ក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម នៃមជ្ឈមណ្ឌលឯកសារកម្ពុជា ចុះចែកសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» ដល់សិក្សថ្នាក់១២នៃវិទ្យាល័យ ហ៊ុន សែន ស្គន់

នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមនៃមជ្ឈមណ្ឌលឯកសារកម្ពុជា ចុះចែកសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បោះពុម្ពដោយព្រះរាជបណ្ណាល័យហ្លួងម៉ែ ចំនួន៣១៥ក្បាល ដល់សិស្សានុសិស្សដែលកំពុងសិក្សាថ្នាក់១២នៃវិទ្យាល័យ ហ៊ុន សែន ស្គន់ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងភូមិតាសែន ឃុំសូទិព្ធ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៦៣។ បច្ចុប្បន្ន វិទ្យាល័យ ហ៊ុន សែន ស្គន់ មានសិស្សនុសិស្សាសិក្សាសរុបចំនួនជាង១០០០នាក់ ក្នុងនោះមានសិស្សានុសិស្សកំពុងរៀនថ្នាក់ទី១២ ចំនួន៣១៥។

ជាកិច្ចចាប់ផ្ដើម លោក ខូវ ណារិន នាយករងវិទ្យាល័យ ហ៊ុន សែន ស្គន់ ទទួលស្វាគមន៍ក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម និងថ្លែងអំណរគុណចំពោះការចុះចែកសៀវភៅនេះ។ លោកបន្តថា «សៀវភៅសាក្សីប្រវត្តិសាស្ត្រ» គឺជាឯកសារប្រវត្តិសាស្រ្តកម្ពុជាដ៏មានសារសំខាន់សម្រាប់សិស្សា​នុសិស្សរៀនថ្នាក់ទី១២ ដើម្បីបង្កើនចំណេះដឹងអំពីប្រវត្តិសាស្រ្តកម្ពុជា ជាការត្រៀមលក្ខណៈក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិ។ ជាចុងក្រោយ ខ្ញុំតំណាងគណៈគ្រប់គ្រងវិទ្យាល័យ សូមថ្លែងអំណរគុណដល់ក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម នៃមជ្ឈមណ្ឌលឯកសារកម្ពុជាចំពោះការផ្ដល់សៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» និងសៀវភៅមួយចំនួនទៀត សម្រាប់តម្កល់ទុកនៅក្នុងបណ្ណាល័យសិក្សារបស់វិទ្យាល័យ»។

ជាកិច្ចបន្ត លោក ស៊ាង ចិន្ដា នាយកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ធ្វើការណែនាំខ្លួន និងក្រុមការងារ។ ឆ្លៀតឱកាសនេះផងដែរលោក ស៊ាង ចិន្ដា លើកឡើងអំពីមជ្ឈមណ្ឌលឯកសាខេត្តកំពង់ចាម ដែលជាសាខារបស់មជ្ឈមណ្ឌលឯកសារកម្ពុជា និងតួនាទីរបស់មជ្ឈមណ្ឌលស្រាវជ្រាវនេះ។ មជ្ឈ​មណ្ឌលឯកសារខេត្តកំពង់ចាម បន្តអនុវត្តកិច្ចការងារស្នូលរបស់មជ្ឈមណ្ឌលឯកសារកម្ពុជានៅតាមមូលដ្ឋានក្នុងការចងក្រងឯកសារ អប់រំ និងផ្សព្វផ្សាយឯកសារស្តីពីប្រវត្តិសាស្ត្រខ្មែរក្រហម ដែលគ្រប់គ្រងប្រទេសកម្ពុជាចាប់ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ ១៩៧៩។ បន្ទាប់ពីការផ្ដល់បទបង្ហាញយ៉ាងខ្លីអំពីមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម លោក ស៊ាង ចិន្ដា ពន្យល់អំពីសារសំខាន់នៃសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» ដែលជាឯកសារប្រវត្តិសាស្ត្រសម្រាប់សិស្សានុសិស្ស ដើម្បីធ្វើការសិក្សាស្វែងយល់ចេញពីព្រះរាជកំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងព្រះរាជដំណើរអមព្រះបាទ នរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរមកកាន់ប្រទេសកម្ពុជា។

