សិស្សវិទ្យាល័យ ហ៊ុន សែន ស្គន់ និងវិទ្យាល័យ ហេង សំរិន ឬស្សីស្រុក ចូលរួមការត្រួតពិនិត្យ និងវាយតម្លៃទៅលើវេទិកាថ្នាក់រៀន និងវេទិកាអប់រំសហគមន៍ ស្ដីពីការសិក្សាប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ និងវិធីសាស្រ្តទប់ស្កាត់អំពើប្រល័យពូជសាសន៍ នៅកម្ពុជា

ចន្លោះពីថ្ងៃទី១០ ខែមីនា ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ដឹកនាំដោយលោក សាំង ចាន់ធូ, លី ដេវីត, ស៊ាង ចិន្ដា និង ទូច វណ្ណេត ចុះទៅជួបសិស្សថ្នាក់ទី១២នៃវិទ្យាល័យ ហ៊ុន សែន ស្គន់ និងវិទ្យាល័យ ហេង សំរិន ឫស្សី ស្រុក សរុបចំនួន១៥នាក់ ដែលបានចូលរួមវេទិកាថ្នាក់រៀនស្ដីពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) នាពេលកន្លងមក។ ការចុះជួបផ្ទាល់ជាមួយសិស្សថ្នាក់ទី១២ទាំងពឬវិទ្យាល័យនេះ គឺដើម្បីអនុញ្ញាតដល់អ្នកចូលរួមផ្ដល់ការវាយតម្លៃចំពោះវេទិកាថ្នាក់រៀន។

ខាងក្រោមនេះគឺជាការសរសេរវាយតម្លៃ និងចំណាប់អារម្មណ៍របស់សិស្សថ្នាក់ទី១២ ចំនួន៣នាក់ក្នុងចំណោមសិស្ស១៥នាក់ដែលបានផ្ដល់ការវាយតម្លៃទៅលើវេទិកាថ្នាក់រៀន ដូចខាងក្រោម៖

សិស្សឈ្មោះ ផាន់ ស្រីឡែន រៀនថ្នាក់ទី១២នៃវិទ្យាល័យ ហ៊ុន សែន ស្គន់ ដែលបានចូលរួម «វេទិកាថ្នាក់រៀន ស្តីពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» លើកឡើងថា ៖ «ចំណេះដឹងដែលខ្ញុំនៅចាំមិនភ្លេចដែលទទួលបានពីវេទិកាប្រវត្តិសាស្រ្តខ្មែរក្រហម រួមមាន ការលុបបំបាត់ការប្រើប្រាស់រូបិយប័ណ្ណ (លុយ) និងការលុបបំបាត់សាសនា។ បន្ថែមលើនេះទៀត ខ្ញុំបានដឹងអំពីវិធីសាស្រ្តទប់ស្កាត់អំពើហិង្សា ឬអំពើប្រល័យពូជសាសន៍ ដូចជាការដោះស្រាយជម្លោះដោយសន្តិវិធី និងការប្រឆាំងការរើសអើង។ ខ្ញុំក៏ធ្លាប់យកចំណេះដឹងដែលខ្ញុំរៀនទៅនិយាយជាមួយឪពុកម្តាយ និងមិត្តភក្តិក្នុងថ្នាក់ដែរ។ ជាចុងក្រោយ ខ្ញុំមានសំណូមពរចំពោះ វេទិកាថ្នាក់រៀននេះ គឺឲ្យមានការពិភាក្សាជាក្រុម ដើម្បីទទួលបានបទពិសោធន៍ ចំណេះដឹង និងមានការឡើងធ្វើបទបង្ហាញពីសមាជិកក្រុម។

