រឿងរ៉ាវជីវិតរបស់មីង អ៊ុក ហាច នៅក្នុងសម័យខ្មែរក្រហម តាមរយៈដំណើរទស្សនកិច្ចសិក្សាតាមរថភ្លើង

ខ្ញុំឈ្មោះ ជីន សុខណេង គឺជាអ្នកស្ម័គ្រចិត្តកម្ពុជាមកពីខេត្តក្រចេះ។ នៅក្នុងដំណើរទស្សនកិច្ចសិក្សារយៈពេល៥ថ្ងៃរបស់ខ្ញុំនៅក្នុងខែកញ្ញា ឆ្នាំ២០២៣ តាមរថភ្លើង និងរថយន្តក្រុងក្នុងគោលដៅទៅខេត្តពោធិ៍សាត់ និងបន្ទាយមានជ័យ ដែលរៀបចំដោយ «គម្រោងការលើកកម្ពស់សិទ្ធិ និងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» របស់មជ្ឈមណ្ឌលឯកសារកម្ពុជា ខ្ញុំបានជួបមីង អ៊ុក ហាច ដោយចៃដន្យនៅពេលរថភ្លើងបានឈប់នៅស្ថានីយមួយស្ថិតនៅក្នុងឃុំស្រែស្តុក ខេត្តពោធិ៍សាត់ ដើម្បីឲ្យក្រុមនិស្សិតស្ម័គ្រចិត្តឈប់សម្រាករយៈពេលខ្លី។ ខ្ញុំបានជម្រាបសួរមីង អ៊ុក ហាច និងសាកសួរគាត់អំពីសុខទុក្ខ សុខភាព និងរឿងរ៉ាវជីវិតរបស់គាត់ដែលធ្លាប់ឆ្លងកាត់របបខ្មែរក្រហម។

មីង អ៊ុក ហាច មានអាយុ៥៨ ហើយសព្វថ្ងៃរស់នៅភូមិក្តីឈិត ឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ មីង អ៊ុក ហាច មានប្រសាសន៍ថា «សម័យខ្មែរក្រហមការរស់នៅមិនស្រួលដូចសម័យឥឡូវទេ សម័យនេះយើងចង់ហូបអ្វីក៏បាន ប៉ុន្តែជំនាន់ខ្មែរក្រហម សូម្បីតែក្រសាំងដែលដុះនៅតាមវាលស្រែក៏យើងមិនអាចបេះហូបបានដែរ»។ នៅសម័យខ្មែរក្រហម មីង អ៊ុក ហាច នៅវ័យកុមារនៅឡើយ និងមានអាយុប្រមាណតែជាង១០ឆ្នាំតែប៉ុណ្ណោះ។ ខ្មែរក្រហមបានបំបែកគាត់ចេញពីម្តាយឲ្យទៅរស់នៅមណ្ឌលកុមារព្រែកខ្ពស់ ដែលនៅទីនោះមានក្មេងៗប្រហែល២០ ទៅ៣០នាក់។ មីង អ៊ុក ហាច ត្រូវរស់នៅមណ្ឌលព្រែកខ្ពស់ជាមួយក្មេងទាំងនោះ និងបានសហការគ្នាល្អ ទោះបីពេលនោះក្រុមរបស់គាត់ដែលមានសមាជិក១០នាក់ ធ្លាប់ដើរលួចចេក​​ ក្រសាំង មកហូបក៏ដោយ។

