វេទិកាប្រវត្តិសាស្ត្រគ្រួសារនៅភូមិត្រពាំងឫស្សី

នៅថ្ងៃទី៦ និងទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម រួមមាន វី ស៊ីថា , វន បុប្ផា និង ឈុំ រ៉ា បានចុះសួរសុខទុក្ខ ស្តាប់រឿងរ៉ាវ និងចែកសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុព្រះមហាក្សត្រី នរោត្តម សីហនុ មុនិនាថ ព្រះវររាជមាតាជាតិខ្មែរ ជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន១៣នាក់ ក្នុងនោះមានស្រី១១នាក់ នៅក្នុងភូមិត្រពាំងឫស្សី ឃុំរូង ស្រុកមេមត់ ខេត្តយត្បូងឃ្មុំ។ ការអនុវត្តគម្រោងនេះ គឺក្នុងគោលបំណងស្តាប់សាច់រឿងរបស់អ្នករស់រានមានជីវិតក្រោយរបបខ្មែរក្រហម និងពិភាក្សាពីបញ្ហាសុខភាពជាបឋមរបស់គាត់។

យោងតាមស្ថិតិឆ្នាំ២០២៣ ភូមិត្រពាំងឫស្សី មានប្រជាជនចំនួន ២៥០គ្រួសារ និងសមាជិកគ្រួសារសរុបចំនួន១១៦៣នាក់ ក្នុងនោះមានស្រីចំនួន៦៣២នាក់។ ប្រជាជនដែលមានវ័យ៥០ឆ្នាំឡើងមានចំនួន២០៥នាក់, ស្រ្តីមេម៉ាយមានចំនួន៤២គ្រួសារ និងយុវជនចាប់ពីអាយុ១៨ឆ្នាំ មានចំនួន៣០០នាក់។ ភូមិត្រពាំងឫស្សីមានចម្ងាយប្រមាណ២០គីឡូម៉ែត្រពីទីរួមស្រុកមេមត់ ដោយនៅទិសខាងលិចជាប់ឃុំទ្រៀក ទិសខាងកើតជាប់ឃុំចាន់មូល ទិសខាងជើងជាប់ឃុំត្រមូង និងទិសខាងត្បូងជាប់ប្រទេសវៀតណាម។

បើតាមអ្នកភូមិចាស់ៗបានឲ្យដឹងថា នៅក្នុងសម័យសង្គមរាស្រ្តនិយមប្រជាជនរស់នៅក្នុងភូមិត្រពាំងឫស្សី ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានជីវភាពល្អប្រសើរ និងសប្បាយរីករាយ។ នៅពេលនោះក៏មានប្រជាជនភូមិត្រពាំងឫស្សីមួយចំនួនបានរៀបការជាមួយខ្មែរកម្ពុជាក្រោម និងបានរត់ទៅរស់នៅប្រទេសវៀតណាមពេលខ្មែរក្រហមចូលគ្រប់គ្រងប្រទេសកម្ពុជា។ ប្រជាជនភូមិត្រពាំងឫស្សីមួយចំនួនចេះភាសាវៀតណាម ចំណែកប្រជាជនវៀតណាមដែលរស់នៅជាប់ព្រំប្រទល់ជាមួយនឹងភូមិត្រពាំងឫស្សីក៏ចេះនិយាយភាសាខ្មែរដែរ។ ប្រជាជនទាំងពីរដែលរស់នៅជាប់ព្រំប្រទល់រវាងប្រទេសខ្មែរ និងវៀតណាម អាចចេញចូលរកស៊ីដោះដូរទំនិញជាមួយគ្នាទៅវិញទៅមក។

ចាប់តាំងពីឆ្នាំ១៩៧០ ភូមិត្រពាំងឫស្សីត្រូវបានកាន់កាប់ដោយខ្មែរក្រហម។ បន្ទាប់មកខ្មែរក្រហមចាប់ផ្តើមបង្កើតជាក្រុមប្រចាស់ដៃ ដោយក្រុមគ្រួសារនីមួយជួយគ្នាធ្វើស្រែចម្ការទៅវិញទៅមក។ នៅចន្លោះពីឆ្នាំ១៩៧៣ ដល់ឆ្នាំ១៩៧៤ ខ្មែរក្រហមចាប់ផ្តើមបង្កើតជាសហករណ៍ប្រមូលសម្ភារ ទ្រព្យសម្បត្តិទាំងអស់ដាក់ជារបស់រួម។ បន្ទាប់ពីខ្មែរក្រហមបានកាន់កាប់ប្រទេសកម្ពុជាទាំងស្រុងនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ប្រជាជនរស់នៅភូមិត្រពាំងឫស្សី ក៏ដូចជាប្រជាជនកម្ពុជាផ្សេងៗទៀតដែរ ត្រូវបានខ្មែរក្រហមបំបែកចេញពីក្រុមគ្រួសារឲ្យទៅនៅតាមកងចល័តរៀងៗខ្លួន ដួចជា កងកុមារ កងមីងៗ កងពូៗ កងយាយៗ កងតាៗជាដើម។ នៅអំឡុងឆ្នាំ១៩៧៦ មានយុវជន យុវនារីនៅក្នុងភូមិត្រពាំងឫស្សីភាគច្រើន ត្រូវបានខ្មែរក្រហមបានជ្រើសរើសឲ្យទៅធ្វើការងារតាមកងចល័តស្រុក តំបន់ និងភូមិភាគ។ ចំណែកប្រជាជននៅក្នុងភូមិមួយចំនួនបានរត់ភៀសខ្លួនទៅប្រទេសវៀតណាម។

