ក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែង រៀបចំវេទិកាអប់រំស្តីអំពី «ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (ឆ្នាំ១៩៧៥ -១៩៧៩)» និង ចែកសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» ជូន សិស្សានុសិស្ស និងប្រជាជននៅក្នុងសហគមន៍ភូមិក្រពើពីរក្រោម

នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែង បានចែកសៀវភៅសាក្សីប្រវត្តិសាស្ត្រចំនួន៤៦ក្បាល និងរៀបចំវេទិកាអប់រំសហគមន៍ ស្តីអំពី «ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ(១៩៧៥ -១៩៧៩)» នៅភូមិក្រពើពីរក្រោម ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយមានអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងកូនចៅជំនាន់ក្រោយចូលរួមសរុបចំនួន៤៦នាក់។

ដំបូងលោកស្រី ហែម ភាន់ អាយុ៦៤ឆ្នាំ គឺជាមេភូមិក្រពើពីរ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានប្រសាសន៍ថា «សព្វថ្ងៃភូមិក្រពើពីរក្រោមមានប្រជាជនចំនួន២៤០គ្រួសារ ស្មើនឹងប្រជាជនសរុបចំនួន៩៥២នាក់។ ប្រជាជនរស់នៅក្នុងភូមិក្រពើពីរក្រោម ភាគច្រើនគឺជាអតីតកងទ័ពខ្មែរក្រហម និងក្រុមគ្រួសារ។ លោកស្រីមេភូមិ បានបន្តថា ថ្ងៃនេះខ្ញុំតំណាងឲ្យប្រជាពលរដ្ឋក្នុងភូមិក្រពើពីរក្រោមមានសេចក្តីសប្បាយរីករាយដែលក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជាបានចុះមកចែកសៀវភៅសាក្សីប្រវត្តិសាស្ត្រ ដែលជាកំណត់ហេតុរបស់ហ្លួងម៉ែក្នុងពេលព្រះអង្គអមព្រះរាជដំណើរ សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ពីទីក្រុមប៉េកាំង មកហាណូយប្រទេសវៀតណាម និងបន្តដំណើរទៅកាន់ខេត្តសៀមរាប ប្រទេសកម្ពុជា នៅឆ្នាំ១៩៧៣»។ លោកស្រី បានលើកឡើងថា សូមបងប្អូនជួយចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនដែលបានធ្លងកាត់សម័យសង្រ្គាម និងរបបខ្មែរក្រហមដល់យុវជនជំនាន់ក្រោយ ដើម្បីបានយល់ដឹងកាន់តែច្បាស់ ពីព្រោះការរៀបចំវេទិកាអប់រំសហគមន៍ ស្តីអំពី «ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥ -១៩៧៩) គឺជាឱកាសល្អសម្រាប់បងប្អូនជជែក និងនិយាយរឿងរ៉ាវអំពីអតីតកាលប្រាប់ដល់កូនចៅជំនាន់ក្រោយដែលកើតមិនទាន់សម័យសង្រ្គាម។

ជាកិច្ចបន្តលោក ឡុង ដានី នាយកមជ្ឈមណ្ឌលផ្សះផ្សាវាលវែងបានជម្រាបអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងយុវជនដែលបានចូលរួមក្នុងវេទិកាសហគមន៍ថា មជ្ឈមណ្ឌលផ្សះផ្សាវាលវែងបានបើកដំណើរការជាសាធារណៈនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ ក្នុងគោលបំណង ទី១) ធ្វើការស្រាវជ្រាវ និងចងក្រងប្រវត្តិសាស្ត្រសង្រ្គាមនៅប្រទេសកម្ពុជាចាប់ផ្តើមនៅក្នុងទសវត្សរ៍ឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៩០។ ទី២) ពង្រឹងការកសាងសន្តិភាព និងការការពារជម្លោះតាមរយៈកម្មវិធីអប់រំ ដែលនឹងផ្តល់ឱកាសសម្រាប់យុវជននៅតំបន់ជនបទ និងតំបន់ដាច់ស្រយាលបានចូលរួមរៀនសូត្រ។ ៣) លើកទឹកចិត្តឲ្យអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចែករំលែកពីបទពិសោធន៍របស់ពួកគាត់ក្នុងរបបខ្មែរក្រហមដល់យុវជនជំនាន់ក្រោយ។ ៤)ប្រមូលរឿងរ៉ាវជីវិត បទពិសោធន៍ពីអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងទីតាំងឧក្រិដ្ឋកម្មដែលបានកើតឡើងក្នុងរបបខ្មែរក្រហម។

