សិស្សានុសិស្សនៃអង្គការបណ្ដុះបណ្ដាលថ្នាក់មូលដ្ឋាន (OBT) ទស្សនកិច្ចសិក្សានៅមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម

នៅថ្ងៃអាទិត្យ ទី៦ ខែមិថុនា ឆ្នាំ២០២៣ សិស្សានុសិស្សនៃអង្គការបណ្ដុះបណ្ដាលថ្នាក់មូលដ្ឋាន (OBT) ចំនួន៥៧នាក់ ធ្វើដំណើរទស្សនកិច្ចសិក្សាមកកាន់មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមដែល ជាសាខារបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ដើម្បីជំរុញដល់ការយល់ដឹងអំពីរបបកម្ពុជាប្រជាធិបតេយ្យ ក៏ដូចជាផ្ដល់ឱកាសដល់សិស្សានុសិស្សឲ្យចូលរួមពិភាក្សា និងសិក្សាឈ្វេងយល់អំពីរឿងរ៉ាវដែលបានកើតឡើងនៅក្នុងរបបខ្មែរក្រហម។ សិស្សានុសិស្សនៃអង្គការបណ្ដុះបណ្ដាលថ្នាក់មូលដ្ឋាន ទទួលបានកម្មវិធីអប់រំអំពីប្រវត្តិសាស្រ្តខ្មែរក្រហម រួមមាន ៖ ការបង្ហាញអំពីពិព័រណ៍ ការចាក់បញ្ចាំងវីដេអូឯកសារ ការធ្វើទស្សនកិច្ចសិក្សាទៅកាន់ទីតាំងសម្លាប់ប្រជាជនក្នុងរបបខ្មែរក្រហម និងការចែកជូនសៀវភៅប្រវតិ្តសាស្រ្ត។ ជាកិច្ចចាប់ផ្ដើមលោក លី ដេវីត បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម បានដឹកនាំសិស្សានុសិស្សទស្សនាពិព័រណ៍រូបថតចំនួន១០ផ្ទាំងធំៗដែលបង្ហាញអំពី ប្រវត្តិមេដឹកនាំខ្មែរក្រហម ការជម្លៀសប្រជាជន ការធ្វើការងារនៅការរដ្ឋានទំនប់ និងការវិលត្រឡប់មកស្រុកកំណើតវិញរបស់ប្រជាជនកម្ពុជា បន្ទាប់ពីការដួលរលំរបបខ្មែរក្រហមនៅដើមឆ្នាំ១៩៧៩។

ជាកិច្ចបន្ទាប់លោក សាំង ចាន់ធូ បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ទទួលបន្ទុកផ្នែកអ្នកស្ម័គ្រចិត្តកម្ពុជា បន្តដឹកនាំសិស្សានុសិស្សចូលទស្សនាបណ្ណាល័យ ដែលមានតម្កល់ទុកឯកសារប្រវត្តិសាស្រ្តខ្មែរក្រហម។ ឆ្លៀតក្នុងឱកាសនោះ លោក សាំង ចាន់ធូ រៀបរាប់អំពីរឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ភ្ជាប់ជាមួយទិដ្ឋភាពពីមូលដ្ឋានដែលត្រូវបានស្រាវជ្រាវ និងសរសេរ ដោយអ្នកស្ម័គ្រចិត្តកម្ពុជានៅខេត្តកំពង់ចាម។ តមក លោក ស៊ាង ចិន្ដា នាយកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម បាននាំសិស្សានុសិស្សទាំងអស់ចូលមកកាន់សាលពិព័រណ៍រូបថត ដែលមានការដាក់តាំងបង្ហាញអំពីព្រះឆាយាល័ក្ខណ៍ចំនួន១៨ ដែលជាផ្នែកមួយនៃពិព័រណ៍ «សុបិន្តកម្ពុជា»។ បន្ទាប់ពីបានដើរទស្សនាពិព័រណ៍ «សុបិន្តកម្ពុជា» សិស្សានុសិស្សទាំងអស់បានទស្សនាវីដេអូឯកសារ ដែលមានចំណងជើងថា «កុំស្មានបងភ្លេច ៖ ខ្មែរបាត់បង់តន្ត្រីរ៉ក់» ដែលរំឭកអំពីតន្រ្តី វប្បធម៌ និងប្រវត្តិសាស្រ្តកម្ពុជា។

