សិស្សវិទ្យាល័យ ហ៊ុន សែន ប៉េង ហួត ស្វាយតានន់ ទទួលបានសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» ពីក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម

នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមនៃមជ្ឈមណ្ឌលឯកសារកម្ពុជា ចុះចែកសៀវភៅ៖ «សាក្សីប្រវត្តិសាស្ត្រ៖ សៀវភៅកំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ» បោះពុម្ពដោយព្រះរាជបណ្ណាល័យហ្លួងម៉ែ ចំនួន១២០ក្បាលដល់សិស្សានុសិស្ស ដែលកំពុងសិក្សាថ្នាក់ទី១១នៃវិទ្យាល័យ ហ៊ុន សែន ប៉េង ហួត ស្វាយ តានន់។ វិទ្យាល័យ ហ៊ុន សែន ប៉េង ហួត ស្វាយ តានន់ ស្ថិតនៅក្នុងភូមិស្វាយតានន់ ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ សព្វថ្ងៃនេះ គណៈគ្រប់គ្រង់វិទ្យាល័យ ដឹកនាំដោយលោកនាយក ឃុន ចាន់បូរី។

ជាកិច្ចចាប់ផ្ដើម លោក ស៊ាង ចិន្ដា នាយកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ធ្វើការណែនាំខ្លួន និងក្រុមការងារ។ ឆ្លៀតឱកាសនេះ លោក ស៊ាង ចិន្ដា លើកឡើងអំពីមជ្ឈមណ្ឌលឯកសាខេត្តកំពង់ចាមដែលជាសាខាបស់មជ្ឈមណ្ឌលឯកសារកម្ពុជា។ មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមបន្តអនុវត្តកិច្ចការងារស្នូលរបស់មជ្ឈមណ្ឌលឯកសារកម្ពុជានៅតាមមូលដ្ឋាន ក្នុងការចងក្រងឯកសារ អប់រំ និងផ្សព្វផ្សាយឯកសារស្តីអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ ( ឆ្នាំ១៩៧៥ ដល់ ឆ្នាំ១៩៧៩)។

បន្ទាប់ពីការផ្ដល់បទបង្ហាញខ្លីអំពីមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម លោក ស៊ាង ចិន្ដា ពន្យល់អំពីសារសំខាន់នៃសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» ដែលជាឯកសារប្រវត្តិសាស្ត្រគ្មានពីរសម្រាប់សិស្សានុសិស្ស ដែលជាក្មេងជំនាន់ក្រោយដើម្បីធ្វើការសិក្សាឈ្វេងយល់ចេញពីព្រះរាជកំណត់របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងព្រះរាជដំណើរអមព្រះករុណាព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរមកកាន់ប្រទេសកម្ពុជា។

ជាចុងក្រោយ លោក ស៊ាង ចិន្ដា លើកទឹកចិត្តសិស្សានុសិស្សដែលទទួលបានសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» ប្រឹងប្រែងសិក្សាឈ្វេងយល់អំពីប្រវត្តិសាស្រ្ត និងថែរក្សាសៀវភៅនេះជាឯកសារប្រវត្តិសាស្រ្តផ្ទាល់ខ្លួន។

បន្ទាប់ពីទទួលបានសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» សិស្សានុសិស្សបានបង្ហាញចំណាប់អារម្មណ៍ និងទស្សនយល់ឃើញដូចខាងក្រោម ៖

វ៉ាត លីណា រៀនថ្នាក់ទី១១ ផ្នែកវិទ្យាសាស្រ្តពិតនៃវិទ្យាល័យ ហ៊ុន សែន ប៉េង ហួត ស្វាយ តានន់ រៀបរាប់ថា បន្ទាប់ពីទទួលបានសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» ខ្ញុំរំភើបព្រោះវាជាព្រះរាជកំណត់ហេតុរបស់ហ្លួងយាយ។ ខ្ញុំយល់ឃើញថាសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» គឺពិតជាមានតម្លៃសម្រាប់រូបខ្ញុំដែលជាកូនចៅជំនាន់ក្រោយ។ ខ្ញុំអាចអាន និងយល់ដឹងបន្ថែមអំពីបរិបទប្រវត្តិសាស្រ្តខ្មែរយើងនាពេលនោះ។ ខ្ញុំនឹងយកចំណេះដឹងទៅចែករំលែកបន្តទៅកាន់សិស្សប្អូនជំនាន់ក្រោយ។ ខ្ញុំសូមអរគុណ និងសំណូមពរព្រះរាជបណ្ណាល័យហ្លួងម៉ែបន្តកម្មវិធីចុះចែកសៀវភៅនេះ»។

ស៊ុន ស្រីពេជ្រ រៀនថ្នាក់ទី១១ ផ្នែកវិទ្យាសាស្រ្តពិត នៃវិទ្យាល័យ ហ៊ុន សែន ប៉េង ហួត ស្វាយ តានន់ ឲ្យដឹងថា ខ្ញុំធ្លាប់ឃើញការចុះផ្សាយអំពីសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» ហើយនៅថ្ងៃនេះ ខ្ញុំទទួលបានសៀវភៅនេះ ធ្វើឲ្យខ្ញុំមានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង។ នៅពេលខ្ញុំបើកសៀវភៅនេះ ខ្ញុំឃើញនូវរូបភាពឯកសារដ៏កម្រ និងខ្លឹមសារប្រវត្តិសាស្រ្តដែលខ្ញុំមិនដែលដឹងពីមុនមក។ ខ្ញុំនឹងយកចំណេះដឹងដែលខ្ញុំទទួលបានពីសៀវភៅនេះទៅចែករំលែកជាមួយមិត្តភក្តិខ្ញុំ»។

អត្ថបទ ៖ សាំង ចាន់ធូ បុគ្គលិកស្រាវជ្រាវមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម

រូបថត ៖ លី ដេវីត/មជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