នៅខណៈនោះ លោក ឡុង ដានី ក៏បានធ្វើបទបង្ហាញជាសង្ខេបអំពីរបបខ្មែរក្រហម ដូចជា ១)ការឡើងកាន់អំណាចរបស់ខ្មែរក្រហមនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥, ២) ការជម្លៀសប្រជាជនចេញពីទីក្រុង និងទីប្រជុំជន, ៣) ការបំបាត់ផ្សារ និងរូបិយវត្ថុ, ៤) ការផ្សឹកព្រះសង្ឃ និងកម្ទេចវត្តអារាម, ៥)ការបិទសាលារៀន, ៦) ការបង្កើតសហករណ៍, ៧) ការបំបែកក្រុមគ្រួសារ និងការផ្តាច់ទំនាក់ទំនងក្នុងគ្រួសារ, ៨) ការសម្លាប់បញ្ញវន្ត មន្ត្រីរដ្ឋការ និងប្រជាជនស្លូតត្រង់។

បន្ថែមលើនេះ លោក ឡុង ដានី ក៏បានបង្ហាញនូវផលប៉ះពាល់មកលើប្រជាជន និងសង្គមកម្ពុជា បន្ទាប់ពីរបបខ្មែរក្រហមដួលរលំនៅឆ្នាំ១៩៧៩មានដូចខាងក្រោម៖

១) បន្សល់ទុកស្រ្តីមេម៉ាយ និងកុមារកំព្រារាប់រយពាន់នាក់។

២) ប្រជាជនខ្មែររាប់សែននាក់បានរត់ចេញពីប្រទេស ហើយបានក្លាយជាជនភៀសខ្លួន។

៣) គ្រាប់មីនរាប់លានគ្រាប់ត្រូវបានបង្កប់ដោយកងទ័ពនៃភាគីជម្លោះដែលបណ្តាលឲ្យប្រជាជនរាប់ពាន់នាក់ស្លាប់ និងពិការចាប់តាំងពីឆ្នាំ១៩៧៩ រហូតមក។

៤) ប្រជាជនខ្មែរភាគច្រើនមានបញ្ហាជំងឺផ្លូវចិត្តដោយសារតែបាត់បង់សមាជិកគ្រួសារ។

៥) សេដ្ឋកិច្ចធ្លាក់ដល់កម្រិតសូន្យ។

៦) បាត់បង់ធនធានមនុស្សដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ។

បន្ទាប់មកក្រុមការងារបានបែងចែកក្រុមអ្នកចូលរួមវេទិកាអប់រំសហគមន៍ជា៥ក្រុម ដោយក្នុងក្រុមនីមួយៗមានសមាសភាពទាំងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងយុវជនជំនាន់ក្រោយ ដើម្បីសន្ទនាអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ជាពិសេសគឺរឿងរ៉ាវរបស់អ្នករស់រានមានជីវិតនៅក្នុងរបបខ្មែរក្រហមម្នាក់ៗ។