សិស្សឈ្មោះ ម៉ានី សុវណ្ណរចនា រៀនថ្នាក់ទី១២នៃវិទ្យាល័យ ហ៊ុន សែន ស្គន់ ដែលបានចូលរួម «វេទិកាថ្នាក់រៀន ស្តីពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩)» រៀបរាប់ថា ៖ «ខ្ញុំបានចូលរួមវេទិកាថ្នាក់រៀនដោយបានទទួលចំណេះដឹងប្រវត្តិសាស្រ្តថ្មី ទាក់ទងការជម្លៀសដោយបង្ខំក្នុងរបបខ្មែរក្រហម, ការផ្ទុះសង្រ្គាមរវាងកងទ័ព លន់ នល់ និងខ្មែរក្រហម, ការបង្កើតសហករណ៍  ការធ្វើការងារគ្មានពេលសម្រាក និងមិនមានអាហារហូបគ្រប់គ្រាន់។ ចំណេះដឹងដែលខ្ញុំទទួលបានថ្មីបន្ថែមទៀតនោះគឺ ការចូលការពារ និងទប់ស្កាត់កុំឲ្យអំពើហិង្សា និងអំពើប្រល័យពូជសាសន៍កើតឡើងនាពេលអនាគត។ ខ្ញុំនឹងបន្តនិយាយអំពីប្រវត្តិសាស្រ្តខ្មែរក្រហមនេះជាមួយមិត្តភក្តិនៅសាលា និងសមាជិកគ្រួសារនៅផ្ទះ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមសំណូមពរដល់មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម បន្តអនុវត្តកម្មវិធីអប់រំ វេទិកាថ្នាក់រៀននេះ ជាបន្តបន្ទាប់ទៀតដើម្បីឲ្យសិស្សានុសិស្សផ្សេងទៀតអាចមានឱកាសរៀនបន្ថែមអំពីប្រវត្តិសាស្រ្ត និងរៀបចំបន្ថែមពេលវេលាដើម្បីអនុញ្ញាតឲ្យសិស្សចូលរួមធ្វើការងារជាក្រុមនិងធ្វើបទបង្ហាញរបស់ខ្លួន»។

សិស្សឈ្មោះ អុល ស៊ីវឡាង  រៀនថ្នាក់ទី១២នៃវិទ្យាល័យ ហេង សំរិន ឬស្សីស្រុក ដែលបានចូលរួមវេទិកាថ្នាក់រៀននាពេលថ្មីៗនេះ បានបង្ហាញចំណាប់អារម្មណ៍ថា ៖ «វេទិកាថ្នាក់រៀនេះ បានផ្ដល់ចំណេះដឹង និងបទពិសោធន៍ដែលខ្ញុំមិនដែលដឹង និងទទួលបានពីមុនមក។ ក្នុងវេទិកាថ្នាក់រៀននេះ ខ្ញុំទទួលបានការយល់ដឹង ដូចជា ៖ ការជម្លៀសប្រជាជនដោយបង្ខំ, ការលុបបំបាត់ទីផ្សារ, ការបំបាត់ព្រះពុទ្ធសាសនា, ការប្រមូលផ្ដុំប្រជាជនធ្វើការងារនៅតាមការដ្ឋាន និងការប៉ះទង្គិចរវាងខ្មែរក្រហម និងវៀតណាម។ ខ្ញុំក៏បានយកចំណេះដឹងដែលខ្ញុំដឹងទាំងនោះប្រាប់មិត្តភក្តិ និងបានសួរលោកគ្រូ និងយាយតារបស់ខ្ញុំបន្ថែមទៀត»។

បន្ទាប់មក ក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម បន្តចុះទៅជួបអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមរស់នៅស្រុកកំពង់សៀម និងស្រុកកោះសូទិន សរុបចំនួន៨នាក់ ក្នុងនោះមានស្រី៤នាក់ និងប្រុស៤នាក់ រួមមាន អ៊ុំ ម៉ម ស្រឿន, ពូ តុង សុភា, យាយ ប៊ុន សេង ហាន, អ៊ុំ មួង ស៊ាងលី, អ៊ុំ ទេព សាវី, អ៊ុំ អៀង សារឿន, អ៊ុំ ម៉ាត់ ត្រីកាស់, អ៊ុំ ម៉ាត់ ទីវើ ដែលបានចូលរួមវេទិកាអប់រំសហគមន៍ស្ដីពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) នាពេលកន្លងមក។ ការចុះជួបផ្ទាល់ជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមទាំងនេះ គឺដើម្បីអនុញ្ញាតដល់អ្នកចូលរួមផ្ដល់ការវាយតម្លៃទៅលើវេទិកាអប់រំសហគមន៍ដែលខ្លួនធ្លាប់បានចូលរួមកន្លងមក។

អត្ថបទ និង រូបថត ៖ ទូច វណ្ណេត និង សាំង ចាន់ធូ បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម

អត្ថបទផ្សេងទៀត៖