កម្មវិធីពេលរសៀលនៃដំណើរទស្សនកិច្ចនេះ គឺការចុះទៅកាន់ទីតាំងអតីតសមរភូមិរវាងទាហាន លន់ នល់ និងកងទ័ពរំដោះខ្មែរក្រហម ដែលចាប់ផ្ដើមពីម៉ោង១:៣0នាទី និងបញ្ចប់នៅវេលាម៉ោង៣:៣0នាទីរសៀល។ សិស្សានុសិស្សបានចុះទៅដល់វត្តរកាគយ ដែលជាអតីតបន្ទាយទាហាន លន់ នល់ និងទីតាំងសមរភូមិប្រយុទ្ធរវាងទាហាន លន់ នល់ និងកងទ័ពរំដោះខ្មែរក្រហម។ លោក ស៊ាង ចិន្ដា រៀបរាប់ទៅកាន់សិស្សានុសិស្សអំពីប្រវត្តិព្រឹត្តិការណ៍ដែលកើតឡើងនៅក្នុងមូលដ្ឋាននេះ។ បន្ទាប់ពីមានរដ្ឋប្រហារ លន់ នល់ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ស្ថានភាពនៅក្នុងភូមិសាស្រ្តនេះបានផ្លាស់ប្ដូរទាំងស្រុង។ អ្នកភូមិជាច្រើនបានចូលរួមបាតុកម្មដង្ហែរទៅកាន់ទីរួមខេត្តកំពង់ចាម និងបន្តទៅទីក្រុងភ្នំពេញ។ នៅចុងឆ្នាំ១៩៧០ កងទ័ពរំដោះខ្មែរក្រហមបានចូលមកដល់ និងសុំស្នាក់នៅក្រោមផ្ទះអ្នកភូមិ។ បន្ទាប់មក ទាហាន លន់ នល់ និងកងទ័ពរំដោះខ្មែរក្រហម ចាប់ផ្ដើមប្រយុទ្ធគ្នា។ ទាហាន លន់ នល់ ត្រូវបានបញ្ជូនមកកាន់បន្ទាយទាហាននៅក្នុងវត្តរកាគយ ដើម្បីទប់ទល់ជាមួយកងទ័ពរំដោះខ្មែរក្រហម។ នៅចុងឆ្នាំ១៩៧១ និងដើមឆ្នាំ១៩៧២ បន្ទាយទាហានលន់ នល់ នៅវត្តរកាគយ ត្រូវបានវាយបែក និងរំដោះដោយកងទ័ពរំដោះខ្មែរក្រហម។ វត្តរកាគយត្រូវបានប្រើប្រាស់ទៅជាកន្លែងភ័ស្តុភាររបស់កងទ័ពរំដោះខ្មែរក្រហម។ នៅឆ្នាំ១៩៧៣ ទីរួមខេត្តកំពង់ចាមត្រូវបានព័ទ្ធជុំវិញដោយកងទ័ពរំដោះខ្មែរក្រហម។ ក្នុងស្ថានភាពបែបនេះ ទាហានលន់ នល់ ប្រើប្រាស់ផ្លូវទឹកដែលជាច្រកចេញចូលសំខាន់ក្នុងការដឹកជញ្ជូនសម្ភារសឹក ស្បៀង និងប្រជាជននៅទីរួមខេត្តកំពង់ចាមចេញទៅកាន់ទីក្រុងភ្នំពេញ តាមរយៈនាវាម៉ារីនទាហាន លន់ នល់ ដែលតែងតែរងការវាយប្រហារពីសំណាក់កងទ័ពរំដោះខ្មែរក្រហម។

ជាកិច្ចបញ្ចប់នៃដំណើរទស្សនកិច្ចសិក្សានេះលោក លី ដេវីត និងលោក សាំង ចាន់ធូ បានចែកសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ ៖ កំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ» សម្រាប់សិស្សយកទៅអានដើម្បីសិក្សាឈ្វេងយល់ និងប្រើប្រាស់ជាឯកសារប្រវតិ្តសាស្រ្ត។

អត្ថបទ ៖ សាំង ចាន់ធូ បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម

រូបថត ៖ លី ដេវីត/មជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖

ការិយាល័យទីប្រឹក្សាពិសេសទប់ស្កាត់អំពើប្រល័យពូជសាសន៍នៃអង្គការប្រជាជាតិ និងមជ្ឈមណ្ឌលឯកសារកម្ពុជាចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហការ រំលេចអំពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការ ក្នុងការលើកកម្ពស់ការអនុវត្តកិច្ចខិតខំប្រឹងប្រែងនានាក្នុងការទប់ស្កាត់ និងការអប់រំពីអំពើប្រល័យពូជសាសន៍នៅក្នុងតំបន់អាស៊ីអាគ្នេយ៍, អាស៊ីខាងត្បូង និងទូទាំងសកលលោក