ឃិន សំរិត ៖ កងចល័ត

ខ្ញុំឈ្មោះ ឃិន សំរិត ភេទប្រុស អាយុ៧៦ឆ្នាំ គឺជាជនជាតិខ្មែរ បច្ចុប្បន្នរស់នៅក្នុងភូមិចង្ហប ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។ កាលអាយុ២៣ឆ្នាំ ខ្ញុំបានបួសរៀននៅវត្តសិរីសន្ធរវង្ស ស្ថិតនៅក្រុងក្រចេះ។ ខ្ញុំមានបងប្អូនចំនួន៦នាក់ ក្នុងចំណោមនោះមានបងប្អូនម្នាក់បានស្លាប់បាត់បង់ជីវិតដោយសារកើតជំងឺកញ្រ្ជឹល នៅក្នុងរបបខ្មែរក្រហម។

ខ្ញុំចាំបានថាមានយន្តហោះទម្លាក់គ្រាប់បែកលើទីតាំងជាច្រើន ក្នុងខេត្តក្រចេះ ប៉ុន្តែនៅភូមិចង្ហបគឺមិនមានការទម្លាក់គ្រាប់បែកឡើយ។ ទោះបីជាយ៉ាងណា ក៏ប្រជាជនក្នុងភូមិចង្ហបមិនហ៊ានចេញដើរឆ្ងាយពីផ្ទះ ឬចេញទៅធ្វើស្រែនៅពេលថ្ងៃដែរ។ នៅជំនាន់នោះ ប្រជាជនរស់នៅក្នុងភូមិចង្ហបចេញទៅធ្វើស្រែនៅពេលយប់ព្រោះមិនមានយន្តហោះទម្លាក់គ្រាប់បែក ហើយជួនកាល នៅពេលខែភ្លឺក៏ជួយប្រជាជនឲ្យងាយស្រួលធ្វើការដែរ។ នៅពេលដាំបាយម្តងៗ គ្រួសារខ្ញុំ និងអ្នកភូមិឯទៀត ត្រូវនាំគ្នាចូលទៅក្នុងព្រៃដែលមានដំបូកខ្ពស់បាំង ដើម្បីកុំឲ្យអ្នកបើកយន្តហោះឃើញផ្សែងភ្លើង និងទម្លាក់គ្រាប់បែក។ ការរស់នៅរបស់ប្រជាជនក្នុងភូមិចង្ហបលំបាកខ្លាំងណាស់ ក្រោយពីរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ នៅឆ្នាំ១៩៧០។

នៅឆ្នាំ១៩៧៥ កងទ័ពរំដោះខ្មែរក្រហមទទួលបានជ័យជម្នះទាំងស្រុង ពេលនោះខ្ញុំគិតថា អ្នកភូមិចង្ហបរស់នៅធ្វើស្រែចម្ការបានធម្មតា លែងលំបាករត់គេចពីគ្រាប់បែកទៀតហើយ ប៉ុន្តែផ្ទុយទៅវិញខ្មែរក្រហមបែរជាប្រព្រឹត្តអំពើឃោរឃៅ និងកាប់សម្លាប់ប្រជាជនទៅវិញ។ ខ្មែរក្រហមបានជម្លៀសប្រជាជនខ្មែរ ជនជាតិភាគតិចចិន ជនជាតិភាគតិចចាម ជាច្រើន ដោយថ្មើរជើងឲ្យមករស់នៅភូមិចង្ហប។ ប្រជាជនថ្មីទាំងនោះត្រូវបានខ្មែរក្រហមបែងចែកឲ្យទៅធ្វើការជាក្រុម និងកង។ ប្រធានកងបានចែកគោមួយនឹមមកខ្ញុំ និងចាត់តាំងខ្ញុំឲ្យភ្ជួររាស់ដីស្រែ។ ក្រៅពីភ្ជួររាស់ដី ប្រធានកងចាត់តាំងខ្ញុំឲ្យទៅលើកទំនប់ចង្ហប និងទំនប់ភ្នំស្រួច។ ចំណែកក្មេងៗត្រូវបានខ្មែរក្រហមដាក់ឲ្យនៅក្នុងកងកុមារ ហើយត្រូវដើររើសអាចម៍គោយកមកធ្វើជី។ ខ្ញុំខ្លាចពាក្យដែលប្រជាជនតែងនិយាយថា អង្គការយកទៅកសាងណាស់ ហេតុនេះខ្ញុំខិតខំធ្វើគ្រប់បែបយ៉ាងតាមអង្គការចាត់តាំង។ ពេលប្រជាជណាម្នាក់ឈឺ ខ្មែរក្រហមបញ្ជូនទៅពេទ្យ ប៉ុន្តែខ្ញុំមិនដឹងថាពេទ្យព្យាបាលអ្នកជំងឺបែបណានោះទេ។ សម័យនោះ ខ្មែរក្រហមបានរៀបចំពិធីរៀបការឲ្យប្រជាជន ចាប់ពី១០ទៅ២០គូ។

នៅដើមឆ្នាំ១៩៧៩ ពេលរបបខ្មែរក្រហមដួលរលំ ខ្ញុំត្រឡប់មកនៅភូមិកំណើតវិញ ចំណែកប្រជាជនថ្មីផ្សេងទៀតត្រឡប់ទៅរស់នៅតាមស្រុកខេត្តរៀងៗខ្លួនវិញ។

អត្ថបទ និង រូបថត ៖  ថុស រដ្ឋា អ្នកស្ម័គ្រចិត្តកម្ពុជាប្រចាំខេត្តក្រចេះ

អត្ថបទផ្សេងទៀត៖