ជាចុងក្រោយ លោក ស៊ាង ចិន្ដា លើកទឹកចិត្តសិស្សានុសិស្សដែលទទួលបានសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» ប្រឹងប្រែងសិក្សាស្វែងយល់អំពីប្រវត្តិសាស្រ្ត និងថែរក្សាសៀវភៅនេះជាឯកសារប្រវត្តិ​សាស្រ្តផ្ទាល់ខ្លួន។

បន្ទាប់ពី ទទួលបានសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» សិស្សានុសិស្សបានបង្ហាញចំណាប់អារម្មណ៍ និងទស្សនៈយល់ឃើញដូចខាងក្រោម៖

មឿន ស្រីពី អាយុ ១៨ឆ្នាំ រៀនថ្នាក់ទី១២ ផ្នែកវិទ្យាសាស្រ្តសង្គម នៃវិទ្យាល័យ ហ៊ុន សែន ស្គន់ រៀបរាប់ថា «ខ្ញុំសប្បាយចិត្ត នៅពេលដែលទទួលបានសៀវភៅ សាក្សីប្រវត្តិសាស្រ្តនេះ។ ខ្ញុំយល់ឃើញថាសៀវភៅសាក្សីប្រវត្តិសាស្រ្ត គឺពិតជាល្អសម្រាប់រូបខ្ញុំ និងមិត្តភក្តិផ្សេងទៀត ដើម្បីបង្កើនការយល់ដឹងបន្ថែមអំពីប្រវត្តិសាស្រ្តនាពេលនោះ។ អ្វីដែលខ្ញុំទទួលបានពីសៀវភៅ សាក្សីប្រវត្តិសាស្រ្ត នេះ ខ្ញុំនឹងយកទៅចែករំលែកបន្តទៅកាន់អ្នកដែលខ្ញុំស្គាល់ និងសិស្សប្អូនជំនាន់ក្រោយទៀត។ ជាចុងក្រោយ ខ្ញុំសូមអរគុណដល់ព្រះរាជបណ្ណាល័យហ្លួងម៉ែ ដែលបានផ្តល់សៀវភៅនេះមកខ្ញុំ»។

ផាង ភ័ក្រ អាយុ១៧ឆ្នាំ រៀនថ្នាក់ទី១២ ផ្នែកវិទ្យាសាស្រ្តសង្គម នៃវិទ្យាល័យ ហ៊ុន សែន ស្គន់ លើកឡើងថា «ខ្ញុំមានអារម្មណ៍ សប្បាយចិត្ត និងមានមោទនភាពក្នុងការទទួលបានសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» ដែលជាព្រះរាជនិពន្ធផ្ទាល់របស់ហ្លួងយាយ។ ខ្ញុំសំណូមពរទៅកាន់ព្រះរាជបណ្ណាល័យហ្លួងម៉ែ បន្តចែកសៀវភៅប្រវត្តិសាស្រ្តដ៏ល្អនេះទៅកាន់សិស្សានុសិស្សផ្សេងទៀត នៅវិទ្យាល័យរបស់ខ្ញុំដែលមិនទាន់ទទួលបាន»។

ទុយ ស្រីណុច អាយុ១៨ឆ្នាំ រៀនថ្នាក់ទី១២ ផ្នែកវិទ្យាសាស្រ្តសង្គម នៃវិទ្យាល័យ ហ៊ុន សែន ស្គន់ រំលេចពីការចង់ដឹងព្រះរាជដំណើរបស់ព្រះអង្គទាំងទ្វេរនាពេលនោះថា «នៅពេលដែលទទួលបានសៀវ​ភៅ សាក្សីប្រវត្តិសាស្រ្ត ខ្ញុំមានអារម្មណ៍រីករាយ។ សៀវភៅនេះបានផ្ដល់ចំណេះដឹងដល់ខ្ញុំក្នុងបរិបទប្រវត្តិ​សាស្រ្តពេលដែលហ្លួងយាយ អមព្រះរាជដំណើរសម្តេចតាមកកាន់មាតុប្រទេសនាពេលដែលប្រទេសកម្ពុជាកំពុងស្ថិតនៅក្នុងភ្នក់ភ្លើងសង្រ្គាម។ សំណូមពររបស់ខ្ញុំគឺសូមឲ្យព្រះរាជបណ្ណាល័យហ្លួងម៉ែ បង្កើតកម្មវិធីចុះចែកសៀវភៅបន្ថែមទៀត»។

អត្ថបទ និងរូបថត ៖ លី ដេវីត បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម

 

អត្ថបទផ្សេងទៀត៖