សមាសភាពក្នុងក្រុមនីមួយៗមានដូចខាងក្រោម ៖

ក្រុមទី១) មានអ្នករស់រានមានជីវិតពីសម័យខ្មែរក្រហម និងយុវជនចំនួន៩នាក់

ក្រុមទី២) មានអ្នករស់រានមានជីវិតពីសម័យខ្មែរក្រហម និងយុវជនចំនួន៩នាក់

ក្រុមទី៣) មានអ្នករស់រានមានជីវិតពីសម័យខ្មែរក្រហម និងយុវជនចំនួន៩នាក់

ក្រុមទី៤) មានអ្នករស់រានមានជីវិតពីសម័យខ្មែរក្រហម និងយុវជនចំនួន៩នាក់

ក្រុមទី៥) មានអ្នករស់រានមានជីវិតពីសម័យខ្មែរក្រហម និងយុវជនចំនួន១០នាក់

លោកស្រីមេភូមិ ហែន ភាន់ មានប្រសាសន៍ថា «ខ្ញុំពិតជាមានការសប្បាយរីករាយខ្លាំងណាស់នៅពេលដែលខ្ញុំ និងបងប្អូនប្រជាពលរដ្ឋបកស្រាយរឿងរ៉ាវពិតរបស់ខ្លួនប្រាប់ទៅដល់ក្មួយៗដែលជាក្មេងជំនាន់ក្រោយឲ្យបានដឹង និងអនុញ្ញាតឲ្យក្មេងៗបានសួរនាំ។ ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ពេលប្រទេសកម្ពុជាទទួលបានសន្តិភាពពេញលេញ ប្រជាជនមានការហូបចុកគ្រប់គ្រាន់ មានភ្លើងអគ្គិសនី។ ខ្ញុំសូមសំណូមពរឲ្យកូនចៅជំនាន់ក្រោយតស៊ូរៀនសូត្រដើម្បីគ្រួសារ និងប្រទេសជាតិ»។

ចំណែក លោក ប្រាក់ ហ៊ីម មានប្រសាសន៍ថា ថ្ងៃនេះខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយដែលបានរៀបរាប់អំពីការលំបាកវេទនាកាលពីអតីតកាល ដូចជា សម័យសង្រ្គាម៥ឆ្នាំ ចាប់ពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥, របបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងការធ្វើសង្រ្គាមនៅតាមព្រំដែនក្រោយឆ្នាំ១៩៧៩។ ថ្ងៃនេះខ្ញុំបានរំឭកឡើងវិញអំពីការលំបាកវេទនា ដូចជាការរស់នៅក្នុងព្រៃ។ ពេលប្រយុទ្ធម្តងៗមិនដែលគិតថាមានជីវិតរស់នៅឡើយ ពេលអត់បាយហូប ពេលឈឺថ្កាត់ម្ដងៗគ្មានថ្នាំសង្កូវសម្រាប់ព្យាបាល។ ខ្ញុំសប្បាយចិត្តពេលដែលក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជាចុះមកធ្វើវេទិកាអប់រំប្រវត្តិសាស្រ្តសហគមន៍។

ដោយឡែក សិស្សឈ្មោះ សន ស្រីនីត បង្ហាញចំណាប់អារម្មណ៍ថា បើប្រៀបធៀបពីសម័យមុន និងសម័យនេះ គឺខុសគ្នាច្រើនណាស់ ពីសម័យមុនក្មេងៗត្រូវខ្មែរក្រហមប្រើឲ្យធ្វើការហួសកម្លាំង និងមិនឲ្យអាហារហូបគ្រប់គា្រន់។ ខ្ញុំមានអារម្មណ៍សប្បាយចិត្តខ្លាំងណាស់នៅពេលដែលបានស្ដាប់រឿងរ៉ាវរបស់លោកតា លោកយាយ ដែលធ្វើឲ្យខ្ញុំបានដឹងនូវរឿងរ៉ាវពិតរបស់ពួកគាត់។

អត្ថបទ ៖ ឡុង ដានី នាយកមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖

ការិយាល័យទីប្រឹក្សាពិសេសទប់ស្កាត់អំពើប្រល័យពូជសាសន៍នៃអង្គការប្រជាជាតិ និងមជ្ឈមណ្ឌលឯកសារកម្ពុជាចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហការ រំលេចអំពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការ ក្នុងការលើកកម្ពស់ការអនុវត្តកិច្ចខិតខំប្រឹងប្រែងនានាក្នុងការទប់ស្កាត់ និងការអប់រំពីអំពើប្រល័យពូជសាសន៍នៅក្នុងតំបន់អាស៊ីអាគ្នេយ៍, អាស៊ីខាងត្បូង និងទូទាំងសកលលោក