ប្រជាជនដែលរស់នៅក្នុងភូមិ គឺភាគច្រើនធ្វើស្រែ និងដាំបន្លែ សម្រាប់ផ្គត់ផ្គង់ការហូបចុកនៅក្នុងសហករណ៍។ នៅពេលខ្មែរក្រហមចូលគ្រប់គ្រងដំបូងប្រជាជនបានហូបចុកល្មមគ្រប់គ្រាន់ មិនសូវខ្វះខាតឡើយ។  នៅពាក់កណ្តាលឆ្នាំ១៩៧៦ ខ្មែរក្រហមជម្លៀសប្រជាជនទាំងអស់ចេញពីភូមិត្រពាំងឫស្សីឲ្យទៅនៅកន្លែងថ្មី ព្រោះខ្មែរក្រហមគិតថាប្រជាជននៅភូមិត្រពាំងឫស្សីចូលដៃចូលជើងជាមួយប្រទេសវៀតណាម ដូច្នេះមិនទុកឲ្យប្រជាជនរស់នៅក្នុងភូមិនេះយូរទេ។ ប្រជាជនភាគច្រើនត្រូវបានខ្មែរក្រហមជម្លៀសទៅនៅស្រុកស្នួល ខេត្តក្រចេះ ខេត្តកំពង់ធំ និងខេត្តកំពងចាម។

បន្ទាប់ពីរបបខ្មែរក្រហមដួលរំលំនៅដើមឆ្នាំ១៩៧៩ ប្រជាជនដែលនៅរស់រានមានជីវិតបានត្រឡប់មកផ្ទះសម្បែង ប៉ុន្តែផ្ទះសម្បែងរបស់អ្នកទាំងនោះត្រូវបានភ្លើងឆេះគ្មាននៅសល់ឡើយ ចំណែកភូមិឋានមានព្រៃដុះជុំជិត។ ប្រជាជនចាប់ផ្តើមកសាងជីវភាពពីបាតដៃទទេ សង់ខ្ទមប្រក់ស្បូវ ស្លឹកទ្រាំង និងស្លឹកខាន់ម៉ា។ ចំពោះពូជស្រូវប្រជាជននៅភូមិឫស្សីត្រូវដោះដូរ ឬសុំចែកពីបងប្អូនខ្មែរដែលទៅរស់នៅប្រទេសវៀតណាម។ ចំណែកប្រជាជនមួយចំនួនដែលមិនមានបងប្អូនរស់នៅប្រទេស​វៀតណាម ត្រូវទៅស្រុកស្នួល ខេត្តក្រចេះ ដើម្បីរកស្រូវអង្ករសម្រាប់ហូប និងធ្វើពូជ ពីព្រោះប្រជាជនទាំងនោះធ្លាប់ត្រូវបានខ្មែរក្រហមឲ្យធ្វើស្រែជាច្រើនកន្លែងនៅក្នុងស្រុកស្នូលមុនពេលរបបខ្មែរក្រហមដួលរលំនៅឆ្នាំ១៩៧៩។

បច្ចុប្បន្នប្រជាជនរស់នៅភូមិត្រពាំងឫស្សី ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ភាគច្រើនមានជីវភាពធូរធារ ដោយប្រកបរបរចិញ្ចឹមគោ ក្របី ធ្វើស្រែ ដាំកៅស៊ូ ស្វាយចន្ទី ម្រេច ដំឡូងមី ទុរេន សាវម៉ាវ មង្ឃុត ស្វាយ និងដំណាំបន្ទាប់បន្សំផ្សេងៗទៀត។

អត្ថបទ ៖ ឈុំ រ៉ា បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖

ការិយាល័យទីប្រឹក្សាពិសេសទប់ស្កាត់អំពើប្រល័យពូជសាសន៍នៃអង្គការប្រជាជាតិ និងមជ្ឈមណ្ឌលឯកសារកម្ពុជាចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហការ រំលេចអំពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការ ក្នុងការលើកកម្ពស់ការអនុវត្តកិច្ចខិតខំប្រឹងប្រែងនានាក្នុងការទប់ស្កាត់ និងការអប់រំពីអំពើប្រល័យពូជសាសន៍នៅក្នុងតំបន់អាស៊ីអាគ្នេយ៍, អាស៊ីខាងត្បូង និងទូទាំងសកលលោក