ប្រធានកងខ្មែរក្រហមបានប្រើមីង អ៊ុក ហាច ឲ្យធ្វើការងារចាប់ពីម៉ោង៧ព្រឹក រហូតដល់ម៉ោង១១ រួមមាន ដើររើសអាចម៍គោ និងកាប់ចិញ្ច្រាំដើមទន្រ្ទានខែត្រដើម្បីធ្វើជី។ អ្នកមីង អ៊ុក ហាច និយាយបន្តថា នៅពេលដល់ម៉ោងហូបបាយ គឺមិនមានបាយទេ គឺមានតែទឹកបបរ ព្រោះខ្មែរក្រហមដាក់អង្ករតែពីរកំប៉ុងតែប៉ុណ្ណោះជាមួយទឹកមួយខ្ទះត្នោត។ ខ្ញុំលួចដាក់បន្លែខ្លះចូលក្នុងបបរដើម្បីហូបឲ្យណែនពោះ ប៉ុន្តែខ្ញុំមិនឲ្យខ្មែរក្រហមដឹងឡើយ ប្រសិនបើខ្មែរក្រហមដឹងនឹងយកខ្ញុំទៅមន្ទីរអប់រំ គឺមានន័យថាយកទៅសម្លាប់ចោល។ បន្ទាប់ពីខ្ញុំហូបបាយរួចរាល់ ខ្ញុំត្រូវចូលរៀនជាមួយគ្រូខ្មែរក្រហមចាប់ពីម៉ោង ១២ថ្ងៃត្រង់ ដល់ម៉ោង១រសៀល។ គ្រូបានបង្រៀនខ្ញុំនៅកន្លែងហូបបាយ នៅសាលារៀនភូមិពោធិ៍ នៅសាលារៀនទន្លេអុង និងនៅតាមផ្ទះប្រជាជនក្នុងភូមិ។ កាលនោះសិស្សមិនមានច្រើនទេ គឺចាប់ពី៤នាក់ ទៅ ១០នាក់តែប៉ុណ្ណោះ។ ក្មេងខ្លះបានចូលរៀន ហើយក្មេងខ្លះទៀតក៏មិនបានចូលរៀនដែរ។ បន្ទាប់ពីចេញពីរៀននៅម៉ោង១រសៀល ខ្ញុំចាប់ចុះធ្វើការដូចនៅពេលព្រឹកដែរ គឺដើររើសអាចម៍គោ ចិញ្ច្រាំដើមទន្រ្ទានខែត្រដើម្បីធ្វើជី។ នៅពេលក្មេងៗនៅក្នុងកងកុមារមានជំងឺ ពេទ្យឲ្យថ្នាំខ្មៅៗឬហៅថា ថ្នាំអាចម៍ទន្សាយទុកឲ្យយើងលេបព្យាបាលជំងឺ។

ខណៈនោះ មីង អ៊ុក ហាច រំឭកឡើងថា គាត់ធ្លាប់បានឮម្តាយរបស់គាត់និយាយប្រាប់គាត់តាំងពីគាត់នៅក្មេងថា ម្តាយរបស់គាត់គឺជាអ្នកដាំដើមពោធិ៍ជ្រៃនៅក្នុងភូមិនេះ ដោយមុនដំបូងម្តាយរបស់គាត់ដាំដើមខ្ទឹមស្លឹកទុកសម្រាប់ហូប​ ប៉ុន្តែស្រាប់តែដុះដើមពោធិ៍។ ម្តាយរបស់គាត់ធ្លាប់ដកដើមពោធិ៍ចោលម្តងហើយ ប៉ុន្តែវាដុះមកវិញ ក៏ទុកឲ្យវាលូតធំដើម្បីធ្វើបុណ្យឆ្លង។  មីង អ៊ុក ហាច មានម្តាយឈ្មោះ ហុង អិត ឪពុកឈ្មោះ ស្រាំង គុក​។ អ៊ុក ហាច មានប្អូនបង្កើតចំនួន៦នាក់​ ហើយមានបងប្រុសម្នាក់ត្រូវបានខ្មែរក្រហមយកទៅសម្លាប់ដោយចោទប្រកាន់ថាធ្លាប់ធ្វើទាហាន លន់ នល់​។

ក្រុមអ្នកស័្មគ្រចិត្តម្នាក់ដែលឈរស្តាប់នៅក្បែរខ្ញុំ បានសាកសួរអ្នកមីង អ៊ុក ហាច ថាតើបងប្រុសរបស់គាត់ពិតជាធ្លាប់ធ្វើទាហានមែនទេ? មីង អ៊ុក ហាច បានឆ្លើយថា «កាលនោះ ខ្ញុំនៅក្មេងមិនសូវដឹងទេ គឺគ្រាន់តែចាំថាបងប្រុសរបស់ខ្ញុំធ្លាប់ធ្វើការនៅក្នុងកង ប៉ុន្តែខ្មែរក្រហមចោទថា បងប្រុសរបស់ខ្ញុំធ្លាប់ធ្វើជាទាហាន លន់ នល់ ទើបចាប់គាត់យកទៅ។ ខ្មែរក្រហមចាក់ និងបាញ់សម្លាប់គាត់។ ខ្ញុំ និងឪពុកម្តាយរបស់ខ្ញុំគឺជាអ្នកកប់សពរបស់គាត់ផ្ទាល់ដៃ»។ មីង អ៊ុក ហាច មានប្រសាសន៍បន្តថា ខ្មែរក្រហមដេញសម្លាប់អ្នកផ្សេងទៀត អ្នកណារត់រួចក៏រួចជីវិតទៅ អ្នកណារត់មិនរួចក៏ស្លាប់ទៅ។ ភាគច្រើននៃអ្នកដែលស្លាប់នៅពេលនោះ គឺជាអ្នកមកពីខេត្តផ្សេងៗគ្នា រួមមាន ខេត្តកំពង់ចាម ខេត្តស្វាយរៀង និងក្រុងភ្នំពេញ ដែលជានិស្សិត ពេទ្យ ទាហាន​ និងគ្រូបង្រៀន។ មីង អ៊ុក ហាច ធ្លាប់ជួបហេតុការណ៍ទាំងនោះផ្ទាល់ ដោយខ្មែរក្រហមដឹកជញ្ជូនមនុស្សតាមរថយន្តយកទៅដើមពោធិ៍ជ្រៃ។ នៅពេលប្រជាជន និងឪពុកម្តាយរបស់គាត់ដើរដល់ដើមពោធិ៍ជ្រៃ គឺខ្មែរក្រហមសម្លាប់អ្នកទាំងនោះបាត់អស់ទៅហើយ ហើយសាកសពទាំងនោះប្រឡាក់សុទ្ធតែឈាម គឺសាកសពនៅកន្លែងណាខ្មែរក្រហមទុកចោល ឬកប់ចោលនៅកន្លែងហ្នឹង។ បឹងសម្រាប់កប់សាកសពនោះមានជម្រៅមួយដៃ (អាអ៊ិច) មិនទាក់ដល់បាតផង។ នៅក្នុងបឹងនេះសុទ្ធតែសាកសពដែលខ្មែរក្រហមបានសម្លាប់។ កាលនោះ មានអ្នករួចផុតពីសេចក្តីស្លាប់តែ២ទៅ៣នាក់ប៉ុណ្ណោះ ដោយសារពេលខ្មែរក្រហមបាញ់សម្លាប់គឺមានមនុស្សរាប់រយនាក់ ហើយពេលខ្មែរក្រហមបាញ់ត្រូវគាត់ គាត់ធ្វើពុតជាស្លាប់។ នៅពេលខ្មែរក្រហមចេញផុត ទើបគាត់ក្រោករត់ចេញទៅ។

បច្ចុប្បន្ន មីង អ៊ុក ហាច រស់នៅជាមួយប្អូនស្រីរបស់គាត់ឈ្មោះ ឌឿន យ៉ុង ប្រកបមុខរបរធ្វើកសិកម្ម និងជាអ្នកបីបាច់ថែទាំគាត់។ មីង អ៊ុក ហាច បាននិយាយថា កាលពី១១ឆ្នាំមុន គាត់ធ្លាប់ត្រូវគោយន្តបុកគាត់បាក់ជើងម្ខាង និងធ្លាប់វះកាត់ដុំគីសនៅត្រង់ពោះកាលពី២ឆ្នាំមុន។ មីង អ៊ុក ហាច  តែងតែពិនិត្យសុខភាពរយៈពេល១ខែម្តងដើម្បីតាមដានជំងឺរបស់គាត់ ហើយរាល់ថ្ងៃគាត់ចុកតាមសន្លាក់និងដៃជើង។

អត្ថបទ ៖ ជីន សុខណេង អ្នកស្ម័គ្រចិត្តកម្ពុជាមកពីខេត្តក្រចេះ

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