា និងឲ្យថ្នាំមកត្រូវនឹងជំងឺ។ ផាត មានអារម្មណ៍ត្រេកអរណាស់ដែលបានមកទទួលសេវាពិនិត្យសុខភាពដោយ ឥតគិតថ្លៃជំនួសឪពុក ព្រោះ ផាត មិនធ្លាប់ដឹងថាខ្លួនមានជំងឺលើសសម្ពាធឈាមទេពីមុនមក។ លោកគ្រូពេទ្យផ្តល់យោបល់ឲ្យ ផាត ទៅពិនិត្យអេកូបន្ថែមនៅមន្ទីរពេទ្យដើម្បីស្វែងរកពីជំងឺចុករួយជើងទាំងសងខាង។ ក្នុងនោះដែរ ផាត ចាប់អារម្មណ៍ចំពោះចំណីអាហារដែលហូបប្រចាំថ្ងៃគឺចូលចិត្តសម្លផ្អែម និងភេសជ្ជៈប៉ូវកម្លាំង ដែលអាចមានជំងឺ ទឹកនោមផ្អែម និងជាកត្តាដែលធ្វើឲ្យ ផាត មានជំងឺលើសឈាម។ ជាចុងក្រោយ ផាត អរគុណដល់ក្រុមការងារ ដែលអនុញ្ញាតឲ្យទទួលសេវាពិនិត្យសុខភាពជំនួសឪពុក និងបានដឹងពីស្ថានភាពសុខភាពរបស់ខ្លួនដោយមិនអស់ថ្លៃសេវាពិនិត្យ និងធ្វើដំណើរទៅមន្ទីរពេទ្យ។
ម៉ាត់ ភាក់ អាយុ៤១ឆ្នាំ មេភូមិក្តុលលើ មានសេចក្តីត្រេកអរក្រៃលែងដែលក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា រួមទាំងលោកគ្រូ អ្នកគ្រូពេទ្យ ដែលបានចុះមកពិនិត្យសុខភាពដល់ប្រជាពលរដ្ឋក្នុងភូមិដល់ទីកន្លែង និងជួយជាថវិការឧបត្ថម្ភ ដើម្បីឲ្យប្រជាពលរដ្ឋអាចធ្វើដំណើរទៅពិនិត្យសុខភាពបន្ថែមនៅពេលក្រោយ ជាពិសេសប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត។ ការចុះមកពិនិត្យសុខភាពអ្នកភូមិដល់ទីតាំងនេះគឺ ទី១ ជួយដល់អ្នកភូមិបានពិនិត្យសុខភាពដើម្បីព្យាបាល និងថែទាំសុខភាពឲ្យបានល្អប្រសើរ, ទី២ ជួយសម្រួលដល់ការចំណាយថវិការលើការពិគ្រោះ និងពិនិត្យសុខភាព ក៏ដូចជាការទិញថ្នាំព្យាបាលដល់ប្រជាពលរដ្ឋ និងទី៣ ជួយសម្រួលដល់ការធ្វើដំណើរឆ្ងាយទៅពិនិត្យសុខភាព ដែលប្រជាពលរដ្ឋត្រូវចំណាយថវិកាផ្ទាល់ខ្លួន។ ម៉ាត់ ភាក់ គឺជាមេភូមិបង្ហាញការគាំទ្រ និងសំណូមពរដល់មជ្ឈមណ្ឌលឯកសារកម្ពុជាជួយសម្រួលរៀបចំកម្មវិធីពិនិត្យសុខភាពឲ្យបានញឹកញ៉ាប់ ដល់ប្រជាពលរដ្ឋដែលមានការខ្វះខាតឲ្យបានយល់ដឹងបន្ថែមពីបញ្ហាថែទាំសុខភាព។
តាមការសាកសួរមតិពីអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលបានចូលរួមទទួលសេវាពិនិត្យសុខភាព រយៈពេល៣ថ្ងៃនេះ ១) ញឹក ញ៉ាល់ អាយុ ៧៩ឆ្នាំ ភេទប្រុស ២) ចប ម៉ូ អាយុ ៦២ឆ្នាំ ភេទប្រុស ៣) កន សេង អាយុ ៨២ឆ្នាំ ភេទប្រុស និង៤) ឃុល ម៉ូយ អាយុ ៦២ឆ្នាំ ភេទប្រុស គឺមានការសប្បាយចិត្ត និងអរគុណដល់ក្រុមការងារ ក៏ដូចជា លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ដែលបានចំណាយពេលវេលាចុះមក ពិនិត្យសុខភាពដល់ភូមិផ្ទាល់ ដែលបានជួយសម្រួលដល់ការធ្វើដំណើរឆ្ងាយ និងការព្យាបាលនៅមន្ទីរសម្រាកព្យាបាលឯកជន ក៏ដូចជាមណ្ឌលសុខភាពរដ្ឋ។ ជាពិសេស អ៊ំពូមីង ដែលកំពុងតែមានជំងឺស្រាប់បានទទួល សេវាពិនិត្យសុខភាពនៅជិតផ្ទះតែម្តង។ ការពិនិត្យសុខភាពនេះ អ៊ំពូមីង ជឿជាក់ថា នឹងអាចជួយព្យាបាលជំងឺគាត់ ឲ្យបានធូរស្បើយ មានស្ថានភាពសុខភាពប្រសើរឡើងវិញ ដោយលោកគ្រូពេទ្យមានបទពិសោធន៍ច្បាស់លាស់ និងបានណែនាំគាត់ឲ្យយល់ដឹងបន្ថែមពីការវិវត្តន៍ធ្ងន់ធ្ងរនៃជំងឺប្រសិនបើមិនមានការព្យាបាលត្រឹមត្រូវ និងទាន់ពេលវេលា។
អត្ថបទ ៖ គឹម សុវណ្ណដានី បុគ្គលិកគម្រោងសុខភាពនៃមជ្ឈមណ្ឌលឯកសារកម្ពុជា
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា