អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅស្រុកកំពង់សៀម ទទួលសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ

នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ដឹកនាំដោយលោក ស៊ាង ចិន្ដា, សាំង ចាន់ធូ និង លី ដេវីត ចុះចែកសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បោះពុម្ពដោយព្រះរាជបណ្ណាល័យហ្លួងម៉ែនៃមជ្ឈមណ្ឌលឯកសារកម្ពុជា ជូនដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន៧០នាក់ ដែលរស់នៅភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

បន្ទាប់ពីបានទទួលសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមបើកមើលរូបភាព និងអានខ្លឹមសារ ដែលរំឭកអំពីបទពិសោធន៍ដែលពួកគាត់ធ្លាប់ឆ្លងកាត់នៅគ្រាដ៏លំបាកនៅក្នុងរបបខ្មែរក្រហម។ ភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម មានទីតាំងស្ថិតនៅតាមដងទន្លេមេគង្គ និងមានចម្ងាយប្រហែល១៥គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ចាម។ ចន្លោះពីឆ្នាំ១៩៧១ ដល់១៩៧៣ ភូមិចំការសាមសិបគឺជាសមរភូមិប្រទាញប្រទង់រវាងកងទ័ពរំដោះខ្មែរក្រហម និងទាហាន លន់ នល់។ ទាហាន លន់ នល់ តែងតែបើកការប្រយុទ្ធនៅក្នុងភូមិសាស្រ្តភូមិចំការសាមសិប និងធ្វើឲ្យឆេះផ្ទះអ្នកភូមិដែលបណ្តាលមកពីការទម្លាក់គ្រាប់បែក។ ក្នុងគ្រាដែលការប្រយុទ្ធគ្នាកំពុងផ្ទុះឡើង អ្នកភូមិមួយចំនួនរត់ភៀសខ្លួនឆ្លងទន្លេទៅកាន់ជីហែរដែលជាតំបន់រំដោះខ្មែរក្រហម ចំណែកអ្នកភូមិមួយចំនួនទៀតរត់ចូលទីរួមខេត្តកំពង់ចាមដែលគ្រប់គ្រងដោយ លន់ នល់។ ការប្រយុទ្ធ និងប្រទាញប្រទង់នេះបានបញ្ចប់នៅពេលដែលកងទ័ពរំដោះខ្មែរក្រហមបានវាយយកឈ្នះទៅលើទាហាន លន់ នល់ និងរំដោះភូមិចំការសាមសិបនៅចុងឆ្នាំ១៩៧២។

លោក ស៊ាង ចិន្ដា នាយកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ពន្យល់បន្ថែមអំពីសារសំខាន់ និងការផ្សាភ្ជាប់បរិបទប្រវត្តិសាស្រ្តមូលដ្ឋានដែលកើតឡើងនៅភូមិចំការសាមសិប និងបរិបទប្រវត្តិសាស្រ្តប្រទេសកម្ពុជា​​ជាមួយសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដែលជាឯកសារប្រវត្តិសាស្ត្រគ្មានពីរ ទៅកាន់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ សៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គឺជាព្រះរាជសំណេរដើម និងមិនកែសម្រួលដែលបង្ហាញអំពីព្រះរាជដំណើរអមព្រះករុណាព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ មកប្រទេសកម្ពុជា នៅឆ្នាំ១៩៧៣។

លោក តុង សុភា អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងតំណាងសមាគមអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមក្នុងមូលដ្ឋានឃុំគគរ ថ្លែងអំណរគុណដល់ព្រះរាជបណ្ណាល័យហ្លួងម៉ែ និងក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជា នៅខេត្តកំពង់ចាម ដែលចុះមកចែកសៀវភៅប្រវត្តិសាស្រ្តដ៏មានតម្លៃនាពេលនេះ។ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅភូមិចំការសាមសិប នៅតែចងចាំអំពីទុក្ខវេទនា និងការបាត់បង់ឪពុកម្តាយ បងប្អូន និងសាច់ញាតិក្នុងពេលសង្រ្គាម និងរបបខ្មែរក្រហម។ សៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» នេះនឹងរំឭកការចងចាំ និងការឈ្វេងយល់បន្ថែមអំពីជំពូកប្រវត្តិសាស្រ្តកម្ពុជា ដែលចេញពីព្រះរាជកំណត់ហេតុរបស់ហ្លួងម៉ែ។ បន្ទាប់ពីទទួលបានសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមបានបង្ហាញចំណាប់អារម្មណ៍ និងទស្សនយល់ឃើញ ដូចខាងក្រោម៖

ម៉ម ស្រឿន អាយុ៧៦ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម នៅភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម រៀបរាប់ថា «ខ្ញុំដឹងពីព្រឹត្តិការណ៍ដែលកើតឡើងក្នុងពេលសង្រ្គាមតាមរយៈសៀវភៅនេះ និងបានរំឭកខ្ញុំពីការរត់គេចខ្លួនពីការវាយប្រយុទ្ធគ្នានៅឆ្នាំ១៩៧៣។ ភូមិចំការសាមសិបនេះគឺជាសមរភូមិក្ដៅនៅពេលនោះ។ ខ្ញុំរងនូវទុក្ខលំបាក និងការរត់គេចខ្លួនច្រើនលើកច្រើនសារ»។

ប៊ុន សេងហាន អាយុ៧៦ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រស់នៅភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម បានលើកឡើងថា «នៅពេលបើកមើលរូបភាពក្នុងសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» នេះ ខ្ញុំនឹកឃើញពេលដែលខ្ញុំ និងគ្រួសាររត់ភៀសខ្លួនចេញពីការទម្លាក់គ្រាប់នៅក្នុងភូមិចំការសាមសិបក្នុងឆ្នាំ១៩៧៣។ បន្ទាប់មកផ្ទះរបស់ខ្ញុំ និងអ្នកភូមិផ្សេងទៀតត្រូវបានភ្លើងឆេះអស់។ ពេលនោះគឺពិតជាលំបាកខ្លាំងណាស់ ដោយសារតែមានសង្រ្គាមកើតឡើងនៅគ្រប់ទីកន្លែង។ ខ្ញុំនឹងយកសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» ទៅឲ្យចៅរបស់ខ្ញុំអានឲ្យខ្ញុំស្ដាប់ ដើម្បីអាចដឹងអំពីរឿងរ៉ាវនាពេលនោះបន្ថែមទៀត ព្រោះភ្នែករបស់ខ្ញុំងងឹតមើលមិនឃើញទេ»។

អត្ថបទ៖ ស៊ាង ចិន្ដា នាយកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម

រូបថត ៖ លី ដេវីត/មជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖

ការិយាល័យទីប្រឹក្សាពិសេសទប់ស្កាត់អំពើប្រល័យពូជសាសន៍នៃអង្គការប្រជាជាតិ និងមជ្ឈមណ្ឌលឯកសារកម្ពុជាចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហការ រំលេចអំពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការ ក្នុងការលើកកម្ពស់ការអនុវត្តកិច្ចខិតខំប្រឹងប្រែងនានាក្នុងការទប់ស្កាត់ និងការអប់រំពីអំពើប្រល័យពូជសាសន៍នៅក្នុងតំបន់អាស៊ីអាគ្នេយ៍, អាស៊ីខាងត្បូង និងទូទាំងសកលលោក