ចំណុះទូករាមាជើងព្រៃ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ទទួលបានសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ»

នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ កីឡាករប្រណាំងទូកចំនួន២៥នាក់ ចំណុះទូករាមាជើងព្រៃ មកពីស្រុកជើងព្រៃ ខេត្តកំពង់ចាម ទទួលបានសៀវភៅ​ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ, អាវយឺ និង​ មួក ពីមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម។  កីឡាករចំណុះទូករាមាជើងព្រៃ គឺស្ថិតនៅវត្តពោធិ៍ព្រះទន្លា ភូមិបឹងជ្រោយ ឃុំ សូទិព្វ ស្រុកជើងព្រៃ​ ខេត្តកំពង់ចាម។

នៅក្នុងឱកាសនោះ លោក​ លី ដេវីត បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជាខេត្តកំពង់ចាម លើកឡើងអំពីសារសំខាន់នៃសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» ដែលជាឯកសារប្រវត្តិសាស្ត្រដ៏មានតម្លៃសម្រាប់ការសិក្សាឈ្វេងយល់ចេញពីព្រះរាជកំណត់របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងព្រះរាជដំណើរអមសម្តេចព្រះ នរោត្តម សីហនុ យាងមកកាន់តំបន់រំដោះរណសិរ្សរួបរួមជាតិកម្ពុជា ក្នុងឆ្នាំ១៩៧៣។

ជាមួយគ្នានេះដែរ លោក​ លី​ ដេវីត លើកទឹកដល់កីឡាករប្រណាំងទូកចំណុះទូករាមាជើងព្រៃទាំងអស់ ដែលទទួលបានសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» ព្យាយាមអានឲ្យចប់ដើម្បីបង្កើនចំណេះដឹងប្រវត្តិសាស្រ្ត និងរក្សាទុកជាឯកសារប្រវត្តិសាស្រ្តផ្ទាល់ខ្លួន​ និងជូនពរឲ្យកីឡាករចំណុះទូករាមាជើងព្រៃទទួលជ័យជម្នះក្នុងការប្រកួតនេះ។

លោក រឿន សាវ៉ាង អាយុ៦៥ឆ្នាំ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលជាប្រធានភូមិបឹងជ្រោយ និងជាប្រធានក្រុមការងារដឹកនាំទូករាមាជើងព្រៃ ថ្លែងអំណរគុណដល់មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ដែលបានផ្ដល់សៀវភៅ​«សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ​ដែលជាសៀវភៅឯកសារប្រវត្តិសាស្រ្តកម្ពុជាដ៏មានសារសំខាន់​ ដល់កីឡាករចំណុះទូក​រាមាជើងព្រៃដែលត្រូវជាកូនចៅរបស់ទ្រង់ និងសម្ភារមួយចំនួន រួមមាន​ អាវយឺត និងមួក។

 

លោក រឿន​ សាវ៉ាង រៀបរាប់ពីរឿងរ៉ាវរបស់គាត់ដែលបានឆ្លងកាត់​របប​ខ្មែរក្រហម​ថា​ គាត់នៅក្នុងកងចល័តបុរសក្នុងរបបខ្មែរក្រហម និងត្រូវធ្វើស្រែនៅតាមការដ្ឋានផ្សេងៗក្នុងស្រុកជើងព្រៃ និងតំបន់ផ្សេងទៀត។ លោក រឿន​ សាវ៉ាង បានលើកឡើងអំពីសារសំខាន់នៃការសិក្សាប្រវត្តិសាស្រ្ត ជាពិសេស ប្រវត្តិសាស្រ្តផ្ទាល់ខ្លួន។

ជាចុងក្រោយ លោក រឿន​ សាវ៉ាង និងកីឡាករចំណុះទូករាមាជើងព្រៃទាំងអស់ សូមថ្វាយព្រះពរដល់ហ្លួងម៉ែ ឲ្យមានព្រះជន្មាយុយឺនយូរ និងព្រះរាជសុខភាពល្អបរិបូណ៍ដើម្បីជាម្លប់ដល់ប្រជានុរាស្រ្តកម្ពុជា​ និងជូនពរដល់លោកនាយក ព្រមទាំងបុគ្គលិកព្រះរាជបណ្ណាល័យហ្លួងម៉ែ និងមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម នៃមជ្ឈមណ្ឌលឯកសារកម្ពុជាទាំងអស់ឲ្យមានសុខភាពល្អ និងសម្រេចការងារគ្រប់ភារកិច្ច។

អត្ថបទ និង រូបថត​ ៖ លី​ ដេវីត បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម

អត្ថបទផ្សេងទៀត៖

ការិយាល័យទីប្រឹក្សាពិសេសទប់ស្កាត់អំពើប្រល័យពូជសាសន៍នៃអង្គការប្រជាជាតិ និងមជ្ឈមណ្ឌលឯកសារកម្ពុជាចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហការ រំលេចអំពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការ ក្នុងការលើកកម្ពស់ការអនុវត្តកិច្ចខិតខំប្រឹងប្រែងនានាក្នុងការទប់ស្កាត់ និងការអប់រំពីអំពើប្រល័យពូជសាសន៍នៅក្នុងតំបន់អាស៊ីអាគ្នេយ៍, អាស៊ីខាងត្បូង និងទូទាំងសកលលោក