មជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង រៀបចំវេទិកាថ្នាក់រៀន ស្តីអំពីសារសំខាន់នៃការសិក្សាប្រវត្តិសាស្ត្រកម្ពុជា ប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និង អំណានសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ»

នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ មជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង បានរៀបចំវេទិកាថ្នាក់រៀន ស្តីអំពីសារសំខាន់នៃការសិក្សាប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ និង អំណានសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សម្រាប់សិស្សានុសិស្សចំនួន៤០នាក់ មកពីវិទ្យាល័យ ព្រៃព្នៅ ស្ថិតនៅក្នុងស្រុកពារាំង ខេត្តព្រៃវែង។ វេទិកាថ្នាក់រៀននេះ មានគោលបំណងលើកកម្ពស់ការយល់ដឹងរបស់សិស្សអំពីមាតិកាប្រវត្តិសាស្ត្រ និងវិធីសាស្ត្រទប់ស្កាត់អំពើប្រល័យពូជសាសន៍។ បន្ថែមលើវត្ថុបំណង​នៃវេទិកាថ្នាក់រៀននេះ គឺការឈ្វេងយល់បន្ថែមអំពីព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដែលបានកើតឡើងនៅចន្លោះចុងខែកុម្ភៈ ដល់ ចុងខែមីនា ឆ្នាំ១៩៧៣ ដែលជាព្រឹត្តិការណ៍នៃការយាងមកកាន់ប្រទេសកម្ពុជារបស់សម្តេចព្រះ នរោត្តម សីហនុ និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ដើម្បីស្វែងរកសុខសន្តិភាពជូនប្រជាជាតិខ្មែរ។ វត្ថុបំណងទាំងអស់ខាងលើនេះ គឺដើម្បីការចងចាំអំពីប្រវត្តិសាស្ត្រខ្មែរក្រហម ដែលបានកើតឡើងនៅចន្លោះពីថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ដល់ ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។

មុនពេលចាប់ផ្តើមវេទិកាថ្នាក់រៀននេះ សិស្សទាំងអស់ត្រូវបំពេញតារាងវាស់ស្ទង់ចំណេះដឹង បន្ទាប់មកគឺបង្កើតការពិភាក្សាអំពីចំណេះដឹងរបស់សិស្សទាក់ទងនឹងប្រវត្តិសាស្ត្រខ្មែរក្រហម និងការយាងមកកាន់តំបន់រំដោះឆ្នាំ១៩៧៣  របស់សម្តេចព្រះ នរោត្តម សីហនុ និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ។ បន្ទាប់មក ក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង ផ្តល់ឱកាសដល់សិស្សលើកឡើងពីចម្ងល់ផ្សេងៗទាក់ទងនឹងប្រវត្តិសាស្ត្រខ្មែរក្រហមមកកាន់ លោក ផេង ពង្សរ៉ាស៊ី នាយកមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង។

បន្ទាប់ពីឆ្លើយតបទៅនឹងចម្ងល់របស់សិស្ស លោក ផេង  ពង្សរ៉ាស៊ី បានធ្វើបទបង្ហាញខ្លីស្តីអំពីមាតិកាប្រវត្តិសាស្ត្រខ្មែរក្រហម ដោយសង្ខេបលើជំពូក «ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រក្រោយរដ្ឋប្រហារ ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ របស់ លន់ នល់ ទម្លាក់សម្តេចព្រះ នរោត្តម សីហនុ» ដោយផ្តោតសំខាន់លើ ផលវិបាកក្រោយរដ្ឋប្រហារ, ការបង្កើតរាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជា, ការកេងចំណេញពីការធ្វើរដ្ឋប្រហារដោយក្រុមខ្មែរក្រហម, ការកេងចំណេញពីការបង្កើតរដ្ឋាភិបាលរួបរួមជាតិកម្ពុជាដោយក្រុមខ្មែរក្រហម, ការស្នើសុំយាងមកកាន់ប្រទេសកម្ពុជារបស់សម្តេចព្រះ នរោត្តម សីហនុ និងការបង្ហាញពីចេតនារបស់ក្រុមខ្មែរក្រហម ក្នុងការរារាំងដំណើរមកកាន់ប្រទេសកម្ពុជារបស់សម្តេចព្រះ នរោត្តម សីហនុ ដោយផ្អែកលើសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ»៖ កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។

នៅចុងបញ្ចប់វេទិកាថ្នាក់រៀនស្ដីអំពី «សារសំខាន់នៃការសិក្សាប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ» គឺសិស្សឡើងអានសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដែលក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជាបានចែកជូន។ បន្ទាប់មកក្រុមការងារក៏ផ្ដល់តារាងវាស់ស្ទង់ចំណេះដឹងដល់សិស្សានុសិស្សក្រោយវេទិកាថ្នាក់រៀនដើម្បីបំពេញ ព្រមទាំងផ្តាំផ្ញើដល់សិស្សឲ្យអានសៀវភៅឲ្យបានច្រើនដើម្បីឈ្វេងយល់អំពីប្រវត្តិសាស្រ្តខ្មែរ។

អត្ថបទ ៖ ផេង ពង្សរ៉ាស៊ី នាយកមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖

ការិយាល័យទីប្រឹក្សាពិសេសទប់ស្កាត់អំពើប្រល័យពូជសាសន៍នៃអង្គការប្រជាជាតិ និងមជ្ឈមណ្ឌលឯកសារកម្ពុជាចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហការ រំលេចអំពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការ ក្នុងការលើកកម្ពស់ការអនុវត្តកិច្ចខិតខំប្រឹងប្រែងនានាក្នុងការទប់ស្កាត់ និងការអប់រំពីអំពើប្រល័យពូជសាសន៍នៅក្នុងតំបន់អាស៊ីអាគ្នេយ៍, អាស៊ីខាងត្បូង និងទូទាំងសកលលោក