ក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែងចែកសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជូនសិស្សនៅវិទ្យាល័យក្រពើពីរ និងវិទ្យាល័យ ហ៊ុន សែន ភ្នំក្រវ៉ាញ

ក្រុមការងាររបស់មជ្ឈមណ្ឌលផ្សះផ្សាវាលវែងបានចែកសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់​ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ចំនួន២០៥ ក្បាល ជូនសិស្សានុសិស្សថ្នាក់ទី១០, ១១ និង១២ នៃវិទ្យាល័យក្រពើពីរស្រុកវាលវែង និងវិទ្យាល័យ ហ៊ុន សែន ភ្នំក្រវ៉ាញ ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។

នៅវេលាពេលព្រឹក ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែងធ្វើដំណើរទៅកាន់ វិទ្យាល័យក្រពើពីរក្នុងឃុំក្រពើពីរ ស្រុកវាលវែងខេត្តពោធិ៍សាត់ ដើម្បីចែកសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ចំនួន៨៦ក្បាលជូនសិស្សានុសិស្សចំនួន៨៦នាក់ នៅវិទ្យាល័យក្រពើពីរ។ នៅវេលាម៉ោង២រសៀលថ្ងៃដដែល ក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែងបានបន្តដំណើរទៅទៅវិទ្យាល័យ ហ៊ុន សែន ភ្នំក្រវ៉ាញ ក្នុងស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់  ដោយបានចែកសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមានតាជាតិខ្មែរ ចំនួន១១៩ក្បាល ដល់សិស្សានុសិស្សថ្នាក់ទី១១ និងទី១២ ចំនួន១១៩នាក់ នៃវិទ្យាល័យ ហ៊ុន សែន ភ្នំក្រវ៉ាញ។

មុនពេលចែកសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ដល់សិស្សានុសិស្ស លោកនាយកវិទ្យាល័យក្រពើពីរ ភន ផានិត បានទទួលស្វាគមន៍ និងមានប្រសាសន៍ថា ថ្ងៃនេះវិទ្យាល័យក្រពើពីរមានកិត្តិយសណាស់ដែលក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែងនាំយកសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» មកចែកជូនសិស្សានុសិស្សក្នុងវិទ្យាល័យក្រពើពីរ។ លោកគ្រូ ភន ផានិត បានផ្តាំផ្ញើសិស្សានុសិស្សទាំងអស់ឲ្យយកចិត្តទុកដាក់អានសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» នេះឲ្យចប់ពីព្រោះសៀវភៅនេះមានសារសំខាន់ និងជាជំនួយបន្ថែមនៅពេលសិស្សសិក្សាមុខវិទ្យាប្រវត្តិសាស្ត្រអំពីប្រទេសកម្ពុជា និងអាស៊ីអាគ្នេយ៍។

បន្ទាប់មកលោក ឡុង ដានី នាយកមជ្ឈមណ្ឌលផ្សះផ្សាវាលវែងបានណែនាំខ្លួន និងក្រុមការងារដល់លោកគ្រូ និងសិស្សានុសិស្សថា មជ្ឈមណ្ឌលផ្សះផ្សាវាលវែងបានចាប់ផ្តើមដំណើរការនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣។ ការិយាល័យមជ្ឈមណ្ឌលផ្សះផ្សាវាលវែងស្ថិតនៅក្នុងភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ការបង្កើតមជ្ឈមណ្ឌលផ្សះផ្សាវាលវែង គឺមានគោលបំណងដូចខាងក្រោម៖

១)បង្ហាញអំពីប្រវត្តិសាស្ត្រ និងសង្គ្រាមនៅប្រទេសកម្ពុជាចាប់ពីទសវត្សរ៍ឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៩០។

២) ពង្រឹងការកសាងសន្តិភាព និងទប់ស្កាត់ជម្លោះ តាមរយៈកម្មវិធីអប់រំដែលជាឱកាសសម្រាប់យុវជនរស់នៅតំបន់ជនបទ និងតំបន់ដាច់ស្រយាលក្នុងការចូលរួម។

៣) លើកទឹកចិត្តអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមឲ្យចែករំលែក និងបង្រៀនក្មេងៗនូវបទពិសោធន៍របស់ខ្លូនដែលធ្លាប់បានឆ្លងកាត់ក្នុងរបបខ្មែរក្រហម។

៤) ប្រមែរប្រមូលចងក្រងទីតាំងប្រវត្តិសាស្ត្រយោធា រឿងរ៉ាវ និងបទពិសោធន៍ពីអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលធ្លាប់ឆ្លងកាត់ក្នុងរបបខ្មែរក្រហម។

៥) ជួយសម្របសម្រួលលើគម្រោងការលើកកម្ពស់សិទ្ធិ និងធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៃមជ្ឈមណ្ឌលឯកសារកម្ពុជា។

ជាចុងក្រោយ លោក ឡុង ដានី បានបន្ថែមថា សៀវភៅកំណត់ហេតុនេះ គឺជាព្រះសំណេរដើម និងមិនបានកែសម្រួល ដោយឆ្លុះបញ្ចាំងអំពីព្រះរាជតម្រិះ ព្រះរាជយោបល់ និងព្រះរាជទស្សនៈរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមានតាជាតិខ្មែរក្នុងសេរីភាព និងសេចក្តីថ្លៃថ្លូរ ក្នុងអំឡុងពេលដែលព្រះអង្គអមព្រះរាជដំណើរ សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋយាងដំណើរតាមយន្តហោះចេញពីទីក្រុងប៉េកាំងទៅកាន់ទីក្រុងហាណូយ និងទីក្រុងដុងហូយ ខេត្ត គ័ងប៊ិញនៃប្រទេសវៀតណាម និងយាងបន្តតាមរយៈរថយន្តតាមបណ្តោយផ្លូវលំហូជីមិញទៅកាន់ខេត្តសៀមរាប ប្រទេសកម្ពុជានៅក្នុងឆ្នាំ១៩៧៣។ ព្រះរាជដំណើររបស់ព្រះអង្គទាំងពីរត្រូវចំណាយពេលជាងមួយខែ ដោយបង្ហាញយ៉ាងច្រើនពីសេចក្តីថ្លៃថ្នូរ និងភាពទន់ភ្លន់របស់ព្រះមហាក្សត្រី ទោះជាព្រះរាជដំណើររបស់ព្រះអង្គស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ដោយសារសង្គ្រាមនៅក្នុងប្រទេសកម្ពុជា និងតំបន់អាស៊ីអាគ្នេយ៍នាពេលនោះក្តី។ ព្រះមហាក្សត្រី គឺជាសាក្សីផ្ទាល់ចំពោះប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជាក្នុងរយៈកាលជាង៧ទសវត្សរ៍កន្លងមក ហើយព្រះអង្គ គឺជាឥស្សរជនប្រវត្តិសាស្ត្រដ៏លេចធ្លោមួយព្រះអង្គក្នុងអំឡុងពេលនោះ។ ព្រះរាជសំណេរនៅក្នុងសៀវភៅកំណត់ហេតុរបស់ទ្រង់ ផ្តល់នូវព្រះរាជតម្រិះសង្ខេបអំពីជំពូកដ៏សំខាន់នៃប្រវត្តិសាស្ត្រប្រទេសកម្ពុជា។

អត្ថបទ ៖ ឡុង ដានី នាយកមជ្ឈមណ្ឌលផ្សះផ្សាវាលវែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