មជ្ឈមណ្ឌលឯកសារកម្ពុជា ចែកជូនសៀវភៅ និងរៀបចំទុកដាក់ឯកសារ ក្នុងបណ្ណាល័យសម្រាប់បញ្ជាការដ្ឋានកងទ័ពជើងគោក និងយោធភូមិភាគពិសេស

ដើម្បីគាំទ្រដល់ការសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្ត្រ មជ្ឈមណ្ឌលឯកសារកម្ពុជាបានផ្តល់ជូនបញ្ជាការដ្ឋានកងទ័ពជើងគោក និងយោធភូមិភាគពិសេសនូវសៀវភៅដែលត្រូវបានស្រាវជ្រាវដោយមជ្ឈមណ្ឌលឯកសារកម្ពុជា ចំនួន ២២ ច្បាប់ និងសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត ដែលជាកំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរចំនួន ៣០០ ច្បាប់ ដើម្បីចូលរួមក្នុងការស្រាវជ្រាវ និងដើម្បីចែកជូនដល់នាយទាហាននៅតាមអង្គភាពនានា។

កិច្ចពិភាក្សា និងការចែកជូនសៀវភៅធ្វើឡើងនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ នៅយោធភូមិភាគពិសេស ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាម ហ៊ មេបញ្ជាការរងកងទ័ពជើងគោកទទួលបន្ទុកការងារប្រវត្តិសាស្រ្តយោធាកងទ័ពជើងគោក ដែលដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ ប៉ូ វណ្ណៈ  មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគពិសេស និងនាយទាហានមួយចំនួនទៀត និងវត្តមានបុគ្គលិករបស់មជ្ឈមណ្ឌលឯកសារកម្ពុជា មានលោក ព្រំ ផល្លា លោក សុខ វណ្ណៈ និង លោក ទាវ សម្ផស្ស ។

ជាមួយការទទួលរាក់ទាក់ពីនាយទាហាន ក៏មានការបង្ហាញពីបណ្ណាល័យមួយដែលទើបត្រូវបានបង្កើតឡើងដែលត្រូវការសៀវភៅប្រវត្តិសាស្ត្រសម្រាប់ជូននាយទាហានសិក្សា និងបន្ទាប់មកក៏មានការថ្លែងអំណរគុណពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាម ហ៊ ដល់មជ្ឈមណ្ឌលឯកសារកម្ពជា ដែលតែងតែសហការ និងផ្តល់ជាសៀវភៅ ព្រមទាំងឯកសារសម្រាប់គាំទ្រដល់ការងារក្នុងការចងក្រងប្រវត្តិ​សាស្រ្តយោធា។

នៅក្នុងឱកាសនោះដែរឯកឧត្តម ស៊ាម ហ៊ និង ឯកឧត្តម ប៉ូ វណ្ណៈ បានផ្តល់ជូននូវប្រវត្តិកសាងបណ្ណាល័យរបស់យោធភូមិភាគពិសេសនេះ និងបានរៀបរាប់ពីសកម្មភាពជាប្រវត្តិសាស្រ្តរបស់លោកក្នុងការចូលរួមក្នុងសង្រ្គាម និងការបញ្ចប់សង្រ្គាមតាមរយៈគោលនយោបាយឈ្នះឈ្នះ។ ជាកាឆ្លើយតប លោក ព្រំ ផល្លា បញ្ជាក់ថា មជ្ឈមណ្ឌលតែងតែគាំទ្រទៅដល់ការងារជាប្រវត្តិសាស្រ្តដែលខ្លួនបានអនុវត្តកន្លងមក និងនៅតែបន្តធ្វើទៅថ្ងៃមុខទៀត ដើម្បីការពារមិនឲ្យរបបប្រល័យពូជសាសន៍កើតមានជាថ្មី។

កម្មវិធីបានបញ្ចប់បន្ទាប់ពីការបង្ហាញពីចំណាប់អារម្មណ៍របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាម ហ៊ ទៅលើខ្លឹមសារ និងសារប្រយោជន៍របស់សៀវភៅសាក្សីប្រវត្តិសាស្រ្តដែលជាកំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។

អត្ថបទ ៖​ ព្រំ ផល្លា ទីប្រឹក្សាគម្រោងនៃមជ្ឈមណ្ឌលឯកសារកម្ពុជា

រូបថត ៖ ទាវ សម្ជស្ស អ្នកស្ម័គ្រចិត្តនៃមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖

ការិយាល័យទីប្រឹក្សាពិសេសទប់ស្កាត់អំពើប្រល័យពូជសាសន៍នៃអង្គការប្រជាជាតិ និងមជ្ឈមណ្ឌលឯកសារកម្ពុជាចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហការ រំលេចអំពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការ ក្នុងការលើកកម្ពស់ការអនុវត្តកិច្ចខិតខំប្រឹងប្រែងនានាក្នុងការទប់ស្កាត់ និងការអប់រំពីអំពើប្រល័យពូជសាសន៍នៅក្នុងតំបន់អាស៊ីអាគ្នេយ៍, អាស៊ីខាងត្បូង និងទូទាំងសកលលោក