សិស្សវិទ្យាល័យ ចារថ្មី ចូលរួមវេទិកាថ្នាក់រៀនស្តីអំពី «ទំនាក់ទំនងការបរទេសទូទៅ កម្ពុជា-ចិន» ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)

នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ សិស្សានុសិស្សវិទ្យាល័យ ចារថ្មី ប្រកបដោយស្មារតីស្វាហាប់ចំនួន៨១រូប បានចូលរួមនៅក្នុងថ្នាក់រៀនស្តីពីរបបកម្ពុជាប្រជាធិបតេយ្យ ដែលជារបបដ៏សាហាវយង់​ឃ្នង​គ្រប់គ្រងប្រទេសកម្ពុជានៅចន្លោះពីឆ្នាំ១៩៧៥ ដល់ ឆ្នាំ១៩៧៩ នៅមជ្ឈមណ្ឌលឯកសារកោះថ្ម។ បន្ទប់រៀនប្រើប្រាស់ដើម្បីរៀបចំវេទិកានេះឡើង ត្រូវបានតុបតែងលម្អជាពាក់កណ្តាលសារមន្ទីរ-ពាក់កណ្តាលថ្នាក់រៀន ដោយមានតាំងបង្ហាញនូវរូបភាព និងឯកសារបង្ហាញអំពីអំឡុងពេលប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតនេះ និងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រពាក់ព័ន្ធនានា។

វេទិកាថ្នាក់រៀននេះចាប់ផ្តើមឡើងដោយការពិពណ៌នារៀបរាប់របស់អ្នកស្រី សុភ័ក្រ្ត ភាណា ប្រធានគម្រោងស្រាវជ្រាវភាសាចិននៃមជ្ឈមណ្ឌលឯកសារកម្ពុជា ទៅកាន់សិស្សា​នុសិស្សលើផ្ទាំងពិព័រណ៍នីមួយៗ។ អ្នកស្រី សុភ័ក្រ្ត ភាណា ក៏បានបំផុសការពិភាក្សាអំពីប្រធានបទទូទៅមួយចំនួន ដូចជា ៖ ការជម្លៀសដោយបង្ខំលើប្រជាជនចេញពីទីក្រុង, ការធ្វើការងារកសិកម្មហួសកម្លាំង និងការស្លាប់បាត់បង់ជីវិតរបស់ប្រជាជនរាប់លាននាក់។

សិស្សានុសិស្សបានចោទជាសំណួរប្រកបដោយការត្រិះរិះពិចារណា ដែលជំរុញឲ្យកិច្ចពិភាក្សាប្រព្រឹត្តទៅគួរជាទីចាប់អារម្មណ៍។ សំណួរទាំងនោះផ្តោតទៅលើទំនាក់ទំនងការបរទេសនៃរបបកម្ពុជាប្រជាធិបតេយ្យដែលតែត្រូវបានមើលរំលង។ សិស្សមានការចាប់អារម្មណ៍ចំពោះទំនាក់ទំនងរបស់កម្ពុជាប្រជាធិបតេយ្យជាមួយប្រទេសជិតខាង និងសម្ព័ន្ធភាពនៃរបបនេះជាមួយនឹងមហាអំណាចមួយចំនួននាពេលនោះ។ យើងបានវិភាគអំពីរូបភាពស្តីពី «ការរួមសាមគ្គីបដិវត្តន៍» ជាមួយប្រទេសក្នុងប្លុកកុម្មុយនីស្ត និងចោទជាចម្ងល់អំពីតថភាពនៅពីក្រោយទំនាក់ទំនងនេះ។

វេទិកាបានប្រព្រឹត្តទៅដោយសកម្ម។ សិស្សម្នាក់បានលើកឡើងថាតើកម្ពុជាប្រជាធិបតេយ្យធ្លាប់ព្យាយាមបញ្ចុះបញ្ចូលឲ្យសហគមន៍អន្តរជាតិឲ្យគាំទ្រលើគោលនយោបាយជ្រុលនិយមហួសវិស័យរបស់ខ្លួនដែរឬទេ? សំណួរនេះបានជំរុញឲ្យមានការពិភាក្សាអំពីការដាក់ឲ្យនៅឯកោលើរបបកម្ពុជាប្រជាធិបតេយ្យ ដោយសារតែមនោគមវិជ្ជាជ្រុលនិយម និងការធ្វើទណ្ឌកម្មឃោរឃៅលើប្រជាជនខ្លួន។

នៅចុងបញ្ចប់នៃវេទិកា យើងបានសំយោគចេញនូវតថភាពច្បាស់មួយថាទំនាក់ទំនងការបរទេសរបស់កម្ពុជាប្រជាធិបតេយ្យមានសណ្ឋានស្មុគស្មាញ និងប្រទាក់ក្រឡាគ្នា ដោយគួបផ្សំជាមួយនឹងមហិច្ឆតា ព្រមទាំងបញ្ហាសតិអារម្មណ៍ ដែលរុញច្រានឲ្យរបបនេះបរាជ័យនៅចុងបញ្ចប់។ ពិព័រណ៍អំពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ បានផ្តល់ជាមូលដ្ឋានដ៏ចាំបាច់ អមជាមួយនឹងការចង់ចេះចង់ដឹង និងសំណួររបស់សិស្សានុសិស្ស ដែលញ៉ាំងឲ្យវេទិកាថ្នាក់រៀនស្តីអំពី «ទំនាក់ទំនងការបរទេសទូទៅ កម្ពុជា-ចិន» និងជីវិតរស់នៅក្រោមរបបខ្មែរក្រហម ប្រព្រឹត្តទៅដោយសកម្ម។

អត្ថបទ ៖ សុភ័ក្រ្ត ភាណា ប្រធានគម្រោងស្រាវជ្រាវភាសាចិននៃមជ្ឈមណ្ឌលឯកសារកម្ពុជា

រូបថត ៖ ឈុំ រ៉ា/មជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