ក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែង ចែកសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់

នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែង ចែកសៀវ​ភៅ «សាក្សីប្រវត្តិសាស្រ្ត» កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន៣៣នាក់ ក្នុងចំណោមនោះមានស្រ្តីចំនូន២៣នាក់ កំពុងរស់នៅក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

ជាកិច្ចចាប់ផ្ដើមលោក ឃិន វូ មេភូមិដីក្រហមឡើងសម្តែងការស្វាគមន៍ដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមទាំងអស់ដែលចំណាយពេលវេលាមកចូលរួមកម្មវិធីនៅថ្ងៃនេះ និងថ្លែងអំណរគុណដល់ក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែង ដែលចុះមកចែកសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត​» កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងព្រះរាជដំណើរអមសម្ដេចព្រះ នរោត្តម សីហនុ យាងមកកាន់តំបន់រំដោះរណសិរ្សរួបរួមជាតិកម្ពុជាឆ្នាំ១៩៧៣ ជូនដល់ប្រជាជនក្នុងភូមិរបស់គាត់។

តមកលោក ឡុង ដានី នាយកមជ្ឈមណ្ឌលផ្សះផ្សាវាលវែង សម្តែងការអរគុណលោក ឃិន វូ មេភូមិដីក្រហម និងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមកចូលរួមក្នុងកម្មវិធីចែកសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» ក្នុងថ្ងៃនេះ។ នៅមុនពេលចែកសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ លោក ឡុង ដានី បានធ្វើការណែនាំខ្លួន ព្រមទាំងក្រុមការងារ និងបង្ហាញអំពីទីតាំងមជ្ឈមណ្ឌលផ្សះផ្សាវាលវែង ស្ថិតនៅក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលបានបើកដំណើរការកាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ កន្លងមក។

លោក ឡុង ដានី បញ្ជាក់ថា គោលបំណងនៃការបង្កើតមជ្ឈមណ្ឌលផ្សះផ្សាវាលវែង គឺ ១) ផ្សព្វផ្សាយអំពីប្រវត្តិសាស្ត្រប្រទេសកម្ពុជាពីឆ្នាំ១៩៧០ ដល់ ឆ្នាំ១៩៩០ ដែលនៅអំឡុងពេលនោះប្រទេសកម្ពុជាធ្លាក់ក្នុងសង្គ្រាមស៊ីវិល និងរបបប្រល័យពូជសាសន៍ ២) ពង្រឹងសន្តិភាពតាមរយៈការអប់រំ និងផ្ដល់ឱកាសឲ្យក្មេងៗជំនាន់ក្រោយបានសិក្សារៀនសូត្រអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងការទប់ស្កាត់អំពើប្រល័យពូជសាសន៍  ៣) លើកទឹកចិត្តអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមឲ្យចែករំលែករឿងរ៉ាវផ្ទាល់ខ្លួនដល់កូនចៅជំនាន់ក្រោយ ៤) បន្តចងក្រងរឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ស្រាវជ្រាវ និងចងក្រងទីតាំងឧក្រិដ្ឋកម្មដែលកើតឡើងនៅក្នុងរបបខ្មែរក្រហមចន្លោះពីឆ្នាំ១៩៧៥-១៩៧៩ និង ៥) ជួយសម្របសម្រួលលើគម្រោងលើកកម្ពស់សិទ្ធិ និងធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៃមជ្ឈមណ្ឌលឯកសារកម្ពុជា។

ចុងក្រោយ លោក ឡុង ដានី លើកឡើងដោយសង្ខេបអំពីសៀវភៅ «សាក្សីប្រវត្តិ​សាស្រ្ត» កំណត់​ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដែលមជ្ឈ​មណ្ឌលឯកសារកម្ពុជាបានស្នើសុំព្រះរាជានុញ្ញាតពីព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ តាំង​ពី១២ឆ្នាំមុនដើម្បីបោះពុម្ព ប៉ុន្តែទ្រង់ទើបតែសព្វព្រះរាជហឫទ័យអនុញ្ញាតឲ្យមជ្ឈ​មណ្ឌ​លឯកសារកម្ពុជាបោះពុម្ពផ្សាយជាផ្លូវការនៅពេលថ្មីៗនេះ។ សៀវភៅ «សាក្សីប្រវត្តិ​សាស្រ្ត» គឺជាព្រះរាជសំណេរដើម ដោយមិនមានការកែសម្រួល ហើយបានឆ្លុះបញ្ចាំងអំពីព្រះរាជតម្រិះ ព្រះរាជយោបល់ និងព្រះរាជទស្សនៈរបស់ហ្លួងម៉ែផ្ទាល់។ សៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» រៀបរាប់អំពី ព្រះរាជដំណើរសម្តេចព្រះ នរោត្តម សីហនុ យាងមកកាន់រំដោះនៃរណសិរ្សរួបរួមជាតិកម្ពុជា ឆ្នាំ១៩៧៣ ដោយចេញព្រះរាជដំណើរពីទីក្រុងប៉េកាំង មកទីក្រុងហាណូយ និងបន្តតាមផ្លូវលំហូជីមិញមកកាន់ប្រទេសកម្ពុជា។ ក្នុងរយៈពេល៣៩ថ្ងៃនៃព្រះរាជដំណើរ ហ្លួងម៉ែបានសរសេរកំណត់ហេតុជារៀងរាល់ថ្ងៃ ព្រមទាំងបង្ហាញឲ្យឃើញពីភាពទន់ភ្លន់ និងសេចក្ដីថ្លៃថ្នូររបស់ព្រះអង្គ ទោះបីស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ និងចលាចលក៏ដោយ។ សៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» គឺជាចំណែកប្រវត្តិសាស្ត្រកម្ពុជាមួយដ៏សំខាន់សម្រាប់អ៊ំពូមីងសិក្សាឈ្វេងយល់បន្ថែមទៀត។

អត្ថបទ ៖ វី ស៊ីថា បុគ្គលិកមជ្ឈមណ្ឌលឯកសារកោះថ្ម

